ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្មរបស់វៀតណាមដល់ដំណើរទស្សនកិច្ចរបស់លោក Xi Jinping ត្រូវបានបង្អន់ ខណៈមានការបង្ក្រាបលើសកម្មជន


រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping ចាប់ដៃនាយករដ្ឋមន្ត្រី​វៀតណាមលោក Pham Minh Chinh នៅ​វិមាន​រដ្ឋាភិបាល​ក្នុង​ប្រទេសវៀតណាម កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping ចាប់ដៃនាយករដ្ឋមន្ត្រី​វៀតណាមលោក Pham Minh Chinh នៅ​វិមាន​រដ្ឋាភិបាល​ក្នុង​ប្រទេសវៀតណាម កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

ការ​តវ៉ា​ប្រឆាំង​ចិន​បាន​ក្លាយជា​ចំណុច​សំខាន់​នៃ​សកម្មភាព​របស់​វៀតណាម ក៏ប៉ុន្តែប្រតិកម្ម​ចំពោះដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping កាល​ពី​ថ្ងៃ​ទី១២ និង​ទី១៣ ខែ​ធ្នូ​ ទៅកាន់​ប្រទេស​វៀតណាម​ ត្រូវ​បាន​បង្អន់​សំឡេង​ នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​ចាប់អ្នករិះគន់​ដាក់គុក ហើយសកម្មជន ​រីឯ​អ្នក​ជំនាញ​លើកឡើង​ពី​បរិយាកាស​នៃ​ការភ័យខ្លាចក្នុង​ចំណោម​អ្នក​ដែល​នៅ​មាន​សេរីភាព​នៅ​ឡើយ។

ក្នុង​អំឡុង​នៃ​ដំណើរទស្សនកិច្ចកាល​ពី​ពាក់​កណ្តាល​ខែធ្នូ​នោះ វៀតណាម​បាន​យល់ព្រម​ចូលរួមជាមួយ​«សហគមន៍មាន​អនាគត​រួម​គ្នា‍»​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ត្រូវ​បាន​ពណ៌នា​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ថា​ ជា​ការបង្កើន​ពី​«ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ»​ កាលពី​ពេល​មុន។ ប្រទេស​ទាំងពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​ ៣៦ ​ដែល​ផ្តោតលើ​ការបង្កើន​កិច្ចសហប្រតិបត្តិការ រួមមាន​សន្តិសុខ​ និង​ការខំប្រឹងប្រែង​រួម​សម្រាប់​ការអភិវឌ្ឍ​ផ្លូវ​រថភ្លើង​និង​ទូរគមនាគមន៍។

អ្នក​ដែល​បាននិយាយ​ជាមួយ​វីអូអេ​ ក្នុង​អំឡុង​ពេល​និង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នោះ​ បាន​សម្តែង​នូវ​ការរកាំចិត្ត​ដល់​រដ្ឋាភិបាល​ក្រុង​ហាណូយ ​ដែល​បាន​រំកិល​កាន់តែ​ជិត​ទៅ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ការរំលោភរបស់​ចិន​ចូល​ក្នុង​ដែនទឹក​វៀតណាម។

លោក Tran Anh Quan សកម្មជន​សង្គម​ដែល​មានមូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ហូជីមិញ​ បាន​ប្រាប់​វីអូអេ​ថា៖ «កាលពីពេល​មុន ដំណើរ​ទស្សនកិច្ច​ម្តងៗ​ដោយ​លោក Xi Jinping បាន​ជួប​ប្រតិកម្ម​ប្រឆាំង​ពី​ប្រជាពលរដ្ឋ​។ នៅ​ឆ្នាំ​ ២០១៥ ពលរដ្ឋ​វៀតណាម​រាប់រយ​នាក់​បាន​ចេញ​មកតាម​ផ្លូវ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ប្រធានាធិបតី​ចិន»។

លោក​បាន​និយាយ​ទៀត​ថា៖ «មនុស្ស​ស្ទើរគ្រប់​គ្នា​ដែល​ជា​ធម្មតា​ចេញ​ទៅតាម​ផ្លូវ​នានា​ដើម្បី​ប្រឆាំង​ជំទាស់លោក Xi Jinping និង​ខ្សែបន្ទាត់​រាង​អណ្តាត​គោ​ ​ត្រូវ​បានចាប់ខ្លួន»។ លោក​បាន​សរសេរ​ដូច្នេះជា​ភាសា​វៀតណាម​ដោយ​ប្រើ​ពាក្យ​គ្រាមភាសាសំដៅ​លើ​ខ្សែ​បន្ទាត់​ផែនទី​ឆ្នូត​ ៩ ​របស់​ចិន ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រើ ​ដើម្បី​ធ្វើការ​ទាមទារ​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរតែ​ទាំង​អស់។

នៅពេល​បច្ចុប្បន្ន​នេះ​ មាន​សកម្មជន​ជាប់​ពន្ធនាគារ​ ១៧៨ នាក់ ​នៅ​ក្នុង​ប្រទេស​វៀតណាម។ នេះ​បើ​តាម​អង្គការ​មិន​រកកម្រៃ​គម្រោង​ ៨៨​ ឬ 88 Project ដែល​មាន​ទីតាំង​នៅ​ក្រុង Chicago សហរដ្ឋ​អាមេរិក ដែល​គាំទ្រ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​វៀតណាម។ អ្នកស្រី Pham Doan Trang ដែល​ជា​សកម្មជន​មាន​ឥទ្ធិពល​បំផុត​ម្នាក់​នៅ​ក្នុង​ប្រទេស ​ត្រូវបានកាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ៩ ឆ្នាំ​ កាលពី​ខែ​ធ្នូ ឆ្នាំ ២០២១​ ចំពោះ​ការ​ផ្សព្វផ្សាយ «ការ​ឃោសនា​ប្រឆាំង​រដ្ឋ»។

រូបឯកសារ៖ ពលរដ្ឋគ្រវីទង់ជាតិចិននិងទង់ជាតិ​វៀតណាម ក្នុងដំណើរទស្សនកិច្ចរបស់​ប្រធានាធិបតីចិនលោក Xi Jinping នៅប្រទេសវៀតណាម កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ ពលរដ្ឋគ្រវីទង់ជាតិចិននិងទង់ជាតិ​វៀតណាម ក្នុងដំណើរទស្សនកិច្ចរបស់​ប្រធានាធិបតីចិនលោក Xi Jinping នៅប្រទេសវៀតណាម កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

អ្នកស្រី Susann Pham សាស្ត្រាចារ្យសង្គមវិទ្យា​នយោបាយ​នៅ​ឯ​សាកលវិទ្យា​ល័យ Bilkent នៅ​ប្រទេស​តួកគី​ និង​ជា​អ្នក​និពន្ធ​សៀវភៅ​ស្តីពី​ពួក​ប្រឆាំង​របស់​វៀតណាម​ បាន​ពណ៌នា​បរិយាកាស​ស្រដៀងគ្នា​នៅ​ពេល​បច្ចុប្បន្ន​នេះ។

អ្នក​ស្រី Pham បាន​និយាយ​ថា៖ «មនុស្ស​តិចតួច​ដែល​មិនទាន់​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ រាល់​ថ្ងៃ ពួកគេ​ស្ថិត​នៅ​ក្នុង​ការឃ្លាំមើល»។

ការារាំង​ការតវ៉ាប្រឆាំង

សកម្មជន​សង្គម​លោក Tran Anh Quan ថ្លែង​ថា ថ្វីបើ​សកម្មជន​នាំមុខ​ត្រូវ​បាន​ចាប់ដាក់​ពន្ធនាគារ​ក៏ដោយ ក៏​ក្រុមមន្ត្រី​បាន​ចាត់វិធានការ​ដើម្បី​រារាំង​ការតវ៉ា​យ៉ាងខ្លាំង​ជា​សាធារណៈ ហើយ​បាន​កាត់ទោស​«យ៉ាង​ធ្ងន់ធ្ងរ» ដល់​ក្រុមអ្នករិះគន់​រដ្ឋាភិបាល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក Xi ដើម្បី​កំញ៉ើញអ្នក​ប្រឆាំង»។

លោក​បាន​ចង្អុល​បង្ហាញ​ដល់​ករណី​របស់​អ្នកស្រី Phan Thi Nha និង​លោក Nguyen Hoang Namដែល​អ្នក​ទាំងពីរ​ត្រូវ​បាន​ចោទប្រកាន់​ពី​ការចែកចាយ​ព័ត៌មាន​តាម​អនឡាញ ​ដែល​បាន​រិះគន់​គណបក្ស​កុម្មុយនីស្ត។ អ្នកស្រី Nha ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ៦ ឆ្នាំ ​កាលពី​ថ្ងៃ​ទី ១២ ខែ​ធ្នូ​ ហើយ​លោក Nam ​ត្រូវ​បានកាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ៨ឆ្នាំ​ នៅ​ថ្ងៃ​ទី១១ ខែធ្នូ។

លោក Quan និយាយ​ថា សកម្មជន​ក៏​ត្រូវ​បាន​គេ​រារាំង​មិន​ឱ្យ​ចាកចេញ​ពី​ផ្ទះ​របស់​ខ្លួន​ដែរ​ ហើយ​ប៉ូលិស​បាន​យាមល្បាត​កន្លែង​ជំនួប​សាធារណៈ។

លោក​បាន​និយាយ​ទៀត​ថា៖​ «ដើម្បី​រារាំង​ពលរដ្ឋ​កុំឱ្យ​ចេញ​ទៅតាម​ផ្លូវ​នានា​ដើម្បី​តវ៉ា​ប្រឆាំង​លោក Xi Jinping សន្តិសុខ​វៀតណាម​ក៏​បាន​យាម​ផ្ទះ​របស់​ពួកប្រឆាំង​និង​យាម​ទីកន្លែង​នានា​ ដែល​មាន​ការតវ៉ា​ប្រឆាំង​រឿយៗ​ដូចជា​ឧទ្យាន​ផ្កា Ly Thai To នៅ​ក្នុង​ទីក្រុង​ហាណូយ និង​វិហារ Notre Dame Cathedral ក្នុង​ទីក្រុង​សៃហ្កន។ រដ្ឋាភិបាល​ត្រូវ​បាន​គេ​ដឹង​ឮ​ពី​ការ​យាម​ផ្ទះ​របស់​ពួក​សកម្មជន»។

អ្នកស្រី Susann Pham ​និយាយ​ថា៖ «វា​ជា​យុទ្ធសាស្ត្រ​ធម្មតា​ដើម្បី​រារាំង​ ឬ​គ្រាន់តែ​យាម​ក្លោងទ្វារ​ផ្ទះ​របស់​ពួកសកម្មជន​ឬ​ផ្ទះ​ ៣​ឬ៤ថ្ងៃ ​មុន​ដំណើរ​ទស្សនកិច្ច​នោះ»។ អ្នកស្រី​បាន​បន្ថែម​ទៀត​ថា៖ ​«វា​ជា​ការបំភិតបំភ័យ»។

អ្នក​ស្រី Nguyen Ngoc Nhu Quynh ​សកម្មជន​វៀតណាម​ដែល​ត្រូវ​បាន​គេ​ស្គាល់​ដោយសារ​រហស្សនាម​ថា Me Nam ឬ​មាតា​ផ្សិត​ បាន​ជួបប្រទះ​បញ្ហា​នេះ​ដែរ។ ក្នុង​អំឡុង​នៃ​ទស្សនកិច្ច​របស់​លោក Xi នៅ​ឆ្នាំ ២០១៥ អ្នក​ស្រី​ចង់ចេញ​ពីផ្ទះ​របស់​អ្នកស្រី​ដែល​កាលនោះ​ នៅ​ទីក្រុង​ឆ្នេរសមុទ្រ Nha Trang (ញ៉ាចាង) ទៅកាន់​ទីក្រុង​ហូជីមិញ​ដើម្បី​តវ៉ា​ប្រឆាំង។ នៅយប់​មុន​ការ​ធ្វើ​បាតុកម្ម​នោះ មន្ត្រី​ប៉ូលីស​ពាក់​ខោអាវ​ស៊ីវិល​បាន​មក​ផ្ទះ​អ្នកស្រី​ ហើយ​ស្ថិត​នៅ​ទីនោះ​រហូត​ដល់​ចុង​ថ្ងៃ​បន្ទាប់។

អ្នក​ស្រី Quynh បាន​ប្រាប់​វីអូអេ​ពី​រដ្ឋ Texas ជា​ទីកន្លែង​ដែលអ្នកស្រី​ឥឡូវនេះ​រស់នៅ​ បន្ទាប់ពី​បាន​ទទួល​សិទ្ធិជ្រកកោន​នៅ​សហរដ្ឋ​អាមេរិក ​ក្នុង​ឆ្នាំ ២០១៨​ មក យ៉ាង​ដូច្នេះ​ថា៖ «ពួក​គេមក​ផ្ទះ​ខ្ញុំ​តែ​ម្តង ហើយ​ប្រកាស​ថា ​ខ្ញុំ​មិន​មាន​សិទ្ធិ​ចេញ​ពី​ផ្ទះ‍»។

អយុត្តិធម៌

នៅ​ថ្ងៃ​ទី១៣ ខែ​ធ្នូ ប្រទេស​នានា​បាន​ព្រមព្រៀង​គ្នា​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ ហើយ​រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​ចូលរួម«សហគមន៍មាន​អនាគត​រួម​គ្នា‍»របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធ្វើ​ចំណង​ទាក់ទង​ស្រដៀងគ្នា​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ដែរ ក៏ប៉ុន្តែ​ពាក្យពេចន៍​បាន​ប្តូរពី​«វាសនា​រួម»សម្រាប់​វៀតណាម។ នេះ​បើ​តាម​លោក Nguyen Khac Giang អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន ISEAS-Yusof Ishak។

លោក Giang បាន​ថ្លែង​ពី​ទីក្រុង​ហាណូយ​ជា​ទីកន្លែង​ដែល​ផ្លូវ​នានា​ពោរពេញ​ទៅ ដោយ​មនុស្ស​មកពី​ការបង្កើន​សន្តិសុខ ​ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក Xi ថា៖ «ការផ្លាស់ប្តូរ​ពី «វាសនា​រួម»​ទៅ​ជា «អនាគត​រួម» គឺដើម្បី​ឱ្យ​មាន​ភាព​រសើបតិច​ជាង​មុន​ដល់​អ្នកស្តាប់ជា​ជនជាតិវៀតណាម ​ដែលពួក​គេ​នៅ​មាន​ការ​មន្ទិល​សង្ស័យ​នៅ​ឡើយ ​អំពី​កាយវិការ​ចូលរួម​របស់​ចិន​ជាមួយវៀតណាម»។

រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping និងគណៈប្រតិភូ ជួបពិភាក្សាជាមួយអគ្គលេខាធិការ​នៃបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងគណៈប្រតិភូរបស់លោក នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping និងគណៈប្រតិភូ ជួបពិភាក្សាជាមួយអគ្គលេខាធិការ​នៃបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងគណៈប្រតិភូរបស់លោក នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

អ្នក​ស្រី Quynh បាន​និយាយ​ទៀត​ថា៖ «ពួកគេ​បាន​ដឹង​ថា​ ការ​ប្រើប្រាស់​ពាក្យ ​«វាសនា​រួម» ​នឹង​ប្រាកដ​ធ្វើ​ឱ្យ​បាក់​ទឹកចិត្ត​ដល់​ពលរដ្ឋ​វៀតណាម ដូច្នេះ​ពួកគេ​បាន​ព្យាយាម​ផ្លាស់ប្តូរ​ពាក្យ​នេះ។

ចំពោះ​លោក Quan ភាព​គឃ្លើន​របស់​ចិន​នៅ​ក្នុង​ផ្ទៃទឹក​វៀតណាម​ជា​ការព្រួយ​កង្វល់​ដ៏​ធំ​បំផុត​មួយ។ តាម​ច្បាប់​អន្តរជាតិ ដែន​ទឹកវៀតណាម​លាត​សន្ធឹង​ប្រវែង​ ២០០​ម៉ៃល៍​ពីឆ្នេរ​សមុទ្រ​របស់​ខ្លួន ក៏ប៉ុន្តែ វត្តមាន​របស់​នាវា​ចិន ការរំខាន​យាយី​អ្នក​នេសាទ​និ ង​ការយាម​ល្បាត​វាល​ប្រេង​ត្រូវ​បាន​ប្រមូល​ចងក្រង​ជា​ឯកសារ​បាន​យ៉ាង​ច្បាស់។

លោក Quan បាន​និយាយ​ទៀត​ថា៖ «សកម្មភាព​ទាំង​នេះ​បង្ហាញ​ថា ​ចិន​មិន​ចង់​ស្ថាបនា​ទំនាក់​ទំនង​ការសហការ​ដោយ​ស្មោះត្រង់​ជាមួយ​វៀតណាម​ទេ ក៏ប៉ុន្តែ តាម​ការពិត គ្រាន់តែ​ចង់​ឈ្លានពាន​និង​ធ្វើ​អាណានិគមលើ​ប្រទេស​ជិត​ខាង​របស់​ខ្លួន»។

លោក Giangបា ន​បន្ថែម​ទៀត​នៅ​មុន​ដំណើរ​ទស្សនកិច្ច​នោះថា ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ទំនង​នឹងបង្កើន​ការចាប់ពិរុទ្ធ​តាម​អនឡាញ​ប៉ុន្មាន​ថ្ងៃក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក Xi។ លោក​ថា៖ «ខ្ញុំ​គិត​ថា ​ប្រធានបទ​គឺ​ប្រព័ន្ធ​អនឡាញ​ត្រូវ​មាន​ការចាត់ចែង​យ៉ាង​ខ្លាំង»។

មិន​មែន​តែ​ពួកសកម្មជន​វៀតណាម​ប៉ុណ្ណោះ​ទេ ​ដែល​មាន​ការព្រួយ​កង្វល់​នោះ។ លោក Ray Powellនាយក​មជ្ឈមណ្ឌល Gordian Knot នៃ​សាកលវិទ្យាល័យ Stanford ដែល​ឃ្លាំមើល​សមុទ្រ​ចិន​ខាង​ត្បូង​ បាន​កត់សម្គាល់​ថា​ មាន​ចលនា​ខុសប្លែក​នៃ​កប៉ាល់​ស្រាវជ្រាវ​ចិន​នៅ​ខែ​ឧសភា​ ដែល​បាន​ហាក់ដូចជា​បាន​គូស​វាសជា​ទម្រង់​តួអក្សរ​ «zhong» (ជុង) ដែល​មាន​ន័យថា «ចិន‍» ​ជា​ភាសា​ចិន​កុកងឺ។

លោក Powell បាន​និយាយ​ដោយ​សំដៅ​ដល់​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ប្រទេស​នោះ​ថា៖ ​«កប៉ាល់​ស្រាវជ្រាវ​នោះ​បាន​បន្ត​ចូលក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ EEZ របស់​វៀតណាម​ ហើយ​វា​បាន​ចាប់ផ្តើម​បើក​ក្នុង​ទម្រង់​ចំឡែក​នេះ។ វា​បាន​បង្កើតជា​តួអក្សរ​ដែល​មាន​ន័យ​ថា​ «ចិន»​ នៅ​ក្នុង​តំបន់​ដែនទឹកសេដ្ឋកិច្ច​ផ្តាច់មុខ​របស់​វៀតណាម»។

លោក​បាន​និយាយ​ពី​រូបភាព​របស់​ផ្លូវ​កប៉ាល់​នោះ​ថា៖ «វា​ជាច្បាស់​ខ្លាំង​ណាស់។ វា​ប្រាកដ​ជា​គួរ​ឱ្យភ្ញាក់ផ្អើល​មែន»

លោក Thang Nguyen ដែល​បាន​ចាកចេញ​ពី​ប្រទេស​វៀតណាម​នៅ​ឆ្នាំ ១៩៧៨​ ជា​ជនភៀសខ្លួន​បាន​និយាយ​ថា ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​រដ្ឋាភិបាល​ក្រុង​ហាណូយ​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជា​ការពិបាក​សម្រាប់​មនុស្ស​ជាច្រើន​ទទួល​យក​បាន។

លោក Nguyen ដែល​ឥឡូវ​នេះ​ជា​អគ្គនាយក​ជួយ​សង្គ្រោះ​ពលរដ្ឋ​វៀតណាម​ដែល​ធ្វើ​ដំណើរ​តាមទូក​ឬ Boat People SOS ដែល​មាន​ទីតាំង​នៅ​រដ្ឋ Virginia ដែល​គាំទ្រ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​វៀតណាម​ បាន​និយាយ​ថា៖ «ការរំលោភ​ចូលក្នុង​ទឹកដី​វៀតណាម យើង​ចងចាំ​បញ្ហា​នោះ​ ហើយ​យើង​នៅ​ឃើញ​ផ្ទាល់​ភ្នែក​បញ្ហា​នោះ​ឡើយ ដូច្នេះ យើង​មិន​ទុកចិត្ត​ភាព​ស្មោះត្រង់​របស់​ចិន​នៅ​ក្នុង​ការទាក់ទង​ជាមួយ​វៀតណាម​ទេ»។

មនោសញ្ចេតនា​ប្រឆាំង​ចិន​មាន​ជា​ទូទៅ​[នៅ​វៀតណាម]។ នេះ​បើ​តាម​អ្នក​ក្រុង​ហូជីមិញ​ម្នាក់​បាន​ប្រាប់​វីអូអេ។

អ្នក​ស្រី​បាន​ប្រាប់​វីអូអេ​ដោយ​មិន​បាន​ប្រាប់​អ្នក​ស្រី​ថា៖ «នៅពេល​ដែល​ខ្ញុំ​បាន​ប្រាប់​ជនជាតិ​វៀតណាម​ថា ​ខ្ញុំ​រៀន​ភាសា​ចិន មនុស្ស​មួយ​ចំនួនបាន​និយាយ​ទៅកាន់​ខ្ញុំ​ថា​ ហេតុអ្វី​អ្នក​រៀន​ភាសា​ចិន? ខ្ញុំ​ស្អប់​ពួក​ចិន​ណាស់»។

អ្នក​ស្រី​និយាយ​ទៀត​ថា៖ «ជនជាតិ​វៀតណាម​យ៉ាង​ច្រើន​ស្អប់​ចិន​ មកពី​ប្រវត្តិសាស្ត្រ​របស់​យើង»៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG