ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​វៀតណាម​អាមេរិកាំង​​ដែល​បោះ​ឆ្នោត​ឲ្យ​លោក ដូណាល់ ​ត្រាំ មាន​ការ​រំពឹង​ទុក​ខុសៗ​គ្នា​ចំពោះ​លោក


សហគមន៍ Little Saigon ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ក្រុង Los Angeles រដ្ឋ Californiaមាន​ពលរដ្ឋ​វៀតណាម​ច្រើន​ជាង​គេ។
សហគមន៍ Little Saigon ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ក្រុង Los Angeles រដ្ឋ Californiaមាន​ពលរដ្ឋ​វៀតណាម​ច្រើន​ជាង​គេ។

នៅ​ជុំវិញ​តុ​ម៉ាជាំង ដែល​ស្ថិត​នៅ​ជាយ​ក្រុង​វៀតណាម​ហៅ​ថា ​«Little Saigon» នៅ​ក្នុង​សង្កាត់ Orange នៃ​រដ្ឋ California គឺ​ជា​កន្លែង​ដែល​អ្នក​លេង​ម៉ាជាំង​តាម​ដាន​ដំណើរ​ការ​បោះឆ្នោត​យ៉ាង​ដិតដល់។ មនុស្ស​ជា​ច្រើន​អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​គាំទ្រ​ដែល​មាន​ការ​ស្ទាក់ស្ទើរ​របស់​ លោក​ត្រាំ។

លោក​វីរសេនីយ៍ឯក «Leslie» Le Khac ly អតីត​អគ្គសេនាធិការ II Corps នៅ​ទីក្រុង​ Pleikuនៃ​កងទ័ព​វៀតណាម​ខាង​ត្បូង​ បាន​និយាយ​ថា៖ «ខ្ញុំ​បាន​បោះឆ្នោត​ឲ្យ​គាត់​មិនមែន​ដោយ​សារ​ខ្ញុំ​កោត​សរសើរ​គាត់ មិនមែន​ដោយ​សារ​ខ្ញុំ​ទទួល​ស្គាល់​ថា​គាត់​ជា​បេក្ខជន​ដែល​មាន​សមត្ថភាព​ខ្ពស់​សម្រាប់​តំណែង​ជា​ប្រធានាធិបតី​នោះ​ទេ ប៉ុន្តែ​ដោយសារ​ខ្ញុំ​មិន​ចូលចិត្ត​លោកស្រី ហ៊ីលឡារី គ្លីនតុន»។

យោង​តាម​ការស្ទង់មតិ​ជាតិ​ទៅ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ឆ្នាំ​២០១៦ ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ជា​ច្រើន​បាន​បោះ​ឆ្នោត​ឲ្យ​លោក​ស្រី ហ៊ីលឡារី គ្លីនតុន ជាជាង​បោះ​ឆ្នោត​ឲ្យ​លោក ដូណាល់​ ត្រាំ នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ។ អ្នក​ដែល​បោះ​ឆ្នោត​គាំទ្រ​លោក ដូណាល់ ត្រាំ គឺ​ដោយ​សារ​មូលហេតុ​មួយ​ចំនួន​ផ្សេងៗ​គ្នា។

អ្នកស្រី​ Aichau Caoxuanកំពុង​តែ​ពឹង​ផ្អែក​លើ​អ្នក​ដែល​លោក​ត្រាំ​នឹង​តែងតាំង​ដើម្បី​ជួយ​ណែនាំ​ដល់​គាត់។ អ្នកស្រី​បាន​និយាយ​ថា៖ «បុគ្គលិក​និង​ទី​ប្រឹក្សា​របស់​លោក ត្រាំ ​នឹង​នៅ​ទី​នោះ​ដើម្បី​ជួយ។ ដូច្នេះ​នៅ​នាទី​ចុងក្រោយ ខ្ញុំ​បោះឆ្នោត​ឲ្យ​គាត់»។ អ្នកស្រី​បាន​និយាយ​យ៉ាង​ដូច្នេះ​នៅ​ពេល​ដែល​អ្នកស្រី​សម្រាក​ពី​ការ​លេង​ម៉ាជាំង។

ជនជាតិ​វៀតណាម​ផ្សេងទៀត​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សាធារណរដ្ឋ​ដោយសារ​តែ​ពួកគេ​មាន​ជំនឿ​ទៅ​លើ​គណបក្ស​នេះ។ លោក Long Pham ដែល​កាន់​សាសនា​គ្រិស្ត​និកាយ​កាតូលិក​ក៏​ដូច​ជា​ពលរដ្ឋ​អាមេរិកកាំង​ដើម​កំណើត​វៀតណាម​ជា​ច្រើន​ទៀត​ដែរ បាន​ថ្លែង​ថា៖ «ខ្ញុំ​នៅ​តែ​បោះឆ្នោត​ឲ្យ​គណបក្ស​សាធារណរដ្ឋ​ព្រោះ​ខ្ញុំ​មិន​ជឿ​ទៅ​លើ​ការ​រំលូត​កូន​នោះ​ទេ»។

ខុស​ពី​អ្នក​គាំទ្រ​ស្ទាក់ស្ទើរ​របស់​លោក​ ត្រាំ មួយ​ចំនួន​ទៀត លោកMike Nguyenដែល​ក៏​ជឿ​លើ​សាសនា​គ្រិស្ត​និកាយ​កាតូលិក​ផង​ដែរ ជឿជាក់​ទៅ​លើ​របៀបវារៈ​ដែល​លោក​ ដូណាល់ ត្រាំ បាន​ស្នើ​ឡើង ដោយ​រួម​ទាំង​ការ​ជ្រើសរើស​តុលាការ​កំពូល​អភិរក្ស​និយម​ដែល​លោក​ Nguyen សង្ឃឹម​ថា​នឹង​ផ្លាស់ប្តូរ​បញ្ហា​សង្គម​មួយ​ចំនួន។

លោក Nguyen បាន​និយាយ​ថា៖ «ឧទាហរណ៍​ក្រុម​គ្រួសារ និង​អាពាហ៍ពិពាហ៍។ តាំង​ពី​យូរយារ​ណាស់​មក​ហើយ និយមន័យ​អាពាហ៍ពិពាហ៍​គឺ​វាង​បុរស​និង​ស្ត្រី។ ខ្ញុំ​មិន​រើសអើង​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​នោះ​ទេ ប៉ុន្តែ​ពួក​គេ​មាន​ការទទួល​ស្គាល់​ផ្សេង​ទៀត ដូច​ជា​សហជីព​ទទួល​ស្គាល់​អ្នកស្រឡាញ់​ភេទ​ដូចគ្នា​ជាដើម»។

លោក​ក៏​រំពឹង​ថា សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​នឹង​ប្រសើរ​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​លោក​ត្រាំ ។ លោក​បាន​និយាយ​ថា៖ «ដូច​ជា​អ្នក​បោះឆ្នោត​ដទៃ​ទៀត​ដែរ ខ្ញុំ​មា​ន​ក្តី​រំពឹង​ច្រើន​ណាស់។ ខ្ញុំ​ចង់​ឲ្យ​យក​ការងារ​ត្រឡប់​មក​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិកាំង​វិញ»។

ចំពោះ​គោលនយោបាយ​ការ​បរទេស​របស់​លោក ​ត្រាំ លោក​វរសេនីយ៍ឯក Le បាន​និយាយ​ថា គាត់​ចូលចិត្ត​ជំហរ​រឹងមាំ​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​ចំពោះ​ប្រទេស​ចិន​ដែល​អាច​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រទេស​វៀតណាម។

លោកLeបាន​និយាយ​ថា៖ «ខ្ញុំ​ចូលចិត្ត​គំនិត​ដែល​ថា លោក ដូណាល់ ត្រាំ មើល​ឃើញ​ចិន​ជា​សត្រូវ។ ព្យាយាម​ទាញ​វៀតណាម​ឲ្យ​ត្រឡប់​ទៅ​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក ហើយ​ខ្ញុំ​ចង់​ឃើញ​លោក ដូណាល់ ត្រាំ បន្ត​គោលនយោបាយ​នេះ។ នេះ​គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​អ្នក​អាច​បញ្ឈប់​មហិច្ឆតា​របស់​ចិន​បាន»។

មិន​ថា​លោក ត្រាំ បាន​សន្យា​អ្វី​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​នោះ​ទេ ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​វៀតណាម​ជា​ច្រើន​ដឹង​ថា មាន​ដែន​កំណត់​ចំពោះ​អ្វី​ដែល​លោក​ប្រធានាធិបតី​អាច​ធ្វើ​បាន ហើយ​ប្រធានាធិបតី​ប្រហែល​ជា​ត្រូវ​សម្របសម្រួល​ទៅ​តាម​នោះ។

លោក ​Pham និយាយ​ថា៖ «យើង​មាន​សភា និង​តុលាការ​កំពូល។ មិន​ដូច​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ នៅ​ពេល​ដែល​មាន​ស្ដេច​ថ្មី ទ្រង់​អាច​ផ្លាស់ប្តូរ​អ្វីៗ​បាន​គ្រប់​យ៉ាង​នោះ​ទេ។ ខ្ញុំ​នឹង​ផ្តល់​ឱកាស​ឲ្យ​គាត់​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ។ រយៈពេល​១០០​ថ្ងៃ​គឺ​ខ្លី​ពេក។ សហរដ្ឋអាមេរិក​គឺ​ដូច​ជា​នាវា​ចម្បាំង​ធំ​មួយ​អញ្ចឹង។ នៅ​ពេល​ដែល​អ្នក​ចង់​បត់​ចង្កូត វា​ត្រូវ​ការ​ពេល​វេលា»៕

ប្រែ​សម្រួល​ដោយ​ កាន់ វិច្ឆិកា ​

XS
SM
MD
LG