ការផ្លាស់ប្តូររបស់វៀតណាមពីភាពក្រីក្រ មកសេដ្ឋកិច្ចដែលលូតលាស់យ៉ាងឆាប់រហ័សមួយ បានបង្កឲ្យមានការប៉ះពាល់លើបរិស្ថាន ប៉ុន្តែអ្នកដែលនឹងទទួលរងផលវិបាកខ្លាំងជាងគេ គឺជនវ័យក្មេង ដែលកំពុងតែចាត់វិធានការផ្សេងៗដើម្បីធ្វើការផ្លាស់ប្តូរ។ អ្នកស្រី Marianne Brown រាយការណ៍ អំពីរឿងនេះពីទីក្រុងហាណូយ ។
នៅតាមផ្លូវដើរឆឆេតឆឆូតតាមបណ្តោយស្ពាន Long Bien ដែលជាកន្លែងដ៏ល្បីឈ្មោះមួយនៅទីក្រុងហាណូយ គេឃើញមានមនុស្សដែលពាក់អាវយឺតដូចគ្នាមួយចំនួន។ ពួកគេបានហៅខ្លួនគេថា «The Carp Team» ឬក្រុមត្រីព្រួល ហើយនាំគ្នាកាន់បដាដែលមានអក្សរថា «កុំទម្លាក់ថង់នីឡុងជាមួយនឹងត្រី»។
នាង Le Thi Lai ស្ថិតនៅក្នុងចំណោមអ្នកទាំងនោះ។ នាងបាននិយាយថា ប្រាំពីរថ្ងៃមុនពេលបុណ្យចូលឆ្នាំ វាជាប្រពៃណីសម្រាប់ជនជាតិវៀតណាម នៅក្នុងការលែងជាងបីក្បាលដើម្បីអមជាមួយនឹង ជំនៀងផ្ទះ ដែលជាទេវតាមួយដែលនៅចង្រ្កានបាយ នៅពេលដែលទេវតានោះត្រឡប់ទៅរាយការណ៍ប្រាប់អធិរាជថ្មយក់ នៅស្ថានសួរគ៌។
នាង Lai បានបន្តថា បញ្ហានោះគឺថា មនុស្សជាច្រើនបានបោះទាំងថង់ប្លាស្ទិកចូលក្នុងទឹកជាមួយត្រីដែរ។ នេះមិនត្រឹមតែបំពុលបរិស្ថានប៉ុណ្ណោះទេ វាថែមទាំងអាចសម្លាប់ត្រីផងដែរ។ ដំណោះស្រាយរបស់ក្រុម Carp Team គឺប្រមូលថង់ប្លាស្ទិកទាំងនោះដើម្បីច្នៃប្រើប្រាស់ឡើងវិញ និងឲ្យមនុស្សចុះដល់មាត់ទឹក ដើម្បីអាចលែងត្រីទាំងនោះនៅទីនោះ។
នាង Hoang Hong Vi និយាយថា ក្រុមសិស្សនិស្សិតមិនត្រឹមតែមានភាពសកម្មនៅថ្ងៃបុណ្យចូលឆ្នាំតែប៉ុណ្ណោះទេ។
នាងបានលើកឡើងថា ពួកគេក៏ធ្វើការគាំទ្រដល់កម្មវិធី Earth Hour និងកំពុងធ្វើការរៀបចំកម្មវិធីកែច្នៃប្រើប្រាស់ឡើងវិញនៅក្នុងខែមិថុនា ដើម្បីលើកកម្ពស់ការយល់ដឹងពីការធ្វើឲ្យទឹកកខ្វក់។ ការងាររបស់ពួកគេជាផ្នែកមួយ នៃភាពជាសកម្មជនថា្នក់មូលដ្ឋាន ដែលបានរីកធំឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្របជាមួយនឹងកំណើននៃការព្រួយបារម្ភទៅលើបញ្ហាបរិស្ថាន។
កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសវៀតណាមបានបង្កផលវិបាកខ្លាំងក្លាមកលើបរិស្ថាន ជាមួយនឹងផ្លូវទឹកដែលត្រូវបានធ្វើឲ្យកខ្វក់ និងការបាត់បង់ជីវៈចម្រុះយ៉ាងច្រើន។ ប្រទេសវៀតណាម មានចំណាត់ថ្នាក់១៣៦ នៅក្នុងចំណោម ១៧៨ប្រទេសក្នុងសន្ទស្សន៍សកម្មភាពផ្នែកបរិស្ថានឆ្នាំ ២០១៤ (2014 Environmental Performance Index) ដែលក្នុងនោះប្រទេសវៀតណាមទទួលបានចំណាត់ថ្នាក់លេខ១៧០ សម្រាប់គុណភាពខ្យល់។ ការនេះនាំឲ្យចាត់ចំណាត់ថ្នាក់សម្រាប់សកម្មភាពបរិស្ថានសរុបរបស់វៀតណាមស្ថិតនៅក្រោយប្រទេសចិន ដែលមានចំណាត់ថ្នាក់លេខ ១១៨ ប៉ុន្តែខ្យល់កខ្វក់នៅវៀតណាមមិនមានសភាពអាក្រក់ខ្លាំងដូចនៅក្នុងទីក្រុងជាច្រើននៅប្រទេសចិនដែល មានផ្សែងអព្ទរហូតដល់ឈ្លក់នោះទេ។
មន្រ្តីជាន់ខ្ពស់នៃកម្មវិធីរបស់មូលនិធិអាស៊ីសម្រាប់បរិដ្ឋាន លោក Nguyen Tri Thanh បានមានប្រសាសន៍ថា ដោយសារបញ្ហាបរិស្ថានមានសភាពកាន់តែដុនដាបទៅនៅក្នុងទីក្រុងធំៗ ដូចជាទីក្រុងហាណូយ និង ហូជីមិញ ជាដើម ប្រជាជនកំពុងតែមានការព្រួយបារម្ភកាន់តែខ្លាំងអំពីបរិស្ថាន ពីព្រោះវាប៉ះពាល់ទៅដល់ជីវិត និងកូនចៅរបស់ពួកគេ។
«នាពេលបច្ចុប្បន្ននៅក្នុងទីក្រុងហាណូយ អ្នកអាចឃើញមនុស្សវ័យក្មេងជាមួយខ្លះ កាន់បដាដែលនិយាយថា បើលោកអ្នកបញ្ឈប់ម៉ូតូ លើសពី ៣០វិនាទី សូមមេត្តាពន្លត់ម៉ាស៊ីនដើម្បីសន្សំសំចៃថាមពល និងជួយដល់បរិស្ថាន។ ពួកគេពិតជាមានការព្រួយបារម្ភពីសកម្មភាពរបស់មនុស្សទូទៅ។ ពួកគេពិតជាព្យាយាមលើកកម្ពស់សកម្មភាពជួយសំអាតបរិស្ថាននៅក្នុងចំណោមប្រជាជនដែលរស់នៅក្នុងទីក្រុងធំៗនាពេលឥឡូវនេះ»។
ការបំពុលខ្យល់់ គឺជាការព្រួយបារម្ភជាក់លាក់មួយសម្រាប់គ្រួសារនានានៅក្នុងទីក្រុងធំៗ។ ម៉ាស៊ីនចំហេះនៅតាមរថយន្ត និងទោចក្រយានយន្ត ជាកត្តាបង្កឲ្យមានការបំពុលឈានមុខគេនៅវៀតណាម ដែលបញ្ហានេះនឹងអាចមានសភាពកាន់តែដុនដាបឡើងនៅពេលដែលចរាចរណ៍បានកើនឡើង។ យោងទៅតាមបណ្តាញផ្សព្វផ្សាយក្នុងស្រុក មានទោចក្រយានយន្តដែលត្រូវបានចុះបញ្ជីចំនួន ៣៧លានគ្រឿងនៅក្នុងប្រទេស ដែលកើនពី៣២លានគ្រឿងនៅក្នុងឆ្នាំ ២០០៨។
នៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បីកាត់បន្ថយការបញ្ចេញផ្សែងពុល វិធានការមួយរបស់រដ្ឋាភិបាលនឹង ពង្រឹងស្តង់ដារនៃការបញ្ចេញផ្សែងពុល សម្រាប់យានជំនិះនៅក្នុងឆ្នាំ ២០១៧ និងជាថ្មីម្តងទៀតនៅក្នុង ឆ្នាំ ២០២២។ ស្តង់ដារដែលកាន់តែមានភាពតឹងរឹងនេះ ត្រូវបានកំណត់ដោយសហភាពអឺរ៉ុប ដើម្បីគ្រប់គ្រងទៅលើសារធាតុបំពុលខ្យល់ ដែលត្រូវបានបញ្ចេញទៅក្នុងបរិយាកាស។
ទោះជារដ្ឋាភិបាលវៀតណាមទទួលស្គាល់បញ្ហានេះក៏ដោយ ក៏ការដោះស្រាយការបំពុលខ្យល់មិនមែនជាអាទិភាពនាពេលនេះ ទេ ខណៈដែលរដ្ឋាភិបាលកំពុងផោ្តតការប្រឹងប្រែងខ្លាំងជាងនៅក្នុងការដោះស្រាយបញ្ហាទឹកកខ្វក់ នេះបើតាមសម្តីរបស់លោក Thanh នៃមូលនិធិ Asia។
«ខ្ញុំស្គាល់មនុស្សមួយចំនួននៅក្នុងក្រសួងបរិស្ថាន និងធនធានធម្មជាតិ ដែលពាក់ព័ន្ធនឹងច្បាប់តឹងរឹងជាងមុនទៅ ដើម្បីដោះស្រាយបញ្ហាខ្វល់កខ្វក់ ប៉ុន្តែច្បាប់នោះមិនទាន់ចេញនៅឡើយទេ។ ខ្ញុំគិតថា នាពេលអនាគត ក្រសួងបរិស្ថាននឹងធ្វើការជាមួយនឹងក្រសួងសំណង់ និងដឹកជញ្ជូនដើម្បីអនុម័តនូវច្បាប់ស្តីពីការសំអាតខ្យល់កខ្វក់ ថែមទៀត»។
នាងLai បាននិយាយថា នាងគិតថា ការការពារបរិស្ថានមិនគួរជាការទទួលខុសត្រូវរបស់មនុស្សមួយក្រុមទេ។
នាងនិយាយបន្តថា ការបំពុលបរិដ្ឋាន ប៉ះពាល់មនុស្សទាំងអស់គ្នា ដូច្នេះវាជាការទទួលខុសត្រូវរបស់មនុស្សគ្រប់គ្នាដើម្បីដោះស្រាយបញ្ហានេះ៕
ប្រែសម្រួលដោយ៖ ណឹម សុភ័ក្រ្តបញ្ញា