ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតសម្រេចតែងតាំងលោក William Barr ដែលជាបេក្ខជនរបស់លោកប្រធានាធិបតី Donald Trump ឲ្យធ្វើជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក។ លោក Barr ដែលធ្លាប់បម្រើការងារជារដ្ឋមន្រ្តីយុត្តិធម៌នៅក្រោមរដ្ឋបាលអតីតប្រធានាធិបតីលោក George H. W. Bush ត្រូវបានតែងតាំងដោយលោកប្រធានាធិបតី Trump បានឡើងកាន់តំណែងជារដ្ឋមន្រ្តីយុត្តិធម៌ជំនួសលោក Jeff Sessions អ្នកដែលប្រធានាធិបតីបានដកចេញពីតំណែងដោយសារការដកខ្លួនរបស់លោកចេញពីការស៊ើបអង្កេតលើការជ្រៀតជ្រែករបស់រុស្ស៊ីទៅក្នុងការបោះឆ្នោតសហរដ្ឋអាមេរិក។
នៅអំឡុងសវនាការតែងតាំងលោកកាលពីខែមុន លោក Barr បានស្ថិតក្រោមការពិនិត្យពិច័យរបស់សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យទៅលើកំណត់ត្រាមួយដែលលោកបានសរសេរកាលពីឆ្នាំមុនរិះគន់ស្មាក្តីពិសេសលោក Robert Mueller ដោយសារតែលោកស៊ើបអង្កេតលើករណីមួយថាតើលោកប្រធានាធិបតី Donald Trump បានព្យាយាមរារាំងដល់ដំណើរការស៊ើបអង្កេតលើប្រទេសរុស្ស៊ីដែរឬទេ។ លោក Barr បានធ្វើសក្ខីកម្មថាកំណត់ត្រានោះគឺជារឿងតិចតួចប៉ុណ្ណោះ ប៉ុន្តែលោកនឹងអនុញ្ញាតឲ្យលោកស្មាក្តីពិសេសបញ្ចប់ដំណើរការស៊ើបអង្កេតដោយគ្មានការរំខានអ្វីឡើយ។
សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យជាច្រើនរូបត្រូវបានរំពឹងថា នឹងប្រឆាំងនឹងលោក Barr ដោយសារតែលោកប្រហែលជានឹងមិនផ្សព្វផ្សាយជាសាធារណៈអំពីការរកឃើញដោយលោក Mueller នោះទេ។ មានការរំពឹងជាទូទៅថាលោក Barr នឹងត្រឡប់ទៅសើរើគោលនយោបាយអន្តោប្រវេសន៍តឹងរឹងរបស់លោក Trump ឡើងវិញ៕