ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងមហាផ្ទៃបង្ហាញពីផែនការការពារសន្តិសុខក្នុងអំឡុងការចុះឈ្មោះនិងការបោះឆ្នោតខាងមុខ


លោក​ នេត សាវឿន អគ្គ​ស្នងការ​នគរបាលជាតិ​​ថ្លែង​នៅក្នុង​កិច្ច​ប្រជុំផ្សព្វផ្សាយ​អន្តរស្ថាប័ន ស្តីពីកិច្ចការពារការចុះឈ្មោះ នៅ​ថ្ងៃ​ព្រហស្បតិ​ ទី​២៥​ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី ភ្នំពេញ។ ​(ឡេង ឡែន/VOA)
លោក​ នេត សាវឿន អគ្គ​ស្នងការ​នគរបាលជាតិ​​ថ្លែង​នៅក្នុង​កិច្ច​ប្រជុំផ្សព្វផ្សាយ​អន្តរស្ថាប័ន ស្តីពីកិច្ចការពារការចុះឈ្មោះ នៅ​ថ្ងៃ​ព្រហស្បតិ​ ទី​២៥​ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី ភ្នំពេញ។ ​(ឡេង ឡែន/VOA)

អគ្គ​ស្នងការ​នគរបាល​ជាតិ​​​នឹង​ដាក់​ពង្រាយ​កង​កម្លាំង​​រាប់ពាន់​នាក់​នៅ​តាម​​កន្លែង​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​ការិយាល័យ​ដើម្បី​ការពារ​សន្តិសុខ ​បង្ការ​បទ​ល្មើស​សម្រាប់​ដំណើរការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ។

អគ្គ​ស្នងការ​នគរ​បាល​ជាតិ​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ការពារ​សន្តិសុខពេល​បោះឆ្នោត​ខាង​មុខ​ ដើម្បីបង្ការ​ ទប់ស្កាត់ និង​បង្រ្កាប​សកម្មភាព​បំពាន​ច្បាប់​ផ្សេងៗ​ ដែល​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ និង​ប៉ះពាល់​ដល់​បរិយាកាស​នយោបាយ​និង​សន្តិសុខ​ជាតិ។

អគ្គ​ស្នងការ​នគរបាល​ជាតិ​នឹង​ដាក់​ពង្រាយ​កង​កម្លាំងរាប់ពាន់​នាក់​នៅ​តាមកន្លែង​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​ការិយាល័យ​ដើម្បី​ការពារ​សន្តិសុខ ​បង្ការ​បទ​ល្មើស​សម្រាប់​ដំណើរការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួង​មហាផ្ទៃ​និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​អន្តរ​ស្ថាប័ន​ស្តី​ពី​កិច្ច​ការពារ​ការ​ចុះ​ឈ្មោះ និង​ការ​បោះឆ្នោត ឆ្នាំ​២០១៦​ ដល់​២០១៩។

តំណាង​គណបក្ស​នយោបាយ​នៅ​ក្នុង​ការប្រជុំ​ផ្សព្វផ្សាយអន្តរស្ថាប័នស្តីពី កិច្ចការពារ ការចុះឈ្មោះ នៅ​ថ្ងៃ​ព្រហស្បតិ​ ទី​២៥​ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី ភ្នំពេញ។ ​(ឡេង ឡែន/VOA)
តំណាង​គណបក្ស​នយោបាយ​នៅ​ក្នុង​ការប្រជុំ​ផ្សព្វផ្សាយអន្តរស្ថាប័នស្តីពី កិច្ចការពារ ការចុះឈ្មោះ នៅ​ថ្ងៃ​ព្រហស្បតិ​ ទី​២៥​ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី ភ្នំពេញ។ ​(ឡេង ឡែន/VOA)

យោង​តាម​សេចក្តី​សម្រេច​កាល​ពី​ថ្ងៃ​ទី១៧ ខែ​សីហា ឆ្នាំ២០១៦ ដែល​ចុះ​ហត្ថលេខា​ដោយ​នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ បញ្ជាក់​ថា​ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ចាត់​តាំង​ក្រុម​ការងារ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត រហូត​ដល់​ពេល​បោះឆ្នោត ទាំង​ថ្នាក់​ឃុំ-សង្កាត់ និង​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨។ ក្រុម​ការងារ​នោះមាន​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ​ ជា​ប្រធាន និង​មាន​អនុ​ប្រធាន​៤​រូប​ ក្នុង​នោះ​ក៏​មាន​ឧត្តមសេនីយ៍​ឯក ឌី វិជ្ជា ដែល​ត្រូវ​ជា​កូន​ប្រសារ របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ផង​ដែរ។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ អគ្គ​ស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ នេត សាវឿន ​ថ្លែង​ថា ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​បង្កើន​ប្រសិទ្ធភាព​ការ​បង្ការ​ទប់​ស្កាត់ និង​បង្រ្កាប​បទល្មើស​ព្រហ្មទណ្ឌ​ ឬ​សកម្មភាព​បំពាន​ច្បាប់​ផ្សេងៗ​ទៀត​ ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ និង​ប៉ះពាល់​ដល់​បរិយាកាស​នយោបាយ និង​សន្តិសុខ​ជាតិ​ទាំងមូល។

លោក​មាន​ប្រសាសន៍​ថា៖

«សំដៅ​ធានា​បាន​នូវ​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សម្រាប់​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០១៦ ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រចាំ​ឆ្នាំ ឬ​ក្នុង​សម័យ​បោះ​ឆ្នោត​តាម​អាណត្តិ ឬ​នីតិកាល​នីមួយៗ ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​គ្មាន​ការ​ភ័យ​ខ្លាច ការ​បំភិត​បំភ័យ ការ​គំរាមកំហែង និង​គ្មាន​អំពើ​ហិង្សា»។

លោក នេត សារឿន បន្ថែម​ថា ការ​រៀបចំ​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត ត្រូវ​អនុលោម​តាម​ដំណាក់កាល​នីមួយៗ​រួម​មាន ដំណាក់​កាល​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ការ​ឃោសនា​បោះឆ្នោត អំឡុង​ពេល​បោះឆ្នោត និង​ការ​រាប់​សន្លឹកឆ្នោត ដែល​ចំនួន​កម្លាំង​ការពារ យោង​តាម​ប្រភេទ​នៃ​ការ​បោះឆ្នោត​ជា​សកល ឬ​អសកល ក្នុង​នោះ​មាន​ចាប់ពី​៥.០០០​នាក់​ឡើង។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ការ​ដាក់​កង​កម្លាំង​សន្តិសុខក្នុងអំឡុង​ពេល​ចុះ​ឈ្មោះ និង​ការ​បោះ​ឆ្នោត​អាច​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច។ លោក​ថា គណបក្ស​ប្រឆាំង​នឹង​ចាំ​មើល​ចំណាត់ការ​របស់​កម្លាំង​សន្តិសុខ​ទាំង​នោះ ហើយ​លោក​ថា នឹង​ស្នើ​ឲ្យ​មាន​ដំណោះស្រាយ​ប្រសិន​រក​ឃើញ​ថា​ ការ​ដាក់​កម្លាំង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​ប្រជា​ពលរដ្ឋ។

លោក​បន្ថែម​ថា៖

«បើ​ជា​រក្សា​រូបភាព​ឲ្យ​បាន​ល្អ​ឲ្យ​សក្ដិសម​ប្រទេស​កម្ពុជា​ហ្នឹង​មាន​សន្តិភាព មិន​មានអ្វីកើត​ឡើង មាន​ភាព​ស្ងប់ស្ងាត់​មាន​អី​អញ្ចឹង គឺ​ថា ​យើង​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ហ្នឹង​មុនៗ​ហ្នឹង​ដំណើរការ​ទៅ​ដូច​មិន​មាន​បញ្ហា​អី​ផង ចាំ​បាច់​ដាក់​កង​កម្លាំង​ប្រដាប់​អាវុធ​អី​ផង»។

លោក​ ស៊ិក ប៊ុនហ៊ុក ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​នៅក្នុង​ពិធីប្រជុំផ្សព្វផ្សាយអន្តរស្ថាប័នស្តីពីកិច្ចការពារការចុះឈ្មោះ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃព្រហស្បតិ ទី​២៥ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)
លោក​ ស៊ិក ប៊ុនហ៊ុក ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​នៅក្នុង​ពិធីប្រជុំផ្សព្វផ្សាយអន្តរស្ថាប័នស្តីពីកិច្ចការពារការចុះឈ្មោះ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃព្រហស្បតិ ទី​២៥ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ស៊ិក ប៊ុនហុក មាន​ប្រសាសន៍​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ដើម្បី​រក្សាឲ្យ​បាន​នូវ​ស្ថិរភាព​នយោបាយ​ ទាំង​មុន​បោះឆ្នោត ពេល​បោះឆ្នោត និង​ក្រោយ​បោះឆ្នោត។ លោក​បន្ថែម​ថា គ.ជ.ប នឹង​ផ្សព្វផ្សាយ​ពី​ការ​រៀបចំ​កម្លាំង​ការពារ​សន្តិសុខ​នេះ​ដើម្បី​បន្ត​សហការ​អនុវត្ត​ឲ្យ​បាន​ល្អ ជៀសវាង​មាន​បញ្ហា​កើត​ឡើង​ដូច​អាណត្តិ​មុន។

លោក​បញ្ជាក់​ថា៖

«ភាព​មិន​ប្រក្រតី​កើត​ឡើង​រហូត​ដល់​មាន​បាតុកម្ម​ មាន​តវ៉ា​ត​អី​ច្រើន​ណាស់ ហើយ​បំណង​របស់​អ៊ុំ​គឺ​បញ្ចៀស​ឲ្យ​បាន​ អា​រឿង​ហ្នឹង​គឺ​សម្រាប់​ស្រុក​យើង​តែ​ម្តង គ្រប់​ការ​បោះឆ្នោត​តែង​មាន​ភាព​អសកម្ម​កើត​ឡើង គ្រប់​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ធំៗ ចុះ​បើ​លើក​នេះ​យើង​ធ្វើ​បាន​ លែង​មាន​អា​ហ្នឹង តើ​ស្រុក​យើង​នឹង​មាន​សន្ទុះ​ប៉ុណ្ណា?»។

លោក យឿង សុធារ៉ា មន្រ្តី​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ហៅ​កាត់​ថា​ ខុមហ្រ្វែល យល់​ថា ការ​ពង្រាយ​កង​កម្លាំង​មួយ​ចំនួន​តូច​នៅ​ខាង​ក្រៅ​ការិយាល័យ​បោះ​ឆ្នោត​ដូច​ការ​បោះ​ឆ្នោត​អាណត្តិ​មុនៗ នោះ​គឺ​ជា​រឿង​ធម្មតា។ ប៉ុន្តែ​លោក​ថា ប្រសិន​ជា​ការ​ពង្រាយ​កង​កម្លាំង​ច្រើន​នៅ​មុន​ពេល​និង​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត​ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សតិ​អារម្មណ៍​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត។

លោក​ យឿង សុធារ៉ា បន្ថែម​ថា៖

«ជា​រូបភាព​មួយ​ដែល​អាក្រក់ រូបភាព​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ហ្នឹង​មាន​ការ​ភិតភ័យ​ខ្លាច មិន​ហ៊ាន​មក​បោះ​ឆ្នោត ឬក៏​មិន​ហ៊ាន​មិន​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដោយ​គិត​ថា​ បើ​សិន​ជាបោះឆ្នោត​ទៅ​វា​អាចនឹង​ អាច​មាន​រឿង​អី​មួយ ចឹង​អាច​ជា​ការ​គំរាមកំហែង​ដល់​គាត់ គាត់​ភិត​ភ័យ​គាត់​មិន​មក​ អា​ហ្នឹង​វា​ជា​បញ្ហា បើ​សិន​មាន​ភាព​មិន​ប្រក្រតី​ដូច​ខ្ញុំ​លើកឡើង​ហ្នឹង»។

ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៩០​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ២០១៦។ ចំណែក​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៤​ ខែ​មិថុនា ឆ្នាំ​២០១៧។ ដោយ​ឡែក​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​គ្រោង​ធ្វើ​នៅ​ខែ​កក្កដា ឆ្នាំ២០១៨៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG