លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញទៅពិនិត្យតំបន់ទឹកលិចក្នុងខណ្ឌដង្កោ ភាគខាងត្បូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលលោកមិនភ្លេចពាំនាំសារនយោបាយ និងលើកពី«ចំណុចខ្លាំងនៃរដ្ឋាភិបាល» លោកទេ។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់លោកក៏ត្រូវបានរិះគន់ការលុបបឹង បណ្តាលឲ្យទីក្រុងភ្នំពេញមិនមានកន្លែងរំដោះទឹក ពេលមានភ្លៀងធ្លាក់ជោគជាំ និងការរារាំងមិនឲ្យលោក កឹម សុខា មេដឹកនាំបក្សប្រឆាំងចែកអំណោយដល់អ្នករងគ្រោះ។
នៅចំពោះមុខអ្នកសារព័ត៌មាននិងអ្នករងគ្រោះដោយទឹកជំនន់ក្បែរស្ទឹងព្រែកត្នោត លោក ហ៊ុន សែន បានបង្ហាញវត្តមានជាលើកដំបូង នៅទីតាំងជន់លិចចាប់តាំងពីទឹកជំនន់ បានវាយលុកបណ្ដើរៗពីដើមខែតុលាមក។
ក្នុងឯកសណ្ឋានយោធា លោក ហ៊ុន សែន ដែលមានមន្ត្រីអ្នកមុខអ្នកការនិងឧកញ៉ានៅឈរពីខាងក្រោយខ្នង បានថ្លែងថា អាទិភាពដំបូងរបស់លោកគឺ «ឱ្យប្រជាជនរស់សិន»។
«ប្រជាជនយើងបានរួមសាមគ្គីគ្នាល្អណាស់ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ រឿងអ្នកដទៃនិយាយពីខាងក្រៅមក វាជារឿងមួយ ប៉ុន្តែសម្រាប់ព្រះសង្ឃប្រជាពលរដ្ឋ អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធបានធ្វើសកម្មភាពព្រមៗគ្នាស្រុះគ្នា។ នោះហើយជាចំណុចពិសេស ជាចំណុចខ្លាំងនៃរដ្ឋាភិបាលហ៊ុន សែន»។
លោក ហ៊ុន សែន បន្ថែមថា៖ «ប៉ុន្តែសំខាន់បំផុតនៅពេលនេះ រស់សិន ធ្វើម៉េចឱ្យរស់សិន។ បើគ្មានជីវិតទេ គឺមិនអាចនិយាយពីអ្វីទាំងអស់ រាប់ទាំង មិនអាចទៅសរសេរកាសែត មិនអាចទៅរកលទ្ធិប្រជាធិបតេយ្យ ឬសិទ្ធិមនុស្សអ្វីទេ។ បើវាងាប់បាត់ទៅហើយនោះ កុំនិយាយ កុំនិយាយ»។
នាយករដ្ឋមន្ត្រីដែលកាន់អំណាចពីឆ្នាំ ១៩៨៥ រូបនេះ បានថ្លែងអំពាវនាវកុំឱ្យមានការរើសអើងក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ។
«អ្នកឯងចង់និយាយពីប្រទេសអាមេរិក ពីប្រទេសបារាំង ពីប្រទេសកាណាដា រឿងរបស់អ្នកឯង។ ក៏ប៉ុន្តែ នៅទីនេះយើងបានជួប ហើយយើងធ្វើការជាមួយគ្នា ដោយមិនថា អ្នកណានៅនិន្នាការបក្សណា។ យើងអត់គិតទេ។ យើងគិតធ្វើយ៉ាងម៉េចឱ្យប្រជាជនរបស់យើង បានរស់រានមានជីវិត»។
ការថ្លែងរបស់លោក ហ៊ុន សែន មានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា អាជ្ញាធរមូលដ្ឋានក្នុងឃុំចំណោមស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានរារាំងពុំអនុញ្ញាតឱ្យលោក កឹម សុខា មេដឹកនាំបក្សជំទាស់ ដែលកំពុងរងក្ដីក្ដាំនៅតុលាការ ធ្វើកម្មវិធីចែកអំណោយសង្គ្រោះដល់អ្នករងគ្រោះក្នុងតំបន់នោះឡើយ។
លោក មាជ សុវណ្ណារ៉ា មន្ត្រីជំនិតមួយរូបនឹងលោក កឹម សុខា បានឱ្យដឹងថា អាជ្ញាធរមូលដ្ឋានបានជូនដំណឹងមកក្រុមការងារលោក កឹម សុខា ថា កម្មវិធីចែកអំណោយដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើនោះទេ។
លោក មាជ សុវណ្ណារ៉ា បានថ្លែងប្រាប់ VOA តាមទូរស័ព្ទថា៖ «នេះដោយសារអាជ្ញាធរមូលដ្ឋានឃុំចំណោមដូចថា គេខ្លាចថ្នាក់លើអ៊ីចឹងទៅណា៎។ និន្នាការនយោបាយអ៊ីចឹងទៅ ហើយដល់អ៊ីចឹងគេឃាត់ឃាំង។ អ៊ីចឹងក៏គាត់[កឹម សុខា]មិនចែកទៅ ទុកឱ្យរដ្ឋាភិបាលគេ គេគិតគូរឡើងវិញទៅ ព្រោះនោះជារឿងមនុស្សធម៌។ យើងចែកគ្នាអត់ ដាច់ជាមួយនឹងនិន្នាការនយោបាយ។ អ៊ីចឹងអ្នករងគ្រោះគឺប្រជាពលរដ្ឋ»។
ទោះជាយ៉ាងណា នៅថ្ងៃសុក្រនេះ ក្នុងសារមួយជាង ៣ នាទី លោក ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរគ្រប់ខេត្តទាំងអស់ «ជួយសម្រួល» និង «កុំឲ្យមានការរារាំងណាមួយ» ចំពោះការចែកអំណោយរបស់លោក កឹម សុខា ក៏ដូចជាអ្នកនយោបាយផ្សេងទៀត»។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានរាយការណ៍ថា គិតត្រឹមថ្ងៃសុក្រនេះ ទឹកជំនន់បានសម្លាប់មនុស្សឡើងដល់ ១៨ នាក់ប៉ះពាល់មនុស្ស ២១ ម៉ឺននាក់ ដែលក្នុងនោះមានប្រមាណ ២៥០០០ នាក់ ត្រូវជន្លៀសចេញពីលំនៅដ្ឋាន។
នៅឯតំបន់លិចទឹកដដែល លោក ហ៊ុន សែន បានប្រតិកម្មនឹងមតិទិតៀនដែលថា ការលុបបឹងបួរនៅរាជធានីភ្នំពេញ និងតំបន់ក្បែរខាងជាដើមចម ដែលបង្កឱ្យមានទឹកជំនន់លើកនេះ។
«ឥឡូវតាមព្រែកត្នោតរបស់យើងពីខាងលើមកនេះ តើអ្នកណាលុបបឹង ព្រែកស្ទឹងពោធិ៍សាត់ ស្ទឹងមង្គលបុរីស្ទឹងសង្កែ? អានោះវាសុទ្ធតែស្ទឹង។ ប៉ុន្តែដោយសារតែទឹកពីលើវាខ្លាំងជ្រុលហួស វាហួសពីសមត្ថភាពស្រូប»។
អ្នករិះគន់រឿងលុបបឹង មានលោក អាឡិច ហ្គន់សាឡេស ដេវិតសុន ស្ថាបនិកអង្គការមាតាធម្មជាតិដែលត្រូវបានអាជ្ញាធរចាត់ទុកថា «ខុសច្បាប់»។ សកម្មជនបរិស្ថានជនបរទេសរូបនោះ បានស្ដីបន្ទោសការលិចលង់នៅរាជធានីភ្នំពេញ ដោយសារការលុបបឹងបួរ។
លោកបានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃពុធថា៖ «ចលនាមាតាធម្មជាតិ...សង្ឃឹមថា ស្ថានភាពនេះនឹងក្លាយជាមេរៀនមួយដើម្បីឱ្យរបបលោក ហ៊ុន សែន គិតគូរឡើងវិញអំពីការអភិវឌ្ឍដោយការលុបបឹងធម្មជាតិក្នុងទីក្រុង ដើម្បីជាផ្នែកមួយនៃការខិតខំប្រឹងប្រែងទប់ស្កាត់ការជន់លិចធ្ងន់ធ្ងរទៅថ្ងៃខាងមុខ»។
ទីទួលផ្សារព្រែកជ្រៃដែលលោក ហ៊ុន សែន ថ្លែងសារនយោបាយនេះ នៅមិនឆ្ងាយប៉ុន្មានទេពីបឹងទំពន់ភាគខាងត្បូងរាជធានីភ្នំពេញ។
របាយការណ៍ «ផ្សែងនៅលើទឹក» ដែលជាសិក្សារួមគ្នារបស់សមាគមធាងត្នោត អង្គការលីកាដូ អង្គការតម្លាភាពកម្ពុជា និងបណ្ដាញយុវជនកម្ពុជា បានលើកឡើងអំពីហានិភ័យទឹកជំនន់សម្រាប់មនុស្សប្រមាណ ១ លាននាក់ នៅភ្នំពេញ បណ្ដាលមកពីការរលាយបាត់រូបបន្តិចម្ដងៗ នៃបឹងទំពន់ តំបន់ដីសើមទំហំសរុប ១៥០០ ហិកតា ដែលនៅចន្លោះតំបន់កណ្ដាលរាជធានីភ្នំពេញ និងស្ទឹងព្រែកត្នោត ដែលហូរព័ទ្ធពីខាងត្បូងតម្រង់ទៅទន្លេបាសាក់។
បើយោងតាមរបាយការណ៍ដដែល គិតត្រឹមឆ្នាំ ២០១៩ មានបឹងធម្មជាតិចំនួន ១៦ ហើយក្នុងចំណោមបឹងធម្មជាតិចំនួនសរុបចំនួន ២៥ ក្នុងរាជធានីភ្នំពេញត្រូវបានលុប ដើម្បីបើកផ្លូវឱ្យមានការអភិវឌ្ឍសាងសង់លំនៅដ្ឋាន។
ក្រសួងធនធានទឹកនិងឧតុនិយមបន្តព្រមានពីបញ្ហាទឹកជំនន់បន្ថែមទៀត ខណៈដែលព្យុះត្រូពិកជាបន្តបន្ទាប់ នៅតែបក់បោកមកលើផ្ទៃដីគោកនៃតំបន់អាស៊ីអាគ្នេយ៍ រួមមានវៀតណាម ឡាវ និងកម្ពុជា ដែលបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងប្រមូលជាទឹកចាក់ចូលតាមស្ទឹងព្រែកប្រឡាយបឹងបួរនានា៕