ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Nguyen Xuan Phuc ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​វៀតណាម


លោក Nguyen Xuan Phuc (ឆ្វេង) ដែល​បាន​ក្លាយជា​ប្រធានាធិបតី​ថ្មី​នៅក្នុង​ពិធី​ផ្លូវការ​មួយ​នៅ​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ កាន់​បាច់ផ្កា​ជាមួយ​លោក Pham Minh Chinh នាយក​រដ្ឋមន្រ្តី​ថ្មី របស់​ប្រទេស​វៀតណាម។
លោក Nguyen Xuan Phuc (ឆ្វេង) ដែល​បាន​ក្លាយជា​ប្រធានាធិបតី​ថ្មី​នៅក្នុង​ពិធី​ផ្លូវការ​មួយ​នៅ​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ កាន់​បាច់ផ្កា​ជាមួយ​លោក Pham Minh Chinh នាយក​រដ្ឋមន្រ្តី​ថ្មី របស់​ប្រទេស​វៀតណាម។

លោក Nguyen Xuan Phuc ដែល​ស្ថិត​នៅ​ពីក្រោយ​វិធានការ​ជោគជ័យ​នៃ​ការ​ដោះស្រាយ​វិបត្តិជំងឺ​កូវីដ១៩ ក្នុង​ប្រទេស​វៀតណាម បាន​ស្បថ​ចូល​កាន់​តំណែង​ជាផ្លូវការ​ជា​ប្រធានាធិបតី​វៀតណាម​នៅ​ក្នុង​រដ្ឋធានី​ហាណូយ​នៅ​ថ្ងៃ​ចន្ទ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Phuc អាយុ ៦៦ ឆ្នាំ ធ្លាប់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​វៀតណាម​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ​នេះ ដែល​ជា​រយៈពេល​មួយ​ដែល​វៀតណាម​មាន​សេដ្ឋកិច្ច​រីក​ចម្រើន ហើយ​វិធានការ​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ១៩ របស់រដ្ឋាភិបាល​របស់​លោក​បាន​ទទួល​ការ​កោត​សរសើរ​ទាំង​នៅ​ក្នុង​និងក្រៅ​ប្រទេស។

បន្ទាប់ពី​ការ​បោះឆ្នោត​សម្ងាត់​នៅ​ថ្ងៃ​ចន្ទ​នេះ លោក Phuc បាន​ទទួល​សំឡេង​គាំទ្រ​ច្រើន​បំផុត​ក្នុង​ចំណោម​សមាជិក​រដ្ឋសភា​ជាតិ​ជិត ៥០០ នាក់។

ប្រទេស​វៀតណាម​ដឹកនាំ​ដោយ​គណបក្ស​កុម្មុយនីស្ត ដែល​ជា​ផ្លូវការ​មាន​អគ្គលេខាធិការ​បក្ស ប្រធានាធិបតី និង​នាយក​រដ្ឋមន្ត្រី ហើយ​ការ​សម្រេច​សំខាន់ៗ​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ដែល​មាន​សមាជិក​ចំនួន ១៨ រូប។

លោក Phuc គឺជា​បេក្ខជន​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​ស្នើ​តែងតាំង​ជា​ប្រធានាធិបតី ដោយសារតែ​លោក Nguyen Phu Trong ដែល​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត និង​ដែល​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​វៀតណាម​តាំងពី​ឆ្នាំ ២០១៨ មក បាន​លាលែង​ពី​តំណែង។

រដ្ឋសភា​ជាតិ​វៀតណាម​បាន​បញ្ជាក់​ថា នេះ​គឺជា «លើក​ដំបូង​បង្អស់​ដែល​នាយក​រដ្ឋមន្ត្រី​ ត្រូវ​បាន​ស្នើ​តែងតាំង​ឲ្យ​កាន់​តំណែង​ជា​ប្រធានាធិបតី»។

បន្ទាប់ពី​បាន​ស្បថ​ចូល​កាន់​តំណែង លោក Phuc បាន​ថ្លែង​ប្រាប់​ប្រជាជាតិ​ថា លោក​មាន «សំណាង​និង​កិត្តិយស» ដែល​បាន​កាន់​តំណែង​នេះ៕

XS
SM
MD
LG