ភាពច្របូកច្របល់យ៉ាងខ្លាំងនៅក្នុងថ្ងៃបោះឆ្នោតបឋមនៅរដ្ឋ Georgia ភាគអាគ្នេយ៍សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានគ្របដណ្តប់លើព័ត៌មាននៃការបោះឆ្នោតបឋមមួយដែលមាននឹងជ្រើសរើសបេក្ខជនសំខាន់ៗសម្រាប់ការបោះឆ្នោតជាតិនៅក្នុងខែវិច្ឆិកាខាងមុខ។
ភាពច្របូកច្របល់នេះកើតឡើងដោយកត្តារួមផ្សំនៃម៉ាស៊ីនបោះឆ្នោតថ្មីដើរដោយប្រព័ន្ធកុំព្យូទ័រដែលមិនដំណើរការ ឬមិនត្រូវបានដឹកមកការិយាល័យបោះឆ្នោតទាន់ពេលវេលា បុគ្គលិកស្ម័គ្រចិត្តដែលមិនចេះប្រើម៉ាស៊ីននេះ និងកង្វះខាតសន្លឹកឆ្នោតបណ្តោះអាសន្ន សុទ្ធតែជាកត្តាដែលបាននាំឲ្យអ្នកបោះឆ្នោតត្រូវឈរតម្រង់ជួរយ៉ាងវែងនិងជាច្រើនម៉ោងរហូតដល់យប់។ អ្នកបោះឆ្នោតជាច្រើនក៏សម្រេចចិត្តលែងបោះឆ្នោតក្រោយពីរង់ចាំយូរពេក។
វិបត្តិជំងឺរាតត្បាតជំងឺកូវីដ១៩ក៏រួមចំណែកដល់បញ្ហាកាលពីថ្ងៃអង្គារដែរ ដោយពលរដ្ឋ១,២លាននាក់ក្នុងរដ្ឋនេះសម្រេចនៅផ្ទះនិងបោះឆ្នោតតាមសំបុត្រផ្ញើតាមប្រៃសណីយ៍ ជាជាងទៅបោះនៅការិយាល័យបោះឆ្នោតដែលធ្វើឲ្យអាចឆ្លងកូវីដ១៩បាន។ ការបារម្ភនេះក៏ធ្វើឲ្យការិយាល័យបោះឆ្នោតខ្វះបុគ្គលិកស្ម័គ្រហើយអាជ្ញាធរត្រូវបង្ខំបន្ថយចំនួនការិយាល័យបោះឆ្នោត។
បញ្ហាក្នុងថ្ងៃបោះឆ្នោតបឋមនេះត្រូវបានគេរាយការណ៍នៅទូទាំងរដ្ឋ ប៉ុន្តែភាពច្របូកច្របល់បានកើតឡើងខ្លាំងជាងគេនៅស្រុក Fulton County ដែលហ៊ុំព័ទ្ធធានីរដ្ឋ Georgia គឺទីក្រុង Atlanta និងស្រុក DeKalb County ដែលស្រុកទាំងពីរមានប្រជាពលរដ្ឋភាគច្រើនជាអាមេរិកាំងដើមអាហ្រ្វិក។
ការបោះឆ្នោតបឋមកាលពីថ្ងៃអង្គារក៏បានធ្វើឡើងនៅរដ្ឋ Nevada, South Carolina, North Dakota និង West Virginia ដោយអាជ្ញាធររដ្ឋទាំងនេះក៏បានផ្ញើសន្លឹកឆ្នោតឲ្យពលរដ្ឋណាដែលចង់បោះតាមប្រៃសណីយ៍ដើម្បីជៀសវាងការឆ្លងកូវីដ១៩នៅការិយាល័យបោះឆ្នោត៕