នៅថ្ងៃសៅរ៍ ទី២០ ខែមករា គឺជាថ្ងៃដែលលោកប្រធានាធិបតីត្រាំ កាន់តំណែងជាប្រធានាធិបតីបាន១ឆ្នាំ។ ឆ្នាំទី១ ដ៏ចម្រូងចម្រាសរបស់លោកមិនដូចប្រធានាធិបតីមុនៗនៅក្នុងប្រវត្តិសាស្ត្រនយោបាយសហរដ្ឋអាមេរិកនាពេលថ្មីៗនេះទេ ហើយឆ្នាំ ២០១៨ នេះប្រហែលដូចជាឆ្នាំមុនដែរ។
ចំពោះប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក វាជាការចាប់ផ្តើមដ៏អង់អាចក្លាហានមួយ។
លោកប្រធានាធិបតី ដូណាល់ ត្រាំបានមានប្រសាសន៍ថា៖ «ចាប់ពីថ្ងៃនេះតទៅ គឺមានតែផលប្រយោជន៍សហរដ្ឋអាមេរិកជាធំ»។
លោកប្រធានាធិបតី ត្រាំ បានចាត់វិធានការកែប្រែច្បាប់ជំនាន់អតីតប្រធានាធិបតី លោក អូបាម៉ា និងបំពេញអាសនៈទំនេរនៅតុលាការកំពូល។
ជោគជ័យធំជាងគេរបស់លោក គឺច្បាប់កាត់បន្ថយពន្ធដារដែលសម្រេចនៅខែធ្នូឆ្នាំ២០១៧ បន្ទាប់ពីលោកកាន់តំណែងប្រធានាធិបតីបាន ១១ខែ។
លោកប្រធានាធិបតី ត្រាំ បានថ្លែងថា៖ «នេះគឺជាសេចក្តីព្រាងច្បាប់ ដែលយើងមានមោទនភាពណាស់។ សេចក្តីព្រាងច្បាប់នេះ គឺជារឿងដ៏អស្ចារ្យមួយសម្រាប់ពលរដ្ឋអាមេរិកាំង ហើយវានឹងជួយដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក»។
លោក John Fortier អ្នកវិភាគនិយាយថា ការអនុម័តច្បាប់ពន្ធដារនេះ នឹងជួយដល់គណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតសភាឆ្នាំនេះ។
លោក John Fortier ថ្លែងថា៖ «គណបក្សសាធារណរដ្ឋ បានធ្វើឲ្យសេចក្តីព្រាងច្បាប់ស្តីពីពន្ធដារនេះបានទទួលការអនុម័ត កាលពីខែធ្នូ។ នេះជាជោគជ័យដ៏សំខាន់មួយ សម្រាប់គណបក្សសាធារណរដ្ឋ ដូច្នេះ នេះជាអ្វីដែលបានធ្វើឲ្យពួកគេដើរផ្លូវត្រូវវិញ»។
ប៉ុន្តែ ការកាន់តំណែងឆ្នាំទី១ របស់លោកត្រាំ ក៏មានការបរាជ័យផងដែរ ដូចជាការបរាជ័យក្នុងការលុបចោលច្បាប់ធានារ៉ាប់រងសុខភាពហៅថា Obamacare ការផ្ទុះឡើងជាច្រើនដងនូវវោហារសាស្ត្រដ៏ចម្រូងចម្រាសរបស់លោកតាមប្រព័ន្ធសង្គម Twitter និងការប្រើពាក្យច្រឡោះបោះរបស់លោកទៅលើប្រទេសហៃទី និងអាហ្វ្រិក។ ទាំងអស់នេះបានធ្វើឲ្យមានកំហឹងមកពីគណបក្សប្រជាធិបតេយ្យ រួមទាំងសមាជិកសភា លោក Cory Booker ផងដែរ។
លោក CORY BOOKER បានមានប្រសាសន៍ថា៖ «ពាក្យទាំងនោះ មិនបានរសាយបាត់ដូចអ័ព្ទទៅតាមខ្យល់នោះទេ។ វាបង្កឲ្យមានរបួស បំពុល និងអាចធ្វើឲ្យពួកជ្រុលនិយមស្អប់ប្រទេសយើង»។
លោក John Hudak អ្នកវិភាគនៃវិទ្យាស្ថាន BROOKINGS បានថ្លែងថា ភាពចម្រូងចម្រាស់របស់លោកត្រាំ និងភាពដឹកនាំដែលបង្កការបែកខ្ញែករបស់លោក បន្តធ្វើឲ្យការស្ទង់មតិរបស់លោកធ្លាក់ចុះ បើទោះជាសេដ្ឋកិច្ចមានភាពរឹងមាំក៏ដោយ។
លោក John Hudak បានថ្លែងថា៖ «ខ្ញុំគិតថា ពលរដ្ឋវាយតម្លៃលោកលើកត្តាផ្សេងៗ ជាជាងតែកត្តាសេដ្ឋកិច្ចអាមេរិក ហើយករណីនេះពន្យល់ថា អត្រាបំពេញការងាររបស់លោកមានកម្រិតទាប»។
លោក Larry Sabato អ្នកវិភាគនៃសកលវិទ្យាល័យ VIRGINIA ថ្លែងថា ការស្ទង់មតិប្រធានាធិបតីដែលមានកម្រិតទាបក្នុងប្រវត្តិសាស្ត្ររបស់លោកត្រាំ ក៏អាចជួយដល់គណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតសភានាខែវិច្ឆិកាខាងមុខនេះដែរ។
លោក LARRY SABATO ថ្លែងថា៖ «កាលណាមានរឿងចម្រូងចម្រាសបែបនេះ ពលរដ្ឋមិនបានបែងចែករវាងប្រធានាធិបតីដែលមិនមានប្រជាប្រិយភាព និងអ្នកដែលចង់ព្យាយាមដកខ្លួនចេញពីប្រធានាធិបតីដែលមិនមានប្រជាប្រិយភាពនោះទេ»។
សម្រាប់ឆ្នាំ ២០១៨នេះ លោក ត្រាំ សង្ឃឹមថា សេដ្ឋកិច្ចដ៏រឹងមាំនេះអាចធ្វើឲ្យការស្ទង់មតិរបស់លោកប្រសើរឡើងវិញ។
ប៉ុន្តែ ការដែលអាចចាញ់ឆ្នោតសភានៅខែវិច្ឆិកា និងការស៊ើបអង្កេតពីការពាក់ព័ន្ធរបស់រុស្ស៊ីដែលមិនចេះចប់នោះ អាចធ្វើឲ្យការកាន់តំណែងរបស់លោកនៅឆ្នាំទី២ រឹតតែពិបាកជាងឆ្នាំទី១របស់លោក៕
ប្រែសម្រួលដោយ លឹម ហ្គេចហៀង