ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ព្រម​ទទួល​ធ្វើ​មាតុភូមិនិវត្តន៍​ពល​រដ្ឋ​ខ្លួន​ពី​សហ​រដ្ឋ​អាមេរិក​ ​ក្រោយ​រង​ការ​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ


លោក Carl C. Risch ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការកុងស៊ុល ផ្ទៀងស្ដាប់សំណួរអ្នកសារព័ត៌មាន អំឡុងសន្និសីទកាសែត នៅឯនិវេសនដ្ឋានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅក្រុងភ្នំពេញ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA)
លោក Carl C. Risch ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការកុងស៊ុល ផ្ទៀងស្ដាប់សំណួរអ្នកសារព័ត៌មាន អំឡុងសន្និសីទកាសែត នៅឯនិវេសនដ្ឋានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅក្រុងភ្នំពេញ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA)

កម្ពុជា​យល់​ព្រមទទួល​ ​យក​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ប្រព្រឹត្តិ​បទល្មើស​នៅ​សហរដ្ឋ​អាមេរិក​ ​មក​កម្ពុជា​វិញ​តាម​ការ​ស្នើ​របស់​អាមេរិក​ ​ដោយ​ផ្អែក​លើ​កិច្ច​ព្រមព្រៀង​ ​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​កាល​ពី​ឆ្នាំ​២០០២​និង​ឆ្នាំ២០០៣​ ​កន្លង​មក។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ ផាត ផានិត​ ប្រធាន​នាយកដ្ឋាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​ក្រសួង​មហាផ្ទៃ។​

​ការ​បញ្ជាក់​របស់​មន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ​រូប​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ជំនួប​ទ្វេភាគី​រវាង​មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​កុងស៊ុល​របស់​អាមេរិក​លោក​ Carl C. Risch​ និងរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃកម្ពុជា លោក​ ស ខេង កាលពី​រសៀល​ថ្ងៃ​សុក្រ​នេះ។​ ​ថ្នាក់ដឹកនាំ​នៃ​ជាន់​ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​បានពិភាក្សា​អំពី​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ ​ពី​សហរដ្ឋ​អាមេរិក​មក​កាន់​ប្រទេស​កម្ពុជា​ ​ក្រោយ​កម្ពុជា​បានប្រកាស​ផ្អាកឈប់​ទទួលអស់​មួយ​រយៈ​កន្លង​មក។

លោក​ ផាត ផានិត​ ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួង​មហាផ្ទៃ​ ​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​បិទទ្វារ​រវាង​លោក​ ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ​និង​លោក Carl C. Risch​ ​ថា​ ​កម្ពុជា​បានឯកភាព​តាម​ការ​ស្នើ​ក្នុង​ការ​បន្ត​អនុវត្ត​ការធ្វើ​មាតុភូមិនិវត្តន៍ជនជាតិខ្មែរ​ពី​សហរដ្ឋអាមេរិក​មកវិញ​ ​ដោយ​ផ្អែកលើ​ស្មារតី​នៃ​ MOU ​ឆ្នាំ២០០២​ ​និង MOU បំពេញ​បន្ថែមឆ្នាំ២០០៣។

លោក​ ផាត ផានិត ​បន្ថែម​ដោយ​លើក​ឡើង​ពី​សម្តី​របស់​លោក​ ស ខេង ​ប្រាប់​ទៅលោក​ Carl C. Risch ពី​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា៖​

«សម្តេច​បាន​ជម្រាប​ជូន​គណៈប្រតិភូ​ដែរ​ថា ជា​ទូទៅកម្ពុជា​មិន​មាន​ការ​គេចវេស​ក្នុង​ការ​អនុវត្ត​កាតព្វកិច្ច​ក្នុង​ការទទួល​យក​ពលរដ្ឋ​ខ្លួន​មក​វិញ​នោះ​ទេ ប៉ុន្តែ​អ្វីៗ​ត្រូវ​ឆ្លង​កាត់​ការ​ពិភាក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ»។

លោក​បាន​បន្ថែម​ថា​ លោក​ ស ខេង​ ក៏​បានស្នើឲ្យសហរដ្ឋ​អាមេរិក​ផ្តល់​ជំនួយ​ដល់​ជនជាតិ​ខ្មែរ​ដែល​ត្រូវ​បាន​បញ្ជូន​ពី​សហរដ្ឋ​អាមេរិក​ ដើម្បី​ឲ្យ​ពួកគាត់​មាន​លទ្ធភាព​កសាង​ជីវិត​នៅ​កម្ពុជា។​

លោកស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃធ្វើ​ជាអធិបតី​សិក្ខាសាលាបូក​សរុបចំនួនជនអន្តោប្រេះេសន៍​ឆ្នាំ​២០១៦
លោកស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃធ្វើ​ជាអធិបតី​សិក្ខាសាលាបូក​សរុបចំនួនជនអន្តោប្រេះេសន៍​ឆ្នាំ​២០១៦

លោក​ ផាត ផានិត​ បញ្ជាក់​ថា៖

«សម្តេច​ក៏​បាន​ស្នើដល់​ខាង​ភាគី​សហរដ្ឋ​អាមេរិក​ឲ្យ​បន្តធ្វើ​យ៉ាង​ណា​ផ្តល់​បង្កើន​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុទៅ​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​ត្រូវ​ធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ​នោះ​ឲ្យ​ពួកគាត់​មាន​លទ្ធភាព​ក្នុង​ការ​កសាង​ជីវិត​នៅ​កម្ពុជា និង​អាច​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សង្គម​កម្ពុជា​វិញ​ប្រកប​ដោយ​ជោគជ័យ»។

ជំនួបរវាង​មន្រ្តីជាន់​ខ្ពស់​ផ្នែក​កុងស៊ុល​របស់​អាមេរិក​លោក​ Carl C. Risch​ ជាមួយរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ ​ស ខេង​ ធ្វើ​ឡើង​បន្ទាប់​ពីរដ្ឋាភិបាល​កម្ពុជាកាល​ពី​ឆ្នាំ​មុន​ ​បានប្រកាស​ឈប់ទទួលយកជនជាតិខ្មែរដែលត្រូវ​បាន​សហរដ្ឋអាមេរិកបញ្ជូនត្រឡប់មក​វិញ ដោយ​សំអាង​លើហេតុផល​សិទ្ធិ​មនុស្ស។​ ករណី​នេះ​បាន​ជំរុញ​ឲ្យ​មាន​ភាព​តាន​តឹង​ផ្នែក​ការទូត​រវាង​រដ្ឋាភិបាល​កម្ពុជាជាមួយ​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន ​និង​នាំ​ដល់​ការ​បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​សំខាន់ៗ​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា​ឆ្លើយ​តប​នឹង​ការ​បដិសេធ​នេះ។​

មុន​នឹង​ជំនួប​ជាមួយ​លោក​ ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ​មន្រ្តី​ជាន់ខ្ពស់​ផ្នែក​កុងស៊ុល​របស់​អាមេរិក​លោក​ Carl C. Risch​ ក៏​បានធ្វើ​កិច្ច​ប្រជុំ​តុ​មូល​មួយ​ជាមួយ​អ្នក​សារព័ត៌មាន​ ​ដើម្បី​ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​គោលបំណងនៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក។​

លោក Carl C. Risch​ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​យ៉ាង​ដូច្នេះ៖​

​«អាទិភាព​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​គឺ​ ​ធានា​ថា​ ​នៅ​ពេល​នរណា​ម្នាក់​ត្រូវ​បាន​ចាត់​ទុក​ថា ត្រូវ​ដក​ចេញ​ពី​សហរដ្ឋ​អាមេរិក​ ​ប្រទេស​កំណើត​របស់​បុគ្គល​នោះ​ត្រូវ​មាន​ការ​សហការ​ ​និង​យក​បុគ្គល​នោះ​ត្រឡប់​ទៅ​វិញ។​ ដូច​នេះ​ ​យើង​ចាត់​ទុក​វា​ជា​អ្វីមួយ​ដែល​សំខាន់​នៅ​សហរដ្ឋ​អាមេរិក​ ​ដើម្បី​ធានា​ថា​ ​មាន​ការ​គោរព​នីតិរដ្ឋ​ ហើយ​ធានា​ថា បណ្តា​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​សហការ​ជាមួយ​យើង​ ​ក៏​ដូចជា​ទទួល​យក​ករណី​ធ្វើ​មាតុភូមិនិវត្តន៍»។

បើ​តាម​លោក​ ​Carl C. Risch​ ចាប់​តាំង​ពី​ឆ្នាំ​២០០២​ ​មក​ជនជាតិ​ខ្មែរ​ប្រហែល​៦០០​នាក់​ ​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​បញ្ជូន​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ ​ដោយ​លោក​ថា​ ​ភាគច្រើន​នៃ​ពួកគេ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ឧក្រិដ្ឋ។​

អ្នក​រិះគន់មួយ​រូប​ចំពោះ​កម្មវិធី​និរទេស​មនុស្ស​នេះបាន​អះអាង​ថា​ កម្មវិធីធ្វើ​មាតុភូមិនិវត្តន៍​ នេះ​បាន​បំបែក​មនុស្ស​យ៉ាង​សាហាវ​យង់ឃ្នង​ចេញ​ពី​ក្រុម​គ្រួសារ​របស់​ពួកគេ​ជា​រៀង​រហូត​ ​ដោយ​បញ្ជូន​អ្នក​ទាំង​នោះ​ទៅ​កាន់​ប្រទេសកំណើតឬ​មាតុ​ប្រទេស​មួយ​ដូច​ជា​ប្រទេស​កម្ពជា ​ដែល​ពួក​គេ​ភាគ​ច្រើន​មិន​ដែល​បាន​ទៅ​ដល់ ឬ​ក៏​ស្គាល់​បាន​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ​ ដោយ​សារ​ពួក​គេ​បាន​ធំ​ដឹង​ក្តី​និង​មាន​ចំណង​គ្រួសារ​នៅ​សហរដ្ឋ​អាមេរិក​រួច​ទៅ​ហើយ។ ​ម៉្យាង​ទៀត ពួក​គេ​បាន​ជាប់​ទោស​រួច​មក​ហើយ​ ចំពោះ​បទ​ឧក្រិដ្ឋ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​នៅ​សហរដ្ឋ​អាមេរិក។​

កាលពី​ឆ្នាំ​មុន​ សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​មន្ត្រី​ក្រសួង​ការបរទេស​ជាន់ខ្ពស់​កម្ពុជា​មួយ​ចំនួន​ បន្ទាប់ពី​កម្ពុជា​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ ថា​ផ្អាក​ការ​ទទួល​យក​ពលរដ្ឋកម្ពុជា​ដែល​ត្រូវបាន​បណ្តេញ​ចេញ​ពី​សហរដ្ឋអាមេរិក។​ ជា​ការ​សងសឹក ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ផ្អាក​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​ស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក​នៅ​លើ​ទឹកដី​កម្ពុជា ​ដែល​បាន​បាត់​ខ្លួន​ក្នុង​អំឡុង​សង្គ្រាម​វៀតណាម។​

បើ​តាម​លោក​ ផាត ផានិត​ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ ​ពី​សហរដ្ឋ​អាមេរិក​ ​មក​កាន់​ប្រទេស​កម្ពុជា​ ​លោក​ ​ស ខេង​ ​ក៏​សង្ឃឹម​ផង​ដែរ​ថា​ ​សហរដ្ឋ​អាមេរិក​នឹង​ពិចារណា​ ​ក្នុង​ការ​ដក​ចេញ​នូវ​បម្រាម​ចំពោះ​ទិដ្ឋាការ​ទៅ​ដល់​មន្រ្តី​ការ​បរទេស​កម្ពុជា​ ដែល​សហរដ្ឋ​អាមេរិក​ ​បាន​ដាក់​កន្លង​មក។​ ប៉ុន្តែ​ ផាត ផានិត​ បញ្ជាក់​ថា ​មន្រ្តីជាន់ខ្ពស់​ផ្នែក​កុងស៊ុល​របស់​អាមេរិក​មិនទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នោះ​ទេ​ ​ដោយ​ថា​ ​នឹង​ទុក​លទ្ធភាព​ឲ្យ​ក្រុមការងារភាគី​ទាំងពីរ​ ​ពិនិត្យ​ពិភាក្សា​បន្ថែម ដើម្បី​ស្វែង​រក​ចំណុច​រួម​ពាក់ព័ន្ធ​ទៅ​នឹងភាព​មិន​ទាន់​ចុះ​សម្រុង​គ្នា​ ​ព្រមទាំង​សំណូមពរ​ផ្សេងៗ៕

XS
SM
MD
LG