ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកចុះឈ្មោះបោះឆ្នោតបង្ហាញសុទិដ្ឋិនិយមចំពោះការចុះឈ្មោះតាមប្រព័ន្ធកំព្យូទ័រថ្មី


មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​ ជួយ​ណែ​នាំ​ដល់​ពលរដ្ឋឲ្យ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ ក្នុង​ពេល​ចុះ ឈ្មោះ​បោះឆ្នោត ​ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦។​ (ហ៊ាន សុជាតា/VOA)
មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​ ជួយ​ណែ​នាំ​ដល់​ពលរដ្ឋឲ្យ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ ក្នុង​ពេល​ចុះ ឈ្មោះ​បោះឆ្នោត ​ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦។​ (ហ៊ាន សុជាតា/VOA)

ទិន្នន័យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ក្នុងឆ្នាំ២០១៦ បង្ហាញថា មានពលរដ្ឋកម្ពុជាជាង៩លាននាក់មានអាយុអាចបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ចំនួន១៦៣៣ឃុំសង្កាត់នៅទូទាំងប្រទេស។

ថ្ងៃ​ព្រហស្បតិ៍​ទី១​ ខែ​កញ្ញា​នេះ​គឺ​ជា​ថ្ងៃ​ដំបូង​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កំព្យូទ័រ​ថ្មី នៅ​កម្ពុជា។​ ប្រជា​ពលរដ្ឋ​ដែល​មក​ចុះ​ឈ្មោះ​បោះឆ្នោត មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ និង​មន្ត្រី​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ការ​ចុះឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កំព្យូទ័រ​ថ្មី​នេះ។​

អ្នក​ស្រី​អឹម សុជាតា​ វ័យ​៣៦​ឆ្នាំ ​ជា​ស្រ្តីមេផ្ទះ​មួយ​រូប ​ដែល​កំពុង​កាន់​បង្កាន់​ដៃ​បញ្ជាក់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​ដៃ។​ បន្ទាប់​ពី​បញ្ចប់​ការ​ចុះឈ្មោះ​របស់​ខ្លួន​ អ្នកស្រី​ឲ្យ​ដឹង​ថា​ ការ​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​កំព្យូទ័រ​នេះ​អាច​ធ្វើ​ឲ្យ​ដំណើរការ​បោះឆ្នោត​មាន​តម្លាភាព​ជាង​មុន​ ក៏​ប៉ុន្តែ​អ្នក​ស្រី​រំពឹង​ចង់​ឃើញ​ការ​អនុវត្ត​ច្បាប់​ដោយ​ត្រឹម​ត្រូវ​ពី​សំណាក់​មន្ត្រី​ពាក់ព័ន្ធ។​

«អារឿង​ងាយ​ស្រួល​ខ្ញុំ​មិន​គិត​ទេ​ តែ​ខ្ញុំ​គិត​ថា​ វា​ច្បាស់លាស់។​ ខ្ញុំ​គិត​ថា ​រាជ​រដ្ឋាភិបាល​ព្យាយាម​ធ្វើ​អ្វី​ដែល​មាន​តម្លាភាព។​ ហើយ​តម្លាភាព​ ឬ​មិន​តម្លាភាព​ អាស្រ័យ​លើ​ការ​ធ្វើ​របស់​ទាំង​មន្ត្រី​ទាំង​អស់​ហ្នឹង ទាំង​អ្នក​សង្កេត​ការណ៍។​ ពី​មុន​ក៏​ខ្ញុំ​ធ្លាប់​គិត​ថា​ សន្លឹក​ឆ្នោត​មួយ​សន្លឹក ​វា​អត់​មាន​សារៈសំខាន់​អី​ដែរ​ កាល​ពី​មុន។​ ប៉ុន្តែ​ដល់​ពេល​ខ្ញុំ​អាយុ​ច្រើន​ទៅ​ គិត​ច្បាស់លាស់​ទៅ​ សន្លឹក​ឆ្នោត​មួយ​សន្លឹក​មាន​ន័យ​ណាស់​ ព្រោះ​វា​ជា​វាសនា​យើង​ វាសនា​ប្រទេស​យើង»។​

ពលរដ្ឋ​កម្ពុជា​កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
ពលរដ្ឋ​កម្ពុជា​កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

លោក​ឡឹង ប៉ូលី​ វ័យ​៦៧​ឆ្នាំ​ ជា​អ្នក​រស់នៅ​ក្នុង​សង្កាត់បឹង​កេងកង៣​ រាជធានី​ភ្នំពេញ​ ពេញ​ចិត្ត​ចំពោះ​ការ​បញ្ចូល​ទិន្នន័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​ទៅ​ក្នុង​ប្រព័ន្ធ​កំព្យូទ័រ។ ​លោក​យល់​ថា​ វា​គួរ​ឲ្យ​ទុក​ចិត្ត​ និង​ចំណាយ​ពេល​តិច។

«ដំណើរ​ការ​អាច​ទទួល​យក​បាន​លឿន​ជាង​មុន​ឆ្ងាយ​ ដោយសារ​វា​បញ្ចូល​ក្នុង​ម៉ាស៊ីន​អី​ត្រឹម​ត្រូវ»។​

ទិន្នន័យ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​ក្នុង​ឆ្នាំ​២០១៦​ បង្ហាញ​ថា​ មាន​ពលរដ្ឋ​កម្ពុជា​ជាង​៩​លាន​នាក់​មាន​អាយុ​អាច​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៤ ​ចំនួន​១៦៣៣​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស។ ​រីឯ​អ្នក​បោះ​ឆ្នោត​លើក​ទី​១​ មាន​ចំនួន​ជាង​១​លាន​នាក់។ ​មក​ទល់​ពេលនេះ​ ក្រសួង​មហាផ្ទៃ​បាន​ចេញ​អត្ត​សញ្ញាណ​បណ្ណ​ថ្មី​ដល់​ពលរដ្ឋ​កម្ពុជា​បាន​ចំនួន​ជាង​៨,៦​លាន​នាក់​ហើយ។​

លោក​ខែល​ វណ្ណធី​ ជា​ប្រធាន​ការិយាល័យ​បោះឆ្នោត​សង្កាត់បឹង​កេងកង​៣​ រៀប​រាប់​ពី​ដំណើរ​ការ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ ​យ៉ាង​ដូច្នេះថា៖​

«ជា​ដំបូង​ខ្ញុំ​ពិនិត្យ​អត្តសញ្ញាណ​របស់​គាត់។ ​គ្រប់​លក្ខខណ្ឌ ​ខ្ញុំ​ឲ្យ​លេខរៀង​ទៅ​គាត់។​ ចៀសវាង​ពេល​ដល់​លេខ​រៀង​គាត់ គាត់​យក​មក​អត់​លក្ខខណ្ឌ​ គាត់​ទៅ​ផ្ទះ​វិញ។​ គាត់​បាន​លេខរៀង​ហើយ​ ខ្ញុំ​ហៅ​គាត់​ចូល។ ​គាត់​ជួប​អនុប្រធាន​ បំពេញ​ទម្រង់​១០២៩​ ហើយ​ចូល​ការី​កំព្យូទ័រ។​ គេ​ថត​អត្តសញ្ញាណ​ចូល​ម៉ាស៊ីន​ ស្កេន​មេដៃ​ ហើយ​វាយ​ទិន្នន័យ​ចូល​ក្នុង​កំព្យូទ័រ​ហើយ​ រួចរាល់​ជាទូទៅ​៧នាទី»។

បន្ទាប់​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​រយៈពេល​ប្រមាណ​៦​នាទី ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ឯ​សាលា​សង្កាត់​បឹង​កេងកង​៣​ រាជធានី​ភ្នំពេញ ​លោក​ស៊ិក ប៊ុនហុក​ ប្រធាន​គ.ជ.ប. អំពាវនាវ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ដែល​គ្រប់​អាយុ​បោះឆ្នោត​ ចូលរួម​ចុះឈ្មោះ​ទាំង​អស់​គ្នា​ ដើម្បី​បាន​បំពេញ​សិទ្ធិ​នយោបាយ ​និង​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ពេញ​ចិត្ត​សម្រាប់​បម្រើ​ប្រទេស​ជាតិ។

លោក​ ស៊ិក​ ប៊ុនហុក​ ប្រធាន​គណៈ​កម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប.) កំពុង​ចុះ​ឈ្មោះ​បោះឆ្នោត​នៅឯ​សាលា​សង្កាត់​បឹង​កេងកង៣​ រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។​ (ហ៊ាន សុជាតា/VOA)
លោក​ ស៊ិក​ ប៊ុនហុក​ ប្រធាន​គណៈ​កម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប.) កំពុង​ចុះ​ឈ្មោះ​បោះឆ្នោត​នៅឯ​សាលា​សង្កាត់​បឹង​កេងកង៣​ រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។​ (ហ៊ាន សុជាតា/VOA)

លោក​ស៊ិក ប៊ុនហុក ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​យ៉ាង​ដូច្នេះ៖​

«យើង​មក​មើល​ឃើញ​ការ​ដែល​យើង​សហការ​គ្នា​បាន​ល្អ។​ ខ្ញុំ​មាន​ជំនឿ​ថា​ គឺ​នឹង​ទទួល​បាន​ជោគជ័យ​នូវ​ការ​បោះឆ្នោត​មួយ​ ដែល​អាច​ធានា​បាន​ ចាប់​ផ្តើម​ចេញ​ពី​បញ្ជី​បោះឆ្នោត​នេះ​ឯង។ ​មាន​ទាំង​រូបផង ​ទាំង​ការ​ផ្តិតមេដៃ​យក​ទៅត្រួត​ពិនិត្យ​ជាមួយ​ទិន្នន័យ​កំព្យូទ័រ​នៅ​គ.ជ.ប. គឺ​មិន​អាច​មាន​ការ​បន្លំ​ចុះឈ្មោះ​២​អី ​អត់​មាន​ទេ»។​

យ៉ាង​ណា​ក៏​ដោយ លោក​ស៊ិក ប៊ុនហុក ​លើក​ឡើង​ថា គ.ជ.ប. មាន​សមត្ថកិច្ច​ចំពោះ​តែ​បញ្ហា​បច្ចេកទេស​ប៉ុណ្ណោះ​ មិន​ទាក់ទង​នឹង​រឿង​នយោបាយ​នោះ​ទេ។​ លោក​អះ​អាង​បន្ត​ថា​ ការ​ចរចា​ណាមួយ​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​ប្រធាន​គណបក្ស​ជំទាស់​ទាំង​២​ដែល​កំពុង​ពាក់ព័ន្ធ​នឹង​ករណី​តុលាការ​ អាច​ឲ្យ​ចុះ​ឈ្មោះ​បាន ឬ​យ៉ាង​ណា​នោះ​ មិន​ទាក់ទង​នឹង​គ.ជ.ប.​នោះ​ទេ។​

នា​ពេល​កន្លង​មក បញ្ជី​ឈ្មោះ​បោះឆ្នោត ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​គឺ​ជា​បញ្ហា​ចម្រូង​ចម្រាស​មួយ​យ៉ាង​សំខាន់​ចំពោះ​ការ​បោះឆ្នោត​អាណត្តិ​មុនៗ។ បញ្ហា​ចម្រូង​ចម្រាស​ទាំង​នោះ​សំដៅ​ដល់​ការ​រក​ឈ្មោះ​មិន​ឃើញ​ បញ្ជី​ឈ្មោះ​ប៉ោង​ ឈ្មោះ​ស្ទួន​ជាដើម​ ដែល​ជារឿយៗ​គណបក្ស​ជំទាស់​ធ្វើការ​តវ៉ា​ និង​អះអាង​ថា​ លទ្ធផល​បោះឆ្នោត​មាន​ភាព​មិន​ប្រក្រតី​ច្រើន។

លោក​សំ​ គន្ធាមី​ នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​ថា​ និកហ្វិក​ បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​បរិយាកាស​ទូទៅ​នៃ​ការ​ចុះឈ្មោះ​បោះឆ្នោតថ្មី​នេះ។

«ដំណើរ​ការ​នីតិវិធី​ ដូច​មិន​សូវ​មាន​បញ្ហា​អីទេ។​ វា​រលូន​ដែរ។​ បរិយាកាស​ក៏​ល្អដែរ។​ មិន​ទាន់ឃើញ​ភាព​មិន​មិន​ប្រក្រតី​នៅ​ឡើយ​ទេ។ ​ដំណើរ​ការ​ថ្ងៃ​ដំបូង​នេះ​ល្អ។ ​យើង​សង្ឃឹម​ថា​ ប្រជា​ពលរដ្ឋ​នឹង​បន្ត​មក​ថ្ងៃ​បន្ទាប់ៗ​ទៀត​ឲ្យ​បាន​ច្រើន ជា​ពិសេស​យើង​ចាំ​មើល​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ ​ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​ ដែល​មន្ត្រី​រាជការ ឬ​អ្នក​ធ្វើការ​អី​អាច​មាន​លទ្ធភាព​ចុះឈ្មោះ​បោះឆ្នោត​ច្រើន​បាន ​ឬ​អត់»។​

ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (ហ៊ាន ​សុជាតា​/VOA)
ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (ហ៊ាន ​សុជាតា​/VOA)

បើ​តាម​ការ​សង្កេត​របស់​លោក​សំ គន្ធាមី ​ប្រជា​ពលរដ្ឋ​តាម​ការិយាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ​បាន​មក​ចុះឈ្មោះ​បោះឆ្នោត​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។ ​ដោយ​ឡែក​ ការិយាល័យ​នៅ​តាម​បណ្តា​ខេត្ត ចំនួន​ពលរដ្ឋ​មក​ចុះ​ឈ្មោះ​មិនទាន់​មមារ​ញឹក​ដូច​នៅ​រាជធានី​នោះ​ទេ។

ប្រទេស​កម្ពុជា​នឹង​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ខែ​មិថុនា​ឆ្នាំ​២០១៧​ខាង​មុខ​ និង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨។​ ហើយ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​អ្នក​បោះឆ្នោត​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី១​ ខែ​កញ្ញា​នេះ​រហូត​ដល់​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ខាង​មុខ៕

XS
SM
MD
LG