លោក Richard Branson ប្រធានក្រុមហ៊ុនអាកាសចរណ៍អាមេរិក Virgin Galactic ធ្វើដំណើរទៅកាន់អវកាសនៅព្រឹកថ្ងៃអាទិត្យនេះ (ម៉ោងក្នុងសហរដ្ឋអាមេរិក) ដោយជិះយានអវកាសផ្ទាល់ខ្លួនរបស់លោក។
មហាសេដ្ឋីមានប្រាក់រាប់ពាន់លានដុល្លាររូបនេះធ្វើដំណើរជាមួយបុគ្គលិកក្រុមហ៊ុនរបស់លោកចំនួន៥នាក់ផ្សេងទៀតក្នុងដំណើរធ្វើតេស្តហោះហើរទៅកាន់អវកាសនេះ ដោយធ្វើដំណើរចេញពីរដ្ឋ New Mexico សហរដ្ឋអាមេរិក។
លោក Branson មានកំណើតនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ លោកនឹងមានអាយុ ៧១ ឆ្នាំនៅសប្ដាហ៍ក្រោយនេះ។
កាលពីដំបូងឡើយ លោក Branson មានគម្រោងនឹងធ្វើដំណើរទៅកាន់អវកាសនៅពេលក្រោយក្នុងរដូវក្ដៅនេះ ប៉ុន្តែលោកបានប្ដូរចិត្តធ្វើដំណើរមុនកំណត់វិញ ក្រោយពេលមហាសេដ្ឋី Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon ប្រកាសពីគម្រោងធ្វើដំណើរទៅកាន់អវកាសដោយជិះយានអវកាសផ្ទាល់ខ្លួនពីរដ្ឋ Texas នៅថ្ងៃទី២០ ខែកក្កដា ខាងមុខនេះ។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP៕