វៀតណាមនៅថ្ងៃសុក្រ បានអនុម័តបិទសកម្មភាពសង្គមរយៈពេលពីរសប្តាហ៍នៅក្នុងទីក្រុងហូជីមិញ ដើម្បីទប់ទល់ការឆ្លងវីរុសកូរ៉ូណាដែលកាន់តែខ្លាំងឡើង។
រដ្ឋាភិបាលក្រុងហាណូយ ក៏បានប្រកាសផែនការចាក់វ៉ាក់សាំងឲ្យប្រជាពលរដ្ឋចំនួន៥០ភាគរយដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ រហូតដល់ចុងឆ្នាំ ហើយនឹងកំណត់គោលដៅចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋរបស់ខ្លួនចំនួន៧០ភាគរយ ត្រឹមខែមីនាឆ្នាំក្រោយ។
ក្រសួងសុខាភិបាលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ជាវិធានការចាំបាច់ និងមានសារៈសំខាន់ដើម្បីរាំងខ្ទប់ជំងឺនេះ និងដើម្បីឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម»។
មជ្ឈមណ្ឌលស្រាវជ្រាវវីរុសកូរ៉ូណានៃសាកលវិទ្យាល័យ Johns Hopkins បានប្រាប់ឲ្យដឹងថា ប្រទេសវៀតណាមដែលមានប្រជាពលរដ្ឋជិត១០០លាននាក់ មានការឆ្លងជំងឺកូវីដ១៩ ជាង៣ពាន់ករណី គិតមកទល់នឹងខែមេសា។ ហើយមកទល់នឹងថ្ងៃសុក្រ ប្រទេសនេះ បានបញ្ជាក់មានការឆ្លងជំងឺកូវីដ១៩ចំនួន២៤.៨១០ករណី និងស្លាប់ចំនួន១០៤នាក់។
សាកលវិទ្យាល័យ Johns Hopkins បានប្រាប់ឲ្យដឹងថា ប្រទេសវៀតណាមបានចាក់វ៉ាក់សាំងប្រហែល៤លានដូស ដោយមានមនុស្សប្រហែល២៤០០០០នាក់ បានចាក់វ៉ាក់សាំង២ដូស ឬចំនួន០,២៥% នៃចំនួនប្រជាពលរដ្ឋសរុប។
ទីក្រុងហូជីមិញដែលមានប្រជាពលរដ្ឋចំនួន៩លាននាក់ បានហាមឃាត់មិនឲ្យប្រមូលផ្តុំដែលមានមនុស្សលើសពី២នាក់ឡើងទៅ ហើយក្នុងពេល២សប្តាហ៍នេះ នឹងអនុញ្ញាតឲ្យចាកចេញពីផ្ទះតែក្នុងករណីមានអាសន្ន ឬទិញម្ហូបអាហារ និងថ្នាំសង្កូវប៉ុណ្ណោះ។
ម៉្យាងទៀតក្រុមហ៊ុន Pfizer និយាយថា ខ្លួនហៀបនឹងស្វែងរកការអនុញ្ញាតពីសហរដ្ឋអាមេរិកសម្រាប់ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣។ ក្រុមហ៊ុននេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចាក់ថ្នាំមួយដូសទៀត អាចបង្កើនភាពស៊ាំយ៉ាងខ្លាំងហើយអាចជួយបញ្ចៀសការឆ្លងវីរុសបំប្លែងថ្មីចុងក្រោយដែលគួរឱ្យព្រួយបារម្ភ។
ការស្រាវជ្រាវពីបណ្តាប្រទេសជាច្រើនបង្ហាញថា ការចាក់វ៉ាក់សាំងការពារកូវីដ១៩យ៉ាងទូលំទូលាយផ្តល់ការការពារយ៉ាងរឹងមាំប្រឆាំងនឹងវីរុសបំប្លែងថ្មីប្រភេទដែលតា (delta) ដែលឆ្លងខ្លាំង។ ប៉ុន្តែអង្គបដិប្រាណប្រឆាំងនឹងវីរុសនេះ បានចុះខ្សោយជាធម្មតា។ ក្រុមហ៊ុន Pfizer និយាយថា ទិន្នន័យដំបូងពីការសាកល្បងរបស់ក្រុមហ៊ុនបង្ហាញថា កម្រិតអង្គបដិប្រាណរបស់អ្នកចាក់ថ្នាំនេះឡើងខ្លាំង បន្ទាប់ពីចាក់ថ្នាំដូសទីបី។ ប៉ុន្តែសំណើនេះមិនមែនមានន័យថា ការចាក់ថ្នាំដូសទី៣ នឹងធ្វើឆាប់ៗនេះទេ។ មន្ត្រីសុខាភិបាលសាធារណៈត្រូវសម្រេចថា តើពិតជាត្រូវការចាក់ថ្នាំដូសទី៣ ឬទេ៕