ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Anthony Fauci ​​សុំ​ឲ្យ​ក្រុម​បាតុករ​ពាក់​ម៉ាស់​ និងបង្ហាញ​សុទិដ្ឋិនិយម​អំពី​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​


លោក Anthony Fauci នាយក​នៃ​វិទ្យាស្ថាន​ជាតិ​ខាង​ អាលែកហ្ស៊ី​និង​ជំងឺ​ឆ្លង ផ្តល់បទសម្ភាសន៍ជាមួយនឹង VOA ភាសារុស្ស៊ី កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។
លោក Anthony Fauci នាយក​នៃ​វិទ្យាស្ថាន​ជាតិ​ខាង​ អាលែកហ្ស៊ី​និង​ជំងឺ​ឆ្លង ផ្តល់បទសម្ភាសន៍ជាមួយនឹង VOA ភាសារុស្ស៊ី កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

វីអូអេ៖ សំណួរ​ទី​មួយ​របស់​ខ្ញុំ​គឺ​អំពី​ការ​ជាប់ទាក់​ទង​គ្នា​រវាង​បាតុកម្ម​ដែល​មាននិង​លទ្ធភាព​នៃ​ការ​រាលដាល​ជំងឺ​កូវីដ​ជា​ថ្មី ​ពីព្រោះ​មាន​ការ​ផ្សាយ​ជា​សាធារណៈ​ថា​ ពួក​សមាជិក​នៃ​កង​ឆ្មាំជាតិ​ក្នុង​រដ្ឋធានី​បាន​ធ្វើ​តេស្ត​រក​ឃើញ​ថា​ មាន​វីរុស​នេះ។​ តាម​ទស្សនៈរបស់​លោក​ តើ​លោក​យល់​ថា​ ​ករណី​ទាំង​នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​នៃ​ការ​រាលដាល​ជំងឺ​នេះ​ដ៏​ធំ​មួយ​ឬ​ទេ?​

លោកវេជ្ជបណ្ឌិត Fauci៖ ខ្ញុំ​យល់​ថា​ ​យើង​ត្រូវតែ​ប្រុង​ប្រយ័ត្ន ពី​ព្រោះ​យើង​មិន​ដឹង​ទេ​ថា​ តើ​ការ​រាតត្បាត​នេះ​នឹង​ទៅ​ជា​បែប​ណា​ឡើយ។ ​ក៏​ប៉ុន្តែ​ដូច​ដែល​ខ្ញុំ​បាន​និយាយ​រួច​មក​ហើយ​ថា​ ​ហ្វូង​មនុស្ស​ប្រមូល​ផ្តុំគ្នា​ជា​ហានិភ័យ​ ហើយ​ការ​ប្រមូល​ផ្តុំ​គ្នា​ដោយ​គ្មាន​ពាក់ម៉ាស់​ជា​ហានិភ័យ​កាន់​តែ​ធំ។ ​ នៅ​ពេល​លោក​អ្នក​ធ្វើ​បាតុកម្ម​ទោះ​ណា​ជា​លោក​អ្នក​មាន​ហេតុផល​និង​ភាព​ចាំបាច់​ក្នុង​ការ​ប្រើ​សិទ្ធិ​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​លោក​អ្នក​ដើម្បី​ធ្វើ​បាតុកម្ម​អំពី​អ្វី​ដែល​លោក​អ្នក​មាន​អារម្មណ៍​ត្រូវតែ​ធ្វើ​ក៏​ដោយ​ ​ខ្ញុំ​សូម​ផ្តល់​អនុសាសន៍​ថា​ ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ដោយ​ចៀសវាង​កន្លែង​មាន​មនុស្ស​ច្រើន។​ ប្រសិន​លោក​អ្នក​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន ​ ដែល​ខ្ញុំ​មិន​ផ្តល់​អនុសាសន៍​ឱ្យ​លោក​អ្នក​ទៅ​ទេ​ ក៏​ប៉ុន្តែ​បើ​លោក​អ្នក​នៅ​តែ​ទៅ ​លោក​អ្នក​ត្រូវ​ពាក់ម៉ាស់​គ្រប់​ពេល​វេលា​ទាំង​អស់។​

ក៏​ប៉ុន្តែ​ចម្លើយ​សម្រាប់​សំណួរ​របស់​លោក ច្បាស់​ណាស់​ថា ​ មាន​ហានិភ័យ​នៅ​ពេល​មនុស្ស​ច្រើន​នាក់​ប្រមូល​ផ្តុំ​គ្នា។​ ជាពិសេស​នៅ​ពេល​ពួក​គេ​ស្រែក​បន្ទរ​ពាក្យ​ស្លោក​គឺ​មាន​ហានិភ័យឆ្លង​ជំងឺ​កូវីដ១៩​ ដែល​នាំ​ឱ្យ​មាន​ការ​រាតត្បាត​ថ្មី​មួយ​ទៀត។​ ហើយ​នេះ​ជា​អ្វី​ដែល​យើង​តាម​ឃ្លាំ​មើល។​ វាជា​ក្តីបារម្ភ​ខ្លាំង​មួយ​ដែល​យើង​ឃើញ​ពួក​ឆ្មាំ​ជាតិ​ខ្លះ​បាន​ឆ្លង​ជំងឺ​នេះ​ដែល​មាន​ន័យ​ថា ​ ពួក​គេ​អាច​ចម្លង​ជំងឺ​នេះ​ទៅ​មនុស្ស​ឯ​ទៀតៗ​ ឬ​បាន​ឆ្លង​ជំងឺ​នេះ​ពី​មនុស្ស​ឯ​ទៀត។​

វីអូអេ៖ បាតុករ​ភាគ​ច្រើន​ហាក់​ដូច​ជា​ពាក់ម៉ាស់​ហើយ​នេះ​ជា​ដំណឹង​ល្អ។​ ក៏​ប៉ុន្តែ​មាន​ព័ត៌មាន​ខុសៗ​គ្នា​អំពី​ប្រសិទ្ធ​ភាព​នៃ​ម៉ាស់​ទាំង​នេះ។​ តើ​ម៉ាស់​បែប​ណា​អាច​ការពារ​បាន​ល្អ?​ តើ​លោក​មាន​អនុសាសន៍​បែប​ណា​អំពី​បញ្ហា​នេះ?​

លោកវេជ្ជបណ្ឌិត Fauci៖​ ខ្ញុំ​យល់​ថា ​គេ​អាច​និយាយ​ថា​ ​ពាក់ម៉ាស់​តែង​តែ​ល្អ​ប្រសើរ​ជាង​មិន​ពាក់ម៉ាស់។ ​ម៉ាស់​ប្រហែល​មិន​បាន​ការពារ​១០០%​ទេ ​ ក៏​ប៉ុន្តែ​វា​ផ្តល់​ការ​ការពារ​ខ្លះ​ដល់​លោក​អ្នក​មិន​ឱ្យ​ឆ្លង​ជំងឺ​នេះ​ពី​អ្នក​ឯ​ទៀត។​ ហើយ​ប្រសិន​បើ​លោក​អ្នក​មាន​ផ្ទុក​មេរោគ​នេះ​ទោះណា​ជា​គ្មាន​រោគ​សញ្ញា​ក៏​ដោយ​ ​ ម៉ាស់​អាច​ជួយ​មនុស្ស​ឯ​ទៀត​កុំ​ឱ្យ​ឆ្លង​ជំងឺ​នេះ។​ គេគ្រាន់​តែ​យក​ក្រណាត់​ធម្មតា​បិទ​បាំង​ច្រមុះ​និង​មាត់​ក៏​បាន​ដែរ។​ ម៉ាស់​សម្រាប់​ពាក់​ពេល​ធ្វើការ​វះកាត់​ក៏​ល្អ​ដែរ។​ មិន​ចាំ​បាច់​ពាក់​ម៉ាស់ ​N-95​ ទេ។​ យើង​គួរ​ទុក​ម៉ាស់​ប្រភេទ​នេះ​ឱ្យ​ពួក​ពេទ្យ​ដែល​ត្រូវ​ការ​ម៉ាស់​បែប​នេះ ​ពីព្រោះ​ពួក​គេ​មាន​ហានិភ័យ​ជា​និច្ចក្នុង​ការ​ថែទាំ​ពួក​អ្នក​ជំងឺ។​

វីអូអេមាន​បញ្ហា​មួយ​ទៀត​គឺ​រដ្ឋ​នានា​បាន​ចាប់​ផ្តើម​បើក​ឡើង​វិញ។​ នៅ​ក្នុង​រដ្ឋ​ចំនួន​១៩ ​មាន​ការ​រាល​ដាល​ជំងឺ​នេះ​ជា​ថ្មី​នៅ​ក្រោយ​បុណ្យរំឭក​ដល់​ពួក​យុទ្ធជន​ពលីជីវិត។​ តាម​ការ​យល់​ឃើញ​របស់​លោកតើ​លោក​យល់​ថា​ យើង​បើក​ឡើង​វិញ​ឆាប់​ពេក​ឬ​ទេ?​តើ​យើង​គួរ​បង្អង់​ទេ?​

លោកវេជ្ជបណ្ឌិត Fauci៖ ខ្ញុំ​យល់​ថា​ លោក​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន។​ កុំ​ចាត់​ទុក​ស.រ.អា.​ទាំង​មូល​មាន​ស្ថានភាព​តែ​មួយ។ ​ប្រទេស​អាមេរិក​ជា​ប្រទេស​ធំ​ណាស់​ហើយ​មាន​រដ្ឋ​ តំបន់​ ទីក្រុង​និង​ស្រុក​ខុសៗ​គ្នា​ ដែល​មាន​កម្រិត​នៃ​ការ​ឆ្លង​ជំងឺ​នេះ​ប្លែកៗ​គ្នា​ដែរ។​ ប្រសិន​បើ​លោក​អ្នក​រស់​នៅ​ក្នុង​ស្រុក​មួយ​ឬ​តំបន់​មួយ​ដែល​មាន​ការ​ឆ្លង​តិច​តួច ​ លោក​អ្នក​អាច​ចេញ​ក្រៅផ្ទះ​ធ្វើ​សកម្មភាព​ធម្មតា​បាន។​ បើ​លោក​អ្នក​រស់នៅ​ក្នុង​តំបន់​មួយ​ដែល​មាន​ការ​ឆ្លង​ខ្លាំង​ វា​ជា​ការល្អ​ប្រសើរ​កុំ​ប្រញ៉ាប់​ចេញ​ពី​ផ្ទះ​ពេក។ ​ដូច្នេះ​ខ្ញុំ​យល់​ថា ​លោក​អ្នក​មិន​អាច​និយាយ​ថា​ មាន​ការ​ឆ្លង​ជំងឺ​នេះ​ដូច​គ្នា​ក្នុង​កន្លែង​ទាំង​អស់​ទេ។​ លោក​អ្នក​ត្រូវ​មើល​ថា​ លោក​អ្នក​រស់​នៅ​កន្លែង​ណា​ក្នុង​ស.រ.អា.។​ ប្រសិន​បើ​លោក​អ្នក​រស់​នៅ​ក្នុង​កន្លែង​មាន​ការ​ឆ្លង​ច្រើន ​លោក​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លាំង។ បើ​លោក​អ្នក​ឋិត​នៅ​ក្នុង​តំបន់​មាន​ការ​ឆ្លង​តិច​ ​លោក​អ្នក​អាច​ឆាប់​បាន​វិល​ត្រឡប់​ទៅ​ធ្វើ​សកម្មភាព​ធម្មតា​វិញ។​

វីអូអេ៖ការ​បើក​សាលា​រៀន​ឡើង​វិញ​ក៏​អ៊ីចឹង​ដែរ​មែន​ទេ?​

លោកវេជ្ជបណ្ឌិត Fauci៖​ មែន​ហើយ​មិន​ខុស​គ្នា​ទេ។​ មាន​ស្រុក​និង​តំបន់​ខ្លះ​ក្នុង​ប្រទេស​ដែល​អាច​បើក​សាលារៀន​ឡើង​វិញ​បាន។​ មាន​ស្រុក​និង​តំបន់​ខ្លះទៀត​ដែល​លោក​អ្នក​មិន​ចង់​បើក​សាលា​រៀន​ឡើង​វិញ​បាន​ទេ។​ ហើយ​មាន​ស្រុក​និង​តំបន់​ខ្លះ​ទៀត​ដែល​យើង​ចង់ចាត់​វិធានការ​បែប​កណ្តាល​ដូច​ជា ​មាន​ការ​បើក​សាលារៀន​ជា​ថ្មី​ ក៏​ប៉ុន្តែ​មាន​ការ​កែប្រែ​កាល​វិភាគ​គឺ​ សិស្ស​ខ្លះ​ទៅ​រៀន​នៅ​ពេល​ព្រឹក​ ហើយ​សិស្ស​ឯ​ទៀត​ទៅ​រៀន​នៅ​ពេល​រសៀល។​

វីអូអេ៖ មាន​ភាព​មិន​ច្បាស់​លាស់​អំពី​រលក​ទី​ពីរ​នៃ​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩។​ ក៏​ប៉ុន្តែ​មនុស្ស​នៅ​តែ​ភ័យ​ខ្លាច​អំពី​បញ្ហា​នេះ។​ តើ​លោក​មើល​ឃើញ​បែប​ណា?​ ហើយ​បើ​មាន​រលក​ទី​ពីរ​នៃ​ការ​រាលដាល​ជំងឺ​នេះ​ តើ​យើង​ត្រូវ​ប្រុង​ប្រៀប​បែប​ណា?​

លោកវេជ្ជបណ្ឌិត Fauci៖ យើង​មិន​អាច​ទស្សន៍ទាយ​ឱ្យ​បាន​ពិត​ប្រាកដ​អំពី​អ្វី​ដែល​នឹង​កើត​មាន​បាន​ទេ។ ​អ្វី​មួយ​ដែល​យើង​ដឹង​ថា​ នឹង​កើត​មាន​គឺ​នឹង​មាន​ការ​ឆ្លង​ជំងឺ​នេះ​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​និង​នៅ​រដូវ​ធ្លាក់​ទឹក​កក។​ យើង​ដឹង​ដូច្នេះ​ ពីព្រោះ​វីរុស​នេះ​ឆ្លង​លឿនណាស់ហើយ​វា​មិន​បាត់​ពី​ផែន​ដី​ទេ។​ ទោះ​ណា​ជា​យើង​មាន​ឬ​គ្មាន​រលក​ទីពីរ​នៃ​ការ​រាលដាល​ជំងឺ​ក៏​ដោយ ​ ​ក៏​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​យើង​នឹង​មាន​ជំងឺនេះ។​ ​យើង​ពឹងពាក់​ទាំង​ស្រុង​លើ​សមត្ថ​ភាព​និង​ប្រសិទ្ធ​ភាព​របស់​យើង​ក្នុង​ការ​រក​ករណី​អ្នក​មាន​ជំងឺ​នេះ​ថ្មីៗ​ ដាក់​ពួក​គេ​ឱ្យ​នៅ​ដាច់ពី​គេ​និង​តាម​ដាន​ពួក​មនុស្ស​ដែល​អ្នក​ជំងឺ​ទាំង​នេះ​បាន​ទាក់ទង។​ បើ​សិន​យើង​អាច​ធ្វើ​ការ​នេះ​បាន​ដោយ​ប្រសិទ្ធ​ភាព​ យើង​អាច​បញ្ចៀស​មិន​ឱ្យ​មាន​រលក​ទីពីរ​បាន។​ មិនមែន​យើង​មិន​អាច​ចៀស​វាង​រលកទីពីរ​នៃ​ការ​រីករាលដាល​ជំងឺ​នេះ​ទេ។​ យើង​អាច​បញ្ចៀស​វា​បាន ​ប្រសិន​បើ​យើង​ចាត់​វិធានការ​ត្រឹមត្រូវ។​

វីអូអេ៖ ក៏​ប៉ុន្តែ​ដើម្បី​តាម​ដាន​ករណី​អ្នក​ជំងឺ​ថ្មីៗ ​យើង​ត្រូវ​ការ​ប្រដាប់​ធ្វើ​តេស្ត ហើយ​នៅ​ពេល​នេះ​ខ្វះ​ប្រដាប់​ធ្វើ​តេស្ត​មែន​ទេ?​ តើ​មនុស្ស​គ្មាន​រោគ​សញ្ញា​អាច​សុំ​ធ្វើ​តេស្ត​បាន​ដោយ​ងាយ​ទេ?​

លោកវេជ្ជបណ្ឌិត Fauci៖ បាទ ​ខ្ញុំ​ដឹង​ ព្រោះហេតុ​នេះ​ហើយ​បាន​ជា​ការ​តាម​ដាន​ពួក​មនុស្ស​មាន​ការទាក់​ទង​ជា​មួយ​អ្នក​មាន​ជំងឺ​នេះ​គឺ​ជា​ការ​ពិបាក។​ មិន​មែន​មិន​អាច​ធ្វើ​បាន​ទេ​ ក៏​ប៉ុន្តែ​វា​ពិបាក​ ពីព្រោះ​មានមនុស្ស​ដែលអាច​ចម្លង​រោគ​នេះ ​ ក៏​ប៉ុន្តែ​ជន​ទាំង​នេះ​មិន​មាន​រោគ​សញ្ញា​ទេ។​

វីអូអេ៖ មនុស្ស​គ្រប់​គ្នា​សង្ឃឹម​លើ​ថ្នាំ​វ៉ាក់សាំង។​ ហើយ​ខ្ញុំ​បាន​អាន​អត្ថបទ​ថា​ លោក​មាន​សុទិដ្ឋិ​និយម​អំពី​វ៉ាក់សាំង​ដែល​ក្រុមហ៊ុន​ Moderna ​កំពុង​ផលិត។ ​តើ​ហេតុ​ដូចម្តេច​បាន​ជា​លោក​មាន​សុទិដ្ឋិ​និយម​បែប​នេះ? ​ហើយ​តើ​មាន​វ៉ាក់សាំង​ឯ​ទៀត​ឬ​ទេ​ដែល​លោក​យល់​ថា​ អាច​មាន​ប្រសិទ្ធ​ភាព?​

លោកវេជ្ជបណ្ឌិត Fauci៖​ បាទ​ ខ្ញុំ​មាន​សុទិដ្ឋិ​និយម​ដោយ​ប្រុង​ប្រយ័ត្ន។​ មិន​យូរ​មិន​ឆាប់​ យើង​នឹង​មាន​វ៉ាក់សាំង​ មិន​មែន​តែ​ពី​ក្រុម​ហ៊ុន​ Modena ​ទេ ​ ក៏​ប៉ុន្តែ​ពី​ក្រុម​ហ៊ុន​ឯទៀតៗ​ដែរ។​ ក្រុមហ៊ុន​ទាំង​នេះ​មិន​មែន​មានតែ​ក្រុមហ៊ុន​មួយ​ទេ​ដែល​ផលិត​វ៉ាក់​សាំង​នេះ​។​ យើង​បាន​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ដែរ។​ ហេតុ​ផល​ដែល​នាំ​ឱ្យ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​គឺ​ថា​ មាន​លទ្ធផល​ល្អ​ក្នុង​ការ​សាកល្បង​ដំបូងៗ​ជា​មួយ​មនុស្ស​និង​សត្វ។​ ថ្នាំ​វ៉ាក់​សាំង​នេះ​ការពារ​សត្វ​នៅ​ក្នុង​ដំណាក់​ការ​នៃ​ការ​ពិសោធន៍ហើយ​ក្នុង​ដំណាក់​កាល​ទី​១​នៃ​ ការ​សាកល្បង​វ៉ាក់​សាំង​នេះ​ជាមួយ​មនុស្សផ្តល់​ការ​ឆ្លើយតប​មួយ​ដែល​បង្ហាញ​ថា​ យើង​អាច​មាន​ការ​ការពារ​ប្រឆាំង​នឹង​វីរុស​នេះ។​ ទោះ​ជាយ៉ាង​ណា​ក្តី​ លោក​អ្នក​មិន​អាច​ធានា​ថា ​លោក​អ្នក​នឹង​មាន​វ៉ាក់សាំង​មាន​សុវត្ថិភាព​និង​ប្រសិទ្ធ​ភាព​ទេ។ ​ហើយ​ជា​ការ​ភ្លីភ្លើ​បើ​ចេះតែ​ធានា​ផ្តេសផ្តាស​ ​ព្រោះ​គ្មាន​នរណា​អាច​ធានា​បែប​នេះ​បាន។​ ក៏ប៉ុន្តែ​យើង​គ្រាន់តែ​មាន​សុទិដ្ឋិ​និយម​ដោយ​ប្រុងប្រយ័ត្ន​ថា​ យើង​ឋិត​នៅ​ក្នុង​ទិស​ត្រូវ​ប៉ុណ្ណោះ។​

វីអូអេ៖ និយាយ​អំពី​សុទិដ្ឋិនិយម​ តើ​លោក​ចង់​និយាយ​ថា​ មនុស្ស​ខ្លះ​ដែល​បាន​ត្រូវ​ធ្វើ​តេស្ត​បាន​បង្ហាញ​សញ្ញា​ថា​ ពួកគេ​មាន​អង្គ​បដិប្រាណ​ប្រឆាំង​នឹង​វីរុស​នេះ​មែន​ទេ?​

លោកវេជ្ជបណ្ឌិត Fauci៖ត្រូវ​ហើយ។ ​យើង​បាន​ពិនិត្យ​មើល​ដំណាក់​កាល​ទី​មួយ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ។​ ដោយ​ប្រើ​ដូស​(ខ្នាត​ថ្នាំ)​ល្មម។ ពួក​បុគ្គល​ដែល​បាន​សាក​ល្បង​ជា​មួយ​វ៉ាក់សាំង​នេះ​មិន​គ្រាន់​តែ​អាច​បង្ហាញ​ការ​ឆ្លើយ​តប​ជា​អង្គ​បដិប្រាណ​ធម្មតា​ប៉ុណ្ណោះ​ទេ​ តែ​មាន​ការ​ឆ្លើយ​តប​ជា​អង្គ​បដិប្រាណ​ដែល​អាច​រាំង​ខ្ទប់​មិន​ឲ្យ​វីរុស​នេះ​បង្កើន​ចំនួន​បាន​ទៀត​ផង។​ នេះ​ជា​សញ្ញា​ល្អ​ណាស់​បើ​យើង​ពិនិត្យ​មើល​អំពី​របៀប​ដែល​វ៉ាក់សាំង​ឆ្លើយ​តប​នឹង​វីរុស​នេះ។​

វីអូអេ៖ ដំណាក់​កាល​ទី​បី​និង​ជា​ដំណាក់​កាល​ចុង​ក្រោយ​បង្អស់​នៃ​ការ​សាកល្បង​វ៉ាក់​សាំង​របស់​ក្រុម​ហ៊ុន​ Moderna ​អាច​ចាប់​ផ្តើម​ធ្វើ​ក្នុង​ខែ​កក្កដា។​ ហើយ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ ​ការ​ផលិត​ថ្នាំ​វ៉ាក់សាំង​នេះ​នឹង​ចាប់​ផ្តើម​ធ្វើ​ នៅមុន​មាន​លទ្ធផល​នៃ​ការ​សាកល្បង​ចុង​ក្រោយ​បង្អស់។​ ហើយ​លោក​បាន​កត់​សម្គាល់​ថា​ «វា​ជា​ការ​ផលិត​វ៉ាក់សាំង​ដោយ​ប្រថុយ​ប្រថាន»។​ ហេតុ​ដូច​ម្តេច​បាន​ជា​មាន​សេចក្តី​សម្រេច​បែប​នេះ?​

លោកវេជ្ជបណ្ឌិត Fauci៖ ការ​សម្រេច​នេះ​មាន​ហានិភ័យ​ទៅ​លើ​តែ​ថវិកា​ទេ។ ​វា​មិន​មែន​ជា​ហានិភ័យ​ដល់​សុច្ចរិត​ភាព​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ​ទេ។​ នេះ​ជា​ស្ថានភាព​បន្ទាន់​ដែល​បង្ខំ​ឲ្យ​យើង​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋាភិបាល​សហព័ន្ធ​ត្រូវ​ប្រថុយ​ខាត​បង់​ខាង​ហិរញ្ញ​វត្ថុ​ដើម្បី​ពន្លឿន​ដំណើរការ​ផលិត​វ៉ាក់សាំង​ក្នុង​ពេល​ប៉ុន្មាន​ខែ​គឺ​ឱ្យ​បានឆាប់​ជាង​ ការ​ដែល​យើង​ចាំ​លទ្ធផល​នៃ​ការ​សាកល្បង​ចុង​ក្រោយ​បង្អស់។​ ដូច្នេះ​យើង​មាន​អារម្មណ៍​ថានេះ​ជា​ការ​ប្រថុយ​ប្រថាន​មាន​ប្រយោជន៍​ ​ប្រសិន​បើ​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធ​ភាព។​ តែ​បើ​វ៉ាក់​សាំង​នេះ​មិន​មាន​ប្រសិទ្ធភាព​វិញ ​ យើង​ខាត​តែ​ប្រាក់ទេ។​ ក៏ប៉ុន្តែ​នៅ​ក្នុង​ស្ថានភាព​គ្រា​មាន​អាសន្ន​បែប​នេះ​ យើង​គួរ​ហ៊ាន​ប្រថុយ​ប្រថាន​ដើម្បី​ឱ្យ​បាន​ចំណេញ​ពេល​វេលា។​

វីអូអេ៖តើ​មាន​គម្រោង​ផលិត​វ៉ាក់សាំង​នេះ​ប៉ុន្មាន​ដូស​(ខ្នាត​ថ្នាំ)?​

លោកវេជ្ជបណ្ឌិត Fauci៖ ​ខ្ញុំ​យល់​ថា​ ក្រុមហ៊ុន​នីមួយៗ​ដែល​ជា​អ្នក​ផលិត​វ៉ាក់សាំង​នេះ​ នឹង​ផលិត​យ៉ាង​តិច​ណាស់​ពី​ពីរ​ទៅ​បី​រយ​លាន​ដូស។​ ហើយ​ក្រុម​ហ៊ុន​ខ្លះ​ទៀត​មាន​គោល​ដៅ​ផលិតវ៉ាក់សាំង​នេះ​ចំនួន​ប្រមាណ​១​ពាន់​លាន​ដូស។ ​ប៉ុន្តែ​មិន​មែន​ក្នុង​ពេល​ភ្លាមៗ​នេះ​ទេ។​

ក្រុមហ៊ុន​ខ្លះ​គ្រោង​ថា​ ពួក​គេ​អាច​ធ្វើ​បាន។​ ក្រុម​ហ៊ុន​នីមួយៗ​មាន​គម្រោង​ផ្សេងៗ​គ្នា ​ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​ខ្លះ​ក្នុង​បណ្តា​ក្រុម​ហ៊ុន​ទាំង​នេះ​និយាយ​ថា​ ក្នុង​ពេល​មួយ​ឆ្នាំ​ ពួក​គេ​អាច​ផលិត​មួយ​ពាន់​លាន​ដូស​តែ​ មិន​មែន​ផលិត​ភ្លាមៗ​ទេ។​ ខ្ញុំ​មិន​យល់​ថា ​ ពួក​គេ​នឹង​ផលិត​បាន​ក្នុង​ពេល​បន្ទាន់​នេះ​ទេ។​ ក៏​ប៉ុន្តែ​ជាយថាហេតុពួក​គេ​នឹង​ផលិត​វ៉ាក់​សាំង​នេះ​ឱ្យ​បាន​ដល់​កម្រិត​នេះ។​

វីអូអេ៖ តើ​នៅ​ពេល​ណា​យើង​អាច​ដឹង​ថា ​វ៉ាក់​សាំង​នេះ​មាន​ប្រសិទ្ធ​ភាព​បាន​ប៉ុន្មាន​ខែ?​

លោកវេជ្ជបណ្ឌិត Fauci៖ នៅ​ពេល​នេះ​យើង​មិន​ដឹង​ទេ។​ យើង​ត្រូវ​រង់​ចាំមើល​សិន។​ យើង​សង្ឃឹម​ថា ​វ៉ាក់​សាំង​នេះ​នឹង​មាន​ប្រសិទ្ធ​ភាព​យូរ​គ្រប់​គ្រាន់​ដើម្បី​ផ្តល់​កិច្ច​ការពារ​គ្រប់គ្រាន់។ ​ប្រសិន​បើ​រយៈ​ពេល​ប្រសិទ្ធ​ភាព​នៃ​វ៉ាក់​សាំង​នេះ​មាន​រយៈ​ពេល​តិច​ជាង​យើង​ចង់​បាន​ ​យើង​អាច​ចាក់​វ៉ាក់សាំង​បន្ថែម​ដើម្បី​បន្ត​រយៈ​ពេល​ប្រសិទ្ធ​ភាព។​

វីអូអេ៖ តើ​លោក​អាច​សន្និដ្ឋាន​បាន​ទេ​ថា ​វាក់សាំង​នេះ​ផលិត​ទាន់​នៅ​ឆ្នាំ​នេះ​ទេ?​

លោកវេជ្ជបណ្ឌិត Fauci៖ ​យើង​ត្រូវ​រង់​ចាំ​មើល​សិន ​បាទ។​

វីអូអេ៖តើ​វ៉ាក់សាំង​ដែល​មាន​ប្រសិទ្ធភាព​នឹង​ត្រូវ​ចែក​បែប​ណា​ដល់​សាធារណ​ជន?​ តើ​យើង​អាច​ទៅ​កាន់​ឱសថ​ស្ថាន​ដើម្បី​ទិញ​វ៉ាក់​សាំង​នេះ​ដូច​ដែល​យើង​អាច​ទិញ​វ៉ាក់​សាំង​គ្រុន​ផ្តាសាយ​ឬ​ទេ?​

លោកវេជ្ជបណ្ឌិត Fauci៖ ខ្ញុំ​យល់​ថា​ ​ពលរដ្ឋភាគ​ច្រើន​នឹង​ទទួល​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​តាម​រយៈ​ការិយាល័យ​វេជ្ជបណ្ឌិត​របស់​ពួក​គេ ​តាម​រយៈ​ឱសថស្ថាន​ឬ​តាម​រយៈ​មជ្ឈមណ្ឌល​ចែក​ចាយ​ឯ​ទៀតៗ​គឺ​ដូច​វ៉ាក់​សាំង​គ្រុន​ផ្តាសាយ​ថ្មី​ដែរ។​

វីអូអេ៖ប្រសិន​បើ​ក្នុង​ចំណោម​វ៉ាក់សាំង​ទាំង​អស់​ដែល​កំពុង​ផលិត​នេះ​ មាន​វ៉ាក់សាំង​ពីរ​នឹង​ឋិត​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​បង្អស់ ​តើ​អាច​នឹង​មាន​ វ៉ាក់សាំង​ពីរ​នេះ​សម្រាប់​សាធារណ​ជន?​

លោកវេជ្ជបណ្ឌិត Fauci៖ ​ខ្ញុំ​សង្ឃឹម​ថា ​នឹង​មាន​វ៉ាក់សាំង​ច្រើន​ជាង​ពីរ។​ ខ្ញុំ​សង្ឃឹម​ថា​ នឹង​មាន​វ៉ាក់​សាំង​បី​ឬ​ច្រើន​ជាង​នេះ។​ គ្មាន​ហេតុផល​នាំ​ឱ្យ​ជឿ​ថា​ លោក​អ្នក​អាច​មាន​វ៉ាក់សាំង​តែ​មួយ​ទេ។ ​ខ្ញុំ​យល់​ថា​ មាន​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​អាច​ផលិត​វ៉ាក់សាំង​នេះ​បាន។​ ខ្ញុំ​គ្មាន​ការ​ភ្ញាក់​ផ្អើល​ទេ​ថា​ យើង​នឹង​មាន​វ៉ាក់សាំង​ច្រើន​ជាង​មួយ​ហើយ​អាច​មាន​ដល់​បី​ឬ​បួន​ផង។ ​ដូច្នេះ​យើង​គួរ​មាន​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​នេះ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។​ បាទ។​

វីអូអេ៖ ខ្ញុំ​សុំ​សួរ​អំពី​អង្គការ​សុខភាព​ពិភពលោក​និង​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​នេះ​អំពី​ពួក​អ្នក​ជំងឺ​គ្មាន​រោគ​សញ្ញា។ ​ខ្ញុំ​ដឹង​ថា​ បញ្ហា​នេះ​មាន​និយាយ​ច្រើន​នៅ​ក្នុង​បណ្តាញ​ផ្សាយ​ព័ត៌មាន។​ តើ​លោក​មាន​មតិ​បែប​ណា​ដែរ? តើ​លោក​មាន​ជំនឿ​ថា​ ពួក​អ្នក​ជំងឺ​គ្មាន​រោគ​សញ្ញា​អាច​ចម្លង​រោគ​នេះ​បាន​ដូច​អ្នក​ជំងឺ​មានរោគ​សញ្ញា​ដែរ​ឬទេ?​

លោកវេជ្ជបណ្ឌិត Fauci៖ ​ពួក​អ្នក​ជំងឺ​គ្មាន​រោគ​សញ្ញា​អាច​ចម្លង​រោគ​នេះ​បាន។​ មាន​ទិន្នន័យ​ច្បាស់​លាស់​ថា​ ​ប្រមាណ​២៥%​ទៅ​៣០%​ ឬ​ ៥០%​នៃ​មនុស្ស​មាន​ផ្ទុក​វីរុស​នេះ​គ្មាន​រោគ​សញ្ញា​ទេ។ ​យើង​ដឹង​ថា​ ពួក​បុគ្គលគ្មាន​រោគ​សញ្ញា​អាច​ចម្លង​ជំងឺ​នេះ​បាន។​ យើង​មិន​ដឹង​អំពី​ទំហំ​នៃ​ការ​ឆ្លង​រោគ​បែប​នេះ​ទេ​ ក៏​ប៉ុន្តែ​យើង​ដឹង​ថា​ មិន​មែន​តិច​ទេ។​ ហើយ​នេះ​ជា​អ្វី​ដែល​រឿង​ចម្រូង​ចម្រាស​ចេញ​ពី​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ WHO​ ថា​ ជា​ហេតុ​ការណ៍​មិន​សូវ​មាន។​ យើង​មិន​ដឹង​អំពី​តួ​លេខ​គិតជា​ភាគ​រយ​ពិត​ប្រាកដ​ទេ​ ក៏​ប៉ុន្តែ​មាន​ភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់​ថា​ វា​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​ឆ្លង​ជំងឺ​នេះ។​

វីអូអេ៖​សំណួរ​ចុង​ក្រោយ​បង្អស់​របស់​ខ្ញុំ​ មាន​លក្ខណៈ​ទូទៅ​ជាង​សំណួរ​មុនៗ។​ មនុស្ស​ខ្លះ​មាន​ជំនឿ​ថា​ពិភពលោក​នឹង​មិន​ដូច​មុន​ទេ។​តើ​លោក​យល់​ថា​ មាន​ក្តី​សង្ឃឹម​ថា​ យើង​អាច​វិល​ត្រឡប់​ទៅកាន់​ជីវភាព​ដូច​មុន​ទេ?​

លោកវេជ្ជបណ្ឌិត Fauci៖ ខ្ញុំ​មាន​ជំនឿ​ថា ​អាច។​ ខ្ញុំ​មាន​ជំនឿ​ថា ការ​ប្រឈម​របស់​យើង​ជាមួយ​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​នឹង​ធ្វើ​ឱ្យ​យើង​យល់​ដឹង​ច្រើន​ជាង​មុន​ថា ការ​រលាក​ផ្លូវ​ដង្ហើម​អាច​រាលដាល​ឆ្លង​ដោយ​ងាយ។​ ដូច្នេះ​ខ្ញុំ​យល់​ថា​ ការណ៍​នេះ​នាំ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ ក៏​ប៉ុន្តែ​ខ្ញុំ​យល់​ឃើញ​ថា​ ក្នុង​ពេល​ពីរ​បី​ឆ្នាំ​ទៀតយើង​នឹង​វិល​ត្រឡប់​ទៅ​កាន់​ភាព​ធម្មតា​វិញ​ហើយ​នៅ​ពេល​ណា​មួយ​លោក​និង​ខ្ញុំ​អាច​ធ្វើ​សម្ភាសន៍​ទល់​មុខ​គ្នា​ដោយ​ផ្ទាល់​តែ​ម្តង។​

ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ប្រាកដ​ជា​នឹង​ចប់។​ ហើយ​យើង​នឹង​អាច​វិល​ត្រឡប់​ទៅ​កាន់​សភាព​ដូច​ពីមុន​វិញ។​ ដូច្នេះ​អ្វី​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​គឺ​ត្រូវ​ធ្វើ​ឱ្យ​មាន​សុវត្ថិភាព​ ថែ​ទាំ​ខ្លួន​ឯង​ឱ្យ​បាន​ល្អ​ហើយ​នៅ​ពេល​លោក​អ្នក​ចេញ​ក្រៅ​ផ្ទះលោក​អ្នក​ត្រូវ​ពាក់​ម៉ាស់។​ កុំ​ទៅ​ក្នុង​ហ្វូង​មនុស្ស។​ លោក​អ្នក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន។​ ទោះ​ណា​ជា​ យើង​បើក​ប្រទេស​ក៏​ដោយ​ ក៏​យើង​នៅ​មាន​ការ​ឆ្លង​ជំងឺ​នេះ​ក្នុង​កម្រិត​មួយ​នៅ​ឡើយ​ដែល​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់៕

XS
SM
MD
LG