ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

«លាងដៃរបស់អ្នក»ជាសារដ៏លំបាកអនុវត្តមួយក្នុងសហគមន៍អាហ្វ្រិកដែលគ្មានទឹកស្អាត


ប្រជាជន​ដែល​មិន​មាន​ផ្ទះ​សម្បែង​ស្នាក់នៅ​កីឡដ្ឋានCaledonian ទីក្រុងPretoria ប្រទេស​អាហ្វ្រិក​ខាងត្បូងកាលពី​ថ្ងៃទី០២ មេសា ២០២០។
ប្រជាជន​ដែល​មិន​មាន​ផ្ទះ​សម្បែង​ស្នាក់នៅ​កីឡដ្ឋានCaledonian ទីក្រុងPretoria ប្រទេស​អាហ្វ្រិក​ខាងត្បូងកាលពី​ថ្ងៃទី០២ មេសា ២០២០។

ការលាងដៃ​ឲ្យ​បាន​ទៀងទាត់​នឹង​សាប៊ូ​និង​ទឹក គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​បញ្ឈប់​ការរីក​រាលដាល​នៃ​ការឆ្លង​វីរុស​កូវីដ​១៩។ សារ​អំពី​ការលាងដៃ​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​មេដឹកនាំ និង​អ្នកជំនាញ​វេជ្ជសាស្ត្រ​នៅ​ទូទាំង​ពិភពលោក។

«លាងដៃ​របស់​អ្នក» «លាងដៃ​របស់​អ្នក»។ ទោះ​អ្នក​ជា​អ្នក​ណា​ក៏​ដោយ​រស់នៅ​ទីណា​ក៏ដោយ បើសិន​ជា​អ្នក​ចង់​ជួយ​បញ្ឈប់​ការរីករាលដាល​នៃ​វីរុស​កូវីដ១៩​នេះ សូម​លាងដៃ​របស់​អ្នក។ នេះ​គឺ​សារ​របស់​មេដឹកនាំ និង​អ្នកជំនាញ​វេជ្ជសាស្ត្រ​នៅ​ទូទាំង​ពិភពលោក ប្រាប់​ទៅ​ប្រជា​ពលរដ្ឋ។

ដូច​លោក​ប្រធានាធិបតី Cyril Ramaphosa បាន​ថ្លែង​កត់សម្គាល់​នៅក្នុង​សុន្ទរកថា​ប្រចាំ​សប្តាហ៍​របស់​លោក​ថា វីរុស​នេះ មិន​រើសអើង​ទេ។ លោក​បាន​ថ្លែង​ក្នុងសម្តី​ដើម​ថា៖

«មនុស្ស​មួយ​ចំនួន​អាច​គិត​ថា ជំងឺ​នេះ ជា​អ្វី​មួយ​ដែល​មិន​ទាក់ទង​នឹង​ពួកគេ ហើយ​នឹង​មិន​ប៉ះពាល់​ដល់​ពួកគេ​ឡើយ។ នោះ គឺ​គ្រាន់តែ​ជា​អ្វី​ដែល​ពួកគេ​បាន​អាន​តែ​នៅ​ក្នុង​កាសែត ឬ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ មើល​ការរាយការណ៍​តាម​កញ្ចក់​ទូរទស្សន៍​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ​ជំងឺ​នេះ ពិតជា​មាន​មែន​ហើយ​វា​បង្ក​គ្រោះថ្នាក់​យ៉ាងខ្លាំង​ដល់​យើង​គ្រប់គ្នា និង​សង្គមជាតិ​ទាំងមូល។ វា​ឆ្លង​ទៅ​អ្នក​មាន​និង​អ្នកក្រ ទាំង​ក្មេង​ទាំង​ចាស់​ទាំង​ខ្មៅ​និង​ស ទាំង​អ្នក​ដែល​រស់នៅ​តាម​ទីក្រុង និង​អ្នក​នៅ​តាម​ភូមិ»។

ទាំងនេះ គឺ​ជា​ពាក្យ​សម្តី​ដ៏​ល្អ ប៉ុន្តែ​បញ្ហា​ប្រឈម​ធំ​បំផុត​មួយ​នៅ​ទ្វីបអាហ្វ្រិក គឺ​មាន​ភាព​សាមញ្ញ​បំផុត នោះ​គឺ​ការទទួល​បាន​ទឹកស្អាត​ជាទូទៅ។ សូម្បី​តែ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ដែល​មាន​ការអភិវឌ្ឍ​ល្អ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ នៅតែ​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​នៅ​ផ្ទះ​ដែរ។

កិច្ចការ​ដើម្បី​ឲ្យ​មនុស្ស​ជាច្រើន​ទទួល​បាន​ទឹកស្អាត នឹង​ត្រូវការ​ពេលវេលា​ជាច្រើន​ឆ្នាំ ដើម្បី​សម្រេច​ឲ្យ​បាន ដូច្នេះ​ក្នុង​ពេល​បច្ចុប្បន្ននេះ អង្គការ​សប្បុរសធម៌​ដូចជា​អង្គការ​ទឹកស្អាត​អន្តរជាតិ បាន​ចំណាយ​ប្រាក់​លើស​ការកំណត់ ដើម្បី​រៀបចំ​កន្លែង​ចែកចាយ​ទឹក និង​កន្លែង​លាងដៃ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ដូចជា ហ្គាណា លីបេរីយ៉ា សៀរ៉ាឡេអូន ហ្សំប៊ី ហ្ស៊ីមបាវ៉េ កេនយ៉ា អ៊ូហ្គាន់ដា រវ៉ាន់ដា និង​ប៊ឺគីណាហ្វាសូ។

មន្ត្រី​ផ្នែក​ទឹក និង​អនាម័យ​របស់​អង្គការ​ទឹកស្អាត​អន្តរជាតិ អ្នកស្រី Maitabel Achieng Okumu ថ្លែង​ថា ប្រជាពលរដ្ឋ​បាន​ទទួល​យក​កម្មវិធី​នេះ ដោយ​ក្តីរីករាយ។

អ្នកស្រី បាន​និយាយ​ជាមួយVOAពី​ទីក្រុង​ណៃរ៉ូប៊ី​តាមរយៈ​កម្មវិធី​ជជែកគ្នា​តាម​ទូរស័ព្ទ​មួយ​ដែល​មាន​ឈ្មោះ​ថា Zoom។ អ្នកស្រី បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«សព្វថ្ងៃនេះ មនុស្ស​គ្រប់គ្នា​ដឹង​ពី​សារៈសំខាន់​នៃ​ការលាងដៃ។ មនុស្ស​ជាច្រើន បាន​ឈាន​ដល់​កម្រិត​មួយ ដែល​សូម្បីតែ​អ្នកធ្វើ​ដំណើរ​តាម​យាន្ត boda-boda ឬ អ្នក​ជិះ​ម៉ូតូ ក៏​ពួកគេ​មាន​កន្លែង​លាងដៃ​ដែរ។ ដូច្នេះ​សារ​ដែល​ថា «អ្នក​ត្រូវ​លាងដៃ» កំពុង​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​តាមរយៈ​អ្នកស្ម័គ្រ​ចិត្ត​ផ្នែក​សុខភាព​សហគមន៍។ ការឆ្លើយតប​របស់​ប្រជាពលរដ្ឋ​ទៅ​នឹង​សារ​នោះ គឺ​ប្រកប​ដោយ​ភាពវិជ្ជមាន»។

សារ​នេះ រឹតតែ​មាន​សារៈសំខាន់ ជាពិសេស​នៅក្នុង​តំបន់​ដែល​មាន​ដង់ស៊ីតេ​ខ្ពស់​រួមបញ្ចូលទាំង ជំរំ​សម្រាប់​ជន​ផ្លាស់​ទីលំនៅ និង​ជនភៀសខ្លួន។

នាយក​ប្រចាំ​ប្រទេស​នៃ​ទីភ្នាក់ងារ​សេវាកម្ម​ផ្តល់​ជំនួយ​សង្គ្រោះ​កាតូលិក​នៅ​ប្រទេស​អ៊ូហ្គាន់ដា លោក Niek de Goeij បាន​និយាយ​ថា នៅ​កន្លែង​ទាំងនោះ ក្រុម​អ្នកធ្វើការ ដូចជា​ទីភ្នាក់ងារ​របស់​លោក កំពុងតែ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​អនាម័យ​ផងដែរ។ លោក​បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«យើង​អាច​ជួយ​មនុស្ស​នៅ​ប្រទេស​អ៊ូហ្គាន់ដាបាន​ជាង​មួយ​លាន​នាក់ តាមរយៈ​ការផ្សព្វផ្សាយ​សារ​នានា ដូចជា លាងដៃ និង​រក្សា​អនាម័យ​ទូទៅ។ ជាងនេះ​ទៅ​ទៀត ជាពិសេស គឺ​សំដៅ​ទៅ​លើ​ជំរំ​នានា ដូចជា​ជំរំ​ជនភៀសខ្លួន Bidibidi ដែល​នៅ​ភាគពាយ័ព្យ​នៃ​ប្រទេស​នោះ យើង​មាន​អ្នកស្ម័គ្រចិត្ត​ដែល​ឈរ​នៅ​កន្លែង​លាងដៃ ដែល​ជនភៀស​ទទួល​ទឹកផឹក។ ក្នុង​ពេល​ដែល​ពួកគេ​ទទួលទឹក​នោះ ពួកយើង ចំណាយ​ពេល​និយាយ​ជាមួយ​ជនភៀសខ្លួន​ទាំងនោះ អំពី​វីរុស​កូវីដ១៩ និង​វិធី​ការពារ​ខ្លួន និង​ក្រុមគ្រួសារ​របស់​ពួកគេ​ឲ្យ​កាន់តែ​ប្រសើរឡើង និង​ដើម្បី​ឲ្យ​ប្រាកដ​ថា ពួកគេ​រក្សា​ទឹកស្អាត​ទាំងនោះ​ឲ្យ​បាន​ល្អ ហើយ​ពួកគេ ត្រូវ​លាងដៃ​ឲ្យ​បាន​ញឹកញាប់»។

អ្នកជំនាញ​និយាយ​ថា ដើម្បី​លាង​ដៃ​របស់​អ្នក​ឲ្យ​បាន​ស្អាត និង​ត្រឹមត្រូវ គឺ​ត្រូវការ​ពេល ២០ វិនាទី។ ២០វិនាទី មិន​យូរ​ទេ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​យ៉ាងខ្លាំង៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

វីដេអូថ្មីៗបំផុត

XS
SM
MD
LG