អស់រយៈពេលជាង១៥ឆ្នាំមកហើយ ដែលឃុំស្វាយភ្លើងក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ មានតែឈ្មោះ តែមិនមានសាលាឃុំនោះទេ។ ប្រជាពលរដ្ឋនិងសមាជិកក្រុមប្រឹក្សាឃុំ បានត្អូញត្អែរថា ការមិនមានសាលាឃុំនេះបានធ្វើឲ្យប៉ះពាល់ការងារផ្តល់សេវាជូនប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ។
មេឃុំស្វាយភ្លើង លោក ចាន់ ប៊ុនសារ អាយុ៦៦ឆ្នាំ បានថ្លែងប្រាប់ VOA ថា ក្រុមប្រឹក្សាឃុំបានជួលទីតាំងតូចមួយខាងក្នុងបរិវេណផ្ទះរបស់អ្នកភូមិម្នាក់ មកធ្វើជាកន្លែងផ្តល់សេវា ជាង១៥ឆ្នាំមកហើយ ដោយក្នុងមួយខែត្រូវចំណាយថវិកា៨ម៉ឺនរៀលសម្រាប់ការជួលទីតាំង។ លោកបន្តថា លោក និងសមាជិកក្រុមប្រឹក្សាឃុំផ្សេងទៀត ធ្លាប់បានស្នើសុំច្រើនលើកច្រើនសារមកហើយ តែរហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបថា មានថវិកាសម្រាប់សាងសង់សាលាឃុំនៅឡើយទេ។
លោកបានថ្លែងប្រាប់ VOA ថា៖
«អត់មានលុយធ្វើសាលាឃុំ មិនអត់! ស្នើទៅលើរាល់តែខែ ប្រចាំខែ ប្រជុំស្នើទៅហើយ»។
មេឃុំរូបនោះបានអះអាងទៀតថា សាលាឃុំមួយត្រូវការថវិកាប្រមាណពី៤ទៅ៥ម៉ឺនដុល្លារអាមេរិកសម្រាប់ការសាងសង់។ លោកបានទទួលស្គាល់ថា ការមិនមានសាលាឃុំធ្វើការពិតជាប៉ះពាល់ដល់ប្រសិទ្ធភាពនៃការផ្តល់សេវានៅតាមមូលដ្ឋាន តែលោកថា មិនមានជម្រើសអ្វីក្រៅពីនេះ។
លោកមេឃុំរូបនោះបានបញ្ជាក់ថា៖
«មិនមានសាលាឃុំ ចេះតែប៉ះពាល់តិចតួចហើយ»។ សំណូមពរធ្វើម៉េចឲ្យតែថ្នាក់លើជួយមក ស្រណុកខ្ញុំងាយស្រួលធ្វើការនៅសាលាឃុំ មិនចង់នៅផ្ទះគេណា»។
លោកមានប្រសាសន៍បន្ថែមថា បច្ចុប្បន្ននេះ លុយមូលនិធិឃុំដែលត្រូវបានផ្តល់មកក្នុងមួយឆ្នាំ មានតែជាង១ម៉ឺនដុល្លារប៉ុណ្ណោះ ដូច្នេះលោកថា មិនអាចដកសន្សំទុកសម្រាប់សាងសង់សាលាឃុំបាននោះទេ ដោយសារតែមានគម្រោងធ្វើផ្លូវជាអាទិភាព។
បើតាមលោកមេឃុំ បច្ចុប្បន្ននេះ សាលាឃុំមានដី តែសំខាន់គឺមិនមានថវិកាសម្រាប់សាងសង់។
ដីរបស់សាលាឃុំស្ថិតនៅជាមួយដីទីស្នាក់ការរបស់គណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់នោះ។ មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាលឃុំស្វាយភ្លើង និងផ្ទះរបស់ពលរដ្ឋជួលធ្វើជាទីតាំងសាលាឃុំ ក៏ស្ថិតនៅជាប់ៗគ្នាផងដែរ។
លោក ព្រែង គឹមសឿន ជំទប់ទី២ និងជាសមាជិកក្រុមប្រឹក្សាឃុំស្វាយភ្លើង មកពីគណបក្សសង្រ្គោះជាតិ បានលើកឡើងថា កាលពីឆ្នាំ២០១២ លោកបានស្នើសុំធ្វើសាលាឃុំតូចមួយបណ្តោះអាសន្ន ធ្វើពីឈើដែលលោកអាចរកបានដោយផ្ទាល់ខ្លួន និងប្រក់ត្រឹមស័ង្កសី ប៉ុន្តែលោកថា សំណើនោះត្រូវបានបដិសេធ។ លោកបន្ថែមថា សម្រាប់រូបលោកផ្ទាល់ ក៏ពិបាកធ្វើការនៅម៉ោងសម្រាកផងដែរ ដោយសារទីតាំងស្ថិតនៅក្នុងបរិវេណផ្ទះរបស់អ្នកភូមិ។
លោកមានប្រសាសន៍បន្ថែមថា ការមិនមានសាលាឃុំនេះ បានប៉ះពាល់ដល់ការងារនៅក្នុងឃុំនាពេលកន្លងមក គឺពលរដ្ឋពិបាកមករកសេវា និងពិបាកក្នុងការពិភាក្សាបញ្ហាជម្លោះក្នុងគ្រួសារជាដើម។
លោកបានថ្លែងប្រាប់ VOA ថា៖
«និយាយចំទៅ ការយល់ដឹងរបស់ខ្ញុំ វាអាចប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋ។ ប៉ះពាល់ដោយសាររឿងវិវាទក្នុងគ្រួសារ រឿងក្តីមួយៗ យើងត្រូវការសម្រុះសម្រួល។ សម្រុះសម្រួល វាប៉ះពាល់ម៉េច វាប៉ះពាល់ការអៀនខ្មាសរបស់ប្រជាពលរដ្ឋយើង។ បុគ្គលម្នាក់ៗដែលចូលមកដោះស្រាយរឿងក្តីហ្នឹង មិនសូវជាហ៊ានទេ ព្រោះគាត់ខ្លាច ព្រោះអីផ្ទះគេ»។
លោក គឹមសឿន បន្តថា រហូតមកដល់ពេលនេះ សូម្បីតែឈ្មោះសាលាឃុំនៅខាងមុខផ្ទះ ក៏មិនមានដែរ។
ទីតាំងជួលក្នុងបរិវេណផ្ទះរបស់អ្នកភូមិនោះ គឺស្ថិតនៅកន្លែងតូចមួយ ជិតទ្វារផ្ទះ ហើយមានតុជ្រុងមួយ ប្រវែងប្រហែលមួយម៉ែត្រកន្លះ តុមូលមួយ និងកៅអីជ័រជាង២០ប៉ុណ្ណោះ។ មេឃុំ និងក្រុមប្រឹក្សាមិនមាន សូម្បីតែបន្ទប់មួយ សម្រាប់ពិភាក្សាការងារផ្សេងៗ។
ឃុំស្វាយភ្លើងមានប្រជាជនជាង១.០០០គ្រួសារកំពុងរស់នៅ។ ឃុំនេះស្ថិតនៅចម្ងាយប្រហែល១,៥គីឡូម៉ែត្រប៉ុណ្ណោះពីទីប្រជុំជនតាមបណ្តោយផ្លូវជាតិលេខ៦។ ឃុំមួយនេះ មានអគ្គិសនីរដ្ឋប្រើប្រាស់ តែមិនទាន់មានទឹកស្អាតនៅឡើយទេ គឺពលរដ្ឋប្រើប្រាស់ទឹកអណ្តូងប្រចាំថ្ងៃ។
កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ខែមិថុនា ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជា ទទួលបានតំណែងមេឃុំចៅសង្កាត់ចំនួន១.១៥៦ ដែលបានបាត់បង់ជាង៤០០ឃុំសង្កាត់ទៅគណបក្សប្រឆាំង។ ចំណែកគណបក្សសង្រ្គោះជាតិទទួលបាន៤៨៩ឃុំសង្កាត់ ដែលកើនជាង៤០០ឃុំសង្កាត់ បើប្រៀបធៀបនឹងអាណត្តិមុន ដែលមានតែ៤០ឃុំតែប៉ុណ្ណោះ។
សម្រាប់ឃុំស្វាយភ្លើង គណបក្សសង្រ្គោះជាតិបានចាញ់សំឡេងគណបក្សប្រជាជនកម្ពុជាចំនួន២៥០សំឡេង។ គណបក្សប្រជាជនកម្ពុជាទទួលបាន៣អាសនៈ ចំណែកគណបក្សសង្រ្គោះជាតិទទួលបាន២អាសនៈ។
គណបក្សប្រឆាំងបានអះអាងថា ថវិកាសម្រាប់ការអភិវឌ្ឍឃុំសង្កាត់បច្ចុប្បន្ននេះ នៅមានចំនួនតិចតួចនៅឡើយ គឺត្រឹមតែ៣ទៅ៥ម៉ឺនដុល្លារតែប៉ុណ្ណោះ។ គណបក្សបានសន្យាថា នឹងផ្តល់ថវិកាដល់ឃុំសង្កាត់នីមួយៗយ៉ាងតិច៥០ម៉ឺនដុល្លារក្នុងមួយឆ្នាំ ប្រសិនបើខ្លួនឈ្នះការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨ខាងមុខ។
អភិបាលរងស្រុកបារាយណ៍ លោកស្រី លឹម ផល្លា បានថ្លែងប្រាប់ VOA ថា រហូតមកដល់ពេលនេះ ឃុំចំនួន១០ក្នុងចំណោម១៨ឃុំ ក្នុងស្រុកបារាយណ៍ មិនទាន់មានសាលាឃុំនៅឡើយទេ ដោយសារកង្វះខាតថវិកាជាតិក្នុងការសាងសង់សាលាឃុំ។ ទោះជាយ៉ាងណា លោកស្រីបានបញ្ជាក់ថា នៅឆ្នាំនេះ រដ្ឋាភិបាលបានផ្តល់ថវិកាឲ្យសាងសង់សាលាឃុំចំនួនពីរទៀត។
លោកស្រីបានបញ្ជាក់ថា៖
«អញ្ចឹងយើងធ្វើសំណើជារៀងរាល់ឆ្នាំ ប៉ុន្តែការសម្រេចរបស់ថ្នាក់ជាតិហ្នឹង គឺមិនបានសម្រេចដាក់ឲ្យគ្រប់ ព្រោះឃុំនៅក្នុងស្រុកបារាយណ៍នៅ១០ឃុំទៀត អត់ទាន់មានសាលាឃុំ»។ លោកស្រីបន្តថា ប្រសិនបើមានការផ្តល់ថវិកាបន្ថែមទៀតដល់ឃុំ នោះវារឹតតែប្រសើរឡើង។
ប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងភូមិប្រតោង ក្នុងឃុំស្វាយភ្លើង អ្នកស្រី ធ្លក ពៅ អាយុ៤៥ឆ្នាំបានលើកឡើងថា អ្នកស្រីធ្លាប់មានបទពិសោធន៍ទៅរកសេវានៅសាលាឃុំ ដើម្បីឲ្យជួយបញ្ជាក់ឯកសារ តែអ្នកស្រីថា ត្រូវរង់ចាំពេលវេលាយូរ ដោយសារផ្ទះជួលទីតាំងសាលាឃុំនោះ ត្រូវចាក់សោ ហើយម្ចាស់ផ្ទះមិននៅ។
អ្នកស្រីបានបញ្ជាក់ថា៖
«ហើយគេឲ្យយើងធ្វើការហ្នឹង មិនមែនក្រោមផ្ទះគេណា ដូចយ៉ាងខាងមុខ គេនៅអង្គុយស៊ីញ៉េក្រៅ មិនចំក្រោមផ្ទះគេណា ក្រោមផ្ទះគេចាក់សោមួយជាន់ គេឲ្យនៅខាងក្រៅ»។
ពលរដ្ឋរស់នៅក្នុងឃុំស្វាយភ្លើងម្នាក់ទៀត អ្នកស្រី ហ៊ុំ វួចលី អាយុ៤៦ឆ្នាំ បានស្នើឲ្យរដ្ឋាភិបាលសាងសង់សាលាឃុំមួយឲ្យបានឆាប់ៗនៅពេលខាងមុខនេះ។
អ្នកស្រីមានប្រសាសន៍ថា៖
«សំណូមពរឲ្យខាងអង្គការហ្នឹង ឲ្យជួយសាលាឃុំមួយមក»។
លោក ង៉ាន់ ចំរើន អនុប្រធានគណៈកម្មាធិការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនៃក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ VOAថា រដ្ឋាភិបាលមិនទាន់មានថវិកាគ្រប់គ្រាន់នៅឡើយទេ ដើម្បីសាងសង់សាលាឃុំឲ្យបានទាំងអស់ នាពេលនេះ។
លោកមានប្រសាសន៍ថា៖
«យើងដោះបណ្តើរៗ យើងអត់មានលទ្ធភាព ដោះម្តងទាំងអស់ទៅអញ្ចឹងទេ»។
លោកបន្ថែមថា រដ្ឋាភិបាលមានគម្រោងសាងសង់សាលាឃុំតាមស្តង់ដារតែមួយ ដូចៗគ្នា នៅទូទាំងប្រទេស។ សាលាឃុំសង្កាត់ទាំងអស់មានចំនួន១.៦៤៦ នៅទូទាំងប្រទេស។
បើតាមលោក ង៉ាន់ ចំរើន ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានជួយផ្តល់ជាថវិកាក្នុងការសាងសង់សាលាឃុំដូចៗគ្នាបានប្រហែលជា៦០០ទៅ៧០០ឃុំ នាពេលកន្លងមក។ លោកបញ្ជាក់ថា រដ្ឋាភិបាលបានដឹងអំពីតួនាទីសំខាន់របស់ថ្នាក់ក្រោមជាតិ ដែលតម្រូវឲ្យមានកន្លែងធ្វើការត្រឹមត្រូវ។
លោកបញ្ជាក់ថា រដ្ឋាភិបាលបានផ្តល់អាទិភាពក្នុងការសាងសង់សាលាឃុំ នៅតំបន់ដាច់ស្រយាលមុនគេ។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានជំរុញឲ្យរដ្ឋាភិបាលផ្តល់អាទិភាពចំពោះការសាងសង់សាលាឃុំឲ្យបានទាំងអស់ ដោយលោកថា កង្វះសាលាឃុំ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាឧបសគ្គក្នុងការផ្តល់សេវាល្អនៅក្នុងឃុំ។ លោកបន្ថែមថា រដ្ឋាភិបាលមានលទ្ធភាពក្នុងការបែងចែកថវិកាបម្រុងមួយចំនួននៃថវិកាជាតិ ដើម្បីសាងសង់សាលាឃុំឲ្យបានទាំងអស់។
លោកមានប្រសាសន៍ថា៖
«ខ្ញុំថា បើករណីចាំបាច់រឿងសាលាឃុំ គ្រាន់តែរដ្ឋាភិបាលស្នើទៅក្រសួងសេដ្ឋកិច្ច ដើម្បីដកអាលុយបម្រុង ឬក៏លុយមិនទាន់បែងចែក ១៧ភាគរយ។ យកមួយផ្នែកណាមួយ យកទៅប្រើ កសាងសាលាឃុំមិនអស់ផង»៕