ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេសវៀតណាម​បើក​ខ្សែទូរស័ព្ទ​ជួយពលរដ្ឋរបស់ខ្លួន​នៅ​បរទេស


រូបថតឯកសារ៖ បុគ្គលិក​មើលមកក្រៅ​​តាម​ប្រឡោះ​ទ្វារ​បិទជិត​មួយ​នៅ​ស្ថានទូត​វៀតណាម​ប្រចាំ​ទីក្រុង​បាងកក​។
រូបថតឯកសារ៖ បុគ្គលិក​មើលមកក្រៅ​​តាម​ប្រឡោះ​ទ្វារ​បិទជិត​មួយ​នៅ​ស្ថានទូត​វៀតណាម​ប្រចាំ​ទីក្រុង​បាងកក​។

ប្រទេស​វៀត​ណាម​បាន​បើក​បណ្តាញ​ខ្សែទូរស័ព្ទ​លើក​ដំបូង​របស់​ខ្លួន​ដើម្បី​ជួយ​ពលរដ្ឋ​របស់ខ្លួន​នៅ​បរទេសដែល​មាន​បញ្ហា​នានា​ចាប់​តាំង​ពី​ការ​បាត់​លិខិត​ឆ្លង​ដែន​រហូត​ដល់​អ្នក​ដែល​ក្លាយ​ជា​ជន​រងគ្រោះ​ដោយ​សារ​ការ​ជួញ​ដូរ​មនុស្ស។

លោក​ឧបនាយករដ្ឋ​មន្រ្តី​ Pham Binh Minh ​នៅឯ​ពិធី​បើក​សេវាកម្ម​ថ្មី​នៅ​សប្តាហ៍​នេះ ​បាន​សង្កត់​បញ្ជាក់​ថា ​បណ្តាញ​ខ្សែ​ទូរស័ព្ទ​នេះ​នឹង​ជួយ​ក្រសួង​ការបរ​ទេសឲ្យ​មាន​ប្រសិទ្ធ​ឡើងក្នុង​ការ​ការពារ​ពល​រដ្ឋ​វៀត​ណាមនៅ​បរទេស។

​លោក​និយាយ​បន្ថែម​ទៀត​ថា ​ពលរដ្ឋ​វៀត​ណាម​អាច​ហៅ​ទូរស័ព្ទ​នេះ​នៅពេល​ថ្ងៃ​ឬ​ពេល​យប់ដើម្បី​ស្វះស្វែង​រក​ការ​ជួយ ​ប្រសិនបើ​ពួកគេ​ត្រូវ​គេ​ប្លន់​ ​បាត់​លិខិត​ឆ្លង​ដែន ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់ ​មាន​ជំងឺ​ខ្លាំងឬ​ជា​ជន​រងគ្រោះ​នៃ​ការ​ជួញ​ដូរ​មនុស្ស។

ទោះ​ជាយ៉ាង​ណាក៏ដោយ ​សេវាកម្មថ្មី​នេះ​តម្រូវ​ឲ្យ​មាន​ការ​បង់​ប្រាក់។ ​អ្នកដែល​ ប្រើ​ប្រាស់​ទូរស័ព្ទ​នោះ ​នឹង​ត្រូវ​បង់​ប្រាក់​ទៅ​តាម​បទដ្ឋាន​អន្តរជាតិសម្រាប់​ការ​ហៅ​ទូរស័ព្ទទៅ​កាន់​ប្រទេស​វៀត​ណាម។

លោក​ Nguyen Manh Thang ​កម្មក​វៀត​ណាម​ក្នុង​ប្រទេស​រុស្ស៊ី​បាន​ប្រាប់ ​VOAផ្សាយ​ជាភាសា​វៀត​ណាម​ថា ​លោក​នឹង​ត្រូវ​រង់​ចាំមើល​ថា​តើ​កិច្ច​ប្រតិបត្តិការ​ទូស័ព្ទ​ថ្មី​ជាការ​ពិត​ប្រាកដ​ឬ​គ្រាន់​តែ​ជា​វិធី​ឃោសនា។

លោក​និយាយ​ថា៖ «និយាយ​ឲ្យ​ស្មោះ​ត្រង់​ទៅ ​ខ្ញុំ​មិន​ទុក​ចិត្ត​ពួក​អាជ្ញាធរ​វៀត​ណាមទេ។ ​ប្រហែល​ពួកគេ​បង្កើត​ខ្សែទូរស័ព្ទនេះ​ឡើងគ្រាន់​តែ​ធ្វើ​ឲ្យ​មាន​រូបភាព​ល្អ​មើលសម្រាប់​ខ្លួន​ឯង​នៅ​ក្នុង​កែវ​ភ្នែក​សហគមន៍​អន្តរជាតិ។​ តើ​ពួកគេ​នឹង​អនុវត្ត​បណ្តាញ​ខ្សែ​ទូរស័ព្ទ​នោះ​យ៉ាង​ដូចម្តេច ​យើង​មិន​ទាន់ដឹងនៅ​ឡើយ​ទេ»៕

XS
SM
MD
LG