ពាក្យដែលស្មាក្តីពិសេសលោក Robert Mueller នឹងសរសេរជាលទ្ធផលនៃការស៊ើបអង្កេតពីការចូលជ្រៀតជ្រែករបស់រុស្ស៊ីទៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៦ និងការផ្សព្វផ្សាយរបាយការណ៍ចុងក្រោយរបស់លោកនៅសបា្តហ៍ក្រោយនេះ គឺជាបញ្ហាដែលគេកំពុងផ្តោតយ៉ាងខ្លាំងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
មានការប៉ាន់ស្មាននានាពាក់ព័ន្ធទៅនឹងអ្វីដែលលោក Mueller នឹងធ្វើសេចក្តីសន្និដ្ឋាននៅក្នុងរបាយការណ៍របស់លោកគឺថា តើលោកនឹងដាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅក្នុងបទឧក្រិដ្ឋ ឬក៏លោកនឹងដោះលែងលោកប្រធានាធិបតីចេញពីការស៊ើបអង្កេតមួយដែលលោកប្រធានាធិបតីតែងតែនិយាយថា ជាការតាមធ្វើទុក្ខបុកម្នេញលើរដ្ឋបាលរបស់លោក។
សំណួរដ៏ចម្រូងចម្រាស់មួយទៀតគឺថា តើរបាយការណ៍ស៊ើបអង្កេតនេះនឹងត្រូវផ្សព្វផ្សាយជាសាធារណៈដែរឬទេ ឬមួយក៏ប្រជាពលរដ្ឋអាមេរិកាំង និងមនុស្សនៅជុំវិញពិភពលោកនឹងស្ថិតក្នុងភាពស្រពេចស្រពិលអំពីសេចក្តីលម្អិតនៃការស៊ើបអង្កេតនេះជារៀងរហូត។
លោក Mueller អាចបញ្ជូនរបាយការណ៍ស៊ើបអង្កេតទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក William Barr នៅប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើយោងតាមរបាយការណ៍មិនផ្លូវការជាច្រើនដែលឈានជិតដល់ទីបញ្ចប់នៃការស៊ើបអង្កេតមួយដែលបានចាប់ផ្តើមកាលពីរឆ្នាំកន្លងទៅពាក់ព័ន្ធនឹងការចោទប្រកាន់ថា រដ្ឋាភិបាលរុស្ស៊ីបានឃុបឃិតជាមួយនឹងមន្រ្តីរៀបចំយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ៕