មន្ត្រីរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជននៅកោះតៃវ៉ាន់ បានហៅវីរុសកូវីដ១៩ថា ជា «ជំងឺរលាកសួតវូហាន» ដែលឈ្មោះនេះ ហៅតាមឈ្មោះទីក្រុងចិន ទីដែលវីរុសកូវីដ១៩ បានផ្ទុះឡើង។
ប្រទេសភាគច្រើននៅក្នុងពិភពលោក ហៅជំងឺផ្លូវដង្ហើមដ៏មរណៈដែលផ្ទុះឡើងនៅចុងឆ្នាំ២០១៩ និងកាន់តែរាលដាលខ្លាំងឡើងចាប់តាំងពីដើមឆ្នាំនេះថា វីរុសកូរ៉ូណាថ្មីឬកូវីដ១៩។ នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានហៅវីរុសនេះកាលពីខែមុនថាជា «វីរុសចិន» ដោយលោកពណ៌នាថា ដោយសារតែវាមានប្រភពដើមចេញពីប្រទេសចិននោះ ចិនមានការខឹងសម្បារ ហើយឲ្យលោក ត្រាំ បញ្ឈប់ការហៅដូចនោះ។
រហូតមកដល់ពេលនេះ មន្ត្រី ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈជនតៃវ៉ាន់ បានប្រើពាក្យ«ជំងឺរលាកសួតវូហាន» ជាភាសាចិនកុកងឺ ដោយសំដៅដល់ទីក្រុងរបស់ប្រទេសចិន ដែលជំងឺនេះ ត្រូវបានគេរាយការណ៍ជាលើកដំបូងកាលពីខែធ្នូកន្លងទៅនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកពេលខ្លះហៅជំងឺនោះថា «ជំងឺរលាកសួតវូហានរបស់ចិន»។
ក្រុមអ្នកវិភាគនិយាយថា ការហៅដូចនោះនឹងបង្កើតឲ្យមានការប្រេះស្រាំថ្មីមួយទៀតនៅក្នុងទំនាក់ទំនង ដែលមានភាពតានតឹងស្រាប់ទៅហើយរវាងតៃវ៉ាន់ និងចិន។
លោក Chao Chien-min ជាព្រឹទ្ធបុរសផ្នែកវិទ្យាសាស្ត្រសង្គមនៅសាកលវិទ្យាល័យវប្បធម៌ចិននៅទីក្រុងតៃប៉ិ។ លោកបានថ្លែងក្នុងសម្តីដើមថា៖
«ទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែអាក្រក់ទៅៗ ចាប់តាំងពីការផ្ទុះនៃវីរុសកូវីដ១៩នេះ។ បើគេនៅតែប្រើឈ្មោះវីរុសនេះ ទៅតាមទីតាំងដែលវាបានចាប់ផ្តើមនោះ វាមិនល្អនោះទេ»។
ជនជាតិតៃវ៉ាន់ បានប្រើពាក្យ «ជំងឺរលាកសួតវូហាន» ពីព្រោះក្នុងពេលដែលពួកគេ កំពុងជជែកគ្នាអំពីវីរុសនោះកាលពីខែធ្នូ ពួកគេត្រូវការពាក្យដើម្បីហៅវីរុសនោះ មុនពេលដែលអង្គការសុខភាពពិភពលោកបានដាក់ឈ្មោះវាជាផ្លូវការនៅពាក់កណ្តាលខែកុម្ភៈ។
ប៉ុន្តែកោះតៃវ៉ាន់ និងចិនមាននិន្នាការនយោបាយមិនចុះសម្រុងនឹងគ្នា។ ការប្រើប្រាស់ឈ្មោះមុន ជំនួសឲ្យឈ្មោះជាផ្លូវការដែលចេញដោយអង្គការសុខភាពពិភពលោកនោះ គឺជាការជំរុញប្រជាពលរដ្ឋតៃវ៉ាន់ឲ្យគិតទៅកន្លែងដែលវីរុសកូវីដ១៩ត្រូវបានគេរកឃើញ ហើយបង្ហាញពីការគិតមិនល្អរបស់ពួកគេចំពោះប្រទេសចិន។
លោក Trump បានឈប់ហៅវីរុសកូវីដ១៩ថាជា «វីរុសចិន» នៅចុងខែមីនា ហើយបាននិយាយថា វាជារឿងសំខាន់ក្នុងការចៀសវាងមិនស្តីបន្ទោសជនជាតិអាមេរិកាំងដើមកំណើតអាស៊ីចំពោះការផ្ទុះវីរុសនេះ។
