ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អ៊ីរ៉ង់​គំរាម​សងសឹក ប្រសិន​បើ​សហរដ្ឋ​អាមេរិក​បន្តដាក់​ទណ្ឌកម្ម


លោក Ayatollah Ali Khamenei ដែល​ជា​មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​និយាយ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​និស្សិត​មួយ​ក្រុម​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក Ayatollah Ali Khamenei ដែល​ជា​មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​និយាយ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​និស្សិត​មួយ​ក្រុម​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦។

មេដឹកនាំ​អ៊ីរ៉ង់​បាន​គំរាម​ថា​នឹង​សងសឹក ប្រសិន​បើ​ទណ្ឌកម្ម​ដែល​មាន​រយៈពេល​២០​ឆ្នាំ​ទៅ​លើ​ប្រទេស​នៅ​បស្ចឹមបូព៌ា​មួយ​នេះ​នឹង​ត្រូវ​បន្ត​១០​ឆ្នាំ​ទៀត។

ការ​ព្រមាន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​សភា​អាមេរិក​បាន​បោះឆ្នោតថា​នឹង​បន្ថែម​ទណ្ឌកម្ម​១០​ឆ្នាំ​ទៀត​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់ ដែល​ទណ្ឌកម្ម​នេះ​គ្រោង​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ​នេះ។​

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​លក្ខណៈ​ប្រវត្តិសាស្រ្ត​នោះ​ដាក់​កម្រិត​ទៅ​លើ​សកម្មភាព​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ឲ្យ​បញ្ចប់​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់​ចុះ​ខ្សោយ។ កិច្ចព្រមព្រៀង​នោះ​ត្រូវ​ទទួល​បាន​ការ​ឯកភាព​ពី​ព្រឹទ្ធសភា​អាមេរិក​និង​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដើម្បី​ពន្យារពេល​សុពលភាព​បាន។​

លោក Ayatollah Ali Khamenei ដែល​ជា​មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់ មិន​បាន​បញ្ជាក់​អំពី​ការ​ឆ្លើយ​តប​របស់​ប្រទេស​លោក​នោះ​ទេ ប៉ុន្តែ​លោក​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​របស់​លោក​ថា «សហរដ្ឋ​អាមេរិក​គួរ​តែ​ដឹង​ថា សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​នឹង​មិន​ព្រម​ដោយ​ងាយស្រួល​នោះ​ទេ»។ ​

តំណាងរាស្រ្ត​ខាង​គណបក្ស​សាធារណរដ្ឋ​និង​ប្រជាធិបតេយ្យ​របស់​អាមេរិក​បាន​និយាយ​ថា ពួកគេ​សង្ឃឹម​ថា​នឹង​រក្សា​យុទ្ធសាស្រ្ត​ដ៏​តឹងរ៉ឹង​មួយ​ទៅ​លើ​អ៊ីរ៉ង់​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​អាមេរិក​ថ្មី។ ​

លោក Khamenei បាន​និយាយ​ថា វា​លឿន​ពេក​ហើយ​ក្នុង​ការវិនិច្ឆ័យ​ទៅ​លើ​រដ្ឋបាល​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump។ ប៉ុន្តែ​លោក Trump រិះគន់​កិច្ចព្រមព្រៀង​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG