ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង្វះ​ទឹក​ប៉ះពាល់​ការ​រស់នៅ​របស់​ពលរដ្ឋ​នៅ​ភ្នំពេញ ខណៈ​អាជ្ញាធរ​អំពាវ​នាវ​ឱ្យ​សន្សំ​សំចៃ​ទឹក


ពលរដ្ឋ​រស់នៅ​ក្នុង​បុរី​មួយ​​នៅ​​សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ កំពុង​បង្ហូរ​ទឹក​ពី​បាសាំង​ទឹក ដាក់​ធុង​សម្រាប់​ប្រើប្រាស់ នា​​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
ពលរដ្ឋ​រស់នៅ​ក្នុង​បុរី​មួយ​​នៅ​​សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ កំពុង​បង្ហូរ​ទឹក​ពី​បាសាំង​ទឹក ដាក់​ធុង​សម្រាប់​ប្រើប្រាស់ នា​​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ប្រជាពលរដ្ឋ​មួយ​ចំនួន​ចាប់​ផ្តើម​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ដើម្បី​ចែក​រំលែក​អំពី​កង្វះ​ទឹក​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​នៅ​តាម​ផ្ទះ​របស់​ពួក​គេ​ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​នៅ​តំបន់​ជាយ​ក្រុង​ភ្នំពេញ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ប្រឈម​នឹង​កង្វះ​ទឹក​ប្រើប្រាស់​នេះ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ដោះ​ស្រាយ​បញ្ហា​ទឹកជូន​ពួក​គេឱ្យ​ឆាប់​រហ័ស និង​មាន​ប្រសិទ្ធ​ភាព តាម​កាល​កំណត់ ដោយ​សារ​តែ​ពួក​គេ​ប្រឈម​ការ​លំបាក​យ៉ាង​ខ្លាំង នៅ​ពេល​មិន​មាន​ទឹក​ប្រើ​ប្រាស់។

លោក រ៉ា អាយុ​៣០ឆ្នាំ រស់​នៅ​ភូមិ​ព្រៃ​ពពេល សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ ប្រាប់​វីអូអេថា​លោក​បាន​រស់​នៅ​ទី​នេះ រយៈ​ពេល​ពីរ​ឆ្នាំមក​ហើយ ហើយ​លោក​និង​គ្រួសារ​បង្ខំ​ចិត្ត​ទៅរស់​នៅ​ផ្ទះ​បង​ប្អូន​នៅ​ខេត្ត​កណ្តាល​ជា​បណ្ដោះ​អាសន្ន អំឡុង​ពេល​ជួប​បញ្ហា​ខ្វះ​ទឹក​ប្រើ​ប្រាស់​ជាង​កន្លះ​ខែ​មក​ហើយ។

លោក​ថ្លែង​ថា៖ «តាម​ពិត​ជា​សំណូម​ពរ​របស់​ខ្ញុំ ខ្ញុំ​សង្ឃឹម​ថា​ផ្នែក​ពាក់ព័ន្ធ​ឱ្យ​ដោះ​ស្រាយ ​ឱ្យ​មាន​ទឹក​ប្រើ​ប្រាស់ ព្រោះ​ដល់​ពេល​ពិបាក​អ៊ីចឹង​ទៅ​ខ្ញុំ​គ្រាន់​តែ​សំណូមពរ​ថា បើ​ថ្ងៃ​អត់​មាន​ក៏​អត់​ចុះ សង្ឃឹម​ថា​ពេល​យប់​នឹង​មាន​ទឹក​ឱ្យ​ពួក​ខ្ញុំ​បាន​បូម ទុក​ប្រើ​ប្រាស់​ផង កុំ​ឱ្យ​ដូច​រាល់​ថ្ងៃ​នេះ​រយៈ​ពេល​ជាង​កន្លះ​ខែ​នេះ​ហើយ នៅ​តំបន់​ខ្ញុំ គឺ​គ្មាន​អ្នក​ណា​បាន​ទឹក​ប្រើ​ប្រាស់​ទេ គឺ​អត់​មាន​សោះ​ហ្មង។ អ៊ីចឹង​វា​ធ្វើ​ឱ្យ​ពួកខ្ញុំ​ពិបាក​ទី​មួយ​ចំណូល​យើង​តិច ចំណាយ​ច្រើន​ហើយ​មក​ត្រូវ​ចំណាយ​ទិញ​ទឹក​មួយ​ឡាន​បី​ទៅ​បួន​ម៉ឺន​ទៀត វា​អាច​ថា​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជួប​ផល​លំបាក​ខ្លាំង​មែន​ទែន»។

ប្រជាពលរដ្ឋ​រូប​នោះ​បន្ត​ទៀត​ថា​រដ្ឋាករ​ទឹក​តែង​តែ​ប្រាប់​ប្រជា​ពលរដ្ឋថានឹង​មាន​ដំណោះ​ស្រាយ​អំពី​បញ្ហា​ទឹក តែ​ផ្ទុយ​ទៅ​វិញនៅ​តែ​ខ្វះ​ទឹក​ប្រើ​ប្រាស់​ដដែល។
ចំណែក​អ្នក​ស្រី ពេជ្រ ចន្ធី អាយុ​៣៩​ឆ្នាំ ជា​ជាង​សាឡន​អ៊ុត​សក់ នៅ​ផ្សារ​ពិភព​ថ្មីឈូក​វ៉ាមួយ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​អ្នកស្រី​ពិត​ជា​ពិបាក​ក្នុង​ការ​រស់​នៅ​ដែល​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ទឹក​រយៈ​ពេល​ជិត​មួយ​ខែ​ហើយ។ អ្នកស្រី​បាន​ចំណាយ​ប្រាក់​ទិញ​ទឹក​គេ​បន្ថែម ដើម្បី​យក​មក​ប្រើ​ប្រាស់ ប៉ុន្តែ​វា​មាន​តម្លៃ​ថ្លៃ រហូត​ដល់​អ្នក​ស្រី​មិន​អាច​បន្ត​ទិញ​បាន។

អ្នកស្រី​ថ្លែង​ថា៖ «ឆ្នាំ​មុន នៅ​អំឡុង​ពេល​ខែ​បី​ហ្នឹង ជិត​ចូល​ឆ្នាំ​ហ្នឹង​ គឺ​ទឹក​គេ​អាច​ប្រើ​បាន​គ្រប់​គ្រាន់​តាម​ផ្ទះ​អ៊ីចឹង​ហាស គឺ​វា​អត់​មាន​បញ្ហា។ ដល់​ឆ្នាំ​នេះ គឺ​គ្រប់​ផ្ទះ​ ​អ៊ីចឹង​ពិបាក​ណាស់​ក្នុង​ការ​ផ្គត់​ផ្គង់​ណាស់ ម៉ោង​មួយ​ម៉ោង​ពីរ​យប់ គឺ​អត់​មាន​ទឹក​ គ្រប់​ផ្ទះ​ទាំង​អស់ ហើយ​ជូន​ណា​ខ្ញុំ​ដាច់​បី​យប់​បី​ថ្ងៃ ដើរ​សុំ​ទឹក​គេ​ងូត វេទនា​ណាស់»។
អ្នកស្រី​សំណូមពរ​ឱ្យ​ខាង​រដ្ឋាករ​ទឹក​មាន​ជា​ដំណោះ​ស្រាយ​សម្រាប់​ពលរដ្ឋ​ដែល​រស់​នៅ​ខាង​តំបន់​បុរី​ពិភព​ថ្មី សង្កាត់​គោក​រកា ឱ្យ​មាន​ទឹក​ប្រើ​ប្រាស់​គ្រប់​គ្រាន់ ដូច​រៀង​រាល់​ឆ្នាំ។

លោក រដ្ឋ ឆាន អាយុ​៥៩​ឆ្នាំ អ្នក​លក់​ទឹក​ស្អាត​ម្នាក់​នៅ​សង្កាត់​ត្រពាំង​ក្រសាំង ប្រាប់​វីអូអេថា​ចំពោះ​ការ​លក់​ទឹក​របស់​លោក​ក្នុង​ឆ្នាំ​នេះ គឺ​មិន​សូវ​លក់​ដាច់​ច្រើន​ដូច​កាល​ពី​ឆ្នាំ​មុន​ទេ ដោយ​សារ​តាម​តំបន់​ខ្វះ​ទឹក​ខ្លះ​បាន​តប្រព័ន្ធទឹក​រួច​រាល់​ហើយ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​លក់​ដាច់ ពី​មុនៗ។ ពី​ឆ្នាំ​ទៅ​ខ្ញុំ​លក់​ដាច់​ឈូក​វ៉ាពីរ និង​កំបូល។ ដល់​ពេល​កំបូល ឈូក​វ៉ាពីរ​ ឥឡូវ​គេ​ត​ទឹក​បាន​ហើយ ឥឡូវ​ខ្ញុំ​លក់​បាន​តែ​ប្រជាពលរដ្ឋ​រក​ស៊ី​តាម​ផ្លូវ​រទះ​ភ្លើង​ដែល​ធ្វើ​កញ្ចុះ​តាម​វាល​ស្រែ ហើយ​និង​ខាង​បុរី​ប៊ុនរ៉ានី​គម្រោង​ប្រាំ​មួយ ហើយ​តាម​កុង​តឺន័រ ដែល​ជួល​ដី​គេ​ដាក់​ឡាន​អី​ហ្នឹង​គាត់​អត់​បាន​តទឹក គាត់​បុក​អណ្តូង​អត់​ចេញ គឺ​គាត់​ប្រើប្រាស់​ទឹក​ខ្ញុំ​បី​កន្លែង​ដែរ ហើយ​និង​ប្រជាពលរដ្ឋ​រក​ស៊ី​នៅ​តាម​អែបៗ​ថ្នល់​ពី​ផ្លូវ​មុខ​ឈូកវ៉ាពីរ​ហ្នឹង ហើយ​អ្នក​លាង​ឡាន​លាង​អី»។

ក្រោយ​មាន​ការ​ត្អូញត្អែរ​ពី​ប្រជា​ពលរដ្ឋ រដ្ឋាករទឹក​ស្វយ័តក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​មួយ ដោយ​បញ្ជាក់​ថា​មាន​បញ្ហា​សម្ពាធ​ទឹក​ខ្សោយ​ដែល​កើត​ឡើង​នៅ​ក្នុង​សង្កាត់​មួយ​ចំនួន​នៅ​ជាយ​រាជធានី​ភ្នំពេញ។ រដ្ឋាករ​ទឹក​សុំ​ការ​អធ្បា​ស្រ័យ​ពី​អតិថិជន ហើយ​សន្យា​ថា​នឹង​មាន​ដំណោះ​ស្រាយ​ជា​ជំហានៗ ចាប់​ពី​ខែ​ឧសភា ឆ្នាំ​២០២៣​តទៅ។

បើ​តាម​រដ្ឋាករ​ទឹក តម្រូវ​ការ​ប្រើ​ប្រាស់​ទឹក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​កើន​ឡើង​ជាង​៨៩​ម៉ឺន​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ​នា​រដូវ​ប្រាំង​នេះ ប៉ុន្តែ​សមត្ថ​ភាព​ផ្គត់ផ្គង់​បាន​ត្រឹម​តែ​៦៤​ម៉ឺន​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ខ្វះ​ខាត​ទឹក​ប្រើប្រាស់។
ដូច្នេះរដ្ឋាករ​ទឹក​បាន​អំពាវ​នាវ​ដល់​អតិថិជន​ទាំង​អស់​ដែល​រស់​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ សន្សំ​សំចៃ​ទឹក ដើម្បី​ចែក​រំលែក​ដល់​អតិថិ​ជន​ផ្សេង​ទៀត​ដែល​រស់​នៅ​ជាយ​ក្រុង។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការអភិវឌ្ឍ​នៅ​កម្ពុជា លោក យង់ គិមអេង ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​កង្វះ​ខាត​ទឹក​ប្រើ​ប្រាស់​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជ​ធានី​ភ្នំពេញ​នេះ​ គឺ​ជាបញ្ហា​ដដែលៗ​ដែល​កើត​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដែល​នេះ​បង្ក​ជា​ការ​លំបាក​ក្នុង​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ។ លោក​ជំរុញ​ឱ្យ​ខាងអាជ្ញាធរ​រដ្ឋាករ​ទឹក​ពិនិត្យ​មើល​បន្ថែម​លើ​បញ្ហា​នេះ ដើម្បី​ដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​តាម​កាល​កំណត់។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​បើ​សិន​ជា​យើង​ក្តាប់​អាហ្នឹង​មិន​បាន ការ​អភិវឌ្ឍ​ផ្ទះ​ល្វែង ​ឬ​ក៏​កំណើន​នៃ​ប្រជា​ពលរដ្ឋ ដែល​កើន​ឡើង​នៅ​ក្នុង​រាជ​ធានី មិន​មាន​ព័ត៌មាន​ហ្នឹង​គ្រប់​គ្រាន់​ទេ អ៊ីចឹង​ការ​គណនា​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​ហ្នឹង ក៏​មាន​ការ​ខ្វះ​ចន្លោះ​ដែរ​បាទ»។

គួរបញ្ជាក់​ថា​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាករ​ទឹក​ក្រុង​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា​នា​ដើម​ខែ​ឧសភា ឆ្នាំ​២០២៣​ខាង​មុខ​នេះ រោងចក្រ​ផលិត​ទឹក​ស្អាត​ថ្មី នឹង​ផលិត​ចែក​ចាយ​ទឹក​ក្នុង​បរិមាណ​២០​ម៉ឺន​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ​បន្ថែម​ទៀត។ រដ្ឋាករ​ទឹក​បញ្ជាក់​ថា​ចាប់​ពី​ដើម​ឆ្នាំ​២០២៤​តទៅ អតិថិជន​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នឹង​មាន​ទឹក​ប្រើ​ប្រាស់​គ្រប់​គ្រាន់៕

XS
SM
MD
LG