សារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃទី ២៣ ខែកញ្ញាថា រដ្ឋបាលលោក Biden កំពុងពិភាក្សាជាមួយប្រទេសវៀតណាមលើកិច្ចព្រមព្រៀងសម្រាប់ការផ្ទេរអាវុធដ៏ធំបំផុតរវាងប្រទេសទាំងពីរ ដែលរួមមានយន្តហោះចម្បាំង F-16 ផងដែរ។
របាយការណ៍នោះលើកឡើងថា កិច្ចព្រមព្រៀងនេះនៅតែស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ ហើយប្រហែលជាមិនអាចសម្រេចបានដូចគ្រោងទុកនោះទេ។ ប៉ុន្តែវាជាប្រធានបទដ៏សំខាន់មួយនៅក្នុងកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងវៀតណាមនាពេលថ្មីៗនេះ ទាំងនៅទីក្រុងហាណូយនៃប្រទេសវៀតណាម ទីក្រុងញូវយ៉កនិងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីខែសីហាកន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Reuters។
សេតវិមានបានបដិសេធមិនអត្ថាធិប្បាយលើបញ្ហានេះ។
កាលពីប៉ុន្មានសប្តាហ៍មុន នៅមុនពេលលោកប្រធានាធិបតី Joe Biden បំពេញទស្សនកិច្ចនៅវៀតណាម និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ប្រទេសទាំងពីរ ឱ្យទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សារព័ត៌មាន New York Times បានរាយការណ៍ថា យោធាវៀតណាមកំពុងចរចាលើកិច្ចព្រមព្រៀងអាវុធសម្ងាត់ជាមួយរុស្ស៊ី ដែលនឹងបំពានទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើរដ្ឋាភិបាលក្រុងមូស្គូ។
ចាប់តាំងពីការចេញផ្សាយរបាយការណ៍នេះ មន្ត្រីអាមេរិក និងវៀតណាមបានបដិសេធមិនពិភាក្សាអំពីបញ្ហានេះ។
កិច្ចព្រមព្រៀងនេះត្រូវបានបង្ហាញនៅក្នុងឯកសាររបស់ក្រសួងហិរញ្ញវត្ថុវៀតណាមកាលពីខែមីនា ឆ្នាំ២០២៣ ហើយត្រូវបានបញ្ជាក់ដោយអតីតមន្ត្រីវៀតណាម និងមន្ត្រីវៀតណាមបច្ចុប្បន្ន។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន New York Times។
របាយការណ៍របស់សារព័ត៌មាន New York Times អះអាងថា រដ្ឋាភិបាលក្រុងហាណូយមានគម្រោងផ្តល់មូលនិធិដល់ការទិញសព្វាវុធការពារជាតិជាទឹកប្រាក់ចំនួន ៨ ពាន់លានដុល្លារក្នុងរយៈពេល ២០ ឆ្នាំ ទៅឱ្យក្រុមហ៊ុន Vietsovpetro ដែលជាក្រុមហ៊ុនប្រេងបណ្តាក់ទុនរួមគ្នានៅខេត្ត Siberia ប្រទេសរុស្ស៊ី។
ទោះបីជាអ្នកជំនាញថា របាយការណ៍របស់សារព័ត៌មាន New York Times ត្រូវបានសរសេរដោយមានភស្តុតាងល្អក៏ដោយ ក៏គេមិនច្បាស់ទេថា តើវានឹងផ្លាស់ប្តូរ ហើយថាតើវាមានឥទ្ធិពលដល់គោលជំហររបស់រដ្ឋាភិបាលក្រុងហាណូយជាមួយប្រទេសលោកខាងលិចដែលជាដៃគូ ជាពិសេសសហរដ្ឋអាមេរិកឬយ៉ាងណានោះទេ។
សហការីជាន់ខ្ពស់នៅវិទ្យាស្ថាន ISEAS-Yusof Ishak លោក Ian Storey បានសរសេរតាមអ៊ីមែលថា៖ «ខ្ញុំជឿថា របាយការណ៍របស់សារព័ត៌មាន NYT មានទំនុកចិត្ត។ ប្រសិនបើជាការពិត របាយការណ៍នេះបង្ហាញថា វៀតណាមនៅតែចាត់ទុករុស្ស៊ីជាដៃគូសហប្រតិបត្តិការការពារជាតិដ៏សំខាន់»។
លោកបានបន្ថែមថា៖ «យើងមិនទាន់ដឹងថា តើរដ្ឋាភិបាលវៀតណាមបានសម្រេចបន្តកិច្ចព្រមព្រៀងនេះឬយ៉ាងណានោះទេ»។
លោក Nguyen The Phuong បេក្ខជនបណ្ឌិតនៅសាកលវិទ្យាល័យ New South Wales ដែលមានជំនាញខាងការពារជាតិ និងសន្តិសុខដែនសមុទ្រវៀតណាម បានប្រាប់ VOA ថា លោកបានឮជាលើកដំបូងអំពីកិច្ចព្រមព្រៀងអាវុធដ៏មានសក្តានុពលជាមួយរុស្ស៊ីនេះ កាលពីខែមិថុនា។
ទោះបីជាលោកបានថ្លែងថា លោកមិនបានឃើញឯកសាររបស់ក្រសួងហិរញ្ញវត្ថុដែលបានលេចធ្លាយក៏ដោយ ក៏លោកថា លោកបានឃើញលិខិតបង្ហាញឆន្ទៈរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទៅកាន់សមភាគីរុស្ស៊ី ដើម្បីបន្តការទិញសព្វាអាវុធ។
លោក Phuong បានថ្លែងអំពីកិច្ចព្រមព្រៀងសព្វាវុធនោះថា៖ «មានលិខិតបង្ហាញឆន្ទៈពីនាយករដ្ឋមន្ត្រីវៀតណាម ដើម្បីជំរុញផែនការនោះ។ វាបង្ហាញកាន់តែច្បាស់អំពីចេតនារបស់វៀតណាមនៅក្នុងការឆ្ពោះទៅមុខជាមួយនឹងផែនការនោះ»។
ចំណងទាក់ទងជាប្រវត្តិសាស្ត្រ
អ្នកជំនាញបានថ្លែងថា ទោះបីជាការទិញសព្វាវុធការពារជាតិពីរុស្ស៊ីកាន់តែប្រថុយប្រថានក៏ដោយ ក៏កិច្ចព្រមព្រៀងអាវុធសម្ងាត់នេះនឹងធ្វើឱ្យសម្រេចគោលដៅជាក់លាក់មួយសម្រាប់រដ្ឋាភិបាលក្រុងហាណូយ។
លោក Alexander Vuving សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការសិក្សាសន្តិសុខនៅទីក្រុង Honolulu រដ្ឋហាវ៉ៃ បានថ្លែងថា៖ «យោធាភាគច្រើនគាំទ្ររុស្ស៊ី និងប្រឆាំងប្រទេសលោកខាងលិចក្នុងចំណោមស្ថាប័នជាតិទាំងអស់នៅក្នុងប្រទេសវៀតណាម»។
លោកបានថ្លែងបន្ថែមថា៖ «មេដឹកនាំក្នុងក្រសួងការពារជាតិនៅតែគាំទ្ររុស្ស៊ី»។
ទោះជាយ៉ាងនេះក្តី ក៏ចំណងដ៏រឹងមាំនេះគឺគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ លោក Zachary Abuza សាស្ត្រាចារ្យនៅមហាវិទ្យាល័យ National War College ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងថា យន្តហោះចម្បាំងជាច្រើនរបស់វៀតណាមកាន់តែចាស់ហួសអាយុ ហើយរុស្ស៊ីអាចធ្វើបច្ចុប្បន្នភាពលើយន្តហោះទាំងនោះក្នុងតម្លៃសមរម្យ ដោយមិនចាំបាច់ហ្វឹកហ្វឺនអ្នកបើកយន្តហោះ កងទ័ពជើងគោក និងយន្តការីនៅក្នុងប្រព័ន្ធអាវុធ និងភាសាថ្មីឡើយ។
លោក Abuza បានថ្លែងថា៖ «វៀតណាមត្រូវការយ៉ាងខ្លាំងនូវយន្តហោះចម្បាំងជំនាន់ថ្មី ហើយថវិការបស់ពួកគេនៅមានកម្រិត។ ពួកគេមានភាពងាយស្រួលក្នុងការទាក់ទងជាមួយរុស្ស៊ី ហើយរុស្ស៊ីមានឆន្ទៈពិចារណាលើយន្តការផ្តល់មូលនិធិបន្ទាប់បន្សំ។ ដូច្នេះវាជាការ ឈ្នះ-ឈ្នះ»។
កិច្ចព្រមព្រៀងនេះអាចបំពេញតម្រូវការដ៏សំខាន់មួយទៀតសម្រាប់វៀតណាមតាមរយៈការបណ្តាក់ទុនលើប្រេងរួមគ្នា នោះគឺថាមពល។ បន្ទាប់ពីការធ្លាក់ចុះនៃផលិតកម្មក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ វៀតណាមកំពុងស្វែងរកថាមពលគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ដល់សេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់ខ្លួន។
លោក Abuza បានថ្លែងថា៖ «វៀតណាមអាចចុះកិច្ចសន្យាផ្គត់ផ្គង់រយៈពេលវែងសម្រាប់ថាមពលដែលខ្លួនត្រូវការយ៉ាងខ្លាំង ដោយសារតែកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ ក្នុងពេលជាមួយគ្នានេះ ពួកគេអាចធ្វើឱ្យប្រាកដថា ថវិកាមួយចំនួនត្រូវបានបញ្ជូនទៅក្នុងវេទិកាលទ្ធកម្មអាវុធ»។
កិច្ចព្រមព្រៀងប្រថុយប្រថាន
ទោះបីជាមានផលប្រយោជន៍ក៏ដោយ ក៏កិច្ចព្រមព្រៀងសព្វាវុធជាមួយរុស្ស៊ីដែលបានស្នើឡើង នាំមកនូវហានិភ័យ ហើយការលេចធ្លាយឯកសារបង្ហាញពីការខ្វែងគំនិតគ្នាដែលអាចកើតមានក្នុងចំណោមមន្ត្រីវៀតណាម។
លោក Vuving បានថ្លែងថា៖ «ឯកសារលេចធ្លាយនេះនឹងបង្កបញ្ហាជាច្រើនដល់វៀតណាម» ដោយលោកបានបន្ថែមថា រដ្ឋាភិបាលក្រុងហាណូយកំពុងស្វែងរកការគាំទ្រដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីប (semiconductor) ហើយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្មីៗនេះ បានតស៊ូមតិឱ្យវៀតណាមទទួលបានឋានៈសេដ្ឋកិច្ចទីផ្សារ ក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោនក្នុងខែកញ្ញាកន្លងទៅ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុននាំចេញរបស់វៀតណាមក្នុងវិវាទប្រឆាំងការលក់បង្ខូចថ្លៃ។
លោក Vuving បានថ្លែងបន្ថែមថា៖ «ការណ៍នេះបង្ហាញថា ពួកគេមិនគួរឱ្យទុកចិត្តចំពោះសហរដ្ឋអាមេរិក។ នោះហើយជាមូលហេតុដែលពួកគេចង់រក្សា [កិច្ចព្រមព្រៀងអាវុធ] ជាការសម្ងាត់»។
ភាពជាដៃគូលើវិស័យការពារជាតិជាមួយរដ្ឋាភិបាលក្រុងមូស្គូក៏កាន់តែមានសក្តានុពលផងដែរ នៅពេលដែលរុស្ស៊ីកាន់តែឯកោ ហើយខិតទៅជិតនឹងប្រទេសចិន។ ការរំពឹងទុកថារុស្ស៊ីខ្វះការគាំទ្រក្នុងជម្លោះរវាងចិននិងវៀតណាមនៅសមុទ្រចិនខាងត្បូង ប្រហែលជាកត្តារួមចំណែកដល់ការលេចធ្លាយនោះផងដែរ។
លោក Vuving បានថ្លែងថា៖ «មានហេតុផលតិចតួចសម្រាប់វៀតណាមក្នុងការទុកចិត្តរុស្ស៊ីនៅសមុទ្រចិនខាងត្បូងជាងមុន។ នោះហើយជាមូលហេតុដែលខ្ញុំគិតថា មន្ត្រីវៀតណាមមួយចំនួនមិនសប្បាយចិត្តនឹងកិច្ចព្រមព្រៀងនេះ ហើយពួកគេធ្វើឱ្យឯកសារនោះបែកធ្លាយ»។
ទោះបីជាមានភាពមិនច្បាស់លាស់ក៏ដោយ ក៏មតិភាគច្រើននៅតែគាំទ្រកិច្ចព្រមព្រៀងអាវុធជាមួយរុស្ស៊ី។
លោក Phuong បានថ្លែងថា៖ «នៅពេលនេះ វៀតណាមមើលឃើញថា ផលប្រយោជន៍មានច្រើនជាងហានិភ័យ នៅក្នុងការធ្វើទំនាក់ទំនងជាមួយរុស្ស៊ីក្នុងរយៈពេលខ្លី»៕