ព័ត៌មាននានាដែលបង្ហាញពីនិស្សិតអន្តរជាតិមកពីប្រទេសចិនជិះរថយន្តទំនើបៗថ្លៃកប់ពពកនិងមិនខ្វល់ពីថ្លៃបង់សាលានោះបានក្លាយជាការសន្និដ្ឋានទុកជាមុនមួយ។
ប៉ុន្តែ គេបានរកឃើញថា និស្សិតចិនជាច្រើនដែលមានចំនួនស្មើនឹង១ភាគ៣នៃចំនួននិស្សិតបរទេសសរុបសិក្សានៅស.រ.អា. បាននិយាយថា ក្រុមគ្រួសាររបស់ពួកគេបានសន្សំថវិកាអស់ជាច្រើនឆ្នាំដើម្បីផ្គត់ផ្គង់ការចំណាយលើការសិក្សានៅតាមមហាវិទ្យាល័យនិងសាកលវិទ្យាល័យដ៏ថ្លៃនៅស.រ.អា.។
លោកស្រី Yeming Zhang ម្តាយនិស្សិតចិនម្នាក់ដែលបានចំណាយថវិកាប្រហែល៩ម៉ឺនដុល្លារក្នុងមួយឆ្នាំបញ្ជូនកូនស្រីគាត់ទៅសិក្សានៅសាកលវិទ្យាល័យ Boston ក្នុងរដ្ឋ Massachusetts បាននិយាយថា៖«ខ្ញុំមានថវិកាចំណាយលើការបង់ថ្លៃសិក្សា និងការចំណាយផ្សេងៗគឺដោយសារការចាយវាយត្បិតត្បៀតនិងសន្សំសំចៃណាស់»។ លោកស្រីបានបន្តថា លោកស្រីប្រកបរបរលក់សម្ភារសំណង់ ជាង១០ឆ្នាំហើយដើម្បីសន្សំថវិកាសម្រាប់កូនរៀន។
ដើម្បីសម្រាលបន្ទុកគ្រួសារនាង និស្សិត Linda Zhou បាននិយាយថា នាងត្រូវធ្វើការ១៥ម៉ោងក្នុងមួយសប្តាហ៍ជាអ្នកទទួលភ្ញៀវនៅមជ្ឈមណ្ឌលភាសាអង់គ្លេស និងមជ្ឈមណ្ឌលនិស្សិតអន្តរជាតិ ខណៈពេលដែលទិដ្ឋាការរបស់ពួកគេបានកំណត់ទៅលើប្រភេទកន្លែងនិងប្រាក់ខែដែលនិស្សិតអន្តរជាតិអាចធ្វើការបាន។
និស្សិតចិនជាច្រើនផ្សេងទៀតក៏ត្រូវរកការងារធ្វើ ដើម្បីទទួលបានថវិកាសម្រាប់ចំណាយលើអាហារនិងសម្លៀកបំពាក់។ លោក Xuemeng Zhao និស្សិតសិក្សានៅមហាវិទ្យាល័យ Hampshire នៅរដ្ឋ Massachusetts ធ្វើការ៤កន្លែងផ្សេងគ្នាក្នុងពេលតែមួយនិងគេងបានត្រឹមតែ៦ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។ និស្សិតម្នាក់ទៀត ឈ្មោះ Vivi Zou សិក្សានៅសាកលវិទ្យាល័យ California-Davis ធ្វើការក្រៅម៉ោងជាអ្នកបម្រើក្នុងហាងកាហ្វេ៨ម៉ោងក្នុងមួយសប្តាហ៍។
ប្រហែល៦៥ភាគរយនៃនិស្សិតអន្តរជាតិជាង១លាននាក់នៅស.រ.អា. បានចំណាយលើថ្លៃសិក្សា និងការចំណាយផ្សេងៗ ដោយខ្លួនឯង ដែលមានន័យថា ថវិកាទាំងនោះបានមកពីឪពុកម្តាយ ជំនួយផ្ទាល់ខ្លួន ឬប្រាក់អាហារូបករណ៍ពីរដ្ឋាភិបាលរបស់ពួកគេ។ ក្នុងចំណោមនិស្សិតរៀនថ្នាក់បរិញ្ញបត្រ ថវិកាជាង៨០ភាគរយ ចំណាយ លើថ្លៃសិក្សាបានមកពីគ្រួសារ នេះបើយោងតាមវិទ្យាស្ថានសម្រាប់អប់រំអន្តរជាតិ (IIE) ក្នុងរដ្ឋធានី Washington។
និស្សិតអន្តរជាតិសិក្សានៅស.រ.អា. ភាគច្រើនមកពីគ្រួសារដែលមានចំណូលមធ្យមនិងលើសមធ្យមដែលត្រូវចំណាយលើថ្លៃសិក្សាក្នុងស.រ.អា.ចាប់ពីប្រហែល២៧.០០០ដុល្លារដល់ជាង៧០.០០០ដុល្លារ ក្នុងមួយឆ្នាំ។ នៅពេលនិស្សិតទាំងនោះដាក់ពាក្យសុំទិដ្ឋាការមកសិក្សា ពួកគេត្រូវបញ្ជាក់ អះអាងថាពួកគេមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការចាយវាយប្រចាំឆ្នាំ មិនមែនត្រឹមតែសម្រាប់សំបុត្រយន្តហោះធ្វើដំណើរមកស.រ.អា.ឡើយ។
លោក Rick Fitzgerald អ្នកនាំពាក្យសាកលវិទ្យាល័យ Michigan ក្នុងទីក្រុង Ann Arbor បានពន្យល់ថា៖«និស្សិតអន្តរជាតិដែលស្នើសុំទិដ្ឋាការប្រភេទ F-1, F-2, J-1, J-2 និងប្រភេទ G (ការទូត)តម្រូវឲ្យបញ្ជាក់អះអាងថា ខ្លួនមានធនធានគ្រប់គ្រាន់សម្រាប់ការចាយវាយក្នុងអំឡុងពេលសិក្សានៅសាកលវិទ្យាល័យ ហើយច្បាប់សហព័ន្ធបានរឹតត្បិតទៅលើជំនួយហិរញ្ញវត្ថុ»។
បើទោះមានការចំណាយច្រើនក៏ដោយ គ្រួសារនិស្សិតចិនជាច្រើនបានរៀបចំឲ្យកូនៗរបស់ខ្លួនបន្តការសិក្សាថ្នាក់មហាវិទ្យាល័យជាច្រើនឆ្នាំ ហើយពួកគេគិតថា កូនៗរបស់ពួកគេស័ក្តិសមនឹងទទួលបានការអប់រំល្អ។
អាណាព្យាបាលនិស្សិតម្នាក់ឈ្មោះ Mingjun Chao ដែលមានកូនសិក្សានៅសាកលវិទ្យាល័យ Southern California បាននិយាយថា៖«ខ្ញុំគិតថា ការសិក្សានៅមហាវិទ្យាល័យស.រ.អា.ធ្វើឲ្យកូនប្រុសខ្ញុំមានឱកាសកាន់តែច្រើនជាងមុន ដើម្បី ពង្រីកការយល់ដឹងនិងបង្កើនទំនាក់ទំនងកាន់តែច្រើននៅក្នុងសង្គម។ ថវិកាដែលយើងចំណាយគឺបានមកពីការសន្សំផ្ទាល់ខ្លួនរបស់ពួកយើង»។
ដូចគ្នានេះដែរ ឪពុកម្តាយនិស្សិតមួយរូបទៀតឈ្មោះ Yeming Zhang បាននិយាយថា៖«ខ្ញុំបញ្ជូនកូនខ្ញុំទៅសិក្សានៅមហាវិទ្យាល័យស.រ.អា. ដើម្បីឲ្យគាត់អាចដឹងពីវប្បធម៌ផ្សេងៗនិងអាចចេះសម្របខ្លួនទៅតាមតាមសង្គមនានាផងដែរ»។
ប៉ុន្តេនៅពេលដែលនិស្សិតចិនមកដល់ស.រ.អា. ពួកគេបានចំណាយថវិកាច្រើនជាងនិស្សិតស.រ.អា. យ៉ាងច្រើន ហើយនិស្សិតមួយចំនួនបានចោទសួរពីភាពខុសគ្នាមួយនេះ។
និស្សិតឈ្មោះ Tianze Liu មកពីសកលវិទ្យាល័យ California ក្នុងក្រុងIrvingបាននិយាយថា៖«ខ្ញុំយល់ដែលនិស្សិតក្នុងស្រុកចំណាយលើថ្លៃសិក្សាតិចជាងនិស្សិតបរទេសនោះ។ ពួកគេស័ក្តិសមនឹងទទួលបានសេវាសាធារណៈពីប្រទេសរបស់ពួកគេ»។
និស្សិតរូបនេះបានបន្ថែមថា៖ «ក៏ប៉ុន្តែ ពេលខ្លះ ការចំណាយលើការសិក្សារបស់ពួកខ្ញុំ ច្រើនជាងការចំណាយរបស់និស្សិតក្នុងស្រុក១០ដង»។
លោក Dan Mann អនុប្រធានកិច្ចការរដ្ឋបាលទទួលខុសត្រូវលើការគ្រប់គ្រងការចុះឈ្មោះចូលរៀននៃសាកល វិទ្យាល័យ Illinois Urbana-Champaign បានពន្យល់ថា៖«កម្រិតនៃការចំណាយសម្រាប់និស្សិតបរទេសជាធម្មតាគឺខ្ពស់បែបហ្នឹង ពីព្រោះពួកគេមិនបានបង់ពន្ធសហព័ន្ធឬពន្ធរដ្ឋឡើយ ដែលប្រាក់ពន្ធទាំងនោះបានជួយទំនុកបំរុងដល់ដំណើរការនានាក្នុងសាកលវិទ្យាល័យ និងសកម្មភាពការសិក្សាស្រាវជ្រាវ»។
ឧទាហរណ៍ បើនិស្សិតមកពីរដ្ឋ Massachusetts សិក្សានៅសាកលវិទ្យាល័យ Massachusettsនឹងចំណាយប្រាក់ក្នុងខ្ទង់តម្លៃសិក្សាក្នុងរដ្ឋ ប៉ុន្តែបើនិស្សិតរូបនេះសិក្សានៅតាមសាកលវិទ្យាល័យរដ្ឋក្នុងរដ្ឋ California នឹងត្រូវចំណាយប្រាក់ក្នុងខ្ទង់តម្លៃសិក្សាក្រៅរដ្ឋ ដូចនិស្សិតបរទេសដែរ។ តាមប្រព័ន្ធសាកលវិទ្យាល័យ California ក្នុងឆ្នាំសិក្សា២០១៦-២០១៧ ថ្លៃសិក្សានិងការចំណាយផ្សេងៗ សម្រាប់និស្សិតនៅក្នុងរដ្ឋ គឺប្រមាណ១៥.៣៩៧ដុល្លារ និងនិសិ្សតមកពីរដ្ឋផ្សេងគឺប្រមាណ ៤៣.៤១១ដុល្លារ។
ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅនេះ តម្លៃសិក្សាបានកើនឡើង២១៣ភាគរយនៅតាមសាលារដ្ឋ ហើយនៅតាមសាលាឯកជនកើនឡើង១៣០ភាគរយ នេះបើយោងតាមលោកស្រី Rajika Bhandari ទីប្រឹក្សាជាន់ខ្ពស់ខាងផ្នែកយុទ្ធសាស្រ្ត និងស្រាវជ្រាវនៃវិទ្យាស្ថានអប់រំអន្តរជាតិ ឬ IIE។ ការឡើងថ្លៃសិក្សាកើតឡើង ស្របពេលដែលថវិការដ្ឋផ្តល់ជូនដល់មហាវិទ្យាល័យនិងសាកលវិទ្យាល័យធ្លាក់ចុះវិញ។
ថវិការដ្ឋសម្រាប់ការកម្មវិធីអប់រំរយៈពេល២ និង៤ឆ្នាំនៅមហាវិទ្យាល័យ ទាបជាងឆ្នាំ២០០៨ដល់ទៅជិត៩ពាន់លានដុល្លារ នេះបើតាមរបាយការណ៍ដែលមាននៅលើគេហទំព័ររបស់មជ្ឈមណ្ឌលសម្រាប់ថវិកា និងគោលនយោបាយអាទិភាព(CBPP) ដែលជាវិទ្យាស្ថានគោលនយោបាយនិងស្រាវជ្រាវឯករាជ្យក្នុងរដ្ឋធានី Washington។
