លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence បានអញ្ជើញទៅដល់រដ្ឋ ធានីគែរកាលពីថ្ងៃសៅរ៍ដើម្បីពិភាក្សាជាមួយលោក Abdel-Fattah el-Sissi ប្រធានាធិបតីនៃប្រទេសអាហ្ស៊ីបអំពីបញ្ហាភេរវកម្ម និងសន្តិសុខ រួមមានការខំប្រឹងប្រែងដើម្បីប្រយុទ្ធក្រុមរដ្ឋឥស្លាម ។
ដំណើរទស្សនកិច្ចនេះកាលពីមុនគ្រោងធ្វើឡើងកាលពីខែធ្នូឆ្នាំមុន ក៏ប៉ុន្តែបានត្រូវពន្យារពេលពីព្រោះតែការពាក់ព័ន្ធរបស់លោកអនុប្រធានាធិបតី Pence នៅក្នុងការចរចាច្បាប់ពន្ធដារនៅចុងឆ្នាំ ហើយបន្ទាប់មកការបដិសេធរបស់លោក Mahmoud Abbas មេដឹកនាំដែនដីប៉ាឡេស្ទីនពុំព្រមជួបជាមួយលោកនៅក្នុងទីក្រុង Bethlehem។
លោក Abbas បានរិះគន់យ៉ាងខ្លាំងដល់ការសម្រេចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីចុងឆ្នាំទៅដើម្បីទទួលស្គាល់ទីក្រុង Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល។ ការសម្រេចនេះបានបណ្តាលឲ្យមានការតវ៉ាប្រឆាំងដ៏ប្រល័យនៅក្នុងដែនដីប៉ាឡេស្ទីន ដែលចាប់តាំងពីនោះមកស្ងប់ស្ងាត់ហើយបានធ្វើឲ្យមានការថ្កោលទោសពីមេដឹកនាំសាកលលោក។ ការប្រកាសរបស់ប្រធានាធិបតី ត្រាំ បានធ្វើឲ្យមានបាតុកម្មប្រឆាំងនឹងការសម្រេចនេះនៅទូទាំងសាកលលោក។
លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence ជាមន្រ្តីរដ្ឋបាលជាន់ខ្ពស់លើកដំបូងទៅបំពេញទស្សនកិច្ចតំបន់មជ្ឈិមបូព៌ាចាប់តាំងពីប្រធានាធិបតីត្រាំបានប្រកាសការសម្រេចរបស់លោកដើម្បីទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡិម ជារដ្ឋធានីរបស់អ៊ីស្រាអែល។ សេតវិមានបានប្រាប់ឲ្យដឹងថា ដំណើរទស្សនកិច្ចបញ្ជាក់ពីការតាំងចិត្តឡើងវិញរបស់យើងដើម្បីធ្វើការជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ដើម្បីផ្តួលលទ្ធិជ្រុលនិយមដែលគំរាមកំហែងជំនាន់មនុស្សនៅថ្ងៃអនាគត៕