យុវតី យង់ ស្រីនាង ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យឫស្សីកែវ រាជធានីភ្នំពេញ ដែលទើបបញ្ចប់ការប្រឡងបាក់ឌុបកាលពីពេលថ្មីៗនេះ។ កញ្ញាលើកឡើងថា ខ្លួនកំពុងតែគិតថាត្រូវជ្រើសរើសមុខជំនាញអ្វីសម្រាប់បន្តការសិក្សានៅសាកលវិទ្យាល័យ។ ជំនាញរចនាក្រាហ្វិក និងទំនាក់ទំនងអន្តរជាតិ ជាជម្រើសរបស់យុវតីរូបនេះ នាពេលបច្ចុប្បន្ន។
នាងថ្លែងថា៖ «ខ្ញុំធ្លាប់ឮពីជំនាញទាំងអស់ហ្នឹង គ្រាន់តែថាបើ Graphic Design អាចថាជាងមួយឆ្នាំឬពីរឆ្នាំមុន តែបើ International Relation (ទំនាក់ទំនងអន្តរជាតិ) ធ្លាប់ឮធ្លាប់ដឹង ប៉ុន្តែក៏អត់មានថាជាចំណង់ចំណូលចិត្តខាងហ្នឹងចឹងទៅណាបង»។
យុវតីរូបនេះបន្ថែមថាខ្លួននឹងចំណាយពេលមួយរយៈទៀត ដើម្បីពិចារណាទៅលើជំនាញទាំងនេះ និងស្វែងរកព័ត៌មានបន្ថែមទៀត មុននឹងសម្រេចចិត្តចុងក្រោយថាតើជ្រើសរើសមុខជំនាញណា ដើម្បីសិក្សាបន្ត។
យុវតី យង់ ស្រីនាង ជាសិស្សម្នាក់ក្នុងចំណោមសិស្សានុសិស្សដែលទើបតែបញ្ចប់ការប្រឡងបាក់ឌុប ហើយពួកគេនៅមានភាពស្ទាក់ស្ទើរក្នុងការជ្រើសរើសមុខជំនាញ ដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។ ការប្រឡងបាក់ឌុបដែលបញ្ចប់កាលពីសប្តាហ៍មុន សិស្សប្រមាណ១៣ម៉ឺននាក់បានចូលរួមប្រឡងនៅទូទាំងប្រទេស។
យុវជនម្នាក់ទៀត ឈ្មោះ សយ សុភ័ស្ត អាយុ១៨ឆ្នាំ រៀននៅវិទ្យាល័យព្រែកតាទែនខេត្តកណ្ដាល ប្រាប់វីអូអេថារូបគេបានជ្រើសរើសជំនាញផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) ជាជំនាញដែលខ្លួនស្រឡាញ់ ដោយសារគិតថាខ្លួនជាមនុស្សស្រឡាញ់យុត្តិធម៌ ហើយជំនាញនេះអាចជួយដល់ប្រជាពលរដ្ឋ។
យ៉ាងណាមិញ យុវជន សយ សុភ័ស្ត មិនមានព័ត៌មាននៅឡើយទេថាតើជំនាញនេះមានទីផ្សារការងារច្រើនឬយ៉ាងណា។
លោកបន្ថែមថា៖ «ហ្នឹងខ្ញុំតាមឮសិស្សច្បងដែលខ្ញុំធ្លាប់សួរគាត់រៀនខាងច្បាប់ អ៊ីចឹងគាត់ថាជាទូទៅអាចនឹងពិបាករកការងារធ្វើបន្ដិច»។
ចំណែកយុវជនម្នាក់ទៀត លោក ហេង លាងហ៊ូ អាយុ១៨ឆ្នាំ រៀននៅវិទ្យាល័យពន្លកខ្មែរ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រាប់វីអូអេថារូបគេចង់បន្តថ្នាក់ឧត្តមសិក្សាលើមុខជំនាញទីផ្សារនៅទីរួមខេត្ត ហើយអាចមានពេលជួយសម្រួលការងារឪពុកម្ដាយ។
យុវជនរូបនេះបន្តថារូបគេមិនទាន់យល់ច្បាស់ពីជំនាញដែលត្រូវសិក្សាបន្តនៅឡើយទេ។
បើតាមយុវជន លាងហ៊ូ ក៏ធ្លាប់មានខាងសាកលវិទ្យាល័យចុះមកផ្សព្វផ្សាយទាក់ទងនឹងជំនាញផ្សេងៗ នៅតាមសាលាផងដែរ។ ប៉ុន្តែលោកនៅតែមានភាពស្ទាក់ស្ទើរថាតើជំនាញណាមានទីផ្សារការងារល្អ។
យុវជន ហេង លាងហ៊ូ ថ្លែងថា៖ «ខាងជំនាញទីផ្សារ ខ្ញុំអត់សូវច្បាស់ថារៀនខាងអី។ អត់ទាន់ច្បាស់ថារើសខាងអីទេ»។
ខណៈសិស្សមួយចំនួនមានភាពស្ទាក់ស្ទើរក្នុងការជ្រើសរើសមុខជំនាញ ដើម្បីបន្តការសិក្សា ក៏មានយុវជនមួយចំនួនដែលទើបប្រឡងចប់ថ្នាក់ទី១២ បានសម្រេចចិត្តរួចហើយក្នុងការជ្រើសរើសមុខជំនាញ ដើម្បីសិក្សាបន្ត។
យុវជន ជាតិ សំណាង អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យហ៊ុន សែន ក្រុងទេពនិមិត្ត ខេត្តប៉ៃលិន ប្រាប់វីអូអេថា រូបគេមិនមានភាពស្ទាក់ស្ទើរក្នុងការជ្រើសរើសមុខជំនាញ ដើម្បីសិក្សានៅឯសាកលវិទ្យាល័យនោះទេ។ យុវជនរូបនោះនិយាយថា ខ្លួនស្រឡាញ់និងចាប់អារម្មណ៍ខ្លាំងលើជំនាញស្ថាបត្យកម្មតាំងពីរៀននៅថ្នាក់ទី៩មកម៉្លេះ ហើយរូបគេក៏បានទទួលការជំរុញ និងលើកទឹកចិត្តពីសំណាក់ឪពុកម្តាយផងដែរ។
បើតាមយុវជនរូបនេះ ជំនាញស្ថាបត្យកម្មកំពុងតែមានទីផ្សារខ្ពស់ ដោយបច្ចុប្បន្ននេះ កម្ពុជាមានការអភិវឌ្ឍខាងផ្នែកសំណង់និងអគារ ដែលវាមានតម្រូវការទីផ្សារច្រើនសម្រាប់ការងារមួយនេះ។
យុវជនរូបនេះថ្លែងថា៖ «យើងអត់អាចធ្វើការងារមួយឬរៀនមុខជំនាញណាមួយទាំងដែលយើងអត់ស្រឡាញ់ទេ អញ្ចឹងហើយសូមជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវតាមចិត្តរបស់យើង ហើយសាកសួរពីបទពិសោធន៍របស់បងៗ ឬអ្នកដែលធ្លាប់រៀនជំនាញហ្នឹងឬអាចសួរលោកគ្រូអ្នកគ្រូ ព្រោះពួកគាត់ធ្លាប់ជួបបទពិសោធន៍ច្រើនជាងយើង ហើយធ្លាប់បានបង្រៀនសិស្សច្បង អញ្ចឹងអាចនឹងបានព័ត៌មានពីពួកគាត់ច្រើន»។
យុវតីដែលទើបប្រឡងបាក់ឌុបចប់ មកពីខេត្តបន្ទាយមានជ័យ កញ្ញា ពៅ ស្រីនាង ប្រាប់វីអូអេថានាងចង់បន្តការសិក្សាផ្នែកព័ត៌មានវិទ្យា(IT)នៅថ្នាក់ឧត្តមសិក្សានៅខេត្តបាត់ដំបង ដោយសារទីនោះមិនឆ្ងាយពីកន្លែងដែលនាងរស់នៅប៉ុន្មាន។ កញ្ញាបន្ថែមថាកញ្ញាស្រឡាញ់មុខវិជ្ជានេះ ព្រោះវាមានទីផ្សារស្រាប់នៅកម្ពុជា និងដោយសារចូលចិត្តជំនាញទាក់ទងនឹងកំព្យូទ័រ។
លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្ត្រនៅរាជធានីភ្នំពេញ ប្រាប់វីអូអេថា សិស្សានុសិស្សដែលទើបបញ្ចប់ការសិក្សាមានបញ្ហាប្រឈមក្នុងការជ្រើសរើសមុខជំនាញ ដើម្បីបន្តការសិក្សា យ៉ាងតិចរយៈ៤ឆ្នាំទៅមុខទៀត។ លោកមើលឃើញកត្តាចំនួន៣ ដែលជាបញ្ហាប្រឈមនេះ ទីមួយគឺបញ្ហាសេដ្ឋកិច្ចផ្ទាល់ខ្លួន ទីពីរទីផ្សារការងារ និងទីបីគឺការមិនយកចិត្តទុកដាក់អំពីសំណាក់សិស្សផ្ទាល់ខ្លួនក្នុងការសម្រេចចិត្តជ្រើសរើសជំនាញមួយ ដើម្បីបន្តការសិក្សា។ លោកមើលឃើញជំនាញមួយចំនួនដែលមានទីផ្សារច្រើននាពេលបច្ចុប្បន្ននេះ។
លោកបញ្ជាក់ថា៖ «យើងឃើញហើយថារាល់ថ្ងៃនេះ យើងឃើញសាលាដែលបានបង្កើត មហាវិទ្យាល័យដែលបានបង្កើតធំជាងគេដែលខ្ញុំមើលឃើញហ្នឹងទីមួយគឺភាសាអង់គ្លេស ទីពីរគឺ Business ឬជំនួញ ទីបីទាក់ទងជាមួយនឹងកំព្យូទ័រ ឃើញបីហ្នឹងគឺសម្រុកចូលច្រើនជាងគេ ក្រៅពីហ្នឹងគឺមិនសូវមានច្រើនពេកទេ ការងារគ្រប់គ្រងក្តី ការងារហិរញ្ញវត្ថុក្តី គឺមានតិចតួចគឺមិនច្រើនទេ»។
បើតាមលោក សំបូរ មាណ្ណារ៉ា ក្រសួងការងារបានប្រកាសការងារច្រើនសម្រាប់យុវជន ប៉ុន្តែលោកថាការងារខ្លះមិនមែនជាចំណង់ចំណូលចិត្តរបស់សិស្សានុសិស្សឡើយ។
លោកបន្ថែមថា៖ «ខ្ញុំដឹងថាមានបញ្ចូលការងាររាប់ម៉ឺន ដើម្បីបញ្ជាក់ប្រាប់អំពីតម្រូវការការងាររបស់សង្គមនៅខ្មែរយើង ប៉ុន្តែមានយុវជនយើងមួយចំនួននោះ មិនពេញចិត្ត មិនចង់ធ្វើ មិនចូលចិត្ត ឬកត្តាដទៃទៀតដែលពាក់ព័ន្ធជាមួយនឹងស្ថានភាពទូទៅ ទីតាំងកន្លែង ឬក៏ថវិកា ឬក៏ប្រាក់ខែអញ្ចឹងទៅមិនគ្រប់គ្រាន់ឧទាហរណ៍។ អញ្ចឹងចំណុចទាំងអស់នេះមិនមែនគ្នារើសអើងការងារទេ ប៉ុន្តែអ្វីដែលគ្នាបង្កើតចំណង់ចំណូលចិត្តសម្រាប់ជីវិត វាអត់មាន បំពេញតែតម្រូវការជាក់ស្តែង ហើយបង្ខំជីវិតឱ្យធ្វើអ្វីមួយដែលមិនមែនជាលំនឹងនៃក្តីតម្លៃ កិត្តិយសរបស់ចិត្តរបស់ខ្លួនឯងផ្ទាល់»។
លោក សំបូរ មាណ្ណារ៉ា ជំរុញឱ្យយុវជនយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវ និងជ្រើសរើសជំនាញត្រឹមត្រូវ ដើម្បីសិក្សា មិនមែនគ្រាន់តែឮគេថានោះទេ។
អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់វីអូអេថាក្រសួងមានកម្មវិធីតម្រង់ទិសសម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សា ដោយមានការបង្កើតក្រុមប្រឹក្សាគរុកោសល្យនៅតាមសាលារៀន ដើម្បីជួយសិស្សក្នុងការស្វែងរកមុខជំនាញ ដើម្បីបន្តការសិក្សា និងមានជាសៀវភៅណែនាំក្នុងការដាក់អាហារូបករណ៍ដល់សិស្សានុសិស្សផងដែរ។
អ្នកស្រីថ្លែងថា៖ «ទាក់ទងទៅនឹងជ្រើសរើសរបស់សិស្សនេះ កន្លងមកឃើញថាសិស្សានុសិស្សចូលរួមនៅក្នុងការជ្រើសរើសជំនាញរបស់គាត់នៅសាកលវិទ្យាល័យ គាត់សុំអាហារូបករណ៍ អញ្ចឹងតាមរយៈពិន្ទុដែលបានពីការប្រឡងបាក់ឌុបហ្នឹង គឺនឹងអាចសម្រេចលទ្ធផលចុងក្រោយថាតើសិស្សានុសិស្សណានឹងចូលទៅក្នុងបានជាប់អាហារូបករណ៍ណា។ ចឹងនៅក្នុងន័យនេះមានន័យថាសិស្សានុសិស្សគាត់បានធ្វើការជ្រើសរើសរួចហើយតាំងពីដើមឆ្នាំសិក្សានៅពេលគាត់ថ្នាក់ទី១២ អញ្ចឹងគាត់បានសម្រេចចិត្តហើយគួបនឹងការជ្រើសរើសហ្នឹង នឹងផ្ញើមកក្រសួង»។
កាលពីពេលថ្មីៗនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកទឹកចិត្តដល់សិស្សដែលទើបប្រឡងចប់ឱ្យចាប់យកនូវមុខជំនាញបចេ្ចកវិទ្យាឌីជីថល ដើម្បីទទួលបានឱកាសការងារ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួង ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រាប់វីអូអេថា ជាធម្មតាសិស្សដែលសិក្សាដល់ថ្នាក់ទី១១ ក្រសួងអប់រំ ក៏ដូចជាលោកគ្រូអ្នកគ្រូតែងតែណែនាំឱ្យយុវជនរើសជំនាញត្រៀមសម្រាប់សិក្សាថ្នាក់ឧត្ដមសិក្សា។
អ្នកស្រីបញ្ជាក់អំពីការលំបាករបស់សិស្សក្នុងការរើសមុខជំនាញថា៖ «កត្តាដែលគាត់មិនដឹងហ្នឹង គឺ(មាន) កត្តាពីរដែលគាត់មិនដឹង។ ទីមួយគឺគាត់មើលឃើញសង្គមខ្មែរសព្វថ្ងៃហ្នឹងថានៅពេលដែលគាត់រៀនចប់ សិស្សច្បងគាត់ហ្នឹងអត់មានការងារធ្វើទៅរៀនជំនាញនេះជំនាញនោះអត់មានការងារធ្វើអញ្ចឹងណា។ ទីពីរគាត់ខ្លួនហ្នឹងឯងគាត់មិនដឹងមិនច្បាស់លាស់ថាតើគាត់មានជំនាញអីពីធម្មជាតិរបស់គាត់ចំណង់ចំណូលចិត្តគាត់ពីធម្មជាតិហ្នឹង គាត់អត់យល់អ្វីដែលគាត់មើលឃើញខុសពីស្អី(ជំនាញ)របស់គាត់ ដូចថាអង់តែន(ការគិត)របស់គាត់នៅទាបគាត់ចាប់អត់ទាន់បានអ៊ីចឹងណា»។
អ្នកស្រីបន្តថា យុវជនមួយចំនួនហាក់មានភាពស្រពេចស្រពិលក្នុងការជ្រើសរើសជំនាញ ព្រោះមួយចំនួនរើសជំនាញរៀនតាមគ្នា មិនមែនតាមចំណង់ចំណូលចិត្ត ឬរៀនជំនាញដែលស័ក្តិសមនឹងខ្លួន។ អ្នកស្រីជំរុញឱ្យយុវជនដែលជ្រើសរើសជំនាញតាមមិត្តភ័ក្ដិ តាមការណែនាំរបស់ឪពុក ម្ដាយ ឬនរណាម្នាក់ គិតឱ្យច្បាស់លាស់ ព្រោះការធ្វេសប្រហែសអាចធ្វើឱ្យយុវជនបោះបង់ការសិក្សា ឬផ្លាស់ប្ដូរជំនាញនៅពាក់កណ្ដាលទីនៅសាកលវិទ្យាល័យ៕