ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​វៀតណាម​ចាត់​ទុក​ព្យុះ​ត្រូពិច​នៅ​​​ក្នុង​ប្រទេស​​ជា​រឿង​គួរ​ឲ្យ​ភ័យ​ខ្លាច​ធម្មតា


ក្រុម​ការងារ​​​កំពុង​​ដក​ខ្សែភ្លើង​ដែល​ដាច់​ដោយសារ​ព្យុះត្រូពិច Noul នៅ​ក្រុង Hue ប្រទេស​វៀតណាម ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។
ក្រុម​ការងារ​​​កំពុង​​ដក​ខ្សែភ្លើង​ដែល​ដាច់​ដោយសារ​ព្យុះត្រូពិច Noul នៅ​ក្រុង Hue ប្រទេស​វៀតណាម ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។

ព្យុះ​ត្រូពិច​ដែល​កើត​មាន​ជា​បន្ត​បន្ទាប់​ បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​១០០នាក់បាន​ស្លាប់​បាត់បង់​ជីវិតនៅប្រទេស​វៀតណាម ដោយសារតែ​ទឹកជំនន់​នា​ពេល​ថ្មីៗនេះ​ ដោយ​បានបង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ថា ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​បាន​នាំ​ឲ្យ​មានអាកាសធាតុ​អាក្រក់​កាន់​តែ​ច្រើន​ឡើងមក​លើ​ប្រទេស​នេះ។

វៀតណាម​ស្ថិត​នៅ​ក្នុង «តំបន់​រងគ្រោះ​ដោយ​ព្យុះ​ស៊ីក្លូន» មួយ​ក្នុង​ចំណោម​តំបន់​ចំនួន​ប្រាំ​នៅ​លើ​ពិភពលោក និង​ទទួល​រង​ព្យុះ​ជា​មធ្យម​ចំនួន ៤,៣​លើក។ គិត​ត្រឹមខែ​តុលាឆ្នាំ​នេះ ព្យុះត្រូពិច​ចំនួន​៦បាន​បោកបក់​មក​លើ​ប្រទេស​វៀតណាម​ នេះ​បើ​យោង​ទៅ​តាម​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​និង​ប្រឹក្សា​យោបល់​ឥណ្ឌូចិន។​

លោក​ Adam McCarty សេដ្ឋកិច្ចវិទូ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន Mekong Economics ក្នុង​ទីក្រុង​ហាណូយ​បាន​និយាយ​ថា៖«បញ្ហា​មិន​សំខាន់​ស្ថិត​នៅ​លើ​ការ​ខាតបង់​ច្រើន ឬ​តិច​ជាង​មុននៅ​ឆ្នាំ​នេះ​នោះទេ។ បញ្ហា​គឺ​ថា និន្នាការ​កើត​មាន​ព្យុះ​កំពុង​តែ​កើន​ឡើង ហើយ​នេះ​គឺ​ជា ​បញ្ហា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ»។

សូម្បី​តែ​នៅ​ក្នុង​របាយការណ៍កាល​ពី​ឆ្នាំ ២០១១ ស្តី​ពី​ប្រទេស​វៀតណាម ទីភ្នាក់ងារ​ទទួល​បន្ទុក​ស្បៀង​អាហារ​និង​កសិកម្ម​របស់អង្គការ​សហប្រជាជាតិ​បាន​បង្ហាញ​ថា ព្យុះ​ទីហ្វុង​ដែល​បានសន្ទុះ​ខ្យល់​ខ្លាំង​ជាង​ព្យុះ​ត្រូពិច «ហាក់​ដូចជា​ កើត​មាន​ឡើង​កាន់​តែ​ញឹកញាប់»។ ហើយ​របាយការណ៍​នេះ​គឺ​តាំង​ពី​ ១០​ឆ្នាំ​មុន​មក​ម៉្លេះ។

ប្រទេស​វៀតណាម​ដែល​មាន​ប្រជាជន​ចំនួន ៩៧​លាន​នាក់ គឺ​ជា ប្រទេស «ងាយ​រងគ្រោះ​» ជាង​គេ​បង្អស់​មួយ។ នេះ​បើ​យោងទៅ​តាម​ទិន្នន័យ​គេហទំព័រ​ Climatelinks.org ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​ទីភ្នាក់ងារ​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​អាមេរិក។ គេហទំព័រ Climatelinks បាន​ឲ្យ​ដឹង​ថា ប្រទេស​វៀតណាម​គួរ​តែ​រំពឹង​ថា នឹង​មាន​សីតុណ្ហភាព​ខ្ពស់​ជាង​មុន​ កំណើនលក្ខខណ្ឌ​អាកាសធាតុ​ធ្ងន់ធ្ងរ និង​កំណើន​នីវ៉ូ​ទឹក​សមុទ្រ។

ព្យុះ​ត្រូពិច​ Linfa បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១១៤នាក់ និង​បណ្តាល​ឲ្យ​ ២១​នាក់​ទៀត​បាត់​ខ្លួន​គិត​មក​ត្រឹម​ថ្ងៃ​ទី​២១ ខែ​តុលា ដោយសារ​តែ​ព្យុះ​នេះ​បានបោកបក់​ឆ្លងកាត់​តំបន់​ភាគ​កណ្តាល​ប្រទេស​វៀតណាម។ ព្យុះ​ទីពីរ​គឺ​ ព្យុះ Nangka បាន​បោកបក់​មក​លើ​តំបន់​ដូចគ្នា​នេះ​កាល​ពី​ថ្ងៃ​ពុធ ទី២១ ខែ​តុលា។ ហើយ​មនុស្ស​ចំនួន ២៨​ នាក់​ត្រូវ​បាន​រាយការណ៍​ថា បាន​បាត់បង់​ជីវិត។

ស្ត្រី​ម្នាក់​ពាក់​អាវ​ភ្លៀង​ជិះ​កង់​ពេល​ភ្លៀង​ធ្លាក់​នៅ​ក្រុង​ហាណូយ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ខណៈ​ដែល​ព្យុះ​ត្រូពិច Nangka ធ្វើ​ឲ្យ​បាក់ដី​នៅ​ភាគ​កណ្ដាល​វៀតណាម។
ស្ត្រី​ម្នាក់​ពាក់​អាវ​ភ្លៀង​ជិះ​កង់​ពេល​ភ្លៀង​ធ្លាក់​នៅ​ក្រុង​ហាណូយ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ខណៈ​ដែល​ព្យុះ​ត្រូពិច Nangka ធ្វើ​ឲ្យ​បាក់ដី​នៅ​ភាគ​កណ្ដាល​វៀតណាម។

សារព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា ព្យុះ​នានា​កាល​ពី​ខែ​តុលា​បាន​បង្ក​ការ​ខូចខាត​ទៅ​លើ​ផ្ទះ​សម្បែង​យ៉ាងហោចណាស់ ២៧៤.៥០០​ពាន់​ខ្នង។ ព្យុះ​ទាំង​នេះ​បាន​បោកបក់​មក​លើ​តំបន់​កសិកម្ម​ ដែល​សម្បូរ​ទៅ​ដោយ​ដំណាំ​ស្រូវ​ ដូង និង​ផ្លែឈើប្រចាំ​តំបន់​ត្រូពិច។ ជា​ទូទៅ​ ដំណាំ​ទាំង​នេះ​ត្រូវ​បាន​ដាំ​នៅ​តំបន់​វាលទំនាប​ ដែល​ងាយ​នឹង​រង​គ្រោះ​ដោយសារ​ទឹកជំនន់។

គេហទំព័រ​សារព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឈ្មោះ​ថា Nhan Dan Online គ្រប់គ្រង​ដោយ​គណបក្ស​កុម្មុយនីស្ត​វៀតណាម​បាន​រាយការណ៍​ថា គ្រោះ​បាក់ដី​នៅ​ការដ្ឋានគម្រោង​ទំនប់​វារីអគ្គិសនី​នៅ​ខេត្ត​ Thua Thien Hue បាន​បណ្តាល​ឲ្យ​កម្មករ​ចំនួន ១៧​នាក់​បាត់ខ្លួន ។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ចំនួន​១៣​នាក់​នៅ​ខេត្ត​មួយ​ទៀត​ដែល​មាន​គ្រោះ​បាក់ដី​ក៏​កំពុង​តែ​បាត់ខ្លួន​ផង​ដែរ។ ​

លោក Ralf Matthaes ជនបរទេស​មក​រស់​នៅ​រយៈពេល​វែង និង​ស្ថាបនិក​ក្រុម​ហ៊ុន​ប្រឹក្សា​ស្រាវជ្រាវ​ Infocus Mekong Research ក្នុង​ក្រុង​ហូជីមិញ បាន​និយាយ​ថា គ្រោះបាក់ដី​បាន​កើត​មាន​នៅ​តំបន់​ភ្នំ​ជា​រៀងរាល់​ឆ្នាំ។ ​

លោក Matthaes បាន​និយាយ​ថា៖ «តំបន់​ភ្នំ​គឺ​ជា កន្លែង​កើត​មានគ្រោះ​បាក់​ដី​ជា​ទូទៅ។ យើង​កំពុង​ស្ថិត​នៅ​ចំ​កណ្តាល​រដូវ​ភ្លៀង​ធ្លាក់ ដូច្នេះ​ ខ្ញុំ​គិត​ថា វា​មិនមែន​ជា​រឿង​ខុស​ធម្មតា​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ»។

ព្យុះ​ត្រូពិច​ភាគច្រើនកើត​មាន​នៅ​តំបន់​ភាគ​កណ្តាល​ប្រទេស​វៀតណាម ដោយ​មិន​ប៉ះ​ចំ​រដ្ឋធានី​ហាណូយ និង​ទីក្រុង​ហូជីមិញ ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ និង​ជា​តំបន់​ឧស្សាហកម្ម​របស់​ប្រទេស វៀតណាម​នោះ​ទេ។ ប្រជាជន​នៅ​តំបន់​ភាគ​កណ្តាល​វៀតណាម​ជាទូទៅ​ជា​ប្រជាជនក្រីក្រ​រស់​នៅ​ក្នុងផ្ទះ​ចាស់​ទ្រុឌទ្រាម​ក្នុងតំបន់​ដែល​ឧស្សាហ៍​រងគ្រោះ​ពី​ទឹកជំនន់។

លោក​ McCarty បាន​និយាយ​ថា ​ការ​កើត​មាន​ជា​ញឹកញាប់​នៃ​បាតុភូតព្យុះ​ប្រកបដោយ​គ្រោះថ្នាក់​បាន​ធ្វើ​ឲ្យ​ផែន​ការ​ជួយ​សង្គ្រោះ​ពេល​មាន​គ្រោះធម្មជាតិ​របស់​រដ្ឋាភិបាល​មាន​លក្ខណៈ​ជា​ «ប្រព័ន្ធ»។ លោក​បាន​បន្ថែម​ថា ហេដ្ឋារចនាសម្ព័ន្ធ​ក៏​កំពុង​តែ​រីកចម្រើន ខណៈ​វិស័យ​កសិកម្ម​កំពុងបោះជំហាន​ទៅ​មុខ​ដោយ​មាន​ការ​ប្រើប្រាស់​គ្រឿងចក្រ​កាន់​តែ​ច្រើន​ជាង​មុន ហើយ​ប្រជាជន​កំពុង​តែ​ងាក​ពី​ការ​ធ្វើ​កសិកម្ម​មក​ធ្វើ​ការ​នៅទី​ក្រុង។

ក្រុម​អ្នក​វិភាគ​នៅ​វៀតណាម​និយាយ​ថា មនុស្ស​ភាគច្រើន​នៅ​ក្នុង​ប្រទេស​តាមដាន​ទំហំ​នៃ​ការខូចខាត​បន្ទាប់​ពី​មាន​ព្យុះ​ និង​ស្វះស្វែង​ជួយ​ជនរងគ្រោះ​តាម​មធ្យោបាយ​ផ្សេងៗ ប៉ុន្តែ​ពួកគេ​ចាប់ផ្តើម​លែង​សូវ​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​គំរាមកំហែង​ពី​ព្យុះ​ដែល​កើត​មាន​ឡើង​ថ្មីៗ​ហើយ។

លោក Nguyen Thanh Trung នាយក​មជ្ឈមណ្ឌល​សិក្សា​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម និង​មនុស្សសាស្ត្រ​នៅ​ទីក្រុង​ហូជីមិញ​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ពួកគេ​ស៊ាំ​ទៅ​នឹងការ​កើត​មាន​ព្យុះ​ទៅ​ហើយ។ នៅ​វៀតណាម នៅ​ពេល​ដែល​យើង​ឮដំណឹង​ពី​ព្យុះ​តាមរយៈព័ត៌មាន​នៅតាម​បណ្តាញ​សង្គម អ្វី​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​មុនគេ​នោះ​គឺ ការ​ខូចខាត និង​ផល​ប៉ះពាល់​ផ្សេងៗ»។

​លោក​ Nguyen បាន​បន្ត​ថា ប្រជាជន​ដែល​មាន​ជីវភាព​ប្រសើរ​នៅ​ក្រុង​ហូជីមិញ តាមដាន​បណ្តាញ​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​ទាក់ទិន​នឹង​ផលប៉ះពាល់​ដោយសារ​បាតុភូតព្យុះ​ដោយ​ផ្នែក​ ដើម្បី​ពួកគេ​អាច​បរិច្ចាគ​ជួយ​ជនរងគ្រោះ។ លោក​បាន​បន្ថែម​ថា ការ​បរិច្ចាគ​បាន​ក្លាយ​ជា​រឿង​ធម្មតាទៅ​ហើយ​នៅ​វៀតណាម ដោយសារ​តែ​មាន​ព្យុះ​ជា​ទៀងទាត់៕

ប្រែសម្រួលដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG