មន្ត្រីរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា ទឹកជំនន់លើកនេះដែលកំពុងប៉ះពាល់ផ្នែកផ្សេងៗនៃប្រទេស ជាពិសេសបណ្ដាខេត្តភាគខាងលិចនិងភាគខាងជើង មានស្ថានភាពធ្ងន់ធ្ងរមិនធ្លាប់មាននោះទេ រាប់ពីជំនន់ទឹកធំឆ្នាំ ២០១១ និងឆ្នាំ ២០១៣ មក។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានរាយការណ៍ថា គិតត្រឹមរសៀលថ្ងៃអង្គារនេះ មានអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នេះឡើងដល់ ១១ នាក់។ ស្ថាប័នដដែលបន្ថែមថា ពលរដ្ឋយ៉ាងហោច ៣ ម៉ឺនគ្រួសារ រងផលប៉ះពាល់ពីជំនន់លើកនេះ ក្នុងនោះមាន ២ ពាន់គ្រួសារ ត្រូវជន្លៀសចេញពីគេហដ្ឋានតែម្ដង។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បាននិយាយកាលពីរសៀលថ្ងៃអង្គារថា ជំនន់ទឹកភ្លៀងដែលកំពុងវាយលុកនេះមានទំហំធំ ទោះវាមិនទាន់ដល់កម្រិតនៃជំនន់ចុងក្រោយកាលពី ៧ ឆ្នាំមុន និង ៩ ឆ្នាំមុនក៏ដោយ។
«មកដល់ពេលនេះយើងឃើញស្ថានភាពជំនន់ទឹកភ្លៀងវាធំ តែចំពោះជំនន់ទន្លេមេគង្គតូច អត់ទាន់មានជំនន់ទេ តែនេះជាជំនន់ទឹកភ្លៀង។ ហើយបើកាលពីឆ្នាំ ២០១១ និងឆ្នាំ ២០១៣ យើងមានជំនន់មេគង្គផង ជំនន់ទឹកភ្លៀងផង»។
បើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹករូបនេះ ចំណុចដែលកំពុងគំរាមកំហែង គឺតំបន់ស្ទឹងព្រែកត្នោត ភាគនិរតីនិងភាគខាងត្បូងរាជធានីភ្នំពេញ ដែលទឹកជន់ពីស្ទឹងចេះតែបន្តកើនឡើង និងស្ថានភាពនៅខេត្តបន្ទាយមានជ័យ ទីដែលស្ទឹងមង្គលបុរី និងស្ទឹងសេរីសោភ័ណ កំពុងទទួលទឹកជន់ពីតំបន់ផ្សេងៗ។
អាជ្ញាធរខេត្តបន្ទាយមានជ័យបានប្រកាសថា ទឹកជំនន់នឹងគំរាមកំហែងកាន់តែខ្លាំងលើខេត្តប៉ែកពាយព្យជាប់ព្រំដែនថៃនៅថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដោយសារតែអាជ្ញាធរខេត្តស្រះកែវរបស់ប្រទេសថៃ ទើបបានជូនដំណឹងមកថា ខ្លួននឹងបើកទំនប់ទឹកដែលជន់ជោរលើសចំណុះរបស់ខ្លួននាសប្ដាហ៍នេះ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានក្នុងស្រុក កាលពីព្រឹកថ្ងៃអង្គារថា ទឹកជន់ពីថៃនៅថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍ខាងមុខនេះ នឹងប៉ះពាល់ដល់គ្រប់ក្រុងនិងស្រុកក្នុងខេត្តបន្ទាយមានជ័យតែម្ដង។
«ច្រើនគ្រួសារ ខ្ញុំគិតថា បើសិនជាមានការបើកទំនប់ទៀត បូកនឹងស្ថានភាពជាក់ស្ដែង ទឹកមកពីបវេល(ខេត្តបាត់ដំបង)ផង បើអាចមានទឹកភ្លៀងទៀត ខ្ញុំគិតថាប្រហែលជាអាចចូលដល់មិនទាបជាងម៉ឺនគ្រួសារទេ»។
លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានប្រាប់ VOA ថា អាជ្ញាធរបានរៀបចំជន្លៀសអ្នកទោសប្រមាណ ១៦០០ នាក់ ពីពន្ធនាគារខេត្តបន្ទាយមានជ័យ ដែលកម្ពស់ទឹកជន់លិច ចេះតែបន្តកើនឡើង។
«មិនអាចទប់បានយើងត្រូវតែជន្លៀសពួកគាត់ចេញ ទឹកវាចេះតែឡើងខ្លាំងពេក»។
លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ១ រូបនេះបានប្រាប់ VOA តាមទូរស័ព្ទ ពីរសៀលថ្ងៃអង្គារនេះថា រឿងថៃបើកទំនប់ទឹកជាកត្តារួមផ្សំ។ លោកបញ្ជាក់ថា៖ «យើងភ័យរឿងហ្នឹងមួយទៀត[ដែលថៃបើកទំនប់]។ តែទឹក បើទោះបីជាថៃវាមិនបើក ឥឡូវទឹកវាឡើងដល់កម្រិតមួយដែលយើងទប់លែងជាប់ហើយ»។
លោក ឆែម សាវុធ បញ្ជាក់ថា ពន្ធនាគារនៅតាមបណ្ដារាជធានីខេត្តដទៃ មិនទាន់មានការគំរាមកំហែងអ្វីជាដុំកំភួន ដូចនៅខេត្តបន្ទាយមានជ័យនៅឡើយទេ។
ក្រសួងធនធានទឹកបានព្រមានថាព្យុះនានាចេញពីសមុទ្រចិនខាងត្បូង នឹងបោកបក់មកអាស៊ីអាគ្នេយ៍ដីគោកជាបន្តបន្ទាប់។ ព្យុះទី១៦ ឈ្មោះ ណាងកា (Nangka) នឹងបោកបក់មកដល់ភាគខាងជើងប្រទេសវៀតណាម នាថ្ងៃទី១៥ ខែតុលា រីឯព្យុះទី១៧ ឈ្មោះ សូដែល (Saudel) នឹងរំកិលមកដល់ភាគកណ្ដាលវៀតណាម នៅថ្ងៃទី១៦-១៧ ខែតុលា។
ក្រសួងធនថានទឹកបញ្ជាក់ថា៖ «ជាពិសេសប្រជាពលរដ្ឋរស់នៅទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ និងជួរភ្នំ សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១៨-២០ ខែតុលា។ អ្នកនេសាទនិងអ្នកធ្វើដំណើរតាមសមុទ្រ សូមប្រយ័ត្នចំពោះភ្លៀងធ្លាក់ច្រើនលាយឡំខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗចាប់ពីថ្ងៃទី១៦ ដល់២០ ខែតុលា»។
បើយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទឹកជំនន់ដែលមានហូរហែរពីដើមខែតុលាមក បានជន់លិចដីដំណាំ ១២ ម៉ឺនហិកតា ដែលក្នុងនោះមានផ្ទៃដីដាំស្រូវសរុបប្រមាណ ៨ ម៉ឺនហិកតា។ រាជធានីភ្នំពេញនិងខេត្តចំនួន ១៦ ផ្សេងរងការជន់លិច។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការនៃក្រសួងធនធានទឹក បានឱ្យដឹងបន្ថែមថា ទោះព្យុះត្រូពិកអាចនឹងមានជាបន្តបន្ទាប់លើសពីព្យុះទី១៧ នេះ តែមិនប្រាកដថាវានឹងប៉ះពាល់ដល់កម្ពុជាទាំងអស់នោះទេ។
«យើងជឿថា វាមិនអូសបន្លាយទៅដល់ខែក្រោយទេ ព្រោះខេត្តដែលកំពុងតែមានជំនន់គឺបានស្រកជាបណ្ដើរៗហើយដូចពោធិ៍សាត់ ដូចបាត់ដំបង ជាដើម បានស្រកជាបណ្ដើរៗ»។
លោក ចាន់ យុត្ថា បន្ថែមថា៖ «នៅពេលនេះយើងពិបាកនឹងវាយតម្លៃ ព្រោះស្ថានភាពអាកាសធាតុនៅពេលនេះ មានការវិវិឌ្ឍលឿនណាស់ ... បាតុភូតធម្មជាតិ ទាំងវិសម្ពាធទាំងព្យុះ បានកើតជាបន្តបន្ទាប់ ហើយមិនចប់ត្រឹមព្យុះទី១៧នេះទេ។ ចាប់ពី(ព្យុះ)១៧ ហ្នឹងអាចមាន(ព្យុះ) កើតបន្តបន្ទាប់ទៀត គ្រាន់ថា នេះចាំមើលពេលវាកើត។ តែយើងដឹងថា វាមិនចប់ត្រឹមហ្នឹងទេនៅបន្តទៀត»។
ទឹកជំនន់ឆ្នាំ ២០១៣ បានសម្លាប់មនុស្ស ១៦៨ នាក់នៅកម្ពុជា និងបានបង្កការខូចខាតគិតជាទឹកប្រាក់ប្រមាណ ៣៥៥ លានដុល្លារ ខណៈទឹកជំនន់ឆ្នាំ ២០១១ បានសម្លាប់មនុស្ស ២៥៥ នាក់ និងបង្កការខូចខាតគិតជាទឹកប្រាក់ប្រមាណ ៦៣០ លានដុល្លារ៕