ក្រសួងអប់រំចិនបានព្រមានសិស្សនិស្សិតចិនអំពីការសិក្សានៅសហរដ្ឋអាមេរិក ដោយលើកឡើងពីការកើនឡើងនៃការពន្យារពេលនិងការរឹតបន្តឹងក្នុងការទទួលបានទិដ្ឋាការ។
ការព្រមាននេះកើតមានឡើងក្នុងអំឡុងពេលសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកកាន់តែមានភាពតានតឹង និងការព្រួយបារម្ភពីមនុស្សមួយចំនួននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនពាក់ព័ន្ធនឹងការលួចយកការណ៍ ឬការលួចកម្មសិទ្ធបញ្ញា។
អ្នកនាំពាក្យក្រសួងអប់រំអ្នកស្រី Xu Mei បានថ្លែងថា៖ «ការដាក់ពាក្យស្នើសុំទិដ្ឋាការរបស់សិស្សនិស្សិតជនជាតិចិនដែលចង់ទៅសិក្សានៅសហរដ្ឋអាមេរិកថ្មីៗនេះ មានការរឹតបន្តឹង ដោយមានការពិនិត្យមើលបន្ថែម កាត់បន្ថយរយៈពេលដែលពួកគេអាចស្នាក់នៅ និងបង្កើនអាត្រាបដិសេធមិនផ្តល់ទិដ្ឋាការ ដែលអាចធ្វើឲ្យប៉ះពាល់ដល់គម្រោងទៅសិក្សានៅសហរដ្ឋអាមេរិក ឬគម្រោងបញ្ចប់ការសិក្សានៅទីនោះ»។
ក្រសួងអប់រំចិនក៏បានប្រាប់ទៅសិស្សនិស្សិតដែលចង់ទៅសិក្សានៅសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកឲ្យពង្រឹងការប៉ាន់ស្មានពីហានិភ័យ។
អ្នកស្រី Xu Yongji មន្ត្រីក្រសួងអប់រំមួយរូបទៀតបានប្រាប់អ្នកផ្សាយព័ត៌មានទូរទស្សន៍ CCTV ថា សិស្សនិស្សិតចិន១៣,៥ភាគរយ នៃសិស្សនិស្សិតទាំងអស់ដែលបានដាក់ពាក្យសុំទិដ្ឋាការទៅសិក្សានៅអាមេរិក មិនបានទៅសិក្សាតាមការគ្រោងទុកនោះទេ ដោយសារតែមានបញ្ហាផ្នែកទិដ្ឋាការ៕