លោកប្រធានាធិបតីវៀតណាមត្រឹង តានសាងបានទទូចឲ្យប្រទេសកម្ពុជាជំរុញការបង្កើនពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការទ្វេភាគី។
លោកប្រធានរដ្ឋ ឬប្រធានាធិបតីវៀតណាមបានថ្លែងដូចនេះក្នុងជំនួបជាស៊េរីជាមួយព្រះមហាក្សត្រ និងមន្ត្រីជាន់ខ្ពស់កម្ពុជានៅថ្ងៃអង្គារនេះ។
លោកអៀង សុផល្លែត អ្នកនាំពាក្យនៃជំនួបរវាងលោកត្រឹង តានសាងជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងប្រាប់អ្នកកាសែតក្រោយពីជំនួបនៅល្ងាចនេះថា លោកប្រធានាធិបតីវៀតណាមបានសង្កត់ធ្ងន់លើវិស័យពាណិជ្ជកម្ម និងវិនិយោគ។
«ឯកឧត្តមក៏បានស្នើសុំឲ្យមានការយកចិត្តទុកដាក់រវាងរដ្ឋាភិបាលទាំងពីរដើម្បីធ្វើយ៉ាងណាជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យបាន៥០០០លានដុល្លារនៅឆ្នាំ២០១៥ ដូចដែលបានកំណត់ទុក»។
លោកអៀង សុផល្លែងបញ្ជាក់ថា លោកហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរបានឆ្លើយតបថា ការជំរុញបណ្តូរពាណិជ្ជកម្មនេះត្រូវជំរុញពាណិជ្ជកម្មតាមព្រំដែន និងវិស័យទេសចរណ៍។
«សម្តេចក៏បានមានប្រសាសន៍ដែរថា ដើម្បីសម្រេចបាននូវទំហំពាណិជ្ជកម្ម៥០០០លានដុល្លារនៅឆ្នាំ២០១៥នេះ គប្បីលើកស្ទួយនូវវិស័យទេសចរណ៍។ កាលពីឆ្នាំទៅ កម្ពុជាទទួលបានទេសចរវៀតណាមចំនួនប្រមាណ៨៥ម៉ឺននាក់»។
ប្រទេសកម្ពុជានិងវៀតណាមមានទំនាក់ទំនងការទូតចាប់តាំងពីខែមិថុនាឆ្នាំ១៩៦៧មកម្ល៉េះ។ កាលពីឆ្នាំ២០១៣ បណ្តូរពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនដល់៣,៣៤ពាន់លានដុល្លារ។ ហើយសម្រាប់រយៈពេលដប់ខែដើមឆ្នាំ២០១៤នេះ បណ្តូរពាណិជ្ជកម្មទ្វេភាគីបានឈានដល់២,៦ពាន់លានដុល្លារអាមេរិក។ ហើយប្រទេសទាំងពីរបានប្តេជ្ញាជំរុញបណ្តូរពាណិជ្ជកម្មឲ្យកើនដល់៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០១៥។
យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់វៀតណាម VNA ឲ្យដឹងថា ក្រុមហ៊ុនវៀតណាមដែលកំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជាមាន១៣៤គម្រោង ដែលមានទំហំទឹកប្រាក់៣,៣៦ពាន់លានដុល្លារអាមេរិក។ គម្រោងទាំងនោះផ្តោតលើវិស័យកសិឧស្សាហកម្ម រ៉ែ ប្រេង និងឧស្ម័ន វិស័យទូរគមនាគមន៍និងធនាគារ។
លោកយឹម សុវណ្ណ តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិអធិប្បាយថា បើទោះបីជាប្រទេសទាំងពីរប្រឹងប្រែងជំរុញកិច្ចសហការផ្នែកពាណិជ្ជកម្ម ក៏ប្រទេសកម្ពុជាមានការនាំទំនិញចេញទៅលក់នៅទីផ្សារវៀតណាមតិចតួចគឺប្រមាណជា១០០ទៅ២០០លានដុល្លារក្នុងមួយឆ្នាំតែប៉ុណ្ណោះ។
«វៀតណាមនាំចូលមកប្រទេសកម្ពុជាវិញចាប់ពី២០០០លានទៅ៣០០០លានដុល្លារក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូច្នេះឃើញថា ជញ្ជីងពាណិជ្ជកម្មខុសគ្នាឆ្ងាយ។ ផលប្រយោជន៍ប្រទេសកម្ពុជាស្ទើរតែក្លាយជាផលប្រយោជន៍របស់ប្រទេសវៀតណាមទៅហើយ ហើយប្រសិនបើប្រទេសមួយក្លាយជាទីផ្សាររបស់គេគឺយើងមានផលប្រយោជន៍តិចតួចណាស់។(យើង)បារម្ភថា ធ្វើយ៉ាងម៉េច បើមិនបានប្រហាក់ប្រហែលគ្នាទេ ក៏កុំឲ្យខុសគ្នាឆ្ងាយពេក»។
ប្រធានាធិបតីវៀតណាមត្រឹង តានសាងនឹងបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួននៅថ្ងៃទីពុធទី២៤ខែធ្នូស្អែកនេះ។ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ លោកប្រធានាធិបតីវៀតណាមត្រូវចូលគាល់ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ជួបជាមួយលោកហេង សំរិន ប្រធានរដ្ឋសភា ជួបជាមួយលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន លោកសាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា។
ក្នុងជំនួបជាមួយលោកត្រឹង តានសាង កាលពីព្រឹកមិញ ព្រះមហាក្សត្រកម្ពុជាបានបញ្ជាក់អះអាងថា ប្រទេសកម្ពុជាមិនដែលភ្លេចការគាំទ្រដែលមិនអាចកាត់ថ្លៃបានរបស់ប្រទេសវៀតណាមមកលើប្រទេសកម្ពុជាទេ។ ហើយកម្ពុជានឹងបន្តពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។
ដូចគ្នានេះដែរ ក្នុងជំនួបជាមួយលោកហេង សំរិន ប្រធានរដ្ឋសភា ភាគីទាំងពីរបានលើកពីការប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីសម្រាប់សន្តិភាពនិងសហការក្នុងតំបន់។
ជាមួយគ្នានេះដែរ លោកត្រឹង តានសាង ប្រធានាធិបតីវៀតណាមក៏បានលើកពីការជំរុញផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបញ្ហាបោះបង្គោលព្រំដែនរួមទាំងសំណើឲ្យមានការការពារផលប្រយោជន៍ដល់ពាណិជ្ជករវៀតណាមដែលកំពុងរកស៊ីនៅកម្ពុជា៕