ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ស្វះ​ស្វែង​រក​ទិញ​វ៉ាក់សាំង​ដើម្បី​បញ្ចៀស​ការ​បិទ​ខ្ទប់​នានា


រូប​ឯកសារ៖ ស្ត្រី​ម្នាក់​ទទួល​​ការ​ចាក់​វ៉ាក់សាំង​​ខណៈ​ប្រទេស​វៀតណាម​ចាប់​ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង AstraZeneca សម្រាប់​បុគ្គលិក​សុខាភិបាល​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង​នៅ​ខេត្ត Hai Duong កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០២១។
រូប​ឯកសារ៖ ស្ត្រី​ម្នាក់​ទទួល​​ការ​ចាក់​វ៉ាក់សាំង​​ខណៈ​ប្រទេស​វៀតណាម​ចាប់​ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង AstraZeneca សម្រាប់​បុគ្គលិក​សុខាភិបាល​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង​នៅ​ខេត្ត Hai Duong កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០២១។

រដ្ឋាភិបាល​វៀតណាម​កំពុង​ស្វះ​ស្វែង​រក​ទិញ​វ៉ាក់សាំង​ពី​ទីផ្សារ​វ៉ាក់សាំង​នានា​នៅ​លើ​ពិភពលោក ដោយ​សង្ឃឹម​ថា នឹង​អាច​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ដែល​កំពុង​កើនឡើង​យ៉ាង​ខ្លាំង​ដោយ​មិន​ចាំ​បាច់​មាន​ការ​បិទ​ខ្ទប់​ដូច​ដែល​ធ្លាប់​បាន​ធ្វើ​កាល​ពី​កន្លង​ទៅ។ ការ​បិទ​សកម្មភាព​ដែល​វៀតណាម​បាន​ធ្វើ​កាល​ពី​ពេល​មុន​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ និង​បង្ក​ការ​ខឹង​សម្បា​ពី​សាធារណជន​កាន់​តែ​ខ្លាំង។

មិន​ខុស​ពី​ប្រទេស​ឯ​ទៀត​នៅ​ជិត​ខាង​ក្នុង​តំបន់​អាស៊ី​ខាង​កើត​វៀតណាម​ធ្លាប់​មាន​អត្រា​ឆ្លង​ខ្ពស់​បំផុត​រួច​ហើយ​ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាត​ត្បាត​នេះ​កាល​ពី​ដើម​ឆ្នាំ​មុន ដោយ​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជាង​២​ ពាន់​ករណី​ក្នុង​មួយ​ថ្ងៃ នៅ​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ។ នៅ​ថ្ងៃ​ទី​១២ កក្កដា ប្រទេស​នេះ​បាន​កត់​ត្រា​ឆ្លង​ថ្មីចំនួន២.៣៨៣​ករណី ដែល​ជា​ចំនួន​ឆ្លង​ខ្ពស់​បំផុត​ក្នុង​រយៈពេល​៥ថ្ងៃ ជាប់ៗ​គ្នា។

យ៉ាង​ណា​ក៏​ដោយ ការ​អត់​ធ្មត់​របស់​សាធារណជន​មាន​កាន់​តែ​តិច​ទៅៗ​ចំពោះ​វិធានការ​រឹត​បន្តឹង​ជា​ច្រើន​របស់រដ្ឋាភិបាលបើ​ទោះ​ជា​ការ​រឹត​បន្តឹង​ទាំង​នោះ​បាន​ជួយ​ទប់​ស្កាត់​រលក​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​ចំនួន ៣ លើក​រួច​មក​ហើយ​ក្ដី។ បន្ទាប់​ពី​ការ​បិទ​ខ្ទប់​ទីក្រុង​ហូជីមីញ អស់​រយៈ​ពេល​ជិត​ ៥០ ថ្ងៃ សូម្បី​តែ​អ្នក​ដែល​ធ្លាប់​គាំទ្រ​វិធានការ​រដ្ឋាភិបាល​ដោយ​គ្មាន​លក្ខខណ្ឌ​នោះ ក៏​ចាប់​ផ្ដើម​ចោទ​ជា​សំណួរ​ថា​តើ វិធី​ដែល​វៀតណាម​កំពុង​ធ្វើ​នេះ ពិត​ជា​បាន​ប្រយុទ្ធប្រឆាំង​លើ​ការ​រាត​ត្បាត​សាកល​នេះ​មែន​ដែរ​ឬ​ទេ។

មនុស្ស​មួយ​ចំនួន​ក៏​កំពុង​ឆ្ងល់​ថា​តើ​វិធានការ​ប្រយុទ្ធ​ប្រឆាំង​ទាំង​អស់​នេះ​មាន​ភាព​ចាំ​បាច់​ដែរ​ឬ​ទេ ពីព្រោះ​ថា​វៀតណាម​មាន​អត្រា​អ្នក​ស្លាប់ដោយសារ​ជំងឺ​នេះ​ទាប​ជាង​ប្រទេស​ជាង​ច្រើន​ផ្សេង​ទៀត ព្រម​ទាំង​មាន​ប្រព័ន្ធ​សុខាភិបាល​រឹង​មាំ​ផង​ដែរ​នោះ។ តួលេខ​ផ្លូវ​ការ​របស់​រដ្ឋ​បង្ហាញ​ថា មក​ទល់​ពេល​នេះ មាន​ចំនួន​អ្នក​ស្លាប់​ពី​ជំងឺ​នេះ​តែ​១៣០​នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម​ករណី​ឆ្លង​ជាង ៣ ម៉ឺន​ករណី។ បើ​គិត​ជា​ភាគរយ ចំនួន​ស្លាប់​នេះ​ស្មើ​នឹង​០,៤​ភាគរយ ប្រើ​ប្រៀប​ធៀប​ទៅ​ចំនួន​អ្នក​ស្លាប់​នៅ​សហរដ្ឋ​អាមេរិក​ដែល​មាន​ចំនួន ១,៨ ភាគ​រយ។

ការ​បិទ​ខ្ទប់​ដែល​បាន​ធ្វើ​កាល​ពី​កន្លង​ទៅ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច។ ការិយាល័យ​ស្ថិតិ​ទូទៅ​នៃ​ប្រទេស​វៀតណាម​បាន​រាយការណ៍​នៅ​ក្នុង​ខែ​នេះ​ថា ពលរដ្ឋ​ចំនួន​១២​លាន​៨សែន​នាក់ដែល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង​ទៅ​ទទួល​រង​នូវ​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ពី​ជំងឺ​រាតត្បាត​សាកល​កូវីដ១៩​នេះ​នៅ​ចន្លោះ​ពី​ខែ​មេសា​ដល់​មិថុនា ឆ្នាំ​នេះ។

បុរស​ម្នាក់​ដែល​រស់​នៅ​ក្នុង​តំបន់​ត្រូវ​បិទ​ខ្ទប់​មួយ​កន្លែង​ក្នុង​ក្រុង​ហូជីមិញ ទទួល​បាន​អាហារ​តាម​ចន្លោះ​របាំងបិទ​ខ្ទប់​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១។
បុរស​ម្នាក់​ដែល​រស់​នៅ​ក្នុង​តំបន់​ត្រូវ​បិទ​ខ្ទប់​មួយ​កន្លែង​ក្នុង​ក្រុង​ហូជីមិញ ទទួល​បាន​អាហារ​តាម​ចន្លោះ​របាំងបិទ​ខ្ទប់​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១។

ក្នុង​ចំណោម​ពលរដ្ឋ​ទាំង​នោះ មាន​៥៥៧.០០០​នាក់​បាន​បាត់​បង់​ការងារ​៤លាន​១សែន​នាក់​ផ្អាក​អាជីវកម្ម​របស់​ខ្លួន​បណ្ដោះ​អាសន្ន ៤លាន​៣សែន​នាក់​ត្រូវ​បាន​កាត់​បន្ថយ​ម៉ោង​ធ្វើការ ឬ​ត្រូវ​បាន​ឲ្យ​ប្រើប្រាស់​ថ្ងៃ​ឈប់​សម្រាក ឬ​ប្ដូរ​វេន​គ្នា​ធ្វើ​ការ ហើយ​កម្មករ​ចំនួន​៨លាន៥សែន​នាក់​ត្រូវ​បាន​កាត់​បន្ថយ​ប្រាក់​ចំណូល។

ផលប៉ះពាល់​ទាំង​នេះ​ធ្វើ​ឲ្យ​ថ្នាក់​ដឹក​នាំ​នៅ​ទីក្រុង​ហាណូយ​ផ្ដោត​ក្ដី​សង្ឃឹម​ទៅ​លើ​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ឲ្យ​ពលរដ្ឋ​ជាង​៧០ ភាគ​រយ​នៅ​ត្រឹម​ចុង​ខែ​មីនា​ឆ្នាំ ២០២២។ យោង​តាម​រដ្ឋមន្ត្រី​សុខាភិបាល​លោក​ Nguyen Thanh Long យុទ្ធនាការ​នេះ​ចាប់​ផ្ដើម​នៅ​ក្នុង​ខែ​នេះ​ដោយ​រដ្ឋាភិបាល​មាន​វ៉ាក់សាំង​ប្រហែល​៨លាន៧សែន​ដូស​សម្រាប់​ចាក់​ឲ្យ​ពលរដ្ឋ​នៅ​តាម​មណ្ឌល​ចាក់​វ៉ាក់សាំង​ចំនួន​១ម៉ឺន ៨​ពាន់​កន្លែង។

នេះ​គឺ​ជា​យុទ្ធនាការ​ដ៏​មាន​មហិច្ឆតា​មួយ​ដែល​តម្រូវ​ឲ្យ​វៀតណាម​ត្រូវ​មាន​វ៉ាក់សាំង​ប្រមាណ​ជា ១៥០ លាន​ដូស​សម្រាប់​រយៈពេល​៩ខែ​បន្ទាប់​ទៀត​នេះ។ មក​ទល់​នឹង​ពេល​នេះ​វៀតណាម​បាន​ប្រើប្រាស់​វ៉ាក់សាំង​មិន​លើស​ពី​៤លានដូស​ទេ​ចាប់តាំង​ពី​បាន​ទទួល​កញ្ចប់​វ៉ាក់សាំង​លើក​ទី​មួយ​កាល​ពី​ខែ​មេសា តាម​រយៈ​យន្តការ COVAX​ ដែល​ជា​យន្តការ​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ដើម្បី​ចែកចាយ​វ៉ាក់សាំង​ដល់​បណ្តា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច។

