ប៉ូលិសក្រុងហុងកុងនិយាយថា មនុស្ស៥៣នាក់បានត្រូវចាប់ខ្លួន នៅពេលដែលបាតុកររាប់ពាន់នាក់បានបំពានការហាមឃាត់របស់ប៉ូលិស ដើម្បីប្រារព្ធខួបលើកទី១នៃចលនាប្រឆាំងរដ្ឋាភិបាលរបស់ទីក្រុងហុងនោះកាលពីយប់ថ្ងៃអង្គារ។
មនុស្សបានចាប់ផ្តើមប្រមូលផ្តុំគ្នានៅតំបន់ Charter Garden កណ្តាលក្រុងកាលពីរសៀលថ្ងៃត្រង់។ បាតុករខ្លះបានកាន់បដា ដែលមានខ្លឹមសារថា «ឯករាជ្យក្រុងហុងកុង» ហើយបានស្រែកពាក្យស្លោកទាំងនេះ។
ប៉ូលិសប្រឆាំងកុប្បកម្មរាប់សិបនាក់បានរុញច្រានបាតុករនិងឆែកឆេរលើខ្លួនប្រាណរបស់ពួកគេជាច្រើននាក់។ ប៉ូលិសបានបញ្ជាឲ្យហ្វូងមនុស្សទាំងនោះចាកចេញ ដោយនិយាយថា ពួកគេបានចូលរួមការប្រមូលផ្តុំដែលគ្មានការអនុញ្ញាត ហើយចាប់ខ្លួន ប្រសិនបើពួកគេមិនចាកចេញទេ។ បុរសម្នាក់ដែលបានជេរមន្រ្តីប៉ូលិសបានត្រូវចាប់ខ្លួនភ្លាមៗខណៈដែលហ្វូងបាតុករ បានស្រែកពាក្យស្លោកប្រឆាំងនឹងប៉ូលិស។
ក្រោយមក ពួកបាតុករបានចេញមកតាមផ្លូវនានា ហើយដើរចូលគ្នាជាមួយហ្វូងមនុស្សដែលចាកចេញពីការងារនៅក្នុងសង្កាត់ពាណិជ្ជកម្ម។ មនុស្សបានបង្កើតជាជួរហើយបានចាប់ផ្តើមដើរនៅពេលដែលពួកគេបានស្រែកពាក្យស្លោក បំភ្លឺភ្លើងទូរស័ព្ទដៃ ហើយបានគ្រវីបដាដែលបដាស្ទើរតែទាំងអស់ទាមទារឯករាជ្យភាពពីចិនដីគោក។ពួកគេជាច្រើនក៏បានបើកឆ័ត្រក្នុងករណីប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។
ពួកបាតុករបានស្រែកថា៖ «ស្តារក្រុងហុងកុងឡើងវិញ។ បដិវត្តន៍នៃសករាជរបស់យើង! ឯករាជ្យភាពក្រុងហុងកុង»។
មន្រ្តីប៉ូលិសនិយាយថា មនុស្ស៥៣នាក់ដែលត្រូវបានចាប់ខ្លួនបានត្រូវចោទប្រកាន់ពីការបំពានផ្សេងៗ រួមមានការជួបប្រជុំខុសច្បាប់និងការចូលរួមការជួបប្រជុំដោយគ្មានការអនុញ្ញាត៕