ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងតែបន្ទោសសមាជិកខាងគណបក្សប្រជាធិបតេយ្យដែលប្រឆាំង ចំពោះការបដិសេធមិនជួយសមាជិកខាងគណបក្សសាធារណរដ្ឋក្នុងការលុបចោលកំណែទម្រង់ច្បាប់ថែទាំសុខភាពជាតិរបស់អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា។
សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋគ្រោងនឹងបំពេញទៅតាមការសន្យារយៈពេល៧ឆ្នាំរបស់ខ្លួន ក្នុងការលុបចោលច្បាប់ថែទាំសុខភាពដែលគេស្គាល់ថា Obamacare។ នៅក្នុងប្រអប់បញ្ចេញមតិចំនួន២លើបណ្តាញសង្គម Twitter កាលពីថ្ងៃច័ន្ទ លោក ត្រាំ បាននិយាយថា តំណាងរាស្ត្រខាងគណបក្សប្រជាធិបតេយ្យ៖ «មិនមានគោលនយោបាយឬគំនិតនោះទេ។ អ្វីដែលពួកគេធ្វើគឺពន្យារពេលនិងត្អូញត្អែរ។ ពួកគេជាអ្នកគ្រប់គ្រងច្បាប់ ObamaCare»។
លោកបាននិយាយថា៖ «សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋកំពុងតែធ្វើការយ៉ាងស្វិតស្វាញដើម្បីសម្រេចឲ្យបាន ដោយមិនចាំបាច់មិនមានការជួយពីសំណាក់សមាជិកខាងគណបក្សប្រជាធិបតេយ្យនោះទេ។ មិនងាយស្រួលនោះទេ! ប្រហែលជាត្រូវលុបចោលច្បាប់ ObamaCare ទាំងស្រុង»។
លោក ត្រាំ បានបញ្ចេញមតិយោបល់ទៅលើជម្លោះខាងផ្លូវច្បាប់ជុំវិញច្បាប់នេះ ខណៈដែលសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋគាំទ្រដល់វិធានការជំនួសច្បាប់ថែទាំសុខភាពថ្មី សម្រាប់ការវាយតម្លៃជាផ្លូវការមួយនៃផែនការពីការិយាល័យចាត់ចែងថវិកាសភាដែលឯករាជ្យ។
របាយការណ៍របស់ការិយាល័យនេះទំនងជានឹងប៉ាន់ស្មានទៅលើថវិកាដែលរដ្ឋាភិបាលត្រូវចំណាយ និងព្យាករណ៍ថាតើមនុស្សប៉ុន្មាននាក់នឹងត្រូវបាត់បង់ប័ណ្ណធារារ៉ាប់រងសុខភាពរបស់ពួកគេ ប្រសិនបើផែនការនេះសម្រេចបាន៕