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា គិត​ចាប់​ពី​ខែ​កុម្ភៈ​មក​ខ្លួន​បានទទួល​វ៉ាក់សាំង​សរុប​ចំនួន ៩ លាន​ដូស​ដែល​ក្នុង​នោះ​រួម​មាន​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​សហរដ្ឋ​អាមេរិក​រុស្ស៊ី ​ចិន​ និង​ចក្រភពអង់គ្លេស។

កិច្ច​ប្រឹង​ប្រែង​នេះ​ទទួល​បានការ​គាំទ្រ ដោយ​កាល​ពី​ថ្ងៃ​ទី​១០ ខែកក្កដា ​វៀតណាម​បាន​ទទួល​វ៉ាក់សាំង​Moderna​ផលិត​នៅ​សហរដ្ឋ​អាមេរិក​ចំនួន​២ លានដូស​ តាម​រយៈ​យន្តការ COVAX។ វ៉ាក់សាំង​ដែល​វៀតណាម​បាន​ទទួល​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​វ៉ាក់សាំង​ចំនួន ៨០ លាន​ដូស​ ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden បាន​ប្រកាស​ចែកចាយ​ទៅ​ដល់​ប្រទេស​នានា​នៅ​លើ​សាកលលោក។

ក្រសួង​ការបរទេស​វៀតណាម​បាន​ប្រកាស​កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា​នេះ​ថា ក្រសួង​កំពុង​ពិភាក្សា​ជាមួយ​ប្រទេស​រុស្ស៊ី និង​ឥណ្ឌា ដើម្បី​បញ្ជា​ទិញ​វ៉ាក់សាំង​Sputnik ចំនួន ៤០​លាន​ដូស និង​វ៉ាក់សាំង Covaxin ចំនួន ១៥ លាន​ដូស។ ក្រសួង​បញ្ជាក់​ថា វ៉ាក់សាំង​ទាំង​នេះ​នឹង​ជួយ​ឲ្យ​សម្រេច​បាន​នូវ​ការ​ប្ដេជ្ញា​របស់​រដ្ឋាភិបាល​ក្នុង​ស្វះ​ស្វែង​រក​វ៉ាក់សាំង​ឲ្យ​បាន​សរុប​ចំនួន ១២០ លាន​ដូស។

ថ្នាក់​ដឹក​នាំ​ប្រទេស​វៀតណាម ក៏​កំពុង​ផ្ដោត​លើ​ការ​ផលិត​វ៉ាក់សាំង​ដោយ​ខ្លួន​ឯង​ផង​ដែរ។ វ៉ាក់សាំង Nanocovax របស់​ក្រុមហ៊ុន Nanogen ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​នាយករដ្ឋមន្ត្រី​វៀតណាម​លោក Phạm Minh Chính ជិត​បញ្ចប់​ការ​ធ្វើ​តេស្ត​សាក​ល្បងនានា​ហើយ​រំពឹង​ថា​នឹង​រួច​រាល់​សម្រាប់​ការ​ប្រើ​ប្រាស់​នៅ​ដើម​ខែ​សីហា​ខាង​មុខ​នេះ។

អ្វី​ដែល​ជា​ការ​គិត​គូរ​ដ៏​សំខាន់​មួយ​ទៀត​នោះ​គឺ​ថា ការ​ប៉ុនប៉ង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បញ្ចៀស​នូវ​អ្វី​ដែល​គេ​ហៅ​ថា «វ៉ាក់សាំង​ការទូត» របស់​ចិន។ ប្រទេស​ចិន​បាន​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រើ​ប្រាស់​ការ​ផ្ដល់​វ៉ាក់សាំង​ដ៏​ច្រើន​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​នានា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ជា​ថ្នូរ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​គោល​នយោបាយ​នានា​លើ​បញ្ហា​សន្តិសុខ។

ក្ដី​បារម្ភ​មួយ​ទៀត​នោះ​គឺ ពលរដ្ឋ​ខ្លះ​នឹង​បដិសេធ​វ៉ាក់សាំង​មួយ​ចំនួន​ដោយ​រំពឹង​ថា ខ្លួន​នឹង​ត្រូវ​បាន​ចាក់​តែ​វ៉ាក់សាំង​ណា​ដែល​គេ​ចាត់​ទុក​ថា​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​មេរោគ​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៀត ក៏​មាន​ការ​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ជាច្រើន​ដែល​សារ​ទាំង​នោះ​ក៏​មាន​ទាំង​ការ​រិះ​គន់​ទៅ​លើ​អ្នក​ដែល​ចង់​ជ្រើស​រើស​វ៉ាក់សាំង​ផង​ដែរ៕

ប្រែសម្រួលដោយ នៀម ឆេង

XS
SM
MD
LG