ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​វៀត​ណាម​ចំណេញ​អ្វី​ខ្លះ​ក្នុង​នាម​ម្ចាស់​ផ្ទះ​រៀប​ចំ​ជំនួប​កំពូល​រវាង​សហរដ្ឋ​អាមេរិក​និង​​កូរ៉េខាង​ជើង


រូបឯកសារ៖ មេដឹកនាំ​កូរ៉េខាង​ជើង គីម ជុងអ៊ុន (ឆ្វេង) និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ចាប់​ដៃ​គ្នា​នៅ​ពេល​បិទ​ជំនួប​កំពូល​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ខែ​មិថុនា ២០១៨។
រូបឯកសារ៖ មេដឹកនាំ​កូរ៉េខាង​ជើង គីម ជុងអ៊ុន (ឆ្វេង) និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ចាប់​ដៃ​គ្នា​នៅ​ពេល​បិទ​ជំនួប​កំពូល​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ខែ​មិថុនា ២០១៨។

​ប្រទេស​ផ្សេងៗ​ទៀត ​នឹង​មើល​ឃើញ​អព្យាក្រិត្យ​ភាព​ខាង​នយោ​បាយ​​និង​ការ​រីក​ចម្រើន​ខាង​សេដ្ឋ​កិច្ច​របស់​វៀតណាម​ក្នុង​អំឡុង​នៃ​ការ​ចរចា​រវាង​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់ ​ត្រាំ​ និង​មេដឹកនាំ​​កូរ៉េខាង​ជើង គីម ​ជុង​អ៊ុន។

ពេល​ដែ​ល​ប្រទេស​សិង្ហបុរី ​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀប​ចំ​ជំនួប​កំពូល​លើក​ទី​ដំបូង​កាល​ពី​ខែ​មិថុនា ​ឆ្នាំ​ទៅ​រវាង​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ​ត្រាំ​ និង​មេដឹកនាំ​កូរ៉េខាង​ជើង ​គីម ​ជុងអ៊ុន ​ពាណិជ្ជករ​នៅ​ក្នុង​រដ្ឋ​ជា​ទីក្រុង​នោះ​បាន​រក​ប្រាក់​មក​ពី​សម្ភារៈ​និង​ទីកន្លែង​សម្រាប់ជំនួប​កំពូល​នោះ។ ​ពួក​អ្នកកាសែត​ប្រ​ហែល​២,៥០០​នាក់​បាន​ទៅ​ទស្សនា​ប្រទេស​នោះ ​ហើយ​លោក​ Lee Hsien Loong​ នាយករដ្ឋ​មន្រ្តី​នៃ​ប្រទេស​សិង្ហបុរី ​បាន​ត្រូវ​គេ​ដក​ស្រង់​សម្តី​មក​និយាយ​ថា ​ជំនួប​កំពូល​នោះ ​នឹងលើក​ស្ទួយ​កិត្យា​នុភាព​របស់​ប្រទេស​លោក​នៅ​បរទេស។

ឥឡូវ​នេះ ​វៀត​ណាម ​ដែល​ជាម្ចាស់​ផ្ទះ​រៀប​ចំជំនួប​កំពូល​លើក​ទី​២​រវាង​លោកគីម​និង​ប្រធានាធិបតី​ត្រាំ​ដែល​បាន​គ្រោង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២៧​ដល់​ថ្ងៃ​ទី២៨ខែ​កុម្ភៈ​នេះ គួរ​រំពឹង​ទទួល​បាន​កិត្យានុភាព​កាន់​តែ​ខ្លាំង​ឡើង​នៅ​ឯបរទេស។​ នេះបើ​តាម​សម្តី​របស់ពួក​អ្នក​ជំនាញ​អំពីប្រទេស​វៀត​ណាម។

​ជំនួប​កំពូល​នៅទីក្រុង​ហាណូយ​ ដែល​នឹង​ពិភាក្សា​អំពី​ការ​ព្រួយ​កង្វល់​របស់​សហរដ្ឋ​អាមេរិក​អំពី​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង ​នឹង​ធ្វើ​ឲ្យ​វៀត​ណាម​ទទួល​បាន​ការ​គោរព​ថ្មី​ទាំង​មក​ពី​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​និង​ប្រទេស​កុម្មុយនីស្ត​ដែល​ជា​ការ​ល្អ​សម្រាប់​គោល​នយោបាយ​ការ​បរទេសរបស់​វៀត​ណាមជា​មួយ​ប្រទេស​ផ្សេងៗ​ទៀត​និង​កិត្តិស័ព្ទ​របស់​ខ្លួន​ជា​ប្រទេស​មួយ​សម្រាប់​ពាណិជ្ជ​កម្ម​រួម​បញ្ចូល​ទាំង​កិច្ច​ប្រជុំ​អន្តរ​ជាតិធំៗ។

លោក ​Carl Thayer​ ជាអតីត​សាស្រ្តាចារ្យ​នៅ​សាកល​វិទ្យា​ល័យ​ New South Wales​ ក្នុង​ប្រទេស​អូស្រ្តាលី ​បាន​និយាយ​ថា៖ «ប្រទេស​ពាក់​ព័ន្ធ​ទាំង​អស់​មាន​ កូរ៉េ​ខាង​ជើង សហរដ្ឋ​អាមេរិក ​ចិន​ និង​កូរ៉េខាង​ត្បូង ​ទុកចិត្ត​វៀតណាម​ថា​ជា​ម្ចាស់​ផ្ទះ​មាន​អព្យា​ក្រិត្យ​ភាព»។​ ចិន​គាំទ្រ​កូរ៉េ​ខាង​ជើង​ដែល​រដ្ឋាភិ​បាល​សហរដ្ឋ​អាមេរិក​ភ័យ​ខ្លាច​ថា កំពុង​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ។

លោក​បាន​និយាយ​ទៀត​ថា៖ «ជោគ​ជ័យ​របស់​វៀត​ណាម ​នឹង​បញ្ជាក់​ឡើង​វិញនូវ​ភាព​ត្រឹម​ត្រូវ​នៃ​គោល​នយោបាយការ​បរទេស​ចម្រុះ​របស់​ខ្លួន​និង​ទំនាក់​ទំនងក្រៅ​ប្រទេស​ពហុភាគី​របស់​ខ្លួន​និង​ជាមិត្ត​ភ័ក្រ្ត​ដែល​អាច​ទុក​ចិត្ត​បាន​របស់​ប្រ​ទេស​ទាំង​អស់។ វៀតណាម​ទទួល​បានផល​ប្រយោជន៍​មក​ពី​សក្ដានុពល​ដែល​ខ្លួន​ទទួល​បាន​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ជំនួប​កំពូល​លើក​ទី២​នេះ»។

ការរីក​ចម្រើន​សេដ្ឋ​កិច្ច​ដ៏​ឆាប់​រហ័ស​របស់​វៀតណាម​ដែលត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​សង្គ្រាមកាល​ពីមុន​ចាប់​តាំង​ពីចុង​ទសវត្សរ៍​១៩៨០​មក ​នឹង​ធ្វើ​ឲ្យសហរដ្ឋ​អាមេរិកយក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិសេស​នៅ​ឯ​ជំនួប​កំពូល​នេះ​។

ការ​វិនិយោគ​ទុន​បរទេសដោយ​ផ្ទាល់​បាន​ត្រូវ​ទាក់​ទាញ​ដោយ​សារ​ពលកម្ម​ថោកបាន​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​របស់​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​រីក​លូត​លាស់​រវាង​៦​ទៅ​៧​ភាគ​រយ​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក។ គ្រាន់​តែ​ខែ​មុន ការវិនិយោគទុន​ដែល​បាន​ចុះ​បញ្ជី​មក​ពី​បរទេស​បាន​កើន​ឡើង​២៧,៤ភាគរយ ​បើ​ប្រៀប​ធៀប​ទៅនឹង​ខែ​ដូច​គ្នា​កាល​ពី​មួយ​ឆ្នាំ​មុន។ នៅ​ក្នុង​ខែ​មុន​នោះ​ដែរ ​វៀត​ណាម​បាន​ចូល​រួម​ភាព​ជា​ដៃគូ​ធំទូលាយ​និង​ជឿន​លឿន​ឆ្លង​កាត់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​ដែល​មាន​សេដ្ឋ​កិច្ច​ចំនួន​១៣​,៥​ភាគរយ​របស់​ពិភព​លោក។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​បាន​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​វៀតណាម​អស់​រយៈ​ពេល​១៩​ឆ្នាំរ​ហូត​ដល់​ឆ្នាំ​១៩៩៤។

លោក​ Rajiv Biswas​ ជា​ប្រធាន​សេដ្ឋវិទូ​សម្រាប់​តំបន់​អាស៊ី​និង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិក​នៅឯ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ IHS Marikit ​បាន​និយាយ​ថា ​ពួក​អ្នក​ប្រើ​ប្រាស់​ទំនិញ​អាមេរិកាំង​នៅ​ពេល​ឥឡូវ​នេះ ​ទិញ​ស្បែក​ជើង ​សម្លៀក​បំពាក់​និង​គ្រឿង​អេឡិចត្រូនិក​ដែល​ផលិត​នៅ​ប្រទេស​វៀត​ណាម​នៅ​ពេល​ដែល​ក្រុម​ហ៊ុន​សហ​រដ្ឋ​អាមេរិក​សម្លឹង​មើលជន​ជាតិ​វៀតណាម​វណ្ណៈ​កណ្តាល​កាន់​តែ​កើន​ឡើង​ជា​ទី​ផ្សារ​សម្រាប់​នាំ​ទំនិញ​ចេញ។

លោក​ Biswas ​បាន​និយាយ​ទៀត​ថា៖ «ទំនាក់​ទំនង​របស់​វៀត​ណាម​ជាមួយ​សហ​រដ្ឋ​អាមេរិក ​ប្រាកដ​នឹង​ក្លាយ​ជា​លក្ខណៈ​ពិសេស​ដ៏​សំខាន់​មួយ​នៃ​ជំនួប​នេះ។ ទោះ​ជា ​ជំនួប​នេះ​គឺ​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ជើង​ក៏ដោយ ក៏​ខ្ញុំ​គិតថា​ រូបភាពរបស់​ប្រធានា​ធិបតី​ត្រាំ​ដែល​បំពេញ​ទស្សនកិច្ច​នៅប្រទេស​វៀត​ណាម ​ក៏​ជា​សញ្ញាវិជ្ជ​មាន​សម្រាប់​វៀត​ណាម​ដែរ។ ការណ៍​នេះ​ផ្តល់ឱ​កាស​សម្រាប់​ការ​ចរចា​ទ្វេភាគី»។

លោក​និយាយ​ទៀត​ថា ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​វៀត​ណាម ​កំពុង​ធ្វើ​ចលនា​ទៅ​កាន់​កម្រិត​ខ្ពស់​ថ្មី​មួយហើយ​ជំនួប​កំពូល​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​និន្នា​ការ​នេះ។

លោក​ Frederick Burke​ ដៃគូ​ជាមួយ​ក្រុម​ហ៊ុន​ច្បាប់ Baker McKenzie ​នៅ​ក្នុង​ទីក្រុង​ហូជីមិញ ​និយាយ​ថា កាល​ពី​ឆ្នាំ​២០១៧ ​ប្រធា​នា​ធិបតី​ត្រាំ ​បាន​សរសើរ​ការ​ជឿន​លឿន​ខាង​សេដ្ឋ​កិច្ច​របស់​វៀត​ណាម​ថា​ជា​ «អព្ភូត​ហេតុដ៏​អស្ចារ្ស​មួយ» ថ្វីបើការនាំ​ចេញ​ទំនិញ​ពី​ប្រទេស​វៀត​ណាម ​ចូល​មក​លក់​ក្នុង​សហរដ្ឋ​អាមេរិក​មាន​ចំនួន​ច្រើន​ជាង​ទំនិញ​អាមេរិក​ចូល​ទៅលក់​នៅ​វៀត​ណាម​ក៏ដោយ។​អត្ថាធិប្បាយ​របស់​លោក​ត្រាំ ​ប្រាប់​កូរ៉េ​ខាង​ជើង​ថា ប្រទេស​មួយ​ដែល​គ្រប់​គ្រង​តាម​បែប​កុម្មុយនិស្តដូច​ជា​វៀត​ណាម ​ក៏​អាច​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ដែរ»។

ពួក​អ្នក​វិភាគ ​និយាយ​ទៀត​ថា ជំនួប​កំពូលនេះ ​នឹង​បន្ថែម​វៀត​ណាម​ចូល​ក្នុង​បញ្ជី​ប្រទេស​រៀប​ចំ​ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ។ លោក ​Thayer ​និយាយ​ថា​ «ប្រទេស​នានា​នៅតំបន់​អាស៊ី ​ដឹង​ថា វៀត​ណាម​មាន​សមត្ថភាព​ក្នុងការ​ផ្តល់​សន្តិ​សុខ កន្លែង​ស្នាក់​នៅ​ដ៏​ល្អ​បំផុត ​និង​បទ​ពិសោធន៍​ការទូត​តាម​បែប​វិជ្ជាជីវៈ​ដើម្បី​ចាត់​ចែងជំនួប​កំពូល​នេះ»។

ជំនួប​របស់​មេដឹកនាំ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋ​កិច្ច​តំបន់​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ី​ហ្វិក​ដែល​មាន​ប្រទេស​២១​ជាសមាជិក ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៧​នៅ​ទី​ក្រុង​ដាណាង ​ដែល​ជា​ទីក្រុង​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ភាគ​កណ្តាល​នៃ​ប្រទេស​វៀត​ណាម។ ​នៅ​ឆ្នាំ​ក្រោយ ​វៀត​ណាម ​នឹង​ធ្វើ​ជា​ប្រធាន​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​ដែល​មាន​ប្រទេស​១០​ជាសមាជិក ​ជា​តួនាទី​មួយ​ដែល​តម្រូវឲ្យ​ធ្វើ​ពិធី​កាន់​តែ​ធំឡើង​ជាបន្ត​បន្ទាប់។

លោក ​ទ្រង់ ងៀន ជាព្រឹទ្ធ​បុរស​ទំនាក់​ទំនង​អន្តរជាតិ​នៅ​ឯសាកល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សង្គម​និង​មនុស្ស​សាស្រ្ត​នៅ​ទីក្រុង​ហូ ជីមិញ​បាន​និយាយ​ថា៖ «ខ្ញុំគិត​ថា ពួក​មេដឹកនាំ​វៀត​ណាម ប្រាកដ​ជា​មិន​មាន​ទំនុក​ចិត្ត​ក្នុង​ឆាក​អន្តរជាតិ។ នេះ​ជា​ឱកាស​មួយ​សម្រាប់​ពួកគេត្រូវ​ប្រើ​ប្រាស់​ឆាក​អន្តរជាតិ​នេះ​ដើម្បី​ទទួល​បាន​ការ​យកចិត្ត​ទុក​ដាក់​នៅ​ក្នុង​ពិភព​លោក»។

លោក Burke ​និយាយ​ថា​ វៀតណាម​ដែល​បាន​ទទួល​ការទុក​ចិត្ត​ដោយ​ភាគី​ដែល​ចូល​រួម​ក្នុង​ជំនួប​កំពូល​នោះ​រួច​ហើយ ​នឹង​ថ្លែង​ជា​សាធារណៈ​នៅ​ខែ​នេះ​ចំពោះ​ការ​គាំទ្រ​ការ​ខំ​ប្រឹង​ប្រែង​សន្តិភាព​នៅ​ក្នុង​តំបន់ ​ប្រសិនបើ ​អ្នក​ចូល​រួម​ជំនួប​កំពូល២​នាក់​នេះ ធ្វើ​ឲ្យ​មាន​ការ​ជឿន​លឿន​លើ​ការ​ដោះ​ស្រាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង​នោះ។

លោក​ Burke ​បាន​និយាយ​ទៀត​ថា៖ «វា​ជា​កេរ្តិ៍​ឈ្មោះ​មួយ​ចំណែក​ក្នុង​សហគមន៍​អន្តរ ជាតិ ​មិន​មែន​ត្រឹម​តែ​ជា​សមាជិក​មួយ​ដែល​មានការ​ទទួល​ខុសត្រូវ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ ​ប្រាកដ​ជា​មេដឹកនាំ​មួយ​រូប​ដែល​បង្កើន​កម្រិត​ខ្ពស់​បំផុត​នៃ​ទំនាក់ទំនង​អន្តរជាតិ​និង​ដោះ​ស្រាយ​បញ្ហា​អន្តរជាតិ»។

រដ្ឋាភិបាល​វៀតណាម ក៏​ដូចជា​រដ្ឋាភិបាល​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​អា​គ្នេយ៍​ដែរ ​បាន​ប្រតិបត្តិ​គោល​នយោបាយ​ការ​បរទេស​ធ្វើ​ឲ្យ​មាន​តុល្យភាព​ដើម្បី​ទទួល​បាន​ប្រ យោជន៍​ខាង​សន្តិសុខ​និង​សេដ្ឋ​កិច្ច​មក​ពី​ប្រទេស​ចិន​និងមក​ពី​មហា​អំណាច​លោក​ខាង​លិច។

នៅ​ឯ​ជំនួប​កំពូល​ក្នុង​ប្រទេស​សិង្ហបុរី ​ប្រធានា​ធិបតី​ត្រាំ​និង​គីម ​ជុង​អ៊ុន ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ដ៏​ធំ​មួយ​ដែល​ទាក់​ទិន​នឹង​ការធានា​ខាង​សន្តិសុខ​សម្រាប់​កូរ៉េ​ខាង​ជើង​ហើយ​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការ​កាត់​បន្ថយ​អាវុធ​នុយក្លេអ៊ែរ៕

ប្រែ​សម្រួល​ដោយជឹង ប៉ូជីន

XS
SM
MD
LG