សារព័ត៌មានរដ្ឋរបស់ប្រទេសវៀតណាមផ្សាយឲ្យដឹងថា ភ្លៀងខ្លាំងនិងទឹកជំនន់ក្នុងភាគកណ្តាលនៃប្រទេសវៀតណាម បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់១៧នាក់ និងបានបង្ខំឲ្យមានការជម្លៀសពលរដ្ឋរាប់ម៉ឺននាក់ផងដែរ ចេញពីតំបន់ទឹកជំនន់ ក្នុងសប្តាហ៍កន្លងទៅ។
រូបភាពពីតំបន់ទឹកជំនន់នោះ បានបង្ហាញពីភូមិជាច្រើនរបស់អ្នកស្រុកទាំងមូល ក្នុងខេត្ត Quang Tri ត្រូវទឹកជន់លិច ហើយទឹកជំនន់នេះបានកាត់ផ្តាច់មធ្យោបាយផ្គត់ផ្គង់ស្បៀងអាហារសម្រាប់អ្នកភូមិរាប់ពាន់នាក់ផងដែរ។ ពលរដ្ឋប្រមាណ ៤០.០០០ នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
អាជ្ញាធរវៀតណាមបានឲ្យដឹងថា គេរំពឹងថាស្ថានភាពទឹកជំនន់ នឹងកាន់តែអាក្រក់ជាងមុន នៅពេលព្យុះត្រូពិកថ្មីមួយទៀតឈ្មោះ Linfa នឹងចាប់បោកបក់មកលើប្រទេសវៀតណាម ដែលនឹងបណ្តាលឲ្យមានភ្លៀងយ៉ាងខ្លាំងកើតឡើង។
ប្រទេសវៀតណាមងាយទទួលរងព្យុះភ្លៀងបំផ្លាញជាច្រើន ដែលបង្កើតឲ្យមានទឹកជំនន់និងការបាក់ដី ដែលភាគច្រើននៅតំបន់ឆ្នេរសមុទ្រភាគកណ្តាលប្រទេស ដែលងាយទទួលរងគ្រោះថ្នាក់ច្រើនជាងគេ។ ក្នុងឆ្នាំកន្លងទៅ គ្រោះធម្មជាតិក្នុងប្រទេសវៀតណាម បានបណ្តាលឲ្យមនុស្សយ៉ាងតិចចំនួន១៣២នាក់ បានស្លាប់ឬបាត់ខ្លួន៕