ប្រមាណជា ៣ ខែទៀត អ្នកស្រី សុខ ស្រី អាចចាប់ផ្តើមនេសាទត្រីនៅក្នុងព្រែកតាកែវ ក្បែរផ្ទះ នៅពេលទឹកទន្លេមេគង្គឡើងខ្ពស់ ហូរចូលព្រែកមួយនេះ។ វាជាពេលវេលាមួយដែលអ្នកស្រី សុខ ស្រី អាយុ៦០ឆ្នាំ អាចរកត្រីបាន ចាប់ពីខែមិថុនា រហូតដល់ដើមឆ្នាំក្រោយ។ ប៉ុន្តែវាប្រហែលជាការនេសាទចុងក្រោយមួយរបស់អ្នកស្រី ដោយសារគម្រោងព្រែកជីកហ្វូណនដែលគ្រោងនឹងសាងសង់នាចុងឆ្នាំនេះអាចប៉ះពាល់ផ្ទះរបស់អ្នកស្រី ដែលស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានចម្ងាយប្រមាណ៣៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
អ្នកស្រីប្រាប់វីអូអេនៅផ្ទះរបស់អ្នកស្រីថា៖ «ដឹងតែថាគេធ្វើៗទន្លេ ប៉ុន្តែខ្ញុំអត់ដឹងគេជីកថ្ងៃណា ខែណាទេ។ ដឹងជីកយ៉ាងម៉េច អីយ៉ាងម៉េច ខ្ញុំអត់ទាន់ដឹង។ ហើយការប៉ះពាល់ហ្នឹង រុះរើហ្នឹង មិនដឹងរដ្ឋគិតយ៉ាងម៉េច អត់ទាន់ដឹងដែរ។ ទាល់តែប្រជុំបានដឹងហ្មង»។
អ្នកស្រីបន្ថែមថា៖ «ដល់ពេលគេធ្វើទន្លេ អ៊ំមានអីរកទៀត។ រកអីកើត ទៅជាទន្លេធំហើយហ្នឹង មានបានអីរក ដាក់មងម៉េចកើត។ ទន្លេវាធំពេក ដាក់អត់កើតទេ ទាល់តែព្រែកតូចអញ្ចឹង ទឹកចូលមកអញ្ចឹងទៅ យើងដាក់បាន គ្រាន់បានចិញ្ចឹមជីវភាពយើងរួចមួយថ្ងៃមួយថ្ងៃទៅ»។
អ្នកស្រី សុខ ស្រី ស្ថិតក្នុងចំណោមពលរដ្ឋផ្សេងទៀត ដែលនឹងរងផលប៉ះពាល់ ដោយសារគម្រោងព្រែកជីកភ្ជាប់ទន្លេមេគង្គទៅសមុទ្រក្នុងខេត្តកែប ប្រវែង១៨០គីឡូម៉ែត្រ ដែលមានតម្លៃប្រមាណ១.៧០០លានដុល្លារអាមេរិក ហើយជាការវិនិយោគរបស់ក្រុមហ៊ុនចិន ដែលជាក្រុមហ៊ុនធ្លាប់ស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងកំពុងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។ អ្នកស្រីកំពុងព្រួយបារម្ភយ៉ាងខ្លាំង ព្រោះដីរបស់អ្នកស្រីមិនមានប្លង់ត្រឹមត្រូវដែលចេញដោយអាជ្ញាធរឡើយ ដោយសារអ្នកស្រីរស់នៅតាមដងព្រែក។
អ្នកស្រីបញ្ជាក់បន្ថែមថា៖ «ធ្វើម៉េចបើរដ្ឋត្រូវការហើយ។ យើងទៅនិយាយថាម៉េច ទាល់រដ្ឋដោះស្រាយឱ្យ មិនហ៊ានប្រឆាំងរដ្ឋទេ បើរដ្ឋត្រូវការហើយ ត្រូវរដ្ឋយកហើយ។ អ៊ំមិនហ៊ានប្រឆាំងរដ្ឋម៉េច។ ទៅប្រឆាំងអី បើដីរបស់រដ្ឋ។ បើកាលណារដ្ឋហ្នឹងអាណិតអ៊ំ អ៊ំអត់មានដីអត់មានអីនៅ ប៉ះពាល់អញ្ចឹង គាត់ដោះស្រាយឱ្យ បានដីមួយកន្លែងនៅ អ៊ំអរគុណណាស់»។
អ្នកស្រី សុខ ស្រី រស់នៅជាប់ព្រែកតាកែវ ក្បែរទន្លេមេគង្គនេះ តាំងពីឆ្នាំ២០០០ ជាមួយស្វាមីរបស់អ្នកស្រី លោក ម៉ូវ សារិន អាយុ៦២ឆ្នាំ ដែលជាអតីតទាហានម្នាក់ ប៉ុន្តែលោកមិនទទួលបានប្រាក់បៀវត្សរ៍ឡើយ។ អ្នកស្រីក៏មានកូនស្រីម្នាក់ ឈ្មោះ រិន ស្រីវី អាយុ១៦ឆ្នាំ ដែលកំពុងសិក្សាថ្នាក់ទី៩ផងដែរ។
ដើម្បីបានប្រាក់ចំណូលទ្រទ្រង់ជីវភាព នៅរដូវទឹកស្រក ដូចពេលបច្ចុប្បន្ននេះ អ្នកស្រីស៊ីឈ្នួលបេះម្ទេស ឬធ្វើស្មៅឱ្យគេ ដើម្បីទទួលបានប្រាក់៣ម៉ឺនរៀលក្នុងមួយថ្ងៃ ប៉ុន្តែការងារនេះមិនទៀងទាត់ឡើយ។ ជួនកាលអ្នកស្រីដើរបេះបន្លែបង្កាខ្លះយកទៅលក់បាន៥ពាន់ទៅ១ម៉ឺនរៀលក្នុងមួយថ្ងៃសម្រាប់កូនស្រីទៅរៀន។
អ្នកស្រីបញ្ជាក់ថា៖ «ព្រួយចិត្តតើ រាល់ថ្ងៃហ្នឹងដេកមិនលក់ទេ ចេះតែនឹកឃើញថាយើងក្រ ដល់ពេលរដ្ឋត្រូវការទៅ ដឹងគេគិតឱ្យយើងយ៉ាងម៉េច។ ដឹងគេឱ្យដីនៅ ឬមួយយ៉ាងម៉េចទេ»។
នៅមិនឆ្ងាយប៉ុន្មានពីអ្នកស្រី សុខ ស្រី ពលរដ្ឋម្នាក់ទៀត អ្នកស្រី យា សាវ៉ុន អាយុ៥៨ឆ្នាំ ក៏កំពុងបារម្ភអំពីការផ្លាស់ប្តូរទីលំនៅ ឬទទួលសំណងមិនសមរម្យ ខណៈប្លង់ដីរបស់អ្នកស្រីដាក់នៅធនាគារ ដោយសារអ្នកស្រីខ្ចីប្រាក់គេចំនួន២ម៉ឺនដុល្លារអាមេរិក។
អ្នកស្រីប្រាប់វីអូអេថា៖ «អត់ចង់រុះរើទេកូនអើយ! កន្លែងធ្លាប់រស់នៅ។ ទៅកសាងកន្លែងថ្មី វាមិនស្រួលដូចកន្លែងចាស់ទេ»។
សព្វថ្ងៃ អ្នកស្រីនៅផ្ទះមើលចៅ និងជួយធ្វើនំក្រូច នំកងខ្លះសម្រាប់ឱ្យកូនយកទៅលក់។ អ្នកស្រីមានដីដែលមានទទឹង១២ម៉ែត្រ និងបណ្តោយ១៩ម៉ែត្រ។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី អ៊ុត គឹមអេង ជាអ្នកលក់ទឹកអំពៅ សាំងដប និងទឹកសុទ្ធនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្នើឱ្យអាជ្ញាធរផ្តល់ព័ត៌មានឱ្យបានឆាប់រហ័សអំពីផលប៉ះពាល់នៃការធ្វើព្រែកជីកមួយនេះ។
អ្នកស្រីប្រាប់វីអូអេថា៖ «[ព្រែកជីកនេះ] ល្អហើយ ទូទាំងប្រទេសល្អហើយ ប៉ុន្តែប្រជាជនគ្នាទៅដោះស្រាយទៅនៅណា ដីបន្តិចបន្តួចគ្រប់ៗ ហើយអត់ដឹងដំណឹងយកប៉ុន្មានម៉ែត្រ អីប៉ុន្មានម៉ែត្រផង»។
មន្រ្តីរដ្ឋាភិបាលកម្ពុជាអះអាងថា ក្រុមការងារជំនាញបាន«សិក្សាកម្រិតបឋម»រួចមកហើយ ពាក់ព័ន្ធនឹងផលប៉ះពាល់ ហើយក្រុមការងារកំពុងបន្តការងារសិក្សាស្រាវជ្រាវអំពីកត្តាទាំងនេះឱ្យកាន់តែលម្អិតបន្ថែមទៀត។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន ប្រាប់វីអូអេថា ការដោះស្រាយផលប៉ះពាល់ត្រូវអនុវត្តតាមនីតិវិធី និងគោលការណ៍ដោះស្រាយផលប៉ះពាល់ដែលមានជាធរមាន។
រដ្ឋាភិបាលកម្ពុជាអះអាងថា គម្រោងព្រែកជីកនេះនឹងផ្តល់ផលចំណេញក្នុងការដឹកជញ្ជូន និងការតភ្ជាប់។ ប៉ុន្តែអ្នកតាមដានលើកឡើងថា គម្រោងមួយនេះក៏បង្កជាក្តីព្រួយបារម្ភសម្រាប់វៀតណាមផងដែរ ទាំងការបារម្ភអំពីផលប៉ះពាល់ទឹកទន្លេមេគង្គ និងការដឹកជញ្ជូនទំនិញ។
លោក Le Anh Tuan គ្រូឧទ្ទេសជាន់ខ្ពស់នៃមហាវិទ្យាល័យបរិស្ថាននិងធនធានធម្មជាតិនៃសាកលវិទ្យាល័យ Can Tho ក្នុងទីក្រុង Can Tho (ព្រែកឫស្សី) ក្នុងតំបន់ដីសណ្តទន្លេមេគង្គនៃប្រទេសវៀតណាម ប្រាប់វីអូអេថា រហូតមកដល់ពេលនេះ មានព័ត៌មានលម្អិតតិចតួចបំផុតទាក់ទងនឹងបច្ចេកទេសអំពីគម្រោងមួយនេះ ដូចជារបាយការណ៍វាយតម្លៃផលប៉ះពាល់ឆ្លងដែនលើសេដ្ឋកិច្ច បរិស្ថាន និងសង្គម។
លោកប្រាប់វីអូអេតាមសារអ៊ីម៉ែលថា៖ «ពិតណាស់ នៅពេលដែលព្រែកជីកនេះដំណើរការ ទឹកមួយចំនួនពីទន្លេមេគង្គត្រូវបែងចែកសម្រាប់ព្រែកជីក និងហូរចូលទៅសមុទ្រក្នុងឈូងសមុទ្រថៃ ដែលវានឹងបង្កកង្វះខាតទឹកនៅតំបន់ដីសណ្តទន្លេមេគង្គ ជាពិសេសក្នុងរដូវប្រាំង ខណៈភាពរាំងស្ងួត និងការជ្រាបទឹកប្រៃក្នុងតំបន់សមុទ្របានកើនឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។
ប៉ុន្តែអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា លោក ផន រឹម ថ្លែងថា ព្រែកជីកមួយនេះនឹង«រក្សាបាននូវលំនឹងនៃរបបលំហូរទឹក និងស្ថិរភាពបរិស្ថាន ដោយមិនបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមាន លើរបបលំហូរទឹកទន្លេមេគង្គ និងទន្លេផ្សេងៗទៀត ជាមួយនឹងការរក្សាបាននូវស្ថិរភាព បរិស្ថាន អេកូឡូស៊ី និងទីជម្រកធម្មជាតិសម្រាប់ជីវៈចម្រុះ»។
កាលពីខែធ្នូ ឆ្នាំមុន ក្នុងពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម មេដឹកនាំវៀតណាមបានសួរកម្ពុជាអំពីគម្រោងព្រែកជីកមួយនេះ។ កាលនោះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាប់ភាគីវៀតណាមថា គម្រោងនេះមិនបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់របបលំហូរទឹកទន្លេមេគង្គទេ និងទន្លេផ្សេងៗទៀតឡើយ។ លោកបន្ថែមថា គម្រោងនេះរក្សាបាននូវស្ថិរភាព បរិស្ថាន អេកូឡូស៊ី និងជម្រកធម្មជាតិ សម្រាប់ជីវៈចម្រុះ។ នេះបើតាមការអះអាងរបស់មន្រ្តីរដ្ឋាភិបាលកម្ពុជាកាលពីកន្លងទៅ។
ទាក់ទងនឹងការព្រួយបារម្ភអំពីផលប៉ះពាល់លើការដឹកជញ្ជូនតាមផ្លូវទន្លេមេគង្គពីប្រទេសវៀតណាម លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា ជារួម ការដឹកជញ្ជូនតាមផ្លូវទឹកធម្មជាតិរវាងកម្ពុជានិងវៀតណាមតាមដងទន្លេមេគង្គ«នៅតែបន្តដូចប្រក្រតីដដែល» ប៉ុន្តែលោកថាផ្លូវទឹកថ្មីនេះ«គ្រាន់តែនឹងផ្តល់ជាជម្រើសថ្មីមួយបន្ថែមទៀត»សម្រាប់ប្រតិបត្តិករដឹកជញ្ជូនតាមផ្លូវទឹកធ្វើការពិចារណាដែលស្របតាមទិសដៅនៃការដឹកទំនិញនិងប្រភេទទំនិញដែលខ្លួនត្រូវដឹកជញ្ជូនតែប៉ុណ្ណោះ។
លោក រឹម សុខវី សហស្ថាបនិក The Thinker Cambodia ដែលជាវេទិកាវិភាគគោលនយោបាយ និងជាអ្នកវិភាគម្នាក់ លើកឡើងថា វៀតណាមនឹងបាត់បង់ផលចំណេញយ៉ាងសំខាន់មួយលើច្រកចេញចូលទំនិញ នៅពេលដែលកម្ពុជាពឹងផ្អែកលើផ្លូវទឹករបស់ខ្លួន។ លោកបន្ថែមថា ការស្ថាបនាព្រែកជីកនេះ«ក៏កំពុងបង្ហាញអំពីការធ្លាក់ចុះឥទ្ធិពលរបស់វៀតណាមមកលើប្រទេសកម្ពុជា ហើយព្រែកជីកនេះជាកេរ្តិ៍ដំណែលនយោបាយមួយរបស់លោក ហ៊ុន ម៉ាណែត»។
លោកប្រាប់វីអូអេថា៖ «យើងត្រូវដឹងថា ខ្មែរយើងចាប់តាំងពីសម័យក្រោយខ្មែរក្រហមមក វៀតណាមមានឥទ្ធិពលមែនទែនមកលើខ្មែរយើង អញ្ចឹងការកសាងព្រែកជីកហ្វូណនតេជោនេះវាអាចកាត់បន្ថយនូវឥទ្ធិពលរបស់វៀតណាម នៅក្នុងន័យថា មេដឹកនាំរបស់កម្ពុជាយើងគាត់ចង់បង្ហាញពីឆន្ទៈដែលថាគាត់ហ្នឹងមិនត្រូវការស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាមនោះទេ»។
លោកបន្ថែមថា ភាគីវៀតណាមមិនសូវសប្បាយចិត្តនឹងការស្ថាបនាព្រែកជីកនេះឡើយ។
បើតាមគម្រោង ព្រែកជីកនេះនឹងចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ក្នុងតំបន់កំពង់ផែស្វយ័តស្រុកកៀនស្វាយ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។ រដ្ឋាភិបាលអះអាងថា ប្រជាជនសរុបប្រមាណ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកមួយនេះ ហើយព្រែកជីកមួយនេះនឹងបង្កើតការងារសម្រាប់ពួកគេផងដែរ៕
វេទិកាបញ្ចេញមតិ