នៅសល់ពេលតែ២សប្តាហ៍ទៀតប៉ុណ្ណោះ ការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកំព្យូទ័រនឹងឈានចូលមកដល់ នាដើមខែកញ្ញាខាងមុខនេះ។
ពលរដ្ឋកម្ពុជា រួមមានប្រជាជនចំណាកស្រុក អ្នកប្រកបរបរក្នុងក្រុងភ្នំពេញ និងនិស្សិត ដែល VOA បានជួបសម្ភាស បានបញ្ជាក់អំពីឆន្ទៈទៅចុះឈ្មោះបោះឆ្នោត ក៏ប៉ុន្តែការទទួលបានព័ត៌មាននៅមិនទាន់គ្រប់គ្រាន់ ហើយអ្នកខ្លះនៅមានលទ្ធភាពតិចតួចនៅឡើយ។
លោករ៉ាយ សារ៉ន វ័យ៥០ឆ្នាំ ជាពលរដ្ឋចំណាកស្រុកមួយរូបក្នុងប្រទេសថៃ។អ្នកស្រុកសេរីសោភ័ណ ខេត្តបន្ទាយមានជ័យរូបនេះ មិនទាន់ទទួលបានព័ត៌មានទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតថ្មី នីតិវិធីក្នុងការចុះឈ្មោះបោះឆ្នោត ឬថា តើឯកសារណាដែលត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតនៅឡើយនោះទេ។
«រឿងគម្រោងបោះឆ្នោតនេះមិនចង់ខានទេ។ ប្រហែលជាទៅ។ បើថា រយៈពេលនៅ១ខែជាង សុំច្បាប់គេទៅចុះឈ្មោះបោះឆ្នោត។ រឿងបោះឆ្នោតនេះសំខាន់ណាស់សម្រាប់ខ្មែរយើង។ បោះឆ្នោតប្រជាធិបតេយ្យ បើយើងមិនបានបោះឆ្នោតទេ ដូចយើងមិនមែនពលរដ្ឋខ្មែរ។ ម្ល៉ោះហើយ យើងត្រូវបោះឆ្នោត។ ទោះបីអ្នកណាឡើងជានាយករដ្ឋមន្ត្រីក៏ដោយ តែយើងប្រជាពលរដ្ឋក៏ត្រូវតែជួយជាតិមាតុភូមិ បោះឆ្នោតអាក់ខានមិនបាន»។
លោកតក់ ផាត់យុទ្ធ វ័យ២៣ឆ្នាំ មានស្រុកកំណើតក្នុងខេត្តតាកែវ ហើយបច្ចុប្បន្នលោកស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ។ ដូចគ្នាដែរ លោកក៏មិនទាន់បានដឹងពីការចុះឈ្មោះបោះឆ្នោតថ្មីនេះដែរ ហើយលោកបារម្ភថា លោកមិនមានពេលគ្រប់គ្រាន់ដើម្បីត្រឡប់មកកម្ពុជាដើម្បីចុះឈ្មោះបោះឆ្នោតនោះទេ។
«សំខាន់ខ្លាំង ព្រោះ ប្រទេសយើងតម្រូវឲ្យមានអញ្ចឹង។ វាសំខាន់សម្រាប់យើងពេលបោះឆ្នោត។ ប្រជាជនត្រូវបោះឆ្នោតទាំងអស់គ្នា។ តែវាមិនសូវមានពេល។ ការចំណាយច្រើន ទៅមក ឆ្ងាយ ខាតពេលធ្វើការងារ។ បើថា គេឲ្យចុះឈ្មោះនៅប្រទេសថៃ ប្រហែលមានច្រើនជាងការចុះនៅប្រទេសខ្មែរផ្ទាល់ ព្រោះវាស្រួល ជិត មិនពិបាកទៅមក»។
យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងពិធីប្រកាសជាផ្លូវការអំពីការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកំព្យូទ័រ នារសៀលថ្ងៃព្រហស្បតិ៍នេះ លោកស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លើកឡើងថា គ.ជ.ប.នឹងធ្វើការផ្សព្វផ្សាយព័ត៌មានអំពីការបោះឆ្នោតនេះឲ្យបានទូលំទូលាយ ដើម្បីឲ្យពលរដ្ឋកម្ពុជានៅគ្រប់ប្រទេសអាចបានដឹងឮ។
«ហើយយើងដឹងថា រឿងធំណាស់ ប្រជាពលរដ្ឋគេត្រូវតែដឹងអំពីការចុះឈ្មោះបោះឆ្នោតគ្រប់គ្នា ដើម្បីគេលៃពេលមកចូលរួម។ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតទើបគេបោះឆ្នោតកើត។ ហើយព័ត៌មានដែលគាត់មិនទាន់បានដឹង ពីព្រោះការងារនេះ យើងកំពុងដំណើរការរៀបចំនូវការផ្សព្វផ្សាយ»។
ទិន្នន័យរបស់ គ.ជ.ប.ក្នុងឆ្នាំ២០១៦ បង្ហាញថា ពលរដ្ឋកម្ពុជាជាង៩លាននាក់មានអាយុអាចបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ចំនួន១៦៣៣ឃុំសង្កាត់នៅទូទាំងប្រទេស។ រីឯអ្នកបោះឆ្នោតលើកទី១មានចំនួនជាង១លាននាក់។
កញ្ញាខាន់ សៀកអេង វ័យ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ នេះលើកទី១ហើយ ដែលយុវតីរូបនេះអាចមានសិទ្ធិបោះឆ្នោត។
«ចំពោះ ការបោះឆ្នោតហ្នឹង អាចយកអត្តសញ្ញាបណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើតយើងហ្នឹង។ ចំពោះការបោះឆ្នោតនេះគឺវាមានសារៈសំខាន់ណាស់។ វាគឺជាកាតព្វកិច្ចរបស់ពលរដ្ឋ ដែលត្រូវជ្រើសរើសមនុស្សម្នាក់ដែលមកគ្រប់គ្រងភូមិឃុំ ឬក៏ប្រទេសជាតិទាំងមូល ដើម្បីឲ្យប្រទេសមានស្ថិរភាព និងសន្តិសុខ»។
អ្នករត់ម៉ូតូឌុបមួយរូបមកពីឃុំកោះឧកញ៉ាតី ខេត្តកណ្តាលគឺលោកគឹម ប៊ុនធាន វ័យ៤៧ឆ្នាំ បានឲ្យដឹងថា លោកនឹងយកអត្តសញ្ញាណបណ្ណថ្មីរបស់លោកទៅចុះឈ្មោះបោះឆ្នោតនាខែក្រោយនេះ។
«ខ្ញុំនឹងទៅបោះឆ្នោត ឲ្យប្រជាពលរដ្ឋទាំងអស់ទៅចុះឈ្មោះបោះឆ្នោតកុំឲ្យខាត។ ជាសារៈសំខាន់ចំពោះប្រជាពលរដ្ឋ ដើម្បីដឹកនាំទៅរកផ្លូវល្អ ដើម្បីកសាងផ្លូវថ្នល់ កសាងសាលារៀន កសាងជីវភាពគ្រួសាររបស់ពលរដ្ឋ»។
លោកឡាត់ ឃី វ័យ៤៥ឆ្នាំ ជាអ្នករត់រឺម៉កកង់៣ក្នុងក្រុងភ្នំពេញ បានអះអាងថា លោកនឹងទៅចុះឈ្មោះបោះឆ្នោតនាពេលខាងមុខនេះ ដើម្បីអាចបានបោះឆ្នោតឃុំ សង្កាត់នៅដើមឆ្នាំ២០១៧ និងបោះឆ្នោតសកលឆ្នាំ២០១៨។ លោកបន្ថែមថា ការចុះឈ្មោះបោះឆ្នោតគឺជាការអនុវត្តសិទ្ធិពលរដ្ឋឲ្យបានពេញលេញក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។
លោកឡាត់ ឃី បានឲ្យដឹងថា នៅក្នុងភូមិឃុំរបស់លោកមានភាពរកាំរកូសខ្លះទាក់ទងនឹងឯកសារប្រើប្រាស់សម្រាប់ការចុះឈ្មោះបោះឆ្នោត។
«យើងត្រូវបោះឆ្នោត។ ឃើញអ្នកណាល្អ យើងបោះឲ្យអ្នកហ្នឹង។ ប៉ុន្តែយើងត្រូវមានអត្តសញ្ញាណបណ្ណ ។ ឧបមាថា យើងបាត់ យើងត្រូវទៅភូមិឃុំបញ្ជាក់ថា យើងជាពលរដ្ឋអាចចុះឈ្មោះបោះឆ្នោតបាន។ បើយើងមិនទៅបោះឆ្នោត មានន័យថា យើងមិនមែនពលរដ្ឋទេ។ ពេលខ្លះក៏ពិបាកដែរ។ ឮគេថា ពេលទៅអញ្ចឹងខុសនេះ ខុសនោះ ធ្វើឲ្យអ្នកចង់ចុះឈ្មោះបោះឆ្នោតហ្នឹងអត់មានពេលវេលាទេ។ ទៅអត់ៗអញ្ចឹង ខាតពេលវេលារកស៊ី ធ្វើការ។ អញ្ចឹងសូមឲ្យអាជ្ញាធរជួយធ្វើម៉េចឲ្យពលរដ្ឋងាយស្រួល»។
ថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលមួយកាលពីសប្តាហ៍មុន លោកកែវ ផល្លា ជាប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្មនៃគ.ជ.ប. បានលើកឡើងថា ក្នុងករណីមានមន្ត្រីមូលដ្ឋានណាមាននិន្នាការនយោបាយ ហើយបដិសេធមិនព្រមបញ្ជាក់ទីលំនៅ ឬបញ្ជាក់អត្តសញ្ញាណ ដែលជាឯកសារសំខាន់សម្រាប់ចុះឈ្មោះបោះឆ្នោត នោះអាជ្ញាធរមូលដ្ឋាននឹងត្រូវរងការចោទពីបទ«រារាំងមិនឲ្យពលរដ្ឋចុះឈ្មោះបោះឆ្នោត» ហើយនឹងប្រឈមការផាកពិន័យជាប្រាក់ចំនួន៥លានរៀល។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាខែមិថុនាឆ្នាំ២០១៧ខាងមុខ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨។ ហើយដំណើរការចុះឈ្មោះបោះឆ្នោតសម្រាប់អ្នកបោះឆ្នោតនឹងចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញាដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ៕
សេចក្តីរាយការណ៍បន្ថែមពីប្រទេសថៃដោយ អូន ឆេងប៉រ