លោកវេជ្ជបណ្ឌិត Anthony Fauci បានពណ៌នាជំងឺកូវីដ១៩ថាជា «សុបិន្តដ៏អាក្រក់បំផុតរបស់លោក» ដោយនិយាយថា ជំងឺនេះបានរាលដាលជុំវិញពិភពលោកយ៉ាងលឿនគួរឲ្យភ្ញាក់ផ្អើលបំផុត។
កាសែត The News York Times ដែលបានរាយការណ៍សុន្ទរកថារបស់លោកវេជ្ជបណ្ឌិត Fauci ទៅកាន់នាយកប្រតិបត្តិជីវៈបច្ចេកវិទ្យាថា លោកបានព្រមានថា ការរាតត្បាតនៃជំងឺនេះ «មិនទាន់ចប់នៅឡើយទេ» ថ្វីបើប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុបនិងសហរដ្ឋអាមេរិកកំពុងចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតក៏ដោយ។
លោក Fauci បានមានប្រសាសន៍ទៀតថា លោកមានការភ្ញាក់ផ្អើលពីការរាលដាលដ៏ឆាប់រហ័សនៃជំងឺកូវីដ១៩ បន្ទាប់ពីលេចចេញពីប្រទេសចិននៅខែធ្នូ ឆ្នាំទៅ។ ជំងឺឆ្លងភាគច្រើនអាចរាតត្បាតពីរយៈពេល៦ខែទៅមួយឆ្នាំ។
នៅថ្ងៃអង្គារម្សិលមិញដែរ អ្នកជំនាញខាងជំងឺឆ្លងម្នាក់ទៀតគឺ លោកស្រីវេជ្ជបណ្ឌិត Maria Van Kerkhove នៃអង្គការសុខភាពពិភពលោកបានស្វះស្វែងធ្វើការបញ្ជាក់អំពីអ្វីដែលលោកស្រីនិយាយថាជា «ការយល់ច្រឡំ» អំពីអត្ថាធិប្បាយកាលពីពេលមុនរបស់លោកស្រីស្តីពីការឆ្លងជំងឺដែលមិនបង្ហាញរោគសញ្ញាដែលឆ្លងពីមនុស្សដែលមានផ្ទុកវីរុសនោះ ក៏ប៉ុន្តែមិនបង្ហាញរោគសញ្ញា។
ប្រទេសប្រេស៊ីលជាថ្មីម្តងទៀតបានរាយការណ៍យ៉ាងលម្អិតពីមេរោគកូរ៉ូណានៅវេបសាយរបស់រដ្ឋាភិបាល បន្ទាប់ពីតុលាការកំពូលបានបញ្ជាឲ្យដាក់ព័ត៌មានទាំងអស់ឡើងវិញសម្រាប់សាធារណៈ។
ចៅក្រម Alexandre de Moraes បាននិយាយថា ការដកព័ត៌មានចេញពីវេបសាយធ្វើឲ្យអ្នកជំនាញសុខាភិបាលមិនអាចឃ្លាំមើលការរាតត្បាតនៃជំងឺនេះនិងធ្វើការការពារឲ្យបានត្រឹមត្រូវ។
ប្រទេសប្រេស៊ីលមានការឆ្លងមេរោគកូរ៉ូណាច្រើនទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ហើយជាប្រទេសទី៣ ដែលមានមនុស្សស្លាប់ច្រើន បន្ទាប់ពីសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស៕