ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បតិ៍នេះឲ្យដឹងថា មនុស្សប្រមាណ ៤៥០ នាក់ទៀត បានឆ្លងជំងឺកូវីដ១៩ ខណៈករណីស្លាប់កើនឡើងដល់ជិត ៦០ នាក់។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយក្រសួងនេះ ឲ្យដឹងថា មានករណីឆ្លងចំនួន ៤៤៦ នាក់ ដែលក្នុងនោះភាគច្រើនឆ្លងនៅរាជធានីភ្នំពេញ ដែលមានចំនួន ៣៣១ នាក់ ខេត្តព្រះសីហនុ ៨២ នាក់ និងខេត្តកណ្តាល ២១ នាក់។ ក្រសួងបន្តថា មានករណីស្លាប់ថ្មីចំនួន ៥ នាក់ទៀត ដែលនាំឲ្យករណីស្លាប់សរុបចំនួន ៥៩ នាក់នៅទូទាំងប្រទេស។
ករណីឆ្លងសរុបចាប់តាំងពីថ្ងៃទី ២០ ខែកុម្ភៈ មានចំនួន ៧.៦៤៨ នាក់។
នៅថ្ងៃនេះផងដែរ ក្រសួងសុខាភិបាលបានឲ្យដឹងថា មនុស្សចំនួន ១៣០ នាក់ បានជាសះស្បើយពីជំងឺនេះ។
គួរបញ្ជាក់ថា ការបន្តកើនឡើងចំនួនអ្នកឆ្លងរាប់រយនាក់នេះ ខណៈអាជ្ញាធរកំពុងបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ អាជ្ញាធរសុខាភិបាលក៏បានធ្វើតេស្តរហ័សរកវីរុសនេះផងដែរ ដែលអាចដឹងលទ្ធផលក្នុងរយៈពេលខ្លី៕