ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋធានី​វ៉ាស៊ីនតោន​ត្រៀម​ទទួល​សព​អតីត​ប្រធានាធិបតី លោក George HW Bush


អតីត​រដ្ឋមន្ត្រី​ការបរទេស​លោក Colin Powell (រូប​ទី៣​រាប់​ពី​ឆ្វេង) ដឹកនាំ​អតីត​មេបញ្ជាការ Operation Desert Storm គោរព​វិញ្ញាណក្ខន្ធ​លោក​អតីត​ប្រធានាធិបតី George H.W. Bush កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។
អតីត​រដ្ឋមន្ត្រី​ការបរទេស​លោក Colin Powell (រូប​ទី៣​រាប់​ពី​ឆ្វេង) ដឹកនាំ​អតីត​មេបញ្ជាការ Operation Desert Storm គោរព​វិញ្ញាណក្ខន្ធ​លោក​អតីត​ប្រធានាធិបតី George H.W. Bush កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។

រដ្ឋធានី​វ៉ាស៊ីនតោន​កំពុង​តែ​ត្រៀម​ទទួល​សព​អតីត​ប្រធានាធិបតី​អាមេរិក លោក George H.W. Bush ដែល​នឹង​តម្កល់​នៅ​វិមាន​សភា​អាមេរិក​ក្នុង​សប្តាហ៍​នេះ បន្ទាប់​ពី​លោក​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​សុក្រ ក្នុង​ជន្មាយុ​៩៤​ឆ្នាំ នៅ​ក្នុង​រដ្ឋ តិចសាស ដែល​ជា​រដ្ឋ​កំណើត​របស់​លោក។ ​​

លោក George H.W. Bushបាន​ដឹកនាំ​ឲ្យ​បញ្ចប់សង្គ្រាម​ត្រជាក់​ បាន​ដឹកនាំ​អាមេរិក​ឲ្យ​ទទួល​បាន​ជ័យជម្នះ​លើ​សង្គ្រាម​ចុងក្រោយ​បង្អស់​ដោយ​មិន​រុញរា បាន​កាន់​តំណែង​ជា​ប្រធានាធិបតី ជា​អនុប្រធានាធិបតី ជា​នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA ជា​ឯកអគ្គរដ្ឋទូត ជា​សមាជិក​សភា និង​ជា​អ្នក​បើក​យន្តហោះ​ចម្បាំង​ទាហាន​ជើងទឹក។ លោក George H.W. Bush មិន​ងាយ​នឹង​ត្រូវ​បាន​គេ​បំភ្លេច​ចោល​នោះ​ទេ។ ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​ លោក ដូណាល់ ត្រាំ ថ្លែង​ថា៖ ​

«លោក​គឺ​ជា​បុរស​ដ៏​អស្ចារ្យ​ម្នាក់។ គេ​នឹង​នឹក​លោក​គ្រប់គ្នា។ លោក​បាន​រស់នៅ​ក្នុង​ជីវិត​ដ៏​មាន​ន័យ ហើយ​ជីវិត​របស់​លោក​គឺ​ជា​ឧទាហរណ៍​សម្រាប់​អ្នក​គ្រប់គ្នា‍»។

សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ធម្មតា​វិញ ពួកគេ​កំពុង​តែ​ស្មឹងស្មាធ​ដើម្បី​រំឭក​ដល់​លោក George H.W. Bush។ លោក Steve O'Brien ដែល​ជា​អ្នក​រស់នៅ​ក្នុង​រដ្ឋ New York ថ្លែង​ថា៖ ​

​«លោក​គឺ​ជា​វីរបុរស​សង្គ្រាម ជា​សុភាព​បុរស និង​ជា​មេដឹកនាំ​នយោបាយ​ដ៏​គួរ​ឲ្យ​គោរព​មួយ​រូប។ គេ​គ្រប់គ្នា​ស្រឡាញ់​លោក។ លោក​មាន​ទំនាក់ទំនង​យ៉ាង​ទូលំទូលាយ​ជាមួយ​នឹង​អ្នកដទៃ។ ខ្ញុំ​ពេញ​ចិត្ត​ណាស់​ដែល​ក្រុមគ្រួសារ​របស់​អតីត​ប្រធានាធិបតី Clinton និង​ក្រុម​គ្រួសារ​លោក Bush គឺ​ជា​មិត្តភក្តិ​ដ៏​ល្អ​នឹង​គ្នា ហើយ​ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​មាន​មេដឹកនាំ​បែប​នេះ​បន្ថែម​ទៀត​នៅ​ពេល​អនាគត‍»។

ចក្ខុវិស័យ​របស់​លោក Bush ដែល​ត្រូវ​បាន​លើកឡើង​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​របស់​លោក​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ឆ្នាំ​១៩៨៨ គឺ​ថា «ប្រទេស​ជាតិ​មួយ​ដែល​កាន់​តែ​សណ្តោស​ប្រណី‍​និង​មេត្តា»។ ចក្ខុវិស័យ​នេះ​គឺ​ផ្ទុយ​ពី​នយោបាយ​គណបក្ស​បច្ចុប្បន្ន​នេះ​ទាំងស្រុង និង​ផ្ទុយ​ពី​សារ​រិះគន់​នានា​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter។

លោក Colin Powell អតីត​នាយ​អគ្គ​សេនាធិការ​ចម្រុះ​ក្រោម​រដ្ឋបាល​លោក Bush បាន​មាន​ប្រសាសន៍​ថា៖

«ជីវិត​របស់​លោក Bush គឺ​ជា​ជីវិត​ដ៏​មាន​កិត្តិយស ជា​ជីវិត​ដ៏​ស្មោះត្រង់ ជា​ជីវិត​ដែល​ពោរពេញ​ទៅ​ដោយ​ការ​គិតគូរ​ចំពោះ​ប្រជាពលរដ្ឋ​អាមេរិកាំង។ លោក​គឺ​ជា​អ្នក​ស្នេហា​ជាតិ​ម្នាក់។ លោក​បាន​បង្ហាញ​ទឹកចិត្ត​ស្នេហាជាតិ​របស់​លោក​នៅ​ក្នុង​សង្គ្រាម។ លោក​បាន​បង្ហាញ​ទឹកចិត្ត​ស្នេហាជាតិ​របស់​លោក​នៅ​ក្នុង​សន្តិភាព‍»។

លោក James Baker អតីត​រដ្ឋមន្ត្រី​ការបរទេស​ក្រោម​រដ្ឋបាល​លោក Bush ថ្លែង​ថា៖ ​

«លោក​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​ការងារ​ជាច្រើន ហើយ​លោក​បំពេញ​ការងារ​ទាំង​នោះ​ដោយ​ជំនាញ​ដ៏​ប៉ិនប្រសប់​របស់​លោក។ លោក​ដឹង​និង​យល់​ច្បាស់​ពី​គោលនយោបាយ​ការបរទេស។ លោក​អាច​បញ្ចប់​សង្គ្រាម​ត្រជាក់​ដោយ​សន្តិភាព។ សង្គ្រាម​ត្រជាក់​បាន​បញ្ចប់​ទៅ​តាម​សម្រួល‍»។

មេដឹកនាំ​បរទេស​ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​អតីត​ប្រធានាធិបតី លោក Bush ផង​ដែរ។ លោកស្រី Angela Merkel អធិការបតី​អាល្លឺម៉ង់​បាន​និយាយ​ថា៖

«លោក​គឺ​ជា​បិតា ឬ​បិតា​បង្រួបបង្រួម​អាល្លឺម៉ង់​ម្នាក់។ យើង​គ្មាន​ថ្ងៃ​នឹង​បំភ្លេច​លោក​នោះ​ទេ‍»។ ​

មិនមែន​គ្រប់គ្នា​សុទ្ធ​តែ​ចងចាំ​រឿង​ល្អៗ​អំពី​លោក Bush នោះ​ទេ ជាពិសេស​ប្រជាពលរដ្ឋ​អ៊ីរ៉ាក់​មួយ​ចំនួន​ដែល​ឃើញ​ប្រទេស​របស់​ខ្លួន​ត្រូវ​បណ្តេញ​ចេញ​ពី​ប្រទេស​កូវ៉ែត​នៅ​ឆ្នាំ​១៩៩១។

លោក Abdul Rasoul Muhsen ដែល​ជា​មន្ត្រី​រាជការ​អ៊ីរ៉ាក់​ម្នាក់​បាន​ថ្លែង​ថា៖

«ប្រវត្តិសាស្ត្រ​នឹង​មិន​ផ្តល់​កិត្តិយស​ដល់​លោក Bush នោះ​ទេ ដោយសារ​តែ​លោក​បាន​វាយប្រហារ​ប្រទេស​ដ៏​សន្តិភាព​មួយ ដែល​មិនធ្លាប់​ធ្វើ​អ្វី​ដាក់​អាមេរិក​ទាល់​តែ​សោះ។ ការ​វាយប្រហារ​ផ្លូវ​អាកាស​ទាំង​នោះ​គឺ​ជា​ភាព​អាម៉ាស ហើយ​នឹង​នៅ​តែ​ជា​កេរមរតក​របស់​លោក​ជា​រៀង​រហូត​ត​ទៅ‍»។

លោក Bush បាន​រស់នៅ​ឃើញ​កូនប្រុស​របស់​លោក គឺ​លោក George W. Bush ក្លាយ​ជា​ប្រធានាធិបតី​រយៈពេល​៨​ឆ្នាំ ក្រោយ​ពី​អាណត្តិ​ប្រធានាធិបតី​របស់​លោក​បញ្ចប់ ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​លោក Bush បន្សល់​ទុក​នូវ​ស្នាដៃ​ការងារ​ជាច្រើន​នៅ​ក្នុង​អាមេរិក​និង​នៅ​ទូទាំង​ពិភពលោក៕

ប្រែ​សម្រួល​ដោយ​អ្នកនាង ហុង ចិន្តា

XS
SM
MD
LG