ខេត្តព្រះសីហនុស្វែងរកដំណោះស្រាយការជាប់គាំងវិស័យអចលនទ្រព្យនិងបង្កើនសក្តានុពលសេដ្ឋកិច្ចខេត្តអំឡុងវិបត្តិកូវីដ១៩
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុមានជនបរទេសជាច្រើន ជាពិសេសជនជាតិចិន បានមកធ្វើវិនិយោគ និងធ្វើទេសចរនៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់បំព្រងមួយនេះរបស់កម្ពុជា។ ការណ៍នេះបានធ្វើឱ្យតម្លៃអចលនទ្រព្យក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ឡើងថ្លៃខ្លាំង ហួសពីការរំពឹងទុក។ ប៉ុន្តែក្នុងរយៈពេលជាងពីរឆ្នាំមកនេះ ខេត្តព្រះសីហនុបានរងផលប៉ះពាល់ខ្លាំងពីការបិទអនឡាញហ្គេមតាមចំណាត់ការរបស់រដ្ឋាភិបាល និងវិបត្តិជំងឺកូវីដ១៩ ដែលបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍ សណ្ឌាគារ និងកាស៊ីណូ។ ហើយផលប៉ះពាល់ដ៏គួរឲ្យកត់សម្គាល់ផងដែរនោះ គឺការជាប់គាំងនៃផ្នែកអចលនទ្រព្យ។ នៅឆ្នាំ ២០២២ នេះ គេឃើញវិស័យឯកជន និងភាគីពាក់ព័ន្ធ រួមទាំងរដ្ឋបាលដឹកនាំខេត្ត បានជួបប្រជុំគ្នា ដើម្បីដោះស្រាយបញ្ហាជាប់គាំងមួយនេះ។ អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេ បានសម្ភាសន៍លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អំពីការវិវត្តរបស់ខេត្តព្រះសីហនុ និងដំណើរនៃការការដោះស្រាយភាពជាប់គាំងវិស័យអចលនទ្រព្យនេះ៕