ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​ថវិកា​របស់​សហរដ្ឋ​អាមេរិក​នៅ​បន្ត​មិន​អនុម័ត​ស្រប​ពេល​រដ្ឋាភិបាល​មួយ​ផ្នែក​ធំ​ត្រូវ​បិទ​ទ្វារ


រូបសំណាក Grief និង​ History ឈរ​ខ្ពស់​ផុត​រូបសំនាក​សន្តិភាព​នៅ​ក្បែរ​វិមាន​សភា​អាមេរិក​កាលពី​ថ្ងៃទី​២០ មករា ២០១៨។
រូបសំណាក Grief និង​ History ឈរ​ខ្ពស់​ផុត​រូបសំនាក​សន្តិភាព​នៅ​ក្បែរ​វិមាន​សភា​អាមេរិក​កាលពី​ថ្ងៃទី​២០ មករា ២០១៨។

ដោយ​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ និង​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​បញ្ចប់​ថ្ងៃ​ទី​មួយ​នៃ​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក ដោយ​មាន​សញ្ញា​តិចតួច​ប៉ុណ្ណោះ​ទាក់ទិន​នឹង​ការ​ព្រមព្រៀង​គ្នា​លើ​ច្បាប់​ថវិកា​ដែល​ជាប់​គាំង​ដោយសារ​ការ​មិន​ចុះ​សម្រុង​គ្នា​លើ​បញ្ហា​អន្តោប្រវេសន៍។

មេដឹកនាំ​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​លោក Mitch McConnell បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា លោក​បាន​កំណត់​ពេល​វេលា​ត្រឹម​ម៉ោង ១ រំលង​អាធ្រាត្រ ថ្ងៃ​ចន្ទ​ស្អែក​នេះ ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត​លើ​ច្បាប់​ថវិកា​ថ្មី​មួយ​ដែល​នឹង​បន្ត​ដំណើរការ​របស់​រដ្ឋាភិបាល​រហូត​ដល់​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ ខាង​មុខ​នេះ។ ការ​បោះ​ឆ្នោត​នេះ​ដាក់​សម្ពាធ​លើ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ឲ្យ​ឈាន​ដល់​ការ​ព្រមព្រៀង បើ​មិន​ដូច្នេះ​ទេ ច្បាប់​ថវិកា​ថ្មី​នេះ​នឹង​ប្រឈម​នឹង​ការ​មិន​អនុម័ត​ជា​លើក​ទី​ពីរ។

សិទ្ធិ​ចំណាយ​ថវិកា​របស់​រដ្ឋាភិបាល​បាន​ផុត​កំណត់​កាល​ពី​ម៉ោង ១២ យប់ ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ ដែល​បង្ក​ឲ្យ​រដ្ឋាភិបាល​ត្រូវ​បញ្ឈរ​ជើង​បុគ្គលិក​រដ្ឋ​មិន​សូវ​ចាំបាច់​បន្ទាន់​ទាំង​អស់​ជា​បណ្ដោះអាសន្ន លើកលែង​តែ​បុគ្គលិក​ចាំបាច់​ដែល​មិន​អាច​ខ្វះ​បាន​ដែល​ត្រូវ​នៅ​បន្ត​បំពេញ​ការងារ​របស់​ខ្លួន។

សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ទាំង​ពីរ​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​ជា​ច្រើន​ពាក់ព័ន្ធ​ការ​ការពារ​ជាតិ និង​អន្តោប្រវេសន៍ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​កែប្រែ​ច្បាប់​ដែល​ការពារ​ជន​គ្មាន​ក្រដាស​ស្នាម​ជិត ៨ សែន​នាក់​ដែល​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​តាំង​ពី​ពួកគេ​នៅ​ជា​កុមារ​ផង​ដែរ។

សមាជិក​ព្រឹទ្ធសភា​បាន​ចាប់ផ្ដើម​ពិភាក្សា​ដេញដោល​ឡើង​វិញ​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ម្សិលមិញ​លើ​ច្បាប់​ថវិកា​បណ្ដោះ​អាសន្ន​មួយ​ដែល​នឹង​ផ្ដល់​ថវិកា​ដល់​រដ្ឋាភិបាល​ឲ្យ​បន្ត​ដំណើរការ​របស់​ខ្លួន​រហូត​ដល់​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ ខាង​មុខ។ ប៉ុន្តែ ច្បាប់​ថវិកា​ជា​បន្ត​បណ្ដោះអាសន្ន​នេះ​ត្រូវ​បាន​រារាំង​ដោយ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Tammy Baldwin ដោយ​លោកស្រី​បាន​និយាយ​ថា៖ «ច្បាប់​នេះ​គឺ​ជា​ការ​ពន្យារពេល​ដោះស្រាយ​បញ្ហា និង​មិន​បាន​សម្រេច​ឲ្យ​បាន​នូវ​ដំណោះស្រាយ​ណា​មួយ​សម្រាប់​ប្រជាពលរដ្ឋ​អាមេរិកាំង​នោះ​ទេ‍»៕

XS
SM
MD
LG