ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​លក់​វត្ថុ​បុរាណ​វៀតណាម​ស្ម័គ្រចិត្ត​ផ្តល់​ប្រាក់​ចំណូល ​ដើម្បី​ផ្គត់ផ្គង់​ការ​​ប្រឆាំង​នឹង​ចិន


រូបឯកសារ៖ គ្រឿងសង្ហារឹម​បុរាណដាក់តាំង​ក្នុង​ពិពរណ៌​មួយ​នៅ​ក្រុង ការ៉ាជី។
រូបឯកសារ៖ គ្រឿងសង្ហារឹម​បុរាណដាក់តាំង​ក្នុង​ពិពរណ៌​មួយ​នៅ​ក្រុង ការ៉ាជី។

«ខ្ញុំ​មិន​ចូល​ចិត្ត​ជនជាតិ​ចិន​ទេ។ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​ដាក់​របស់​របរ​លក់ ខ្ញុំ​ត្រូវ​ការ​លុយ។ ខ្ញុំ​មិន​ខ្វល់​ថា​ ​អ្នក​ទិញ​នោះ​ជា​ជនជាតិ​ចិន ជនជាតិ​អាមេរិកាំង ឬ​នរណា​ទេ។​ ឲ្យ​តែ​មាន​លុយ ខ្ញុំ​​ដឹង​តែ​លក់​ឲ្យ។ ប៉ុន្តែ​ការ​ពិត​គឺ​ថា រវាង​ខ្ញុំ និង​ប្រទេស​ចិន ខ្ញុំ​មិន​ចូលចិត្ត​ប្រជាពលរដ្ឋ​ចិន​ទេ»។

ស្រប​ពេល​ដែល​វៀតណាម​ព្យាយាម​រក្សា​សន្តិភាព​ជាមួយ​នឹង​ចិន ដែល​ជា​ប្រទេស​ជិតខាងខ្លួន ប្រជាពលរដ្ឋ​វៀតណាម​មួយ​រូប​ជឿ​ថា រូប​លោក​អាច​ជួយ​រួម​ចំណែក​ទៅ​ដល់​រដ្ឋាភិបាល​ក្រុង​ហាណូយ​ តាមរយៈ​ការ​លក់​វត្ថុបុរាណ​របស់​លោក។

លោក Hoang Van Cuong និយាយ​ថា លោក​អាច​រៃអង្គាស​ប្រាក់​បាន​រាប់​លាន​ដុល្លារ​តាមរយៈ​ការ​លក់​វត្ថុ​បុរាណ​ ដែល​មាន​ចាប់​ពី​គ្រែ​ស្តេច រហូតដល់​ស្គរ​សំរិទ្ធ​ ចំណាស់ ២.៥០០ឆ្នាំ។​ លោក​បាន​សន្យា​នឹង​បរិច្ចាគ​ប្រាក់​ពី​ការ​លក់​វត្ថុ​បុរាណ​ទាំង​នេះ ទៅ​ឲ្យ​រដ្ឋ​ ដើម្បី​ផ្តល់​ជំនួយ​ដល់​ក្រុម​អ្នក​នេសាទ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​នៅ​ទី​នោះវៀតណាម និង​ចិន​កំពុង​ទាមទារ​សិទ្ធិ​ក្តោបក្តាប់​បណ្តា​កោះ​មួយ​ចំនួន។ លោក Cuong រំពឹង​ថា រដ្ឋាភិបាល​ក្រុង​ហាណូយ​នឹង​ប្រើ​ថវិកា​មួយ​ចំនួន​របស់​លោក​ ដើម្បី​ពង្រឹង​យោធា ប្រសិន​បើ​ការ​ប៉ះទង្គិច​គ្នាកើត​ឡើង​រវាង​ប្រទេស​ទាំង​ពីរ។

​ថវិកា​មួយ​ចំនួនពី​ការ​លក់​នោះ​នឹង​មក​ពី​ប្រទេស​ចិន ពី​ព្រោះ​វត្ថុ​បុរាណរបស់​លោក​ ដែល​រួម​មាន ចាន​ពរ្សឺឡែន​ពី​រជ្ជកាល​ Qing និង​វត្ថុ​បុរាណ​ចិន​ដទៃ​ទៀត ​បាន​ទាក់ទាញ​ឈ្មួញ​មួយ​ចំនួន​ពី​ប្រទេស​ចិន។ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​ ការ​យក​ប្រាក់​រក​បាន​ពី​ជនជាតិ​ចិន ទៅទិញ​អាវុធ​ប្រឆាំង​នឹង​ចិន​វិញ មិនមែន​ជា​រឿង​ដែល​លោក​ Cuong មិន​ដឹង​នោះ​ទេ។

លោក Cuong បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ពី​ផ្ទះ​របស់​លោក​នៅទីប្រជុំជន​ក្រុង​ហូជីមិញ​ ដែល​មាន​ពោរពេញ​ទៅ​ដោយ​រូបសំណាក​ពុទ្ធរូប​ និង​តុ​សម្រាប់​អង្គុយ​ទទួលទាន​តែ​ថា៖

«ខ្ញុំ​មិន​ចូល​ចិត្ត​ជនជាតិ​ចិន​ទេ។ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​ដាក់​របស់​របរ​លក់ ខ្ញុំ​ត្រូវ​ការ​លុយ។ ខ្ញុំ​មិន​ខ្វល់​ថា​ ​អ្នក​ទិញ​នោះ​ជា​ជនជាតិ​ចិន ជនជាតិ​អាមេរិកាំង ឬ​នរណា​ទេ។​ ឲ្យ​តែ​មាន​លុយ ខ្ញុំដឹង​តែ​លក់​ឲ្យ។ ប៉ុន្តែ​ការ​ពិត​គឺ​ថា រវាង​ខ្ញុំ និង​ប្រទេស​ចិន ខ្ញុំ​មិន​ចូលចិត្ត​ប្រជាពលរដ្ឋ​ចិន​ទេ»។

នៅ​ប្រទេស​វៀតណាម​ ភាព​ខឹង​សម្បារ​នឹងប្រទេស​ចិនមិន​សូវ​លេច​ធ្លោ​ប៉ុន្មាន​ទេ ប៉ុន្តែ​រឿងរ៉ាវ​នេះ​បាន​ផ្ទុះ​ឡើង​នៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​ឆ្នាំ ២០១៤ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​សង់​ការដ្ឋាន​បូម​ប្រេង​នៅ​ក្នុង​ផ្នែក​មួយ​នៃ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ទាំង​ប្រទេស​វៀតណាម និង​ចិន​បាន​ទាមទារ។ ការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​បាតុកម្ម​ដ៏​កម្រ និង​នាំ​ឲ្យ​មាន​ការ​ស្លាប់​នៅ​វៀតណាម។ ក្រុម​អាជ្ញាធរ​វៀតណាម​បាន​ចុះ​បង្រ្កាប​អំពើ​ហិង្សា​នោះ ប៉ុន្តែ​ជនជាតិ​វៀតណាម​មួយ​ចំនួន​នៅ​តែ​ស្វែង​រក​មធ្យោបាយ​ដើម្បី​បង្ហាញ​ការ​ប្រឆាំង​របស់​ពួកគេ​ទៅ​នឹង​ប្រទេស​ចិន។

ការ​រៃ​អង្គាស​ប្រាក់​គឺ​ជា មធ្យោបាយ​ទូទៅ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​វៀតណាម​ក្នុង​ការ​បង្ហាញ​ក្តី​ស្រឡាញ់​របស់​ពួកគេ​ទៅ​កាន់​ប្រទេស​ខ្លួន និង​បង្ហាញ​ក្តី​មិន​ពេញ​ចិត្ត​ទៅ​នឹង​ប្រទេស​ចិន ដែល​មាន​ចាប់​ពី​ការ​ដាក់​ប្រអប់​មូលនិធិ​រៃអង្គាស​ប្រាក់​តាម​ការ​ប្រគុំ​តន្រ្តី​នានា រហូត​ដល់​យុទ្ធនាការ​ឃោសនា​សុំ​ការ​បរិច្ចាគ​ប្រាក់​តាមរយៈ​សារព័ត៌មាន​ល្បីល្បាញ​ Tuoi Tre។ មូលនិធិ​ទទួល​បាន​នឹង​ត្រូវ​ផ្តល់​ឲ្យ​ក្រុម​អ្នក​នេសាទ​វៀតណាម ដែល​ត្រូវ​បាន​គេ​យល់​ឃើញ​ថា ជា​វីរបុរស​ជាតិ​ដ៏​អង់អាច​នៅ​សមរភូមិ​ជួរ​មុខ ដែល​ប្រឈម​នឹង​ការ​យាយី​ពី​ប្រទេស​ចិន។

ទោះ​បី​ជា​ការដ្ឋាន​បូម​ប្រេង​នោះ​នៅ​ទី​បំផុត​ត្រូវ​បាន​ដក​ចេញ​ក៏​ដោយ ក៏​ប្រជាពលរដ្ឋ​វៀតណាម​បាន​បង្ហាញ​កំហឹង​របស់​ពួកគេ​តាមរយៈ​ការ​ឈប់​ទិញ​ទំនិញ​ចិន។ ការ​ឈប់​ទិញ​ទំនិញ​នេះ​ក៏​សម​ហេតុ​ផល​ផង​ដែរ​សម្រាប់​អ្នក​ទិញ​ទំនិញ​ ដែល​មាន​មន្ទិល​សង្ស័យ​លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ចិន ចាប់​ពី​ផ្លែ​ប៉ោម ​ដែល​ហាក់​ដូច​ជា​មិន​រលួយ​ទាល់​តែ​សោះ រហូត​ដល់​របស់​ក្មេង​លេង​ដែល​ធ្វើ​ឡើង​ពី​ផ្លាស្ទិច ដែល​អាច​បង្ក​ជា​ជំងឺ​មហារីក។ យ៉ាងណា​ក្តី ​នេះ​ជា​សក្ខីកម្ម​មួយ​បង្ហាញ​ពីឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ថា ​ទំនិញ​នាំ​ចេញ​ពី​ប្រទេស​ចិន​នៅ​តែ​មាន​ប្រជាប្រិយភាព​នៅ​វៀតណាម។

ទំនាក់ទំនង​ «ស្អប់ផង-ស្រឡាញ់​ផង » នេះ​ឈាន​ទៅ​ដល់​រដ្ឋាភិបាល​កុម្មុយនិស្ត​នៅ​ក្រុង​ហាណូយ ដែល​ត្រូវ​ថ្លឹងថ្លែង​រវាង​ការ​ការពារ​ដែនដី​វៀតណាម​ពី​ប្រទេស​ចិន និង​ការ​ពង្រឹង​ចំណង​ទាក់ទងសេដ្ឋកិច្ច និង​នយោបាយ​ជាមួយ​ប្រទេស​ចិន។ ថ្នាក់​ដឹកនាំ​វៀតណាម​ទទួលស្គាល់​ថា ពួកគេ​ត្រូវ​ប្រុងប្រយ័ត្ន។

បន្ទាប់​ពី​ភាព​តានតឹង​នាំ​ឲ្យ​មាន​បាតុកម្ម​ហិង្សា​នៅ​ឆ្នាំ ២០១៤ តំណាងរាស្រ្ត​ពី​ប្រចាំ​ក្រុង​ហូជីមិញ ​លោក Truong Trong Nghia បាន​ប្រាប់​ទៅសភា​ជាតិ​ថា វៀតណាម​នឹង​មិន​ដក​ខ្លួន​ពី​ការ​ពឹងផ្អែក​លើ​ប្រទេស​ចិន​ឡើយ។ លោក Nghia បាន​មាន​ប្រសាសន៍​ថា៖

«ការ​ពឹងផ្អែក​នៅ​ក្នុង​បរិបទ​នេះ​មាន​ន័យ​ថា យើង​ចង់​ដក​ខ្លួន​ចេញ តែ​យើង​មិន​អាច។ យើង​ដឹង​ថា វា​មិន​ល្អ ប៉ុន្តែ​យើង​ត្រូវ​បង្ខំ​ចិត្ត​បន្ត​ការ​ពឹង​អាស្រ័យ​នេះ»។

សាធារណជន​វៀតណាមមិន​ចង់​សារភាព​ថា ខ្លួន​ពឹងផ្អែក​លើប្រទេស​ចិន​ឡើយ។ ប្រជាពលរដ្ឋដូច​លោក Cuong ដែល​ជា​អ្នក​លក់​គ្រឿង​បុរាណ ចង់​ឲ្យ​ថ្នាក់​ដឹកនាំ​វៀតណាម​ប្រកាន់​ជំហរ​មុតមាំ ប៉ុន្តែ​ស្រប​ពេល​ដូចគ្នា​នេះ​ដែរ​ ពួកគេ​សង្ឃឹម​ថា នឹង​មាន​សន្តិភាព។

លោក​ Cuong ដែល​ធ្លាប់​បាន​ជួប​ប្រទះ​ហេតុការណ៍​សង្រ្គាម​ធំៗ ពេល​ធ្វើ​ជា​អ្នក​ថតរូប​ឲ្យ​ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ​ UPI អំឡុង​ពេល​សង្រ្គាម​វៀតណាម​និយាយ​ថា៖ «ខ្ញុំ​មិន​ចង់​ឲ្យ​មានសង្រ្គាម​ណា​មួយ​ទៀត​ទេ​នៅ​ទី​នេះ»។

ដោយ​ចង្អុល​ទៅ​កាន់​វត្ថុ​បុរាណ​ជុំវិញ​គាត់ លោក​ Cuong បាន​បន្ថែម​ថា លោក​ប្រហែល​ជា​លក់​ទ្រព្យ​សម្បត្តិ​ទាំង​នេះ​របស់​លោក​ផង​ដែរ ពី​ព្រោះលោក​គិត​ថា ប្រសិន​បើ​សង្រ្គាម​កើត​មាន​ឡើង​ អ្វីៗ​ទាំងអស់​នៅ​ទី​នេះ​នឹង​លែង​មាន​តម្លៃ៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG