តំបន់ដីសណ្ដស្ទឹងព្រែកត្នោត — ទំនប់ដីឥដ្ឋនៅក្នុងភូមិម៉ឺន្ត្រាសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញដែលនៅចន្លោះស្ទឹងព្រែកត្នោត និងផ្លូវជាតិលេខ ១០៤ បានបាក់ធ្លាយកាលពីព្រឹកព្រហាមស្រាងៗថ្ងៃពុធ បន្ទាប់ពីទប់ទល់លែងបានពីសម្ពាធទឹកដែលជន់ជោរខ្លាំងពីស្ទឹងព្រែកត្នោត ដែលនៅក្បែរខាង។
ទឹកដែលធ្លាយពីទំនប់បានហូរកាត់តាមផ្លូវបេតុងបុកយ៉ាងខ្មួលខ្មាញ់ ចូលមកក្នុងស្រែមួយឡូតិ៍ដែលខណ្ឌចែកទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ស្ពានថ្ម និងផ្ទះអ្នកស្រី ធូ ចាន់ណារី ដែលបង្ខំឱ្យស្រ្តីវ័យ ៥២ ឆ្នាំរូបនេះ ត្រូវបង្ខំចិត្តចាកចោលលំនៅដ្ឋាន នៅមុនពេលថ្ងៃត្រង់នាថ្ងៃពុធ។
អ្នកស្រី ធូ ចាន់ណារី ប្រាប់ VOA នៅខាងមុខផ្ទះគាត់ថា៖ «ទើបលិចយប់មិញ។ ជិតភ្លឺម៉ោង៤។ ខ្ញុំងើបមើលរហូតយប់មិញដល់ស្រាប់តែម៉ោង ៥ ព្រឹក អុញ! ហូរវ៉របណ្ដោយ… ហូរ…មកដាស់កូន ដាស់អី។កូនទៅធ្វើការបាត់ នៅតែឯងង៉េមង៉ាមមួយព្រឹកហើយ!»
នៅខាងមុខផ្ទះដែលមានទឹកត្រឹមជង្គង់ ហូរកាត់ហើយដីនិងផ្ទះស្រកស្រុកបន្តិចម្ដងៗ អ្នកស្រី ចាន់ណារី បញ្ជាក់ថា អ្នកស្រីបានលើកអីវ៉ាន់និងរបស់របរឲ្យខ្ពស់ពីទឹក ហើយចាកចេញពីផ្ទះ។
ក្រុមគ្រួសារអ្នកស្រី ធូ ចាន់ណារី ក៏ដូចពលរដ្ឋរាប់រយគ្រួសារផ្សេងទៀតនៅតំបន់ដីសណ្ដស្ទឹងព្រែកត្នោត នៅចន្លោះខណ្ឌដង្កោរាជធានីភ្នំពេញ និងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលដែរ ត្រូវជម្លៀសចេញពីគេហដ្ឋានជាបន្ទាន់រយៈពេលពីរថ្ងៃចុងក្រោយនេះ ចៀសចេញពីជំនន់ទឹកស្ទឹងដែលបន្តឡើងរហូតទប់ទល់លែងបាន។
អាជ្ញាធរកម្ពុជាបានឱ្យដឹងថា ទឹកភ្លៀងដែលធ្លាក់មកជាបន្តបន្ទាប់ ក្រោមឥទ្ធិពលនៃព្យុះត្រូពិកបានបង្កការជន់លិចនៅផ្នែកផ្សេងៗនៃរាជធានីភ្នំពេញ និងខេត្តចំនួន ១៨ ផ្សេងទៀត ហើយថា ខេត្តបន្ទាយមានជ័យ និងតំបន់ដែលស្ទឹងព្រែកត្នោត ហូរកាត់រួមមានខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកណ្ដាល និងរាជធានីភ្នំពេញ អាចនឹងរងការជន់លិចខ្លាំង។
«ដូចថាឡើងលឿនហ្មងណ៎ា។ យើងពិបាកថា។ ខ្ញុំមិននឹកស្មានដល់ ហើយខ្ញុំក៏អត់បានត្រៀុមអីវ៉ាន់ អីរើចេញដែរ។ រាល់ឆ្នាំ វាមិនដែលលិចអ៊ីចឹងទេ»
រដ្ឋបាលខេត្តកំពង់ស្ពឺបានរាយការណ៍ពីការបាក់ទំនប់ចម្ការតែនៅក្នុងឧទ្យានជាតិគិរីរម្យ កាលពីល្ងាចថ្ងៃអង្គារ ហើយទឹកនឹងជន់ជោរលិចក្រុងច្បារមន ដែលជាទីរួមខេត្ត។ រដ្ឋបាលខេត្តកណ្ដាលក៏បានព្រមានពីលទ្ធភាពនៃការជន់លិចបន្ថែមនៅស្រុកអង្គស្នួល ស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ នាម៉ោងព្រលប់ថ្ងៃពុធនេះ បណ្ដាលពីជំនន់ស្ទឹងព្រែកត្នោតនេះតែម្ដង។
អ្នកស្រី ស្រី វណ្ណៈ ដែលរស់នៅស្របផ្លូវបេតុងដែលភ្ជាប់ពីទំនប់ភូមិម៉ឺន្ត្រា មកសាលាសង្កាត់រលួស នៅឯនាយផ្លូវជាតិលេខ ១០៤ ឯនេះវិញ ក៏សម្រាន្តមិនលក់អស់ពេញមួយយប់មកហើយ ខណៈទឹកចាប់ផ្ដើមជន់ជោរលិចផ្លូវនិងជុំវិញគេហដ្ឋាន ដែលខ្លួនស្នាក់នៅជាមួយស្វាមី និងកូនពីរនាក់កាលពីព្រឹកថ្ងៃពុធ។
កម្មការិនីរោងចក្រវ័យ ៤១ ឆ្នាំរូបនេះ បង្ហាញថា ខ្លួនមិនដែលជួបប្រទះឡើយនូវជំនន់ទឹកស្ទឹងធំរបៀបនេះ។
«ឡើងម្តងនេះខ្ញុំបារម្ភព្រោះអីគេថាឡើងដល់លើគ្រែ…ត្រឹមគ្រែនេះ ព្រោះអីគេមកប្រាប់ថា ទឹកមកឡើងខ្ពស់ដល់ត្រឹមគ្រែ។ អ៊ីចឹងខ្ញុំប្រហែលទៅលើថ្នល់»។
លោក ថង ហន អាយុ ៦៧ ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងភូមិអូរអណ្តូង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ លោក ថង ហន ដែលមិនមានធ្វើការអ្វី ហើយដែលពឹងផ្អែកលើការផ្គត់ផ្គង់ពីកូនរបស់លោក មានប្រសាសន៍ថា ទឹកឡើងលឿន ហើយលិចមកដល់ដីរបស់លោក ក្នុងរយៈពេលពីរថ្ងៃនេះ។
លោកមានប្រសាសន៍នៅផ្ទះរបស់លោកថា ទឹកបច្ចុប្បន្ននេះឡើងដល់ក្បាលជង្គង់ហើយនៅក្នុងផ្ទះបាយរបស់លោក ដែលនៅខាងក្រោមផ្ទះ។
លោកថ្លែងថា៖ «ដូចថាឡើងលឿនហ្មងណ៎ា។ យើងពិបាកថា។ ខ្ញុំមិននឹកស្មានដល់ ហើយខ្ញុំក៏អត់បានត្រៀុមអីវ៉ាន់ អីរើចេញដែរ។ រាល់ឆ្នាំ វាមិនដែលលិចអ៊ីចឹងទេ»។
«បើដាច់ផ្លូវមានយ៉ាងម៉េច មានតែហែលទេ។ ឥឡូវរកអីទិញអីលែងបានហូបហើយនៀក! មិនដឹងអ្នកណាលក់អី! អ្នកណាយកអី !រញ៉េរញ៉ៃពេញហ្នឹង! លិចផ្លូវសងខាងហើយខាងត្បូងក៏លិច ខាងជើងក៏លិចនៅកណ្ដាល។ ហើយឥឡូវនេះវ៉ល់ហើយចប់ហើយ»
គិតត្រឹមថ្ងៃទី ១៤ ខែតុលានេះ ទឹកជំនន់សម្លាប់មនុស្ស ១២ នាក់នៅរាជធានីខេត្តចំនួន ១៩ និងប៉ះពាល់ប្រជាជនប្រមាណ ៤ ម៉ឺនគ្រួសារ ស្មើនឹងប្រមាណ ១៦ ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ប្រភពដដែលបានបន្ថែមថា ជំនន់នេះបានប៉ះពាល់ផ្ទះប្រមាណ ៤ ម៉ឺនខ្នងនិងសាលារៀនចំនួន ៤០២ កន្លែងលិចទឹក ហើយជន់លិចផ្ទៃដីដាំដុះប្រមាណ ១៧ ម៉ឺនហិកតា។
ក្រសួងធនធានទឹកនិងឧតុនិយម ឱ្យដឹងថា នឹងមានព្យុះត្រូពិកពីរផ្សេងទៀតបោកបក់ចេញពីសមុទ្រចិនខាងត្បូង មកលើប្រទេសវៀតណាម និងបន្តមានឥទ្ធិពលមកកម្ពុជាក្នុងសប្ដាហ៍នេះ ដែលនឹងអាចបង្កើនជំនន់ទឹកភ្លៀងនៅចន្លោះពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែតុលាខាងមុខនេះ។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម បានហៅជំនន់ឆ្នាំនេះថា ធំបំផុតមិនធ្លាប់មាន រាប់ចាប់តាំងពីជំនន់ឆ្នាំ ២០១៣ និងជំនន់ឆ្នាំ ២០១១ មក ដែលជំនន់ធំទាំងពីរនោះមួយលើកៗសម្លាប់ជីវិតមនុស្សរាប់រយនាក់ និងបង្កការខូចខាតសេដ្ឋកិច្ចរាប់លានដុល្លារ។
ខណៈដែលអ្នកស្រី ធូ ចាន់ណារី ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងខណ្ឌដង្កោ កំពុងធ្វើដំណើរចេញពីផ្ទះក្នុងសង្កាត់ស្ពានថ្ម តម្រង់មករកផ្លូវជាតិលេខ ១០៤ អ្នកស្រីធ្វើដំណើរកាត់តាមមុខផ្ទះលោក ផុន ផល អាយុ ៤៨ ឆ្នាំ។
ដីផ្ទះលោក ផុន ផល ខ្ពស់ផុតពីទឹកដែលជន់លិចផ្លូវមុខផ្ទះ និងមានរៀបបាវខ្សាច់ផងដែរ។ ទោះជាយ៉ាងនេះក្ដី បុរសមាឌធំក្រអាញរូបនេះ មិនសូវសង្ឃឹមល្អពីទឹកដែលហូរត្របាក់ខ្លាំងនេះឡើយ។
លោកមានប្រសាសន៍ថា៖ «បើដាច់ផ្លូវមានយ៉ាងម៉េច មានតែហែលទេ។ ឥឡូវរកអីទិញអីលែងបានហូបហើយនៀក! មិនដឹងអ្នកណាលក់អី! អ្នកណាយកអី !រញ៉េរញ៉ៃពេញហ្នឹង! លិចផ្លូវសងខាងហើយខាងត្បូងក៏លិច ខាងជើងក៏លិចនៅកណ្ដាល។ ហើយឥឡូវនេះវ៉ល់ហើយចប់ហើយ»។
លោក ផុន ផល និយាយនៅពេលភ្នែករបស់លោកកំពុងក្រឡេករំពៃមើលទឹកដែលហូរត្របាញ់តម្រង់ចូលមកក្នុងភូមិកាន់តែខ្លាំងឡើង។ លោកលើកឡើងថា លោកមានគម្រោងជញ្ជូនអីវ៉ាន់ចេញដែរ ក្នុងពេលល្ងាចថ្ងៃពុធនេះ៕