ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់នៅថ្ងៃពុធនេះថា ព្រែកជីកដែលភ្ជាប់ទឹកទន្លេក្នុងខេត្តកណ្តាលទៅសមុទ្រក្នុងខេត្តកែប នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ ២០២៤ នេះ ដោយកម្ពុជាសម្លឹងឃើញផលប្រយោជន៍យ៉ាងច្រើនពីគម្រោងផ្លូវទឹកមួយនេះ។
ក្រសួងសាធារណៈការនិងដឹកជញ្ជូន បានបង្ហោះសារនៅលើហ្វេសប៊ុករបស់ក្រសួងថា ការដ្ឋានសាងសង់ព្រែកជីកនេះនឹងធ្វើឡើងក្នុងអំឡុងត្រីមាសទី ៤ នៃឆ្នាំ ២០២៤ ខាងមុខនេះ។
គម្រោងស្ថាបនាផ្លូវទឹកឬហៅថាព្រែកជីក តម្លៃប្រមាណ ១៧០០លានដុល្លារនេះ ជាផ្នែកមួយនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (Belt and Road Initiative ឬBRI) របស់រដ្ឋាភិបាលចិន ដែលកំពុងអះអាងថាទទួលបានផលប្រយោជន៍ច្រើនពីគំនិតផ្តួចផ្តើម BRI ដែលចាប់ផ្តើមតាំងពីឆ្នាំ ២០១៣ មក។
គម្រោងផ្លូវនាវាចរណ៍ ហៅថា«ព្រែកជីកហ្វូណនតេជោ» ដែលភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា តាមទឹកទន្លេទៅដល់ផ្លូវសមុទ្រ នឹងត្រូវចំណាយរយៈពេល៤ឆ្នាំ ក្នុងការសាងសង់។ នេះបើតាមការប្រកាសរបស់រដ្ឋាភិបាលកាលពីកន្លងទៅ។
គម្រោងផ្លូវទឹកនេះមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លៃបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។ នេះបើតាមការប្រកាសរបស់រដ្ឋាភិបាលកម្ពុជា។
កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលណាដែលព្រែកជីកសាងសង់រួចរាល់ វានឹងនាំឱ្យសេដ្ឋកិច្ចនៅតាមដងទន្លេកាន់តែរីកចម្រើន ដែលលោកថា ផលប្រយោជន៍នេះនឹងនាំដល់ប្រជាពលរដ្ឋ៕
វេទិកាបញ្ចេញមតិ