ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​នឹង​រារាំង​ការ​នាំ​ចេញ​ទំនិញ​ណា​ដែល​បន្លំ​ស្លាក​ផលិត​នៅ​វៀតណាម


រូបភាព​ឯកសារ៖ លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ចាប់​ដៃ​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម Pham Binh Minh កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ចាប់​ដៃ​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម Pham Binh Minh កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។

រដ្ឋាភិបាល​វៀតណាម​បាន​សន្យា​បង្ក្រាប​លើ​ក្រុមហ៊ុន​ផលិតកម្ម​ណា​ដែល​បាន​ដាក់​ស្លាក «ផលិត​ក្នុង​ប្រទេស​វៀតណាម‍» ដោយ​ខុស​ច្បាប់ លើ​ទំនិញ​ដែល​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដើម្បី​គេច​ពី​ទណ្ឌកម្ម​ពន្ធ​គយ​របស់​សហរដ្ឋ​អាមេរិក​ដែល​ដាក់​លើ​ទំនិញ​ចិន។

ក្រុមហ៊ុន​នាំ​ចេញ​ទំនិញ​នានា​បាន​ចាប់ផ្ដើម​បង្វែរ​ផលិតកម្ម​របស់​ខ្លួន​ពី​ប្រទេស​ចិន​ទៅ​ប្រទេស​វៀតណាម ដើម្បី​គេច​ពី​ការ​យក​ពន្ធ​គយ​ចំនួន ២៥ ភាគរយ ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ដាក់​លើ​ទំនិញ​ចិន ដែល​មាន​ទឹក​ប្រាក់ ២០០ ពាន់​លាន​ដុល្លារ។

ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​និយាយ​ថា ក្រុមហ៊ុន​ផលិតកម្ម​មួយ​ចំនួន​បាន​អះអាង​ដោយ​ខុស​ច្បាប់​ថា ទំនិញ​របស់​ពួកគេ​ដូចជា​វាយនភណ្ឌ គ្រឿង​សមុទ្រ និង​ផលិតផល​កសិកម្ម​ជា​ដើម គឺ​ធ្វើ​នៅ​ប្រទេស​វៀតណាម ដែល​តាម​ពិត​ទំនិញ​ទាំង​នោះ​គឺ​ធ្វើ​នៅ​ប្រទេស​ចិន។

លោក​ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ផ្លូវការ​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​វេបសាយ​របស់​រដ្ឋាភិបាល​វៀតណាម​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ទំនោរ​នេះ «បាន​ប៉ះពាល់​ដល់​កិត្តិយស​របស់​ក្រុមហ៊ុន​អាជីវកម្ម​វៀតណាម និង​ទំនិញ​របស់​ប្រទេស​វៀតណាម‍»។

របាយការណ៍​នោះ​បាន​បញ្ជាក់​ថា មន្ត្រី​គយ​វៀតណាម​បាន​រក​ឃើញ​ករណី​រាប់​សិប​ដង​ពាក់ព័ន្ធ​នឹង​ទំនិញ​ដែល​ដាក់​ស្លាក​ប្រទេស​ផលិត​មិន​ត្រឹមត្រូវ ដែល​មាន​គោល​បំណង​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ទ្វីប​អឺរ៉ុប និង​ប្រទេស​ជប៉ុន។

របាយការណ៍​នោះ​បន្ថែម​ថា រដ្ឋាភិបាល​វៀតណាម​អំពាវនាវ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​តឹងតែង​លើ​ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ប្រទេស​ទាំង​នោះ និង​បាន​បញ្ជាក់​ថា ប្រទេស​វៀតណាម​អាច​ត្រូវ​សហរដ្ឋ​អាមេរិក ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ចម្បង​មួយ​របស់​ខ្លួន ដាក់​ទណ្ឌកម្ម ប្រសិនបើ​វៀតណាម​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន៕

XS
SM
MD
LG