ប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកអំពីការកេងប្រវ័ញ្ចដោយទម្លាក់តម្លៃប្រាក់ដុង។ វៀតណាមថា ខ្លួនកំពុងរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួនមិនមែនប្រើល្បិចប្រកួតប្រជែងអយុត្តិធម៌នោះទេ។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានចោទប្រកាន់ថា រដ្ឋកុម្មុយនិស្តនេះ បានធ្វើអន្តរាគមន៍ទីផ្សាររូបិយបណ្ណដោយទម្លាក់តម្លៃប្រាក់ដុងដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ធ្លាក់តម្លៃជាង៨,៤ភាគរយនៅក្នុងឆ្នាំ២០១៨។ ធនាគាររដ្ឋវៀតណាមបាននិយាយថា គោលនយោបាយគ្រប់គ្រងរូបិយបណ្ណរបស់ខ្លួនមានគោលបំណងដើម្បីគ្រប់គ្រងអតិផរណានិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមិនមែនបង្កើតផលចំណេញអយុត្តិធម៌ក្នុងពាណិជ្ជកម្មអន្តរជាតិទេ។
ទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រង់សេចក្តីថ្លែងការណ៍របស់ធនាគារកណ្តាលវៀតណាមដែលបានបញ្ជាក់ថា៖ «អន្តរាគមន៍ថ្មីៗរបស់ធនាគាររដ្ឋវៀតណាមក្នុងការទិញរូបិយបណ្ណបរទេសគឺមានគោលបំណងធានាឱ្យមានដំណើរការរលូននៃទីផ្សាររូបិយបណ្ណបរទេស»។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បាននិយាយថា ប្រទេសវៀតណាមបានយកចិត្តទុកដាក់«សារៈសំខាន់ពិសេស» ចំពោះទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនិងកំពុងពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីដោះស្រាយបញ្ហា«លេចធ្លោ»។
មន្ត្រីអាមេរិកបានពិនិត្យមើលដៃគូពាណិជ្ជកម្មធំៗចំនួន២០ដែលមានពាណិជ្ជកម្មទំនិញទ្វេភាគីជាមួយសហរដ្ឋអាមេរិកគិតជាទឹកប្រាក់យ៉ាងតិច៤០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ ពួកគេបានចោទប្រកាន់ថា ប្រទេសវៀតណាមនិងប្រទេសស្វីសបានជ្រៀតជ្រែកក្នុងទីផ្សារប្តូរប្រាក់បរទេសដើម្បីបន្ថោករូបិយបណ្ណរបស់ពួកគេ។
របាយការណ៍ក្រសួងហិរញ្ញវត្ថុស.រ.អា.បានអំពាវនាវឱ្យប្រទេសវៀតណាម «កាត់បន្ថយអន្តរាគមន៍លើរូបិយបណ្ណរបស់ខ្លួននិងអនុញ្ញាតឱ្យមានចលនាអត្រាប្តូរប្រាក់»។ ការរកឃើញនៅក្នុងរបាយការណ៍នេះ គឺជាការផ្តល់សញ្ញាមួយប៉ុណ្ណោះតែមិនតម្រូវឱ្យដាក់ទណ្ឌកម្មទេ គឺគ្រាន់តែជំរុញឱ្យមានការពិគ្រោះយោបល់បន្ថែមដើម្បីព្យាយាមដោះស្រាយវិវាទនេះ៕