នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson ដែលកាលពីសប្ដាហ៍មុនបានធ្វើតេស្តឃើញថាកើតជំងឺ COVID-19 នៅថ្ងៃចន្ទនេះ នៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ បន្ទាប់ពីគ្រូពេទ្យអនុញ្ញាតឲ្យធ្វើតេស្តបន្ថែមទៀត ក្រោយពីលោកមានអាការៈគ្រុនក្ដៅខ្លាំងជាបន្ត។
ការិយាល័យរបស់លោកបានបញ្ជាក់ថា ស្ថានការណ៍វិវត្តទាំងនេះគឺជា «ការប្រយ័ត្នប្រយែងទុកជាមុន» និងបាននិយាយថា លោកនៅតែទទួលបន្ទុកដឹកនាំកិច្ចការរដ្ឋាភិបាល។
ចក្រភពអង់គ្លេសបានលេចឡើងក្លាយជាកន្លែងមួយក្នុងចំណោមកន្លែងផ្សេងទៀតនៃការផ្ទុះរាលដាលនៃជំងឺ COVID-19 នេះ ដោយកាលពីថ្ងៃអាទិត្យម្សិលមិញ បានរាយការណ៍ថាមានករណីស្លាប់ដោយសារជំងឺនេះជាង ៦ រយនាក់។
នៅតាមប្រទេសផ្សេងទៀតនៅទ្វីបអឺរ៉ុប គេឃើញស្ថានការណ៍មានលក្ខណៈប្រសើរឡើងមួយចំនួន បន្ទាប់ពីរងផលប៉ះពាល់ដ៏មហន្តរាយអស់ជាច្រើនសប្ដាហ៍ដោយសារជំងឺ COVID-19 នេះ។
ប្រទេសអ៊ីតាលីដែលមានអ្នកស្លាប់ច្រើនជាងគេបំផុតដោយសារជំងឺ COVID-19 នេះ នៅលើពិភពលោក បានរាយការណ៍ថាមានករណីកើនឡើងតិចតួចបំផុតនៅក្នុងពេលពីរសប្ដាហ៍កន្លងមកនេះ។ ចំណែកឯប្រទេសអេស្ប៉ាញវិញ ក៏រាយការណ៍អំពីករណីកើនឡើងនៃអ្នកឆ្លង និងស្លាប់ដោយសារជំងឺនេះតិចតួចផងដែរ៕