ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ឆ្លង​ព្រំដែន​វៀតណាម​១​ខែ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩


រូបឯកសារ៖ ក្រុម​គ្រូពេទ្យ​ពាក់​សណ្ឋាន​ការពារ​កុំ​ឲ្យ​ឆ្លង​មេរោគ នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ​យោធា​មួយ ក្នុង​អំឡុងពេល​ដែល​មាន​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ក្នុង​ទីក្រុង​ដាណាង ប្រទេស​វៀតណាម ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ ក្រុម​គ្រូពេទ្យ​ពាក់​សណ្ឋាន​ការពារ​កុំ​ឲ្យ​ឆ្លង​មេរោគ នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ​យោធា​មួយ ក្នុង​អំឡុងពេល​ដែល​មាន​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ក្នុង​ទីក្រុង​ដាណាង ប្រទេស​វៀតណាម ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។

ប្រទេស​កម្ពុជា​បាន​ប្រកាស​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ឆ្លង​កាត់​ព្រំដែន​រវាង​កម្ពុជា-វៀតណាម​រយៈពេល​១​ខែ ចាប់​ពី​ថ្ងៃអាទិត្យ​ទី​១៨ ខែ​កក្កដា​នេះ​ត​ទៅ ដោយ​លើក​ហេតុផល​ថា​ដើម្បីទប់ស្កាត់​ការ​ឆ្លង​រាលដាល​បន្ថែម​ទៀត​នៃ​ជំងឺ​កូវីដ​១៩ចូល​ក្នុង​ប្រទេស។ នេះ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចុះ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ផ្ញើ​ជូន​ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​វៀតណាម ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រទេស​វៀតណាម បាន​រាយការណ៍​អំពី​ករណី​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ គឺ​រហូត​ដល់​ជាង​១០០០​ករណី​ក្នុង​មួយ​ថ្ងៃ​ក្នុង​រយៈពេល​៧​ថ្ងៃ​ជាប់ៗ​គ្នា​ ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​ហូជីម៉ិញ ឬ​ព្រៃ​នគរ កាល​ពី​សប្តាហ៍​មុន។

​លិខិត​ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា​ការផ្អាក​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន​បណ្តោះអាសន្ន​រវាង​ប្រទេស​ទាំង​ពីរ​នេះ អនុវត្ត​ចំពោះ​តែ​កម្មករ​ជំនាញ អ្នក​បច្ចេកទេស​និង​បុគ្គលិក​ក្រុម​ហ៊ុន​វៀតណាម​តែ​ប៉ុណ្ណោះ។ ចំណែក​អ្នក​ជំងឺ​ដែល​ត្រូវ​ទៅ​ព្យាបាល​នៅ​វៀតណាម អ្នកការទូត ឬ​មន្ត្រីរាជការ​ដែល​មាន​បេសកកម្ម​តាម​ការអញ្ជើញ​រវាង​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ ឬ​ករណី​មាន​ការ​អនុញ្ញាត​ពិសេស​ពី​រដ្ឋាភិបាល ត្រូវ​បាន​លើកលែង។

គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ កម្ពុជា​ មាន​អ្នក​ឆ្លង​កូវីដ​១៩​សរុប​ចំនួន​៦៣.៦១៥​នាក់ និង​ស្លាប់​សរុប​៩៨៦​នាក់ ខណៈ​វៀតណាម មាន​អ្នក​ឆ្លង​សរុប​ចំនួន​៣៥.៤០៩ នាក់ និង​ស្លាប់​សរុប​១៣២​នាក់។ នេះ​បើ​ផ្អែក​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យJohns Hopkinsក្នុង​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG