ស្រុកសំឡូត ខេត្តបាត់ដំបង—នៅវេលាម៉ោងមួយរសៀល ក្រោយបាយថ្ងៃត្រង់រួចកុមារតូចៗមួយចំនួន នៅភូមិបឹងរុន ក្នុងឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង នៅបន្តទៅរៀន។ ខ្លះជិះកង់ឌុបគ្នាហើយខ្លះទៀត ត្រូវម្តាយឪពុកដឹកតាមម៉ូតូទៅរៀន។ ក៏ប៉ុន្តែ ម៉ោងសិក្សារបស់ពួកគេមិនដូចមុនទេ។
ពីមុន ពួកគេធ្លាប់រៀនមួយថ្ងៃ ៤ ម៉ោង ប៉ុន្តែឥឡូវនេះ ពួកគេរៀនមួយថ្ងៃត្រឹមមួយម៉ោងប៉ុណ្ណោះ។ ពួកគេមិនទៅរៀននៅក្រោមដំបូលអគារសាលាទៀតទេ ហើយក៏មិនស្លៀកពាក់ឯកសណ្ឋានអាវសសំពត់ ឬខោខៀវដូចមុនដែរ។ សិស្សស្លៀកពាក់ខោអាវនៅផ្ទះចម្រុះពណ៌ ខ្លះចេញដំណើរទៅរៀននៅផ្ទះរបស់គ្រូបង្រៀន ខ្លះរៀននៅក្រោមដំបូលអគារសាលាឃុំ ហើយខ្លះរៀននៅក្រោមតូបលក់នំនែកមួយដែលទំនេរក្បែរផ្សារ។
នេះជាទិដ្ឋភាពរៀនរបស់សិស្សថ្នាក់បឋមសិក្សាមួយចំនួន នៅតាមទីជនបទ នៅក្នុងអំឡុងពេលដែលសាលារដ្ឋ និងឯកជនបិទទ្វារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា តាមការណែនាំរបស់ក្រសួងអប់រំ យុវជននិងកីឡា។ នេះជាការធ្វើយ៉ាងម៉េចឲ្យសិស្សរៀនបានខ្លះ កុំឲ្យភ្លេចមេរៀន ក្នុងកាលៈទេសៈដ៏លំបាកនៃជំងឺកូវីដ១៩។
ដើម្បីកុំឲ្យមានការអាក់ខានក្នុងការសិក្សា ក្នុងអំឡុងពេលនេះនៅសាលាបឋមសិក្សាស្រែអណ្តូងពីរក្នុងស្រុកសំឡូត ដែលមានចម្ងាយជាង ៨០ គីឡូម៉ែត្រ គ្រូបង្រៀនបានរៀបចំឲ្យមានការរៀនជាបណ្តុំក្រុមតូច ដោយកំណត់ចំនួនសិស្សក្រោម ១០ នាក់។ ការសិក្សាជាបណ្តុំនេះរួមចំណែកឲ្យកុមារតូចៗអាចទទួលបានចំណេះដឹងបឋម និងត្រៀមពួកគេសម្រាប់ការចូលរៀនជាផ្លូវការ នាពេលខាងមុខ។ សិស្សត្រូវដាក់ឲ្យរៀនជាបណ្តុំៗ ក្រោយការសិក្សាតាមប្រព័ន្ធអ៊ិនធឺណែត និងទូរទស្សន៍នៅតាមតំបន់ជនបទនេះ មិនមានប្រសិទ្ធភាព។
គ្រូបង្រៀនតាមទីជនបទ ដូចជាអ្នកគ្រូ សឿន ស្រីនីត ប្រើប្រាស់រយៈពេលជាង ៣ ខែ ដើម្បីរិះរកវិធីបង្រៀនសិស្សឲ្យខាងតែបាន។ ថ្នាក់រៀនរបស់អ្នកគ្រូនៅក្រោមផ្ទះឈើមួយ ដែលមានទីធ្លាល្មមសម្រាប់រៀបចំឲ្យមានកៅអី ១០ តុវែងមួយ និងក្តារខៀនមួយ។
អ្នកនាង ស្រីនីត អាយុ២៥ឆ្នាំ និងបង្រៀនសិស្សថ្នាក់ទី២ ជិត ៥០ នាក់ បង្ហាញក្តីបារម្ភថា កូនសិស្សរបស់ខ្លួន មិនចេះសរសេរ និងអានអក្សរ ដោយសារឈប់សម្រាកយូរពេក តាំងពីខែមីនាមក។
អ្នកគ្រូស្រីនីត ប្រាប់ VOA កាលពីចុងខែមិថុនាថា៖ «ព្រោះអីដូចថាឈប់តាំងពីចុងខែបីអីមក ឈប់តាំងពីហ្នឹងមក ទោះបីសរសេរអក្សរក៏រាងយឺតដែរ។ ព្រោះអីយើងសម្រាកតាំងពីហ្នុងមក ទោះបីយើងសរសេរអក្សរវិញ ក៏ពិបាកដែរដៃអី ការហ្វឹកហាត់អី ក៏ពិបាកដែររាងយឺត»។
ភ្លាមៗក្រោយការប្រកាសបិទសាលា ក្រសួងអប់រំតម្រូវឲ្យតាមដាន និងលើកទឹកចិត្តកូនសិស្សឲ្យប្តូរទម្លាប់មកសិក្សាតាមប្រព័ន្ធអ៊ិនធឺណែត និងតាមទូរទស្សន៍។ អ្នកគ្រូ ស្រីនីត ដែលមានម៉ូតូ១ គ្រឿងទូរស័ព្ទស្មាតហ្វូន១ និងសម្ពាយដាក់សន្លឹកកិច្ចការ ជិះម៉ូតូចែកកិច្ចការសិស្សតាមផ្ទះ និងណែនាំម្តាយឪពុកសិស្សអំពីកាលវិភាគសិក្សាតាមទូរទស្សន៍ផង និងបង្កើតក្រុមរៀនតាមថ្នាក់នៅក្នុងហ្វេសប៊ុកផង។
អ្នកគ្រូប្រាប់ VOA ថា៖ «[...] កាលពីខែ៥ ដល់ខែ៦ ហ្នឹង យើងឲ្យគាត់មើលតាមទូរទស្សន៍ផងយើងដើរចែកសន្លឹកកិច្ចការឲ្យសិស្សផង។ តែពេលដើរចែកអញ្ចឹងទៅវាដូចជា... ដូចថាសិស្សខ្លះឪពុកម្តាយ គាត់អត់នៅអត់អីអញ្ចឹងទៅ គាត់អត់បានធ្វើអត់បាន[រៀន]ទៅ។ អញ្ចឹងក្រោយមកយើងប្រមូលផ្តុំគាត់រៀនជាបណ្តុំវិញ ដើម្បីឲ្យគាត់ធ្វើបានកិច្ចការផងស្តាប់យើងពន្យល់ផង»។
អ្នកគ្រូ សឿន ស្រីនីត ត្រៀមខ្លួនរួចជាស្រេច។ អ្នកគ្រូបានរើរកក្តារខៀនសសេរដីស ផ្ទៃពណ៌បៃតងមួយផ្ទាំងមកវាយដែកគោលព្យួរជាប់សសរផ្ទះរបស់ខ្លួន។ ក្តារខៀននោះជាក្តារដែលជីតារបស់អ្នកគ្រូ ធ្វើដោយខ្លួនឯង ទុកបង្រៀនសិស្សតាំងពី ១០ ឆ្នាំមុន និងបន្សល់ទុកក្រោយចូលនិវត្តន៍។
ក្រោយពីកំណត់ទីតាំងផ្ទះរបស់សិស្សហើយអ្នកគ្រូ ស្រីនីត បែងចែកសិស្សជា ៤ ក្រុម។ សិស្សរបស់អ្នកគ្រូប្រមាណ ១០ នាក់ ពុំមានលទ្ធភាពរៀនតាមទូរទស្សន៍ ឬអ៊ិនធឺណែត។ ក្នុងចំណោមនោះ មាន ៥ នាក់បានប្តូរទៅរស់នៅតំបន់ដាច់ស្រយាល ដែលធ្វើឲ្យពួកគេមិនអាចចូលរៀនជាបណ្តុំបាន។
អ្នកគ្រូប្រាប់ VOA នៅផ្ទះរបស់អ្នកគ្រូក្រោយបង្រៀនសិស្សរួចថា៖
«យើងនៅនេះយើងដឹងស្រាប់ហើយ ជីវភាព។ ជួនកាលខ្លះ គឺគាត់អត់មានទេ។ ទូរទស្សន៍និងទូរស័ព្ទសឹងតែអត់មានបណ្តោយ។ [...] ជួនកាលសិស្សខ្លះ ម៉ែឪទៅថៃ កូននៅជាមួយយាយ ហើយយាយគាត់អត់ចេះអាហ្នឹងហើយអញ្ចឹងអត់មានទូរស័ព្ទមើលអត់មានអីទេ។ ដូចមានភូមិមួយនោះទូរស័ព្ទ ក៏អត់ ទូរទស្សន៍ក៏អត់។ អញ្ចឹងកូនសិស្សខ្ញុំដូចជា១០គ្រួសារ អត់មានអាហ្នឹងទេ»។
អ្នកគ្រូបន្តថា៖ «យើងរៀននៅថ្នាក់សិស្សរត់រកយើង។ ដល់ពេលតាមផ្ទះអញ្ចឹងយើងរត់រកសិស្ស»។
លោក តាក់ សារួម វ័យ ២៥ ឆ្នាំ ជាស្វាមីរបស់អ្នកគ្រូ សឿន ស្រីនីត និងជាគ្រូបង្រៀនថ្នាក់ទី ៥។ ដូចគ្នានឹងអ្នកគ្រូ ស្រីនីត ដែរ លោក តាក់ សារួម កំពុងបង្រៀនសិស្សរបស់ខ្លួនដែលសរុបប្រមាណ ៥០ នាក់ដោយចែកជា ៣ ក្រុម ទៅតាមទីតាំងផ្ទះរបស់សិស្ស។ លោកគ្រូដែល «ស្រលាញ់ការបង្រៀន» បានព្យាយាមបង្រៀនសិស្សតាមប្រព័ន្ធទំនាក់ទំនងតេលេក្រាម ដែលលោកគ្រូទើបបង្កើតឆ្នាំមុន។
លោកគ្រូ និយាយថា៖ «តែតេលេក្រាម អត់មានអ្នកប្រើផង។ អ្នកភូមិអត់មានអ្នកប្រើទេ។ ហ្វេសប៊ុកមានខ្លះ មានតែពេលខ្លះ អត់មានសេវាផង»។
សិស្សម្នាក់របស់អ្នកគ្រូគឺកុមារី សុគី នីតា អាយុ៨ឆ្នាំ។ ម្តាយរបស់ នីតា អ្នកស្រី ទី លីនដា វ័យ ២៧ ឆ្នាំ មានទូរស័ព្ទស្មាតហ្វូនមួយ ដែលអាចឲ្យកូនប្រើប្រាស់បាន។ ក៏ប៉ុន្តែ អ្នកស្រីនិងស្វាមីក្រៅតែពីមិនចេះអក្សរ ដែលពិបាកក្នុងការជួយបង្រៀនកូនបន្ថែម ហើយនោះពួកគេត្រូវធ្វើចម្ការ ចិញ្ចឹមជ្រូកនិងបិទស្រា ដែលធ្វើឲ្យពួកគេរវល់ស្ទើរគ្មានពេលជួយឲ្យកូនរៀន។
អ្នកស្រី ទី លីនដា ដឹងថាកូនស្រីចង់ធ្វើជាគ្រូបង្រៀន ក៏ប៉ុន្តែលទ្ធភាពដែលពួកគេអាចផ្តល់ឲ្យកូនមានតិចតួច។ ពួកគេពឹងពាក់ខ្លាំងលើរដ្ឋបាលអប់រំរបស់ក្រសួង និងក្រុមគ្រូបង្រៀន។
អ្នកស្រីនិយាយថា៖ «បារម្ភណាស់ ខ្លាចកូនអត់ចេះ។ ដូចថា ខ្ញុំអត់ដែលបាននៅ ឬបានពន្យល់នៅស្តាប់ជាមួយវាទេ។ ដូចថាដាក់ឲ្យមើលអញ្ចឹងទៅ ក៏ទៅធ្វើនេះ ទៅធ្វើនោះអញ្ចឹងទៅ។ អញ្ចឹង វាថាម៉ែអើយខ្ញុំរៀនអញ្ចឹងអត់ចេះទេ។ បើនៅដាំបាយដាំអីជិតហ្នឹង ចេះតែបន្តតាមមើល។ តែបើទុកឲ្យវានៅតែឯងភ្លេចហ្នឹងមើលតុក្កតាអីទៅ។ ចា... អត់មានពេលអង្គុយជិតនៅមើល»។