នៅកោះតៃវ៉ាន់ មជ្ឈមណ្ឌលបញ្ជាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកណ្តាលរបស់រដ្ឋាភិបាលប្រើពាក្យ «ជំងឺរលាកសួតវូហាន» នៅក្នុងសេចក្តីប្រកាសព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន នៅក្នុងវង់ក្រចក ក្រោយពាក្យអង់គ្លេសដែលអានថា Covid-19 ហើយក្រសួងការបរទេសតៃវ៉ាន់វិញ ប្រើពាក្យ «ជំងឺរលាកសួតវូហាន» នៅក្នុងសេចក្តីថ្លែងការណ៍មួយចំនួនរបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលដែលឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលតៃវ៉ាន់បានហៅជំងឺនេះថា «ជំងឺរលាកសួតវូហាន» នៅក្នុងព័ត៌មានជាច្រើនដែលផ្សាយជារៀងរាល់ថ្ងៃ អំពីការរាតត្បាតនៃជំងឺនេះ នៅក្នុងតំបន់ផ្សេងៗទៀតក្នុងពិភពលោក។ នៅតាមផ្លូវនានា នៅពេលដែលមនុស្សម្នានិយាយអំពីជំងឺនេះ ពួកគេហៅវាថា «ជំងឺរលាកសួតវូហាន» ស្ទើរតែគ្រប់ពេល។
នៅក្នុងឯកសារឆ្នាំ ២០១៥ របស់ខ្លួន អង្គការសុខភាពពិភពលោកបានចេញការណែនាំមួយចំនួន ដូចជា «ការអនុវត្តន៍ល្អបំផុតសម្រាប់ការដាក់ឈ្មោះជំងឺឆ្លងថ្មីដល់មនុស្ស» នោះ គឺមិនត្រូវដាក់ទៅតាមឈ្មោះទីក្រុង ប្រទេស តំបន់ ឬ ទ្វីបនោះទេ។ ជំងឺគ្រុនផ្តាសាយអេស្ប៉ាញ និងជំងឺរលាកខួរក្បាលជប៉ុន គឺស្ថិតនៅក្នុងបញ្ជី «ឧទាហរណ៍ដែលត្រូវចៀសវាង»។
ប្រជាពលរដ្ឋតៃវ៉ាន់ បានចាត់វិធានការដើម្បីការពារខ្លួនពីវីរុសនេះ មុនបណ្តាប្រទេសជាច្រើននៅទូទាំងពិភពលោក ដោយសារតែពួកគេធ្លាប់បានប្រយុទ្ធប្រឆាំងនឹងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរកាលពី ១៧ ឆ្នាំមុន។ ជំងឺនោះ ក៏មានប្រភពមកពីប្រទេសចិនដែរ។
រដ្ឋាភិបាលនៅទីក្រុងតៃប៉ិ បានចាប់ផ្តើមដឹកចេញតាមយន្តហោះនូវប្រជាពលរដ្ឋរបស់ខ្លួនដែលនៅក្នុងទីក្រុងវូហានកាលពី ៣ ខែមុន គឺមុនពេលដែលប្រទេសផ្សេងៗទៀតក្នុងពិភពលោក បានចាប់ផ្តើម។ មន្ត្រីពាក់ព័ន្ធធ្វើការតាមដានករណីដែលត្រូវបានគេដឹង ហើយអនុវត្តយ៉ាងដាច់ខាតដាក់អ្នកដែលផ្ទុកវីរុសនេះ ឲ្យនៅដាច់ដោយឡែកពីគេ។ តៃវ៉ាន់ បានកត់ត្រាករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ នេះ សរុបចំនួន ៣២៩ ករណី ដោយរួមទាំងអ្នកជំងឺដែលបានជាសះស្បើយឡើងវិញផងដែរ។
លោក Chen Shi-chung រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសុខុមាលភាពបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទទី ៣០ ខែមីនា ថា ឈ្មោះជំងឺមួយ គឺមិនផ្តោតលើប្រទេសណាមួយនោះទេ។ លោក Chen Shi-chung បានថ្លែងបន្តក្នុងសម្តីដើមថា៖
«មិនថាឈ្មោះអ្វីក៏ដោយមិនថា ឈ្មោះជាផ្លូវការ ឬ ឈ្មោះហៅក្រៅនោះទេ វាគ្រាន់តែជាមធ្យោបាយក្នុងការនិយាយប៉ុណ្ណោះ គឺមិនមានន័យរើសអើងទេ»។
ប្រទេសចិនទាមទារអធិបតេយ្យភាពលើកោះតៃវ៉ាន់ ទោះបីជា កោះនេះគ្រប់គ្រងដោយខ្លួនឯងជាង ៧ ទសវត្សរ៍មកហើយក៏ដោយ។ ការស្ទង់មតិរបស់រដ្ឋាភិបាលកាលពីឆ្នាំមុន បានបង្ហាញថា ប្រជាពលរដ្ឋតៃវ៉ាន់ភាគច្រើន ប្រឆាំងនឹងគោលដៅរបស់ទីក្រុងប៉េកាំងក្នុងការធ្វើឲ្យកោះតៃវ៉ាន់ ស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួន។ លោក Lin Chong-pin ជាសាស្ត្រាចារ្យផ្នែកសិក្សាយុទ្ធសាស្ត្រដែលបានចូលនិវត្តន៍មួយរូបនៅតៃវ៉ាន់។ លោកបានថ្លែងក្នុងសម្តីដើមថា៖
«ប្រសិនបើប្រជាពលរដ្ឋនៅកោះតៃវ៉ាន់ហៅជំងឺនេះថា (ជំងឺរលាកសួតវូហាន) នោះ ខ្ញុំគិតថា ទីក្រុងប៉េកាំងនឹងមិនធ្វើអ្វីច្រើនទេ ប៉ុន្តែប្រសិនបើ មន្ត្រីរដ្ឋាភិបាលតៃវ៉ាន់ហៅជំងឺនោះថា (ជំងឺរលាកសួតវូហាន) ទីក្រុងប៉េកាំងអាចនឹងមានប្រតិកម្ម»។
ក្រុមអ្នកសិក្សាស្រាវជ្រាវនៅតៃវ៉ាន់និយាយថា ប្រតិកម្មនោះនឹងកាត់បន្ថយ ការសន្ទនារអំពីការមិនចុះសម្រុងគ្នារវាងរដ្ឋាភិបាលទាំងពីរ ហើយថែមទាំងបង្កើនការមិនទុកចិត្តគ្នានោះទៀត។ លោក Chao Chien-min ដែលជាព្រឹទ្ធបុរសផ្នែកវិទ្យាសាស្ត្រសង្គមនៅសាកលវិទ្យាល័យវប្បធម៌ចិននៅទីក្រុងតៃប៉ិបាននិយាយបន្តទៀតថា ប្រទេសចិនអាចនឹងបញ្ជូនយន្តហោះយោធាបន្ថែមទៀត ទៅក្បែរដែនអាកាសរបស់កោះតៃវ៉ាន់ផងដែរ។
សព្វថ្ងៃនេះ រដ្ឋាភិបាលនៅកោះតៃវ៉ាន់ បានធ្វើឲ្យមានការរំខានចិត្តដល់ក្រុងប៉េកាំងរួចទៅហើយ ដោយសារតៃវ៉ាន់បានបដិសេធមិនចរចាស្តីពីល័ក្ខណ្ឌរបស់ថ្នាក់ដឹកនាំបក្សកុម្មុយនិស្ត ដែលថា ភាគីទាំងពីរជារបស់ចិននោះ។
មន្ត្រីទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលតៃវ៉ាន់ បាននិយាយកាលពីថ្ងៃពុធ ទី១ ខែមេសានេះថា រហូតមកដល់ពេលនេះ មន្ត្រីចិនមិនទាន់បាននិយាយអ្វីចំៗចំពោះកោះតៃវ៉ាន់ ក្នុងការដែលកោះតៃវ៉ាន់ប្រើពាក្យផ្សេងក្នុងការហៅជំងឺកូវីដ១៩នោះនៅឡើយទេ។
លោក Alex Chiang សាស្ត្រាចារ្យផ្នែកនយោបាយអន្ដរជាតិនៃសាកលវិទ្យាល័យជាតិ Chengchi ក្នុងទីក្រុងតៃប៉ិ បានថ្លែងថា ទីក្រុងប៉េកាំងនឹងកាន់តែមានការអាក់អន់ចិត្តបើសិនជា ឈ្មោះទីក្រុងវូហាន នៅតែត្រូវបានគេបន្តប្រើក្នុងការហៅជំងឺកូវីដ១៩នោះ។ លោក Alex Chiang បានថ្លែងបន្តក្នុងសម្តីដើមថា៖
«បើសិនជាយើងមិនឈប់ប្រើពាក្យ «វីរុសវូហាន» ទេនោះ ខ្ញុំគិតថា ប្រជាពលរដ្ឋនៅចិនដីគោក ឬ រដ្ឋាភិបាលនៅចិនដីគោក នឹងមិនរីករាយជាមួយកោះតៃវ៉ាន់នោះទេ។ ពួកគេមើលឃើញវាថា ជាការរើសអើង ការមើលងាយប្រជាពលរដ្ឋ ឬ រដ្ឋាភិបាលចិនដីគោក»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់