មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប.និយាយថា ការចុះឈ្មោះបោះឆ្នោតនៅអាទិត្យទីមួយនេះមានដំណើរការល្អជាប្រក្រតី បើទោះជាមានចំណុចអសកម្មខ្លះនៅថ្ងៃដំបូងក៏ដោយ។ តែទោះជាយ៉ាងណា ប្រជាពលរដ្ឋអ្នកដែលទៅចុះឈ្មោះបោះឆ្នោត និយាយថា ដំណើរការនៃការចុះឈ្មោះបោះឆ្នោតមានលក្ខណៈយឺតយ៉ាវនៅឡើយ។
ក្នុងរយៈពេលមួយសប្ដាហ៍ដំបូងនៃការចុះឈ្មោះបោះឆ្នោតនេះ ប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតមានចំនួនជាង៨០ម៉ឺននាក់ មានលទ្ធផលល្អដូចការគ្រោងទុក តែមានភាពអសកម្មមួយចំនួននៅថ្ងៃដំបូង។ នេះបើយោងទៅតាមមន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ថាគ.ជ.ប.។ មន្រ្តីគ.ជ.ប.បានឲ្យដឹងថា ការចុះឈ្មោះមានភាពរលូន តែទោះជាយ៉ាងណាក្ដី ប្រជាពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោត និងអ្នកសម្របសម្រួលការចុះឈ្មោះបោះឆ្នោតបានប្រាប់ VOA ថា ពួកគេមិនពេញចិត្តនឹងដំណើរការនៃការចុះឈ្មោះនៅឡើយទេ ដោយសារបញ្ហាបច្ចេកទេស។
នាងស៊ិន ចាន់ពៅរ៉ូហ្សេត ចៅសង្កាត់រងនៅសង្កាត់អូរចា ខេត្តបាត់ដំបង និងជាអ្នកសម្របសម្រួលក្នុងការចុះឈ្មោះបោះឆ្នោត បានប្រាប់ VOA នៅរសៀលថ្ងៃអង្គារនេះថា នីតិវិធីនៃការចុះឈ្មោះបោះឆ្នោតមានការយឺតយ៉ាវ ដោយសារមិនមានកុំព្យូទ័រហើយមន្រ្តីរៀបចំនៃការចុះឈ្មោះបោះឆ្នោតមិនទាន់មានការយល់ដឹងគ្រប់គ្រាន់ក្នុងដំណើរការចុះឈ្មោះ។
«អូហ៍! ភាពមិនប្រក្រតីមាន នៅពេលចុះឈ្មោះបោះឆ្នោត ដោយសារខុសបច្ចេកទេស។ ម៉ាស៊ីនកុំព្យូរទ័រខូច អត់ដំណើរការ។ វាយឈ្មោះខុស ហើយមានភាពរញ៉េរញ៉ៃ អត់សណ្ដាប់ធ្នាប់ ពេលកំពុងដំណើរការចុះឈ្មោះបោះឆ្នោតហ្នឹង ដោយសារមុនដំបូងហ្នឹង អត់មានការរៀបចំត្រឹមត្រូវ»។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប.មានប្រសាសន៍ថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតប្រមាណជិតមួយសប្ដាហ៍នេះមានសន្ទុះល្អដូចការគ្រោងទុក តែលោកបន្ថែមថា វាមានចំណុចអសកម្មមួយចំនួននៅថ្ងៃដំបូង។
«បាទ សម្រាប់ម្សិលមិញ និងថ្ងៃនេះ គ.ជ.ប.ទទួលបានចំនួនអ្នកចុះឈ្មោះជាង៨៣ម៉ឺននាក់។ តួលេខនេះជាតួលេខមួយល្អដែរ។ បើយើងគុណ គណនាចំនួនថ្ងៃ និងចំនួនការិយាល័យចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស ឃើញថា ការប៉ាន់ស្មានជិតដប់ម៉ឺននាក់ដែលនឹងត្រូវចុះឈ្មោះ គ.ជ.ប.អាចធ្វើការបានត្រឹមត្រូវ។ ទន្ទឹមនឹងនោះក៏ឃើញមានចំណុចអសកម្មខ្លះដែរ។ ប៉ុន្តែចំណុចអសកម្មនោះមួយថ្ងៃដំបូងឃើញថា ច្រើន តែត្រូវបានដោះស្រាយនៅថ្ងៃបន្តបន្ទាប់។ អញ្ចឹងការរំពឹងរបស់គ.ជ.ប.នឹងទទួលបានការពេញចិត្តពីបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភាគីពាក់ព័ន្ធ»។
ដោយឡែក លោកឆាយ វណ្ណៈ អាយុ៤៤ឆ្នាំ ដែលជាប្រជាពលរដ្ឋនៅសង្កាត់អូរចាខេត្តបាត់ដំបង បានប្រាប់ VOA ថា ដំណើរការចុះឈ្មោះឆ្នោតនៅមានការយឺតយ៉ាវដោយសារខ្វះឧបករណ៍ចុះឈ្មោះ ខណៈពេលដែលមានចំនួនអ្នករង់ចាំចុះឈ្មោះច្រើន។
«បាទ ចុះឈ្មោះរួចហើយ។ មានការយឺតយ៉ាវណាស់ ឲ្យប្រជាពលរដ្ឋរង់ចាំច្រើន យូរណាស់។ ខ្ញុំរង់ចាំតាំងពីម៉ោងមួយកន្លះ ចាំរហូតដល់ម៉ោងប្រាំទើបបានចុះ ជិតចប់ទើបបាន។ ចាំយូរ។ កុំព្យួទ័រតែពីរវាយអត់ទាន់។ ប្រជាពលរដ្ឋអង្គុយចាំ។ ខ្លះគេរអ៊ូរ។ គេចាំច្រើនណាស់»។
តែទោះជាយ៉ាងណាក្ដី លោកហង្ស ពុទ្ធាមានប្រសាសន៍ថា ប្រជាពលរដ្ឋនឹងមានពេលគ្រប់គ្រាន់ក្នុងការចុះឈ្មោះបោះឆ្នោត។
«ការប៉ាន់ប្រមាណ អ្នកដែលមានអាយុលើសពី១៨ឆ្នាំឡើងទៅមានចំនួន៩លាន៦សែននាក់។ តែការចុះឈ្មោះជាក់ស្ដែង ជាការណ៍ពិត វាមិនអាចលើសពីនេះទេ។វាមានតែក្រោមនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ លោកមានពេលគ្រប់គ្រាន់។ ប្រជាពលរដ្ឋលោកមានសិទ្ធិក្នុងការសម្រេចគ្រប់គ្រាន់ដើម្បីបានចុះឈ្មោះបោះឆ្នោត»។
យ៉ាងណាមិញ នាងស៊ិន ចាន់ពៅរ៉ូហ្សេត ចៅសង្កាត់រងនៅសង្កាត់អូរចា ខេត្តបាត់ដំបង និងជាអ្នកសម្របសម្រួលក្នុងការចុះឈ្មោះបោះឆ្នោត បានប្រាប់ VOA នៅរសៀលថ្ងៃអង្គារនេះថា ការផ្សព្វផ្សាយអំពីការចុះឈ្មោះបោះឆ្នោតមិនទាន់បានជ្រួតជ្រាបខ្លាំងដល់ប្រជាពលរដ្ឋនៅឡើយទេ។
«សម្រាប់អ្វីដែលគ.ជ.ប.ផ្សព្វផ្សាយ មានតាមរយៈទូរទស្សន៍ តាមរយៈភូមិឃុំ សង្កាត់ហ្នឹង គ្រាន់តែជាការនិយាយ ការដឹងរបស់គាត់។ តែសម្រាប់មន្រ្តីមូលដ្ឋានដែលខ្ញុំបានចុះទៅតាមភូមិនិមួយៗ ហើយខ្ញុំបានសិក្សាមើល ខ្ញុំបានទទួលពីគាត់មកវិញ ពួកគាត់សុទ្ធតែនិយាយថា គាត់មិនទទួលបានព័ត៌មានជាក់លាក់ណាមួយស្ដីពីការចុះឈ្មោះបោះឆ្នោតទេ។ ដូច្នេះដើម្បីឲ្យមានការចុះឈ្មោះបោះឆ្នោតមានប្រជាពលរដ្ឋទៅឲ្យបានច្រើន ឲ្យបានគ្រប់ក្នុងរយៈពេល៨៨ថ្ងៃនេះហ្នឹង លុះត្រាតែគ.ជ.ប.គាត់បន្ថែមថ្ងៃនៃការចុះឈ្មោះទីមួយ។ មួយទៀតគាត់ត្រូវផ្សព្វផ្សាយស្ដីពីការចុះឈ្មោះបោះឆ្នោតនៅតាមមេក្រូតាមភូមិ ឃុំបន្តទៀត។ បីថ្ងៃបានតែបីថ្ងៃហ្នឹងឯង។ ចា៎ អត់មានផង បានតែបីថ្ងៃហ្នឹង ដែលទម្លាក់ឲ្យឃុំ សង្កាត់ធ្វើការផ្សព្វផ្សាយតាមមេក្រូ»។
លោកហង្ស ពុទ្ធាមានប្រសាសន៍ប្រាប់ VOA ថា មានព័ត៌មានមិនប្រក្រតីមួយចំនួន តែលោកក៏មិនទាន់បានទទួលពាក្យបណ្ដឹងនៅឡើយទេ។ លោកបន្តថា គ.ជ.ប.នឹងបន្តផ្សព្វផ្សាយអំពីការចុះឈ្មោះបោះឆ្នោតបន្ថែមទៀត។
«មានព័ត៌មានមួយចំនួន ប៉ុន្តែទីមួយ វាមិនបានផ្អាកដំណើរការចុះឈ្មោះនោះទេ។ ទីពីរ គ.ជ.ប.មិនទាន់ទទួលបានបណ្ដឹងអីទេ។ ទីបីគ.ជ.ប.បានផ្តោតទៅលើការងារអប់រំ ព្រោះកន្លងមកប្រជាពលរដ្ឋខ្លះមិនយល់។ ឧទាហរណ៍ ប្រជាពលរដ្ឋខ្លះគាត់យកអត្តសញ្ញាណប័ណ្ណសម័យរដ្ឋកម្ពុជាមកចុះឈ្មោះបោះឆ្នោត។ អញ្ចឹងវាជាចំណុចអសកម្ម ប៉ុន្តែដូចនិយាយអញ្ចឹង វាមិនបានធ្វើឲ្យផ្អាកដំណើរការចុះឈ្មោះនោះទេ»។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការ Comfrel (ខុមហ្រែ្វល) ដែលឃ្លាំមើលការបោះឆ្នោត បានឲ្យដឹងថា មកទល់ពេលនេះ លោកមិនទាន់ឃើញមានភាពមិនប្រក្រតីធ្ងន់ធ្ងរនៅកន្លែងចុះឈ្មោះបោះឆ្នោតទេ។ តែលោកបង្ហាញក្ដីបារម្ភអំពីចំនួនប្រជាពលរដ្ឋខ្មែរដែលចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ហើយមិនមានពេលគ្រប់គ្រាន់ក្នុងការចុះឈ្មោះ។
«រឿងដែលធំគឺរឿងចំណាកស្រុកហ្នឹងឯង។ យើងចង់ឲ្យអ្នកដែលនៅថៃនៅអីនោះ ឲ្យគ្នាបានត្រឡប់មកចុះឈ្មោះឲ្យបានពេញលេញ ព្រោះឥឡូវវាបញ្ហាត្រង់ថា បើសិនជាពេលវេលាគេមកភ្ជុំហ្នឹង បើសិនជាគ្នាមកច្រើន តើការងារសម្រួលចុះឈ្មោះបោះឆ្នោតវាយ៉ាងម៉េច? ហើយមួយវិញទៀត វាភ្លៀងខ្លាំង។ តើដំណើរការនៃការចុះឈ្មោះវាយ៉ាងម៉េច? បើកន្លែងខ្លះអត់នៅក្នុងសាលាផង»។
កន្លងមក គណបក្សជំទាស់បានស្នើសុំឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប. និងក្រសួងការងារណែនាំឲ្យថៅកែរោងចក្រ និងគ្រឹះស្ថាននានាផ្តល់លទ្ធភាពឲ្យបុគ្គលិក ឬកម្មករអាចទៅចុះឈ្មោះបោះឆ្នោត ព្រមទាំងជួយសម្រួលឲ្យពលករកម្ពុជាដែលធ្វើការនៅបរទេស អាចត្រឡប់មកចុះឈ្មោះបោះឆ្នោតនៅកម្ពុជាវិញផងដែរ។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាខែមិថុនាឆ្នាំ២០១៧ខាងមុខ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨។ ហើយដំណើរការចុះឈ្មោះបោះឆ្នោតជាថ្មីចាប់ផ្តើមពីថ្ងៃទី១ខែកញ្ញាដល់ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៦នេះ៕