ការលំបាករបស់អ្នកស្រី ទី លីនដា ជាបទពិសោធន៍មួយសម្រាប់ឪពុកម្តាយផ្សេងៗទៀត នៅទីក្រុងនិងជនបទ ដែលពួកគេត្រូវទៅធ្វើការ មិនមានពេលមើលថែកូន។ សាលារៀនជាកន្លែងដែលពួកគេអាចទុកកូនបានយ៉ាងតិច ៤ ម៉ោង ហើយពួកគេអាចទៅធ្វើការបាន និងអាចសម្រាលការមើលថែទាំពួកគេរៀងរាល់ម៉ោង។
អ្នកគ្រូបង្រៀន អ្នកនាង ស្រីនីត យល់ថា សាលារៀននៅទីជនបទដាច់ស្រយាលទំនងជាមិនអាចបើកឡើងវិញនាពេលឆាប់ៗ ហើយបើសិស្សរៀនមិនទាន់ ពួកគេអាចប្រឈមនឹងការបោះបង់ចោលការសិក្សាពេលសាលារៀនចាប់ផ្តើមបើកឡើងវិញ។
អ្នកគ្រូដែលបង្រៀននៅសាលាបឋមសិក្សាស្រែអណ្តូងពីរ អស់រយៈពេល ៤ ឆ្នាំ និយាយថា៖ «ឆ្នាំនេះ មានជំងឺអញ្ចឹងទៅ យើងក៏ដើរតាមភូមិតាមអី ដើម្បីឲ្យសិស្សយើងគ្រាន់បើបានចេះ បានអីអញ្ចឹងទៅ ក្រែងលោចូលរៀនវិញ ក្រសួងអាចអនុញ្ញាតឲ្យក្មេងបានឡើងថ្នាក់នោះ វាក៏ស្រួលដែរអាចជួយរុញឲ្យបានឡើងថ្នាក់»។
នាយកសាលាបឋមសិក្សាស្រែអណ្តូងពីរ លោក ភិន ច័ន្ទណា យល់ថា ការរៀនជាបណ្តុំនៅក្នុងសហគមន៍លោក គឺជាលទ្ធភាពតែមួយគត់ដែលសាលាអាចផ្តល់ឲ្យកូនសិស្ស ខណៈការសិក្សាតាមប្រព័ន្ធអ៊ិនធឺណែត និងតាមទូរទស្សន៍មិនអាចទៅរួច។
លោកសង្កេតឃើញថា មានសិស្សតិចតួចប៉ុណ្ណោះដែលមិនបានចូលរៀន។ លោកសង្ឃឹមថាមធ្យោបាយនេះ យ៉ាងហោចណាស់ជួយឃ្លាំមើលវត្តមានសិស្ស និងជួយបំប៉នសមត្ថភាពពួកគេ។
«ខ្ញុំចេះតែចង់ឃើញសិស្សចូលរៀនហើយអ្នកគ្រូ លោកគ្រូខ្ញុំគាត់រត់លិចរត់កើត ចងបណ្តុំសិស្សហ្នឹងមកបង្រៀនអានេះមួយម៉ោងមកបង្រៀននៅនោះមួយម៉ោងអញ្ចឹងណា បានជាចេះតែចង់បានឲ្យវាចូលរៀនវិញ។ បារម្ភនោះ បារម្ភហើយ ដោយឃើញកូវីដហ្នឹង ដូចមិនទាន់ស្ងប់នៅឡើយ។
របាយការណ៍បោះពុម្ពផ្សាយឆ្នាំ ២០២០ របស់ធនាគារពិភពលោក (World Bank) ស្តីអំពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ក្នុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យដឹងថា ជំងឺរាតត្បាតនេះជះឥទ្ធិពលអវិជ្ជមានដល់គុណភាពអប់រំនៅកម្ពុជា។ របាយការណ៍ដែលផ្តោតលើករណីសិក្សាគណនេយ្យភាពគ្រូបង្រៀន និងលទ្ធភាពនៃការសិក្សារបស់សិស្សនេះ ចង្អុលបង្ហាញថា កម្ពុជាគួរគិតឲ្យមានការផ្តួចផ្តើមណាមួយ ដែលអាចទប់ស្កាត់អត្រាបោះបង់ចោលការសិក្សា ដោយធ្វើយ៉ាងណាបំប៉នដល់សិស្សដែលរៀនខ្សោយ ឬរៀនមិនទាន់គេ ជាពិសេសក្នុងពេលបិទសាលារៀនរយៈពេលវែង ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។
សម្រាប់សិស្សតាមទីជនបទអត្រាបោះបង់ចោលការសិក្សាចោលនៅជាបញ្ហាប្រឈមក្នុងវិស័យអប់រំ។ ស្ថិតិនិងសូចនាករអប់រំរបស់ក្រសួងអប់រំបង្ហាញថា អត្រាបោះបង់ការសិក្សានៅកម្ពុជានៅមានកម្រិតគួរឲ្យកត់សម្គាល់។ ក្នុងនោះក្នុងឆ្នាំ កម្រិតបឋមសិក្សាមាន ៤,៦% និងកម្រិតមធ្យមសិក្សាមាន ១៧%។ នេះបើតាមរបាយការណ៍សិក្សាឆ្នាំ ២០១៥~២០១៦។
លោក ហុង រស្មី នាយកប្រចាំប្រទេសនៃអង្គការ ActionAid កម្ពុជា ប្រាប់វីអូអេថា ការបន្តឲ្យមានការអប់រំតាមតែអាចធ្វើបានក្នុងអំឡុងពេលមានវិបត្តិពីជំងឺរាតត្បាតនេះ អាចជួយកាត់បន្ថយទំនោរនៃការបោះបង់ការសិក្សារបស់កុមារ។
លោកបន្តថា៖ «នៅតាមជនបទវាស៊ីសងលើថាសាលាមួយណា គ្រូមួយណា ហើយអត់បានទាំងអស់ទេព្រោះគ្រូខ្លះ គាត់ស្វះស្វែងអញ្ចឹងទៅ គាត់អាចទៅជួបសិស្សញឹក ឬទៅណាត់សិស្សទៅសាលាញឹកញាប់អញ្ចឹងទៅ គ្រូខ្លះឬសាលាខ្លះ គាត់អត់សូវបានធ្វើទេ ទោះជាក្រសួងមានការណែនាំឲ្យចុះទៅដល់តាមផ្ទះ ចែកឯកសារបង្រៀនខ្លះមួយអាទិត្យម្តងអញ្ចឹង ក៏អត់មានការអនុវត្តពេញលេញដែរ»។
លោកបន្តទៀតថា ក្រៅពីការចាត់វិធានការសុខភាពអនាម័យតឹងរ៉ឹង ក្រសួងអប់រំគួរមានការបង្កើតកម្មវិធីបង្រៀនបំប៉នបន្ថែមដល់សិស្សានុសិស្ស ដើម្បីឲ្យសិស្សរៀនទាន់ដែលអាចបន្ថយទំនោរនៃការបោះបង់ចោលការសិក្សា។
លោកនិយាយថា៖ «ប្រសិនជាការគិតគូរហ្នឹងត្រូវប្រហែលជាអត្រាបោះបង់ [ចោលការសិក្សា] នឹងតិចតែ បើការគិតគូរហ្នឹងមិនត្រូវ មិនតម្រូវតាម [ស្ថានភាពជាក់ស្តែងរបស់] សាលាការបោះបង់ចោលអាចហ្នឹងច្រើន»។
ថ្មីនេះៗ រដ្ឋាភិបាលអនុញ្ញាតឲ្យសាលារៀនស្តង់ដារសុវត្ថិភាពខ្ពស់មួយចំនួនតូច ដំណើរការសាកល្បងឡើងវិញ នៅខែសីហាខាងមុខ។ នេះបើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ។
ចាប់តាំងពីការរាតត្បាតជំងឺកូវីដ គ្រឹះស្ថានអប់រំនៅកម្ពុជារាប់តាំងពីថ្នាក់មត្តេយ្យដល់ថ្នាក់ឧត្តមសិក្សាជាង ១៥.០០០ បានផ្អាកដំណើរការបណ្តោះអាសន្ន។ ការណ៍នេះធ្វើឲ្យសិស្សនិស្សិតប្រមាណជា ៣ លាន ៥ សែន នាក់ផ្អាកការសិក្សានៅបន្ទប់រៀន ដោយប្តូរមករៀនតាមអនឡាញឬពីចម្ងាយវិញ៕