របាយការណ៍របស់មជ្ឈមណ្ឌល CBPP នេះបានសរសេរថា៖«អស់រយៈពេលមួយទសវត្សរ៍មកនេះចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមក ថវិកាដែលរដ្ឋាភិបាលចំណាយលើមហាវិទ្យាល័យនិងសាកលវិទ្យាល័យសាធារណៈមានកម្រិតទាបជាងពេលណាៗទាំងអស់ឆ្ងាយ បើទោះជាមានការកើនឡើងនៅពេលថ្មីៗនេះក៏ដោយក្តី»។
យោងតាមវិទ្យាស្ថានអប់រំអន្តរជាតិ និស្សិតអន្តរជាតិបានរួមចំណែកក្នុងសេដ្ឋកិច្ចស.រ.អា.គិតជាទឹកប្រាក់ប្រមាណ៤២ពាន់លានដុល្លារក្នុងឆ្នាំ២០១៧-២០១៨ ទៅលើវិស័យអប់រំឧត្តមសិក្សា ការស្នាក់នៅ ការហូបចុក ការទិញដូរ ទូរគមនាគមន៍ មធ្យោបាយធ្វើដំណើរ និងការធានារ៉ាប់រងសុខភាព។ និស្សិតបរទេសបានផ្តល់ការងារជាង៤៥៥.០០០កន្លែងក្នុងស.រ.អា. គឺមានន័យថានិស្សិតបរទេស៧រូបបានបង្កើតការងារ៣កន្លែងក្នុងស.រ.អា.។
លោកស្រី Sandy Baum អ្នកជំនាញខាងហិរញ្ញវត្ថុឧត្តមសិក្សានៃវិទ្យាស្ថាន Urbanដែលជាស្ថាប័នស្រាវជ្រាវមិនរកកម្រៃបាននិយាយថា និស្សិតជនជាតិ ចិន «មិនបានចំណាយថវិកាច្រើនជាងចំនួនដែលគេមានបញ្ជាក់បង្ហាញនោះទេ»។
លោកស្រីបានបន្ថែមថា៖«និស្សិតចិនមិនបានចំណាយច្រើនលើសតម្លៃនៃការអប់រំដែលពួកគេទទួលបាននោះទេ។ នៅតាមមហាវិទ្យាល័យឯកជនភាគច្រើន និស្សិតទាំងអស់ទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ ក្នុងនោះក៏មាននិស្សិតចិនផងដែរ។ គ្រាន់តែនិស្សិតដែលបង់ពេញថ្លៃទទួលបានជំនួយហិរញ្ញវត្ថុតិចជាងអ្នកដែលពឹងផ្អែកលើជំនួយហិរញ្ញវត្ថុរបស់សាលាឬរដ្ឋាភិបាល»។
ទោះជាយ៉ាងណាក៏ដោយ មានគេរាយការណ៍ថា និស្សិតចិនមួយចំនួនក៏ទទួលបានជំនួយហិរញ្ញវត្ថុពីមហាវិទ្យាស.រ.អា.ដែរ។ និស្សិតឈ្មោះ Alex Kong ដែលកំពុងសិក្សាឆ្នាំទី៤នៃមុខជំនាញសារព័ត៌មាននៃសាកលវិទ្យាល័យ Missouri ក្រុងColumbia បាននិយាយថា គាត់បានទទួលទឹកប្រាក់៧៦០០ ដុល្លារក្នុងរយៈពេលបីឆ្នាំកន្លងទៅនេះ ដែលទឹកប្រាក់នោះរាប់បញ្ជូលទាំងប្រាក់អាហារូបករណ៍និងជំនួយហិរញ្ញវត្ថុ។
និស្សិតរូបនេះ បានបន្ថែមថា៖«ប្រាក់ទាំងនោះជាការលើកទឹកចិត្តដល់ខ្ញុំ។ វាជំរុញឲ្យខ្ញុំ ធ្វើការលះបង់ពេលវេលាបន្ថែមទៀតសម្រាប់ការសិក្សារៀនសូត្រ។ ខ្ញុំបានដាក់ពាក្យស្នើសុំជំនួយហិរញ្ញវត្ថុ និងអាហារូបករណ៍ដើម្បីជួយសម្រាលបន្ទុកគ្រួសារខ្ញុំ។ វាក៏ជាជំហានដំបូងសម្រាប់ខ្ញុំ ដើម្បីអាចទទួលបានឯករាជ្យភាពខាងហិរញ្ញវត្ថុ»។
លោក Kong បានស្រាវជ្រាវព័ត៌មានតាមរយៈគេហទំព័រ Google ដើម្បីទទួលបានជំនួយហិរញ្ញវត្ថុពីមហាវិទ្យាល័យរបស់លោកនិងបានបំពេញឯកសារតាមលំដាប់លំដោយនៃពាក្យសុំទាំងនោះ។ លោក Kong បានបន្ថែមថា៖«ទោះជាយ៉ាងនេះក្តី មិត្តភក្តិរបស់លោកភាគច្រើន ដូចជាមិនបានដឹងអំពីព័ត៌មានស្តីពីជំនួយហិរញ្ញវត្ថុ និងអាហារូបករណ៍នេះទេ។ ប្រសិនបើខ្លួនយើងផ្ទាល់មិនស្វែងរកព័ត៌មាន គ្មាននរណាប្រាប់យើងឡើយ»។
ក្រុមនិស្សិតចិនបាននិយាយថា ពួកគេត្រូវតែប្រឹងប្រែងរកប្រាក់ដែលបានចំណាយលើការសិក្សាមកវិញតាមរយៈការងារមានប្រាក់ខែខ្ពស់ ក្រោយបញ្ចប់ការសិក្សា។
កញ្ញា Linda Zhou ជានិស្សិតជនជាតិចិនឆ្នាំទី៤នៃសាកលវិទ្យាល័យ Vanderbilt ក្នុងរដ្ឋ Tennessee បាននិយាយថា៖«ខ្ញុំនឹងមានអារម្មណ៍សប្បាយចិត្តនិងមានសម្ពាធតិចជាងនេះ ប្រសិនបើឪពុកម្តាយខ្ញុំមិនបានចំណាយថវិកាទាំងស្រុងលើថ្លៃការសិក្សារបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ខុសដែលខ្ញុំឲ្យពួកគាត់បង់ថ្លៃសិក្សាឲ្យខ្ញុំ។ ការចំណាយលើថ្លៃសិក្សា ប្រៀបដូចជា ការវិនិយោគរបស់ឪពុកម្តាយខ្ញុំសម្រាប់រូបខ្ញុំ ខ្ញុំត្រូវតែធ្វើវាឲ្យមានតម្លៃ និងមានប្រយោជន៍មកវិញ។ ខ្ញុំនឹងមានអារម្មណ៍តូចចិត្ត ប្រសិនបើខ្ញុំធ្វើមិនបាន។ វាសំខាន់ណាស់»។
កញ្ញា Zhou និយាយថា នាងជ្រើសរើសមហាវិទ្យាល័យដោយផ្តល់អាទិភាពលើលំដាប់លេខរៀងនៃមហាវិទ្យាល័យនោះ ជាងផ្តោតទៅលើជំនួយហិរញ្ញវត្ថុតាមមហាវិទ្យាល័យនោះ។
កញ្ញាបានបន្ថែមថា៖«ពេលដែលខ្ញុំដាក់ពាក្យចូលរៀននៅមហាវិទ្យាល័យស.រ.អា. ខ្ញុំមិនបាន ដឹងព័ត៌មានច្រើនអំពីជំនួយហិរញ្ញវត្ថុ និងអាហារូបករណ៍ឡើយ។ ប៉ុន្តែប្រសិនបើខ្ញុំមានឱកាសជ្រើសរើសម្តងទៀត ខ្ញុំនឹងដាក់ពាក្យស្នើសុំជំនួយហិរញ្ញវត្ថុ និងអាហារូបករណ៍ និងចូលរៀននៅមហាវិទ្យាល័យ ដែលផ្តល់ថវិកាដល់ខ្ញុំ បើទោះជាមហាវិទ្យាល័យនោះជាប់លំដាប់លេខទាបជាងក៏ដោយក្តី»៕
ប្រែសម្រួលដោយ កោះ សុគន្